ស្ដ្រីមានផ្ទៃពោះត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាសម្ផស្សផងដែរ។ នៅក្នុងកំឡុងពេលមានផ្ទៃពោះ ស្ដ្រីភាគច្រើនមានការប្រែប្រួលរូបរាងកាយ និងសម្ផស្ស។ ស្ដ្រីខ្លះមានចេញមុនជាច្រើននៅលើផ្ទៃមុខ ស្ដ្រីខ្លះទៀតចេញ រមាស់ទៀតផង។ តើស្ដ្រីគួរធ្វើដូចម្ដេចនៅពេលជួបបញ្ហាបែបនេះ?
ដើម្បីបំបាត់ចម្ងល់លើបញ្ហានេះការសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត សុខា សុធានី ដើម្បីធ្វើការបកស្រាយជូនប្រិយមិត្ដអ្នកអាន ជាពិសេសសម្រាប់សុភាពស្ដ្រីទាំងឡាយទុកជាការស្វែងយល់។លក្ខណៈទូទៅរបស់ស្ដ្រីនៅពេលមានផ្ទៃពោះ
នៅពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយមានអារម្មណ៍ប្រែប្រួលខុសប្លែកពីពេលមិនទាន់មានផ្ទៃពោះ។ ស្ដ្រីខ្លះ ពេលមានផ្ទៃពោះ ចាប់ផ្ដើមមានចេញរោគសញ្ញាមួយចំនួន ដូចជាផ្ទៃមុខឡើងជាំ មានមុនជាដើម។ ស្ដ្រីខ្លះទៀតមានចេញរមាស់នៅលើដៃ លើស្បែក លើក លើខ្នង ឬចេញភ្លឺ។ ជួនស្ដ្រីខ្លះមានចេញស្នាមខ្មៅនៅលើ ក ក្លៀក លើខ្លួន ដៃជើង លើពោះជាដើមក៏មាន។ រោគសញ្ញាទាំងនេះ កើតឡើងដោយសារតែការវិវឌ្ឍន៍នៃអរ័ម៉ូនរបស់ស្ដ្រី។
ប្រការត្រូវធ្វើ ដើម្បីរក្សាសម្រស់ពេលមានផ្ទៃពោះ
លោកស្រីអ្នកនាងមិនបាច់បារម្ភទេ ព្រោះនៅពេលមានផ្ទៃពោះ ស្ដ្រីមានស្បែកមិនស្អាត នេះជាធម្មជាតិរបស់មនុស្សស្រី។ បញ្ហាស្នាមខ្មៅ ឬមុនដែលមាននៅលើផ្ទៃមុខលោកស្រីអ្នកនាងបាត់ទៅវិញនៅក្រោយពេល សម្រាលបុត្ររួច។ ប្រការសំខាន់ តាម បែបវេជ្ជសាស្ដ្រ ស្ដ្រីទាំងឡាយត្រូវខិតខំថែរក្សាសុខភាពនៅក្នុងកំឡុងពេលមានផ្ទៃពោះ។ សូមខិតខំទទួលទានអាហារតាមដែលអាច ទទួលទានបាន។ ព្រោះនៅក្នុងបីខែដំបូងស្ដ្រីអាចប្រឈមមុខនឹងអាការចាញ់កូន ដែលធ្វើឱ្យស្ដ្រីមិនសូវទទួលទានអាហារបានច្រើន ដោយសារមានអាការក្អួតចង្អោរ។ ដើម្បីទប់ទល់នឹងការក្អួតចង្អោរ សូមលោកស្រីអ្នកនាងគួរទទួលទានអាហារតិចៗ តែត្រូវឱ្យច្រើន ដង។ នៅខែទីបី ឬចុងត្រីមាសទី១ ប្រសិនបើលោកស្រីអ្នកនាងបរិភោគអ្វីមិនបាន គួរទទួលទានបន្លែ ឬអាហារណាដែលសម្បូរ វីតាមីនច្រើន ប្រយោជន៍ជំនួសអាហារទាំងនោះវិញ។ ឧទាហរណ៍ បើលោកស្រីអ្នកនាងមិនអាចទទួលទានសាច់បាន លោកស្រីអ្នកនាង គួរទទួលទានទឹកសណ្ដែកជំនួស ព្រោះសណ្ដែកសម្បូរជាតិប្រូតេអ៊ីន(ជាតិសាច់)ច្រើនអាចជួយទំនុកបម្រុងដល់ សុខភាពម្ដាយ និង ទារកក្នុងផ្ទៃ។
នៅពេលចូលដល់ត្រីមាសទីពីរ និងទីបី ស្ដ្រីចាប់ផ្ដើមឈប់ចាញ់ហើយ គាត់អាចចាប់ផ្ដើមទទួលទានអាហារបានច្រើន មាន សាច់ឈាមភ្លឺថ្លាល្អ។ ពេលនោះលោកស្រីអ្នកនាងគួរខិតខំទទួលទានបន្លែឱ្យបានច្រើន ព្រោះវាធ្វើឱ្យស្បែកស្អាត និងនៅក្រោយពេល សម្រាលបុត្រ លោកស្រីអ្នកនាងនឹងមិនមានបញ្ហាសង្វារទៀតទេ។ លើសពីនេះលោកស្រីអ្នកនាងនឹងមិនធាត់ និងលើសទម្ងន់ ដែលជា ការត្រឹមត្រូវ ស្ដ្រីមានផ្ទៃពោះមិនគួរឡើងទម្ងន់លើសពី១២គីឡូក្រាមទេ ហើយស្បែកលោកស្រីអ្នកនាង និងបុត្រស្អាតផូរផង់ទៀតផង។
គួរទទួលទានអាហារឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យ ដើម្បីជាជំនួយក្នុងការថែរក្សាសម្ផស្ស។ ជាអាទិលោក ស្រីអ្នកនាងអាចទៅស្ដាប់ភ្លេង ឬទៅកម្សាន្ដនៅរមណីយដ្ឋាននានាជាមួយគ្រួសារ ព្រោះដើម្បីឱ្យលោកស្រីអ្នកនាងមានអារម្មណ៍ល្អ និងជួយកាត់បន្ថយនូវអារម្មណ៍តានតឹងបានមួយចំនួនផងដែរ។
ប្រការគួរចៀសវាង ដើម្បីថែរក្សាសម្រស់ពេលមានផ្ទៃពោះ
ស្ដ្រីមានផ្ទៃពោះមិនគួរទទួលទានថ្នាំសម្រាប់ព្យាបាលមុន ឬព្យាបាលផ្ទៃមុខ តាមរយៈការលេបឡើយ។ ប៉ុន្ដែលោកស្រី អ្នកនាងអាចប្រើជាឡេសម្រាប់លាបលើស្បែកពីខាងក្រៅបាន។ ទោះជាលោកស្រីអ្នកនាងកើតមុនធំៗនៅលើផ្ទៃមុខ ក៏មិនគួរញិចដែរ ព្រោះអាចនាំឱ្យមុនក្លាយទៅជាដំបៅអាចឈានដល់ការព្យាបាលដោយថ្នាំផ្សះ។ ការព្យាបាលដោយថ្នាំផ្សះអាចនាំឱ្យប៉ះពាល់ដល់ទារក ក្នុងផ្ទៃ។ ប្រសិនបើមានលទ្ធភាព លោកស្រីអ្នកនាងអាចអញ្ជើញទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកសម្ផស្ស ឬគ្រូពេទ្យជម្ងឺសើស្បែក ដើម្បីទទួលបានការប្រឹក្សា និងការព្យាបាលបានត្រឹមត្រូវ។
បទពិសោធន៍របស់អ្នកប្រឹក្សា
បើតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រីវេជ្ជបណ្ឌិត សុខា សុធានី និងបទពិសោធន៍ការងារជួបជាមួយអ្នកជម្ងឺ លោក ស្រីវេជ្ជបណ្ឌិតយល់ឃើញថាស្ដ្រីមានផ្ទៃពោះខ្លះមិនមានការតមអាហារទេ គឺទទួលទានអាហារតាមក្បួនវេជ្ជសាស្ដ្រ។ ក្រោយពេល សម្រាលបុត្របានមួយសប្ដាហ៍ ឬមួយខែ ផ្ទៃមុខដែលធ្លាប់មានមុន និងស្នាមខ្មៅ ដែលកើតនៅលើក្លៀក ឬក ចាប់ផ្ដើមបាត់អស់ ហើយ សង្វារក៏បាត់វិញខ្លះៗដែរ។ ដូច្នេះលោកស្រីអ្នកនាងកុំបាច់បារម្ភអី សំខាន់ត្រូវសម្រាក និងទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ជាពិ សេសអាហារសម្បូរជាតិដែក ដូចជាថ្លើម សាច់ត្រី ឬវីតាមីន។ ព្រោះវាសុទ្ធតែអាចជួយរំលាយឈាមដែលកកនៅលើស្បែកមុខបាន ហើយស្បែកចាប់ផ្ដើមស្អាតបន្ដិចម្ដងៗ រហូតឈានទៅរកសភាពដើមវិញ។
ដំបូន្មានអ្នកប្រឹក្សា
នៅពេលមានផ្ទៃពោះ លោកស្រីអ្នកនាងមិនគួរឱ្យឡើងទម្ងន់ច្រើនពេកនោះទេ ព្រោះបើលោកស្រីអ្នកនាងធាត់ហួស ធ្វើ ឱ្យលោកស្រីអ្នកនាងអាចជួបបញ្ហានៅពេលសម្រាល និងបែកសង្វារលើស្បែកក្រោយពេលសម្រាល។ លោកស្រីអ្នកនាងគួររក្សា ទម្ងន់ឱ្យឡើងបន្ដិចម្ដងៗបានហើយ។ នៅក្រោយពេលសម្រាលបុត្រ អ្នកម្ដាយច្រើនប្រឈមមុខនឹងបញ្ហាបែកសង្វារនៅលើភ្លៅ ក្បាល ពោះ សុដន់ និងជាំមុខ។ ដូច្នេះក្រោយពេលសម្រាលបុត្រ លោកស្រីអ្នកនាងគួរខំទទួលទានចំណីអាហារដែលមានជីវជាតិឱ្យបានច្រើន ជាពិសេសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និងជាតិដែក ដើម្បីឱ្យខួរឆ្អឹងខ្នងបង្កើតនូវគ្រាប់ឈាមក្រហមឡើងវិញ។ ព្រោះ នៅពេលសម្រាល ស្ដ្រីបានបាត់បង់ឈាមយ៉ាងច្រើន។ ការទទួលទានជាកត្ដាល្អមួយជម្រុញឱ្យស្បែករបស់លោកស្រីអ្នកនាងវិលទៅរក សភាពដើមវិញ មានន័យថាស្បែកលោកស្រីអ្នកនាងស្អាតដូចដើមវិញ៕
No comments:
Post a Comment