អ្នកគួរតែរក្សាអាកប្បកិរិយាឲ្យបានល្អ បើទោះជាមានរឿងអ្វីកើតឡើង ឬក៏មានបញ្ហាណាមួយបានកើតមានចំពោះជីវភាពអ្នកគួរគប្បីទុកវា មួយឡែកហើយត្រូវផ្តោតអារម្មណ៍ទៅលើការងារនៅការិយាល័យ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញកិច្ចការឲ្យបានប្រសើរតាមដែលអាចធ្វើទៅបាន។ ចូរកុំនាំយកបញ្ហាផ្ទាល់ខ្លួនមកភ្ជាប់នឹងការងារការិយាល័យ ដោយការធ្វើអារម្មណ៍ឲ្យមានភាពវិជ្ជមានឲ្យបានច្រើនបំផុត។
មិនត្រូវនាំពាក្យមិនល្អចូលកន្លែងធ្វើការ
នេះជាប្រការសំខាន់ដោយគួរប្រុងប្រយ័ត្នជាមួយមនុស្សដែលមានជំនាញ នាំភ្លើងចេញ ភ្លើងចូលព្រោះវាអាចបង្កជាបញ្ហាដល់សង្គមការងាររបស់អ្នក។ ម្យ៉ាងវិញទៀត ការជជែកគ្នាច្រើន ក៏អាចជះឥទ្ធិពលអាក្រក់ដល់ការងាររបស់ខ្លួន ហើយនេះមិនគិតដល់ប្រការដែលអ្នកអាចធ្វើឲ្យខូចខាតប្រយោជន៍ដល់ អ្នកដទៃ ឬមិត្តរួមការងារនោះទេ។
ចេះគោរពគ្នាទៅវិញទៅមក
អ្នកធ្វើការគ្រប់រូប គួរព្យាយាមបង្ហាញការគោរព ជាមួយនឹងមិត្តរួមការងារទៅវិញ ទៅមកមិនថាគេជាមេកើយ ឬបុគ្គលិកដែលមានឋានៈតូចទាបជាងខ្លួននោះទេ រីឯការអនុវត្តច្បាប់ការិយាល័យ គឺគ្រាន់តែជួយកែលំអបរិស្ថានការងារឲ្យមើលទៅកាន់តែស្រស់បំព្រង តែប៉ុណ្ណោះ។
ជួយជ្រុំជ្រែងមិត្តរួមការងារ
ការជួយគ្នាទៅវិញទៅមកក្នុងការបំពេញការងារ គឺជារឿងមួយដ៏សំខាន់បំផុត ហើយជាពិសេសអ្នកត្រូវរួមចំណែកជួយជ្រុំជ្រែងមិត្តរួមការងារដទៃ ទៀតដើម្បីឲ្យពួកគេអាចធ្វើការប្រកបដោយភាពជោគជ័យ បើទោះជាអ្នកមិនចូលចិត្តពួកគេក៏ដោយចុះ។ លើសពីនេះ អ្នកមិនគួរចំណាយពេលវេលាក្នុងការងារដែលពុំមានប្រយោជន៍ ហើយជំនួសមកវិញដោយការធ្វើការងារណា ដែលមានប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។
បំពេញការងារឲ្យបានល្អជាជាងការស្នើសុំ
ចូរខិតខំស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធិភាព ដើម្បីបំពេញការងារឲ្យបានល្អជាជាងការដាក់ចេញគំនិតពីមេរបស់ ខ្លួន។ ចំពោះអ្នកដែលចង់បានស្នាដៃល្អៗច្រើនក៏គួរតែព្យាយាមធ្វើឲ្យវា បានកាន់តែប្រសើរជាងមុន។ ម្យ៉ាងវិញទៀតអ្នកគួរធ្វើខ្លួនឲ្យក្លាយជាបុគ្គលិកសកម្ម ហើយកុំចេះតែនៅរងចាំបញ្ជាពីមេ ឬអ្នកដទៃ ដោយអ្នកគួរតែជាមនុស្សដែលហ៊ានគិតប៉ុន្តែក៏ត្រូវតែហ៊ានធ្វើដែរ ។
ការចូលរួមគ្រប់សកម្មភាព
អ្នកត្រូវតែធានាថាខ្លួនឯងមិនបានបង្កការលំបាកនៅពេលបំពេញ ការងារនោះឡើយ ហើយត្រូវចងចាំថាសិស្សសាលាម្នាក់នឹងឆ្លើយតាមសិស្សម្នាក់ទៀត ពេលគ្រូសួរមេរៀន គឺដើម្បីជៀសវាងការស្តីបន្ទោស ឬដើម្បីផុតពីការដាក់ពិន័យប៉ុណ្ណោះ។ ដូច្នេះបុគ្គលិកគ្រប់រូបមិនគួរគប្បីធ្វើបែបនេះទៀតទេ ចូរខំប្រឹងបង្កើតនូវគំនិតផ្ទាល់ខ្លួនឡើង និងត្រូវចេះចូលរួមមតិនិងបំពេញការងារឲ្យបានល្អពេលនោះអ្នក នឹងមានមោទនភាពចំពោះការចូលរួមរបស់ខ្លួនយ៉ាងពេញចិត្តបំផុត។
ធ្វើការបង្ហាញនិងចូលរួមការវាយតម្លៃ
ចូលបង្ហាញឲ្យអ្នកដទៃដឹងថាខ្លួនឯង កំពុងតែឲ្យតម្លៃខ្ពស់ដល់អ្នកដទៃខណៈដែលអ្នកបានរួមសហការណ៍ជា មួយពួកគេ។ ក្នុងករណីដែលអ្នកយល់ឃើញថាមានបុគ្គលិកណាម្នាក់បានធ្វើការចូល រួម ប៉ុន្តែមិនសមតាមបំណងរបស់ខ្លួន នោះអ្នកគួរតែវាយតម្លៃពួកគេនៅក្នុងកំរិតដែលមានលក្ខណៈជាការចូល រួមស្ថាបនា ដូច្នេះវាប្រសើរជាជាងការបង្ហាញពីកំហឹង និងភាពក្តៅក្រហាយចំពោះពួកគេ។
ត្រូវទុកពេលវេលាជារឿងសំខាន់(កុំទៅយឺត)
ការគោរពពេលវេលាជារឿងមួយដ៏សំខាន់ សំរាប់ខ្លួនឯង ក៏ដូចជាអ្នកដទៃ ដូច្នេះចូរទុកពេលវេលាប្រៀបដូចជាវត្ថុជាប់ខ្លួនមួយដ៏សំខាន់ ដែលមិនអាចបាត់បាន។ សំរាប់អ្នកធ្វើការទាំងអស់ចូលជៀសវាងការទៅយឺតយ៉ាវពេលវេលា មិនថាថ្ងៃធ្វើការធម្មតា ឬក្នុងការណាត់ជួបកិច្ចប្រជុំការឆ្លើយតបទូរស័ព្ទ ឬអ៊ីមែលនោះទេ ព្រោះវាក៏អាចបង្ហាញ និងធ្វើការវាយតម្លៃខ្ពស់ថា អ្នកជាមនុស្សគោរពពេលវេលារបស់ខ្លួន និងអ្នកដទៃ ដោយការមិនខ្ជះខ្ជាយពេលវេលាព្រោះតែការមកយឺតនោះឡើយ។
ឆ្លាតវៃក្នុងការបំពេញការងារ
សំរាប់ប្រការនេះវិញ គឺជាចំណុចដ៏សំខាន់មួយទៀតក្នុងការបំពេញការងារ។ ឧទាហរណ៍ថាអ្វីដែលអ្នកសរសេរគឺមានកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធ និងប្រកបខុសទាំងស្រុង ក្នុងលិខិតដែលអ្នកត្រៀមនឹងផ្ញើជូនមេ ឬអ្នកដទៃ? តើវានឹងទៅជាយ៉ាងណា បើពួកគេបានឃើញថាអ្នកកំពុងតែខ្ជីខ្ជានឹងការងារបែបនេះ នោះប្រការនេះហើយវានឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ ឬមានការរីកចម្រើនទេ ដូច្នេះអ្នកគប្បីប្រើប្រាស់នូវវត្ថុជំនួយផ្សេងៗ ដូចជា វចនានុក្រម ឬក៏អត្ថបទចាស់ ដែលធ្លាប់បានប្រើពីមុនជាដើម ដើម្បីជួយឲ្យការសេរសេររបស់អ្នកប្រកបដោយភាពត្រឹមត្រូវ និងងាយស្រួលយល់៕
No comments:
Post a Comment