About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, April 17, 2012

វិធីសម្គាល់​កូនញៀន​ថ្នាំ

ទន្ទឹមនឹង ​ការរីករាល​ដាលយ៉ាង​សន្ធឹក​សន្ធាប់នៃលំហូរ​ចូល​ថ្នាំញៀន ធ្វើឱ្យ​មាតា​បិតា​គ្រប់រូប​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះ​បុត្រធីតា ព្រោះខ្លាច​ក្រែងកូនៗ​របស់ខ្លួន​ឈានទៅ​ដល់ការ​ប្រើ​គ្រឿង​​​ញៀន​ទាំងនោះ។ មាតា​បិតា​ខ្លះពុំ​មានពេល​វេលាគ្រប់ គ្រាន់ក្នុង​ការមើល​ថែកូន ឬគ្រប់គ្រង​កូនឱ្យ​នៅតែ​ក្នុងផ្ទះ​បានទេ។ ឪពុកម្ដាយ​ក៏ពុំអាច​តាមដានឃ្លាំមើល​កូនគ្រប់​ពេល​វេលា និងគ្រប់ ទីកន្លែង​នោះដែរ។ ហេតុនេះ​យុវជន​ចៀសមិន​ផុតពីការ​ប៉ះទង្គិច​នឹងសង្គម​ខាងក្រៅ​នោះទេ។ ដើម្បីឱ្យ​រួចផុត​នូវក្ដី​កង្វល់ តើមានវិធី យ៉ាងណា​ខ្លះក្នុង​ការសម្គាល់​លក្ខណៈកូនដែល​ប្រើថ្នាំ​ញៀន?

មូលហេតុនាំឱ្យ​ប្រើថ្នាំញៀន


ថ្នាំញៀន​មានច្រើន​ប្រភេទ និងច្រើន​សណ្ឋាន ដូចជា​ប្រើសម្រាប់​ជក់ ហិត លេប ឬចាក់​ជាដើម។ អ្នក​ប្រើប្រាស់​គ្រឿង ញៀន​ភាគច្រើន​ជាយុវជន​ស្ថិតក្រោម​អាយុ២៥ឆ្នាំ និងក្នុងវ័យ​សិក្សា​(សិស្ស និងនិស្សិត)។ មានមូល​ហេតុច្រើន​យ៉ាងដែល​នាំឱ្យ​ប្រើ គ្រឿងញៀន និងរហូត​ដល់ញៀន​ថ្នាំ។
  • ការប្រើ​ក្នុងបំណង​អាក្រក់​ណាមួយ ដោយធ្វើ​ឱ្យចិត្ដ​ក្លាហាន ហ៊ានប្រព្រឹត្ដ​អំពើខុស​ច្បាប់ ដូចជា​លួច ឆក់ ប្លន់​ជាដើម។
  • យុវជនជា​បុគ្គលដែល​មានចិត្ដ​ចង់ចេះ ចង់ដឹង ចង់ឃើញ និងចង់​សាកល្បង​នូវអ្វី​ដែលពួកគេ​មិនធ្លាប់ជួប និងមិនធ្លាប់ ស្គាល់ពី​មុនមក។ ហេតុនេះ​ទើបធ្វើ​ឱ្យគេចង់​សាកល្បង​នូវប្រសិទ្ធិភាព​របស់ថ្នាំ។
  • ការអូស​ទាញ និងញុះញង់​ពីសំណាក់​មិត្ដភ័ក្ដិ ការបង្ខិតបង្ខំ​ឱ្យប្រើ ការបោក​បញ្ឆោត ឬលួងលោម​ដោយល្បិចកល​ដាក់ថ្នាំ ក្នុងកែវ​ភេសជ្ជៈ​ជាដើម។
  • ការចង់សប្បាយ និងការ​ជឿលង់​តាមពាក្យ​ឃោសនា​របស់ឈ្មួញ​ដែលអួត​សរសើរ​ពីភាព​វិសេស​វិសាល​ របស់ថ្នាំ ដូចជាធ្វើ ឱ្យមាន​អារម្មណ៍​សប្បាយរីករាយ​ជាដើម។
  • ការជួប​ប្រទះនូវ​បញ្ហា​ស្មុគស្មាញ ឬមានបញ្ហា​ផ្លូវចិត្ដ​ក៏បណ្ដាលឱ្យ​មានការ​ឈានទៅ​រកការ​ប្រើប្រាស់​គ្រឿងញៀន​ដែរ។
  • ការខ្វះភាព​កក់ក្ដៅ​នៅក្នុង​គ្រួសារ​ដែលមាន​អំពើហិង្សា​ក៏នាំឱ្យ​បុត្រធីតា​ចាកចេញ​ពីផ្ទះ ឈានទៅ​ដល់ការ​ប្រើថ្នាំ
  • ញៀន​បានដែរ។
  • ក្រៅពី​មូលហេតុ​ទាំងនេះ​ក៏នៅមាន​មូលហេតុ​ផ្សេងទៀត ដែលបណ្ដាល​ឱ្យយុវជន​ឈានទៅ​ដល់ការ​ប្រើគ្រឿង​ញៀន ដូច ជាបញ្ហា​សង្គម ការបាក់​ទឹកចិត្ដ​អស់សង្ឃឹម​ជាដើម។ អ្នកខ្លះ​ប្រើដើម្បី​ឱ្យមាន​កម្លាំង មិនស្ពឹក​ស្រពន់​ដៃជើង ចង់ឱ្យ​រវៀសរវៃ រហូត ដល់មាន​អ្នកខ្លះ​ប្រើដើម្បី​ធ្វើការ​សម្រក​ទម្ងន់​ថែមទៀត​ផង។
ឥទ្ធិពលរបស់​ថ្នាំញៀន
ការប្រើ​ថ្នាំញៀន​ធ្វើឱ្យអ្នក​ប្រើ​បញ្ចេញនូវ​ឥទ្ធិពល​មួយចំនួន​ទៅតាម​ ប្រភេទ និងកម្រិត​នៃការ​ប្រើប្រាស់ ដូចជាការ​លេប ឬ ប្រើតាម​មាត់នូវ​សារធាតុញៀន​(អំហ្វេតាមីន)​ដែលបណ្ដាល​ឱ្យមាន​អារម្មណ៍រំភើប សប្បាយ​រីករាយ បង្កើននូវ​ទំនុកចិត្ដ​លើ​ខ្លួនឯង និយាយ​ច្រើន និងបង្កើន​ថាមពល ឬកម្លាំង។ ប្រសិនបើ​ចាក់តាម​សរសៃវិញ អ្នកប្រើ​មានអារម្មណ៍​ពុះកញ្ជ្រោល រួសរាន់ និងមាន អារម្មណ៍​ស្រណុក​សុខស្រួល​ជាទីបំផុត​ជាដើម។
របៀប​សម្គាល់កូន​ញៀនថ្នាំ
លោកអ្នក​ប្រាកដ​ជាព្រួយ​បារម្ភ​ណាស់​ចំពោះ​បុត្រធីតា​ក្នុងការ​ប្រឈមមុខ​ និង​ការប្រើប្រាស់​ថ្នាំញៀន។ ការ​ស្រឡាញ់​កូន ចង់ឱ្យ​កូនមាន​សេចក្ដីសុខ​ចម្រើន​ជារឿង​ធម្មតា​របស់​ឪពុកម្ដាយ​គ្រប់រូប។ ប៉ុន្ដែ​លោកអ្នក​ប្រហែលជា​គ្មានចម្លើយ​ពិតប្រាកដ​ចេញពី មាត់កូន​ថារូប​គេប្រើ​ថ្នាំញៀន​នោះទេ។ ទោះបី​ជាយ៉ាង​នេះក្ដី លោកអ្នក​មិនគួរ​មានការ​ព្រួយបារម្ភ​ពេក​នោះទេ មានវិធី​មួយចំនួន​ដែល លោកអ្នក​អាចសម្គាល់​បានថា​កូន​របស់​លោកអ្នក​មានប្រើ​ថ្នាំញៀន ឬក៏អត់​នោះទេ។
  • បុត្រធីតា​របស់​លោកអ្នក​លែងជា​កូនស្ដាប់​បង្គាប់ ដើរលេង​ហួសពេល​ម៉ោងជាង​ធម្មតា គេចសាលា​មិនចូល​រៀនជា​ដើម។
  • កូនក្លាយជាក្មេងដែលបំផ្លាញទ្រព្យសម្បត្ដិ លក់របស់ទ្រព្យដែលមានដូចជាម៉ូតូ ទូរស័ព្ទ និងយកវត្ថុមានតម្លៃទៅលក់ ឬបញ្ចាំ​ជាដើម។
  • ជាកូន​ដែល​ចេះនិយាយ​កុហក ភូតភរ និយាយ​មិនពិត​ប្រាកដ បាតដៃ​ជាខ្នងដៃ មាន​មិត្ដភ័ក្ដិ​ច្រើន និងប្លែក​មុខខុស​ពី ធម្មតា ឬជា​មិត្ដភ័ក្ដិ​ដែលខ្លាច​មិនហ៊ាន​ចូលទៅជួប​ជាមួយ​លោកអ្នក​ដើម្បីបាន​ ស្គាល់។
  • កូនរបស់​លោកអ្នក​មាន​អារម្មណ៍​ខឹងមួម៉ៅ​ច្រើន ធុញទ្រាន់​ចង់ចេញ​ទៅខាង​ក្រៅផ្ទះ។
  • មានអាការ​ភ័យខ្លាច ជារបៀប​មនុស្ស​មានខ្លួន ទាំង​របស់​របរប្រើប្រាស់​ទាំងក្នុង​បន្ទប់​មិនចង់ឱ្យ​អ្នកណា​ម្នាក់​ប៉ះពាល់ ឬ ចូល​ទៅឃើញ​ឡើយ។
  • មានអាការ​ភ័ន្ដវិញ្ញាណ ភ្លឹកៗ ធ្វើអ្វី​ដោយលួច​លាក់​កំបាំង ហើយ​មានអារម្មណ៍​ខ្លាចអ្នក​ណាម្នាក់​មកតាម​ដានខ្លួន​ឯង។
  • រូបរាង​កាយ​ចុះស្គម មុខមាត់​ស្លេកស្លាំង មិនសូវ​រៀបរយ​ខ្លួនប្រាណ​ទាំងសម្លៀក​បំពាក់​ផងដែរ។
  • អ្នកប្រើ​គ្រឿង​ញៀន​មួយ​ចំនួន​ក្លាយ​ទៅ​ជាមនុស្ស​ម្នាក់​ផ្សេង​ដែល​មិន​ សមាមាត្រ​នឹង​អាយុ​របស់​ខ្លួន ​ចេះដឹង​ច្រើន​ជាង ធម្មតា ហ៊ាន​អាកាត់​ដោយខ្លួនឯង ក្លាហាន​មិនចេះ​ខ្លាច​ចំពោះអ្វី​ដែលនឹង​កើត​មាន​ឡើង និង​ធ្វើខ្លួន​ដូចជា​អ្នកដែល​មាន​បទពិសោធន៍ ធ្លាប់​ឆ្លង​កាត់រួច​ពីមុន​មកហើយ​អញ្ចឹង។
  • ដើម្បី​ឱ្យកាន់​តែច្បាស់ លោកអ្នក​អាចយក​កូនទៅ​ធ្វើការ​ពិនិត្យ​ទឹកនោម។ លទ្ធផល​ជាក់​ស្ដែង​នឹង​បង្ហាញថា​កូន​របស់ លោកអ្នក​មាន​ប្រើថ្នាំ​ញៀន ឬមិន​ប្រើ។
ដំបូន្មាន​អ្នកប្រឹក្សា
យុវជន​ងាយ​នឹង​ទទួល​នូវការ​ប៉ះទង្គិច​ពីសង្គម​ខាងក្រៅ ជាពិសេស​អ្វីដែល​មិនល្អ​យុវជន​រមែង​ចង់សាក​ល្បង។ ឪពុក​ម្ដាយ គ្រប់​រូប​សូម​ព្យាយាម​ពន្យល់​ណែនាំ​កូនឱ្យ​បានយល់​នូវ​គុណវិបត្ដិ និង​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​កើត​ឡើង​ពីការ​ប្រើប្រាស់​គ្រឿង​ញៀន។  សូម​កុំព្យាយាម​ធ្វើឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ឪពុកម្ដាយ​រលាយ​បាត់​តាមខ្យល់ និង​វិលវល់​ដូចដុំ​ពពកដ៏​ខ្មៅងងឹត​ឱ្យសោះ៕

No comments:

CASINO





MOBILE MAGAZINE