ទេវកថាអាស៊ីលើកតម្កើងនាគជាសត្វទេព រូបរាងស្រដៀងពស់តែស្អាតចែងចាំង និងមានប្ញទ្ធានុភាពខ្លាំងក្លា មានលក្ខណសម្បត្តិថ្លៃថ្នូរគួរឱ្យគោរព តែងជួយមនុស្សលោក។ ចំណែកទេវកថាអឺរ៉ុបវិញចាត់ទុកនាគជាសត្វមហា ចង្រៃគួរឱ្យស្អប់ខ្ពើម ព្រោះវាលោភលន់គ្មានព្រំដែន ក្រឡិចក្រឡុច សាហាវយង់ឃ្នង តែចេះស្តាប់គ្រប់ភាសាមនុស្ស ។ឮ
សូម្បីរូបរាងនាគក៏ពណ៌នាខុសគ្នា ។ ទេវកថាអឺរ៉ុបថា នាគរូបរាងអាក្រក់ មានសណ្ឋានដូចសត្វល្មូនយក្ស មានក្រញាំធំៗ មានស្លាបស្រដៀងប្រចៀវ ជួនកាលមានក្បាលច្រើន ហើយដុះស្នែងទៀត ។ នាគជាសត្វសាហាវស្រេកឈាមមនុស្ស ពូកែតែខាងបំផ្លាញមនុស្ស ។ មានតែមួយចំណុចប៉ុណ្ណោះដែលនាគអាស៊ីនិងនាគអឺរ៉ុបដូច គ្នា គឺចេះព្រួសភ្លើង ។
នាគក្នុងការសន្និដ្ឋានរបស់ជនជាតិអឺរ៉ុប ថ្វីបើទេវកថាពណ៌នារូបរាងនាគអញ្ចឹង តែជនជាតិអឺរ៉ុបមួយចំនួនថ្វីបើជឿមាននាគ តែមិនឯកភាពលើរូបរាងក្នុងទេវកថា ។ ពួកគេថានាគមានមែន តែវាគ្រាន់តែជាសត្វល្មូនមួយប្រភេទបុ៉ណ្ណោះ មិនមែនរូបរាងអាក្រក់ មានស្លាប មានស្នែងអញ្ចឹងទេ ។ យោងលើពាក្យបារាំងនិងអង់គ្លេសដែលហៅនាគថាDragon ជាពាក្យក្លាយពីឡាតាំងDraconem មានន័យថា ពស់ធំ ហើយពាក្យDraconem នេះក៏ចាប់ប្រភពបន្តពីជនជាតិក្រិក ដែលហៅថាDrakon មានន័យថា ពស់ធំដែរ ឬត្រីធំក៏បាននោះ ពួកគេសន្និដ្ឋានថានាគជាសត្វល្មូនប្រែរូបពីក្រពើ ទន្លេនីល ដែល បានមកដល់អឺរ៉ុបភាគខាងត្បូងកាលពីបុរាណ ។ ចំណែកនៅប្រទេសអូស្ត្រាលីវិញ អ្នកខ្លះសន្និដ្ឋានថានាគមិនមែនប្រែរូបពីក្រពើទន្លេ នីលទេ គឺប្រែរូបពីក្រពើមាឌធំនៅតំបន់មួយចំនួនក្នុងប្រទេស អូស្ត្រាលី ដែលមានប្រវែងពី៥ដល់៧ម៉ែត្រ បើមិនដូច្នេះទេ ប្រែរូបពីបង្កួយយក្សទម្ងន់៤តោន ដែលហៅថាVarnus Priseus ។
នាគក្នុងអារម្មណ៍ជនជាតិអឺរ៉ុបនាសតវត្ស ទី១៩ និង២០នៅអឺរ៉ុប អ្នកជឿនាគនៅតែគិតថានាគមានមែន ហើយកំពុងរស់នៅលើភពផែនដីជាមួយមនុស្ស ។ មុនពេលជួបប្រទះសត្វល្មូនកូម៉ដូនៅឥណ្ឌូណេស៊ីនាឆ្នាំ ១៩១២ ដែលគេចាត់ទុកជានាគ ឬអំបូរនាគចុងក្រោយនោះ នៅអឺរ៉ុបកាលពីពាក់កណ្តាលសតវត្សទី១៩ មានការភ្ញាក់ផ្អើលពីសត្វម្យ៉ាងគួរឱ្យសង្ស័យថានាគ គឺពស់ដុះស្លាបនៅតំបន់Glamorgan ក្នុងរដ្ឋវែល ចក្រភពអង់គ្លេស ។ លោកតា អាយុជិត១០០ឆ្នាំម្នាក់ដែលកាលពីកុមារធ្លាប់រស់នៅ តំបន់មានការភ្ញាក់ផ្អើលពីសត្វនាគនោះ ហើយទើបតែអស់ជីវិតនាដើមសតវត្សទី២០ និយាយថា តំបន់មានការភ្ញាក់ផ្អើលខាងលើគឺតំបន់ព្រៃជុំវិញ វិមានPanllyne ទីនោះមានសត្វចម្លែកៗច្រើនណាស់ សត្វខ្លះកម្រមានអ្នកធ្លាប់ឃើញផង ពិសេសពស់ដុះស្លាបដែលគួរឱ្យសង្ស័យថានាគ ។ ប្រភេទពស់ដុះស្លាបនោះ ក្រោយមកត្រូវអ្នកស្រុកព្យាយាមសម្លាប់ទាល់តែផុតពូជ អស់ពីតំបន់ ព្រោះវាពូកែចាប់ស៊ីសត្វចិញ្ចឹមរបស់អ្នកស្រុកពេក ។ ប៉ុន្តែអ្វីដែលលោកតានោះនិយាយប្រាប់គេឯង ពួកអ្នកប្រាជ្ញស្រាវជ្រាវយ៉ាងណាក៏រកមិនឃើញស្លាកស្នាម នៃវត្តមានពស់ដុះស្លាបក្នុងរដ្ឋវែលសោះ ។
ផ្នែកនាគសាស្ត្រដល់ទីអវសានមនុស្សច្រើនណាស់ និយាយអញ្ចឹងបន្ទាប់ពីលោកបណ្ឌិតVolodimur Kapusianyk អ្នកវិទ្យាសាស្ត្រចុងក្រោយរបស់ផែនដីដែលជឿថានាគមាន មែន បានអស់ជីវិត ។ ព័ត៌មានមួយចំនួនបានឱ្យដឹងថា លោកបណ្ឌិត អាយុ៩៨ឆ្នាំ រូបនេះឆ្លងកាត់ដំណាក់កាលចុងក្រោយនៃជីវិតក្នុងមណ្ឌល ថែទាំមនុស្សចាស់នៅ Moose Jaw ប្រទេសកាណាដា ។ មនុស្សមួយចំនួនដែលស្គាល់ច្បាស់Kapusianyk និយាយថា Kapusianykជឿស៊ប់ថាមាននាគលើផែនដី ហើយចំណាយពេលវេលាស្រាវជ្រាវរាវរកឥតឈប់ឈរ ។ អ្នកធ្លាប់គាំទ្រការតស៊ូព្យាយាមរបស់គាត់និយាយ ថា គាត់ធ្លាប់ប្រាប់ខ្លួនថា កាលនៅជំទង់គាត់បានឃើញនាគចុងក្រោយមួយក្បាលស្លាប់ ក្នុងទ្រុងដែកនៅឆ្នាំ ១៩១១ នាសួនសត្វចល័តនៅ Nebraska ។ នាគនោះប្រវែងប្រហែល៣ម៉ែត្រ ។ មកពីគេមិនដឹងថាវាជានាគ ស្មានតែប្រភេទសត្វពស់កម្រណាមួយទើបចាប់ដាក់ទ្រុងឱ្យមហា ជនទស្សនា ។ នាគកំសត់នោះរហូតដល់ពេលស្លាប់មិនឃើញព្រួសភ្លើង សូម្បីមួយផែតទេ ។
ចម្លែកមែន នៅជំទង់មិនទាន់មានបទពិសោធន៍ផង តែKapusianykបែរជាជឿថា សត្វល្មូនជាប់ទ្រុងមួយក្បាលជានាគទៅហើយ ។ នេះជាមូលហេតុដែលKapusianykតាមប្រមាញ់ផ្នែកនាគ សាស្ត្រ ហើយឈ្មុសឈ្មុលគ្រប់បែបយ៉ាងដើម្បីបានជួបនាគ ។ ទោះអ្នកវិទ្យាសាស្ត្រជាច្រើនអះអាងថា នាគមិនមានឋិតថេរលើផែនដីក៏ដោយ ស្រេចតែគេចង់ថាម៉េចថាទៅ Kapusianyk នៅតែជឿថាខ្លួនយល់ត្រូវ ហើយលើលោកយើងសព្វថ្ងៃក៏មានមនុស្សមិនតិចទេ ដែលយល់ដូចគាត់អំពីសត្វដ៏អាថ៌កំបាំងមួយនេះ ៕
No comments:
Post a Comment