ទឹកដោះម្ដាយមាន ប្រយោជន៍ច្រើនយ៉ាងសម្រាប់ទ្រទ្រង់រាងកាយទារកតូចដែលមិនមានលទ្ធភាព ទទួលយកចំណីអាហារបាន។ ស្ដ្រីភាគច្រើនបំបៅកូនដោយទឹកដោះរបស់ខ្លួនផ្ទាល់ដោយមិនត្រូវការជំនួយ ពីម្សៅទឹកដោះគោឡើយ។ ប៉ុន្ដែស្ដ្រីមួយចំនូនជួប ប្រទះបញ្ហាទឹកដោះមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ឬមិនមានទឹកដោះតែម្ដង។ តើមកពីហេតុអ្វីទៅទើបស្ដ្រីទាំងនោះមិនសម្បូរទឹក ដោះ?
ទឹកដោះម្ដាយជាអាហារដ៏ពិសិដ្ឋ
ទឹកដោះម្ដាយជាអាហារដ៏ពិសេសដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមគ្រប់ បែបយ៉ាងសម្រាប់តម្រូវការរបស់ទារកក្នុងរយៈពេល៤ទៅ៦ខែដំបូង។ ទឹកដោះម្ដាយផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន។
- ជាតិប្រូតេអ៊ីន និងជាតិខ្លាញ់យ៉ាងច្រើនសម្រាប់ទារកក្នុងចំនួនសមស្របនិងត្រឹមត្រូវ
- ជាតិឡាក់តូស(ជាតិស្ករក្នុងទឹកដោះ)ច្រើនជាងទឹកដោះដទៃទៀតដែលជាតម្រូវការរបស់ទារក
- មានជីវជាតិគ្រប់គ្រាន់សម្រាប់ទារកដោយមិនចាំបាច់ត្រូវបន្ថែមជីវជាតិដទៃទៀតទេ
- មានជាតិដែកគ្រប់គ្រាន់សម្រាប់ទារក។ ជាតិដែកនៅក្នុងទឹកដោះម្ដាយមិនមានចំនួនច្រើនលើសលប់ទេតែអាចសមល្មម សម្រាប់ទារកដែលមិនបណ្ដាលឱ្យជួបភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះសារ ជាតិដែក។
- មានសារជាតិទឹកគ្រប់គ្រាន់ ទោះបីជាអាកាសធាតុក្ដៅស្ងួតយ៉ាងណាក៏ដោយ
- អំបិលកាល់ស្យូម និងហ្វូស្វាតត្រឹមត្រូវ
- មានអង់ស្ស៊ីមពិសេស(លីប៉េស)ដែលជួយរំលាយខ្លាញ់។
មានស្ដ្រីមិនតិចនាក់ទេដែលក្រោយពេលសម្រាលតែងតែពោលថា នាងខ្ញុំមិនសូវសម្បូរទឹកដោះ ឬមានទឹកដោះមិនគ្រប់ គ្រាន់។ នេះជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យម្ដាយចង់បំបៅកូនដោយ ដបទឹកដោះគោ ឬទឹកបបរឆាប់ពេក។ ប្រការ ដែលមានទឹកដោះមិនគ្រប់គ្រាន់នោះ គឺជាការយល់ឃើញ និងការគិតរបស់អ្នកម្ដាយតែប៉ុណ្ណោះ។ តាមពិតទៅម្ដាយទាំងអស់អាចមាន ទឹកដោះគ្រប់គ្រាន់សម្រាប់ទារករបស់គាត់ ទោះបីជាទារកភ្លោះក៏ដោយ។ សំខាន់គឺស្ដ្រីត្រូវមានជំនឿចិត្ដ និងយកចិត្ដទុកដាក់បំបៅ កូន។ មានបញ្ហាមួយចំនួនដែលធ្វើឱ្យម្ដាយគិតថាទឹកដោះមិនគ្រប់គ្រាន់ ដែលមានដើមចមមកពីទារក និងម្ដាយ។
1. បញ្ហារបស់ទារក
- ទារកយំច្រើនជាងការគិតរបស់ម្ដាយ និងក្រុមគ្រួសារ
- ទារកបៅច្រើនហើយញឹកញាប់ជាងទារកផ្សេងទៀត បើតាមការគិតរបស់ម្ដាយ
- រយៈពេលបៅម្ដងយូរលើសពី១៥ទៅ២០នាទី
- ទារកខឹងដោះហើយមិនព្រមបៅដោះ
- ទារកជញ្ជក់ដៃរបស់វា
- ពេលឱ្យបៅទឹកដោះគោដោយប្រើដបទារកដេកលក់បានយូរ
- ដោះរបស់ម្ដាយមិនមានទឹកដោះនៅពេលទារកកើតមកភ្លាម
- ដោះមានសភាពទន់ជាងពេលមុន
- ឈប់ស្រក់ទឹកដោះ
ឱ្យមានទឹកដោះគ្រប់គ្រាន់
គ្រប់ម្ដាយទាំងអស់ដែលបំបៅកូនដោយទឹកដោះ ចាំបាច់ត្រូវយល់ដឹងពីកក្ដាមួយចំនួនដែលអាចឱ្យលោកស្រីមានទឹកដោះ គ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនតូច។ ប្រការសំខាន់ពីរ ដែលទាក់ទងទៅនឹងការផលិតទឹកដោះ និងស្ថានភាពបំបៅទារក។
1. ការផលិតទឹកដោះ ៖ អ្នកម្ដាយ ត្រូវយល់ពីឥទ្ធិពលនៃការជញ្ជក់ដោះទៅលើការផលិតទឹកដោះ។ ប្រសិនបើទារកជញ្ជក់ ដោះបានច្រើន ដោះក៏ផលិតទឹកដោះបានច្រើនទៅតាមនោះដែរ។ បើសិនជាទារកជញ្ជក់ដោះបានតិច ដោះក៏ផលិតទឹកដោះបានតិច ដែរ។ ក្នុងករណីដែលទារកឈប់ជញ្ជក់ដោះ ឬមិនដែលជញ្ជក់ដោះនោះ ដោះនឹងលែងផលិតទឹកដោះទៀតហើយ។ ផ្ទុយទៅវិញបើ ម្ដាយមានកូនភ្លោះហើយកូនទាំងពីរជញ្ជក់ដោះនោះ ដោះនឹងផលិតទឹកដោះបន្ថែមសម្រាប់តម្រូវការរបស់កូនទាំងពីរ។ ទាំងនេះហៅ ថាការផ្គត់ផ្គង់ និងការទាមទារ។ ដោះផ្គត់ផ្គង់ទឹកដោះទៅតាមការទាមទាររបស់ទារក។ អ្នកម្ដាយមិនត្រូវព្យាយាមសន្សំទឹកដោះទុក នោះទេ ព្រោះវាធ្វើឱ្យដោះផលិតទឹកតិចជាងមុន។ សរុបមកវិញការបំបៅដោះកូនកាន់តែញឹកញាប់ ការផលិតទឹកដោះកាន់តែច្រើន ជាពិសេសការបំបៅដោះកូននៅពេលយប់ ព្រោះក្រពេញភីទីអ៊ិតូរីបញ្ចេញប្រូឡាក់ទីននៅពេលយប់ច្រើនជាងនៅពេលថ្ងៃ។ ដើម្បីឱ្យ ម្ដាយមានសុខភាពមាំមួនក៏ដូចជាជំរុញឱ្យការផលិតទឹកដោះកាន់តែប្រសើរនោះ អ្នកម្ដាយត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប ដោយជីវជាតិ។
2. ស្ថានភាពបំបៅទារក ៖ មិនមែន ឱ្យតែមាត់ទារកដល់ដោះសុទ្ធតែអាចបៅបាននោះទេ ចាំបាច់ត្រូវតែបំបៅកូនក្នុងស្ថាន ភាពត្រឹមត្រូវ ដើម្បីឱ្យទារកបៅបានឆ្អែតស្កប់ស្កល់(ទារកបៅទាល់តែដេកលក់ក្នុងខណៈ ដែលចុងដោះម្ដាយនៅក្នុងមាត់នៅឡើយ)។ ស្ថានភាពត្រឹមត្រូវក្នុងការបំបៅដោះដល់ទារកមាន ៖
- ក្បាល និងដងខ្លួនទារកគួរស្ថិតនៅបន្ទាត់តែមួយ
- មុខរបស់ទារកនៅចំពីមុខដោះ ច្រមុះទល់នឹងក្បាលដោះ
- ម្ដាយគួរបីទារកឱ្យផ្អឹបនឹងកូន(បែរមុខរកគ្នា)
- ប្រសិនបើទារកទើបនឹងកើត អ្នកម្ដាយគួរតែជួយទ្រត្រគាករបស់ទារក មិនមែនទ្រក្បាលនិងស្មាឡើយ
- ម្រាមដៃរបស់ម្ដាយត្រូវដាក់ចូលនៅផ្នែកខាងចុងដង្ហើម ហើយផ្អឹបម្រាមដើម្បីទ្រគល់ដោះ និងដាក់ក្នុងចន្លោះមេដៃ
- ម្ដាយគួររុញបបូរមាត់ទារកឱ្យប៉ះនឹងចុងដោះរបស់ខ្លួនរហូតដល់ទារកហា មាត់ធំ ហើយប្រញាប់ឱ្យទារកបៅដោះ និងធ្វើ យ៉ាងណាឱ្យបបូរមាត់ខាងក្រោមរបស់ទារកស្ថិតនៅពីក្រោមចុងដោះ។
គ្រប់ម្ដាយទាំងអស់គប្បីបំបៅកូនដោយទឹកដោះរបស់ខ្លួនជាជាងការបំបៅកូន ដោយដប។ ព្រោះក្រៅពីត្រូវចំណាយប្រាក់ ច្រើនហើយ ជួនកាលធ្វើឱ្យត្រូវប្រឈមមុខនឹងជម្ងឺផ្សេងៗទៀតផង។ ការបំបៅកូនដោយទឹកដោះម្ដាយជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាព ខ្ពស់ក្នុងការផ្ដល់ឱ្យទារកនូវការថែទាំ និងផ្ដល់នូវអាហារគ្រប់គ្រាន់ដែលអាចការពារការឆ្លងរោគ និងជម្ងឺនានាបាន។ គ្មានអ្វីដែលអាចជំនួសទឹកដោះ និងសេចក្ដីស្រឡាញ់របស់ម្ដាយបានទេ៕
No comments:
Post a Comment