មូលហេតុដែលនាំឱ្យលង់ទឹក
ការលង់ទឹកអាចបណ្ដាលឱ្យស្លាប់ កាលណាទឹក ឬវត្ថុរាវណាមួយធ្វើឱ្យស្ទះដំណើរខ្យល់ចូលទៅក្នុងមាត់ ឬច្រមុះ។ កុមារ តូចៗច្រើនមានគ្រោះថ្នាក់ច្រើនជាងគេ ព្រោះមិនសូវមានកម្លាំងគ្រប់គ្រាន់ដើម្បីជំនះលើគ្រោះថ្នាក់នេះ។ ការលង់ទឹកភាគច្រើន បណ្ដាលមកពីអ្នកលេងទឹកមិនអាចមើលដឹងពីជម្រៅទឹក ហើយដោយមិនសូវចេះ ឬមិនចេះហែលទឹក ដោយទឹកជំនន់បក់បោកខ្លាំង ឬ មានការធ្វេសប្រហែសមិនបានបំពាក់ឧបករណ៍សុវត្ថិភាពទៅជាមួយ ទើបងាយរងគ្រោះ។ ទោះបីជាមនុស្សធំពេញវ័យដែលចេះហែលទឹក ក៏នៅមានការលង់ខ្លះដែរ ព្រោះពួកគាត់ហត់ខ្លាំងពេកមិនអាចហែលមកដល់ទីទួលសុវត្ថិភាពបាន។ នៅមានការលង់ទឹកដោយសារបញ្ហាសុខភាពរាងកាយ ដូចជាមានអាការរមួលក្រពើពេលហែលដល់ទឹកជ្រៅជាដើម។ នៅមានការលង់ទឹកដោយអចេតនាមួយ ទៀត គឺករណីដែលជនរងគ្រោះមានបំណងចង់សម្លាប់ខ្លួន តែដល់ពេលថប់ដង្ហើមខ្លាំងទើបខំស្រែករកជំនួយ។
របៀបសង្គ្រោះអ្នកលង់ទឹក
ក្នុងករណីដែលយើងជួបមនុស្សលង់ទឹក យើងត្រូវគិតដល់បីដំណាក់កាលធំៗ មានការសង្គ្រោះឱ្យផុតពីទឹក ការសង្គ្រោះ ពេលមកដល់លើគោក និងការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
1. ការសង្គ្រោះឱ្យផុតពីទឹក ៖ លោកអ្នកត្រូវចាំថាអ្នកដែលកំពុងលង់ទឹកមិនមានសមាធិគ្រប់គ្រាន់ដើម្បី គ្រប់គ្រងខ្លួនឯងទេ។ ដូច្នេះតាមទ្រឹស្ដី គឺហាមដាច់ខាតមិនឱ្យលោកអ្នកលោតចូលទៅជួយអ្នកលង់ទឹកដោយផ្ទាល់ទេ វាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ខ្លួនលោកអ្នកជាអ្នកជួយសង្គ្រោះ។ ព្រោះអ្នកលង់ទឹកអាចនឹងស្រវាស្រទាញមិនបន្ថយដៃដោយអចេតនា បណ្ដាលឱ្យលោកអ្នកងាយ រងគ្រោះទៅជាមួយ។ ជាបឋមលោកអ្នកត្រូវប្រើឧបករណ៍ដើម្បីជួយសង្គ្រោះ មានដូចជាបោះខ្សែយោងពោងឈើវែងជាដើម។ លោកអ្នកអាចស្រង់ជនរងគ្រោះនៅកន្លែងដែលមានទឹករាក់បាន ដោយព្យាយាមលើកក្បាលជនរងគ្រោះឱ្យផុតពីទឹក។ បន្ទាប់មកត្រូវ ទ្រពោះឱ្យក្បាលសំយុងចុះ ដើម្បីឱ្យទឹកហូរចេញក្រៅ ហើយយកមកដាក់នៅកន្លែងដែលមានសុវត្ថិភាព។
2. ការសង្គ្រោះពេលមកដល់លើគោក ៖ ករណី ដែលជនរងគ្រោះបានមកដល់លើគោកក្នុងសភាពមិនដឹងខ្លួន ត្រូវមានការ សង្គ្រោះតាមដំណាក់កាល។ ដាស់ឱ្យអ្នកលង់ទឹកដឹងខ្លួន បើគ្មានប្រតិកម្មទេ ត្រូវបើកមាត់គាត់ឡើង ហើយពិនិត្យមើលតើមានអ្វីស្ទះ នៅក្នុងផ្លូវដង្ហើម(បំពង់ក)គាត់ឬទេ។ ប្រសិនបើមាន សូមកាយយកវាចេញដោយម្រាមដៃពីរ តែកុំបង្វិលបត់ក្បាលរបស់អ្នកលង់ទឹក ។ សូមងើយក្បាលទៅក្រោយបន្ដិច ហើយទាញថ្គាមក្រោមមកមុខឱ្យខ្លាំង ដើម្បីឱ្យស្រួលដកដង្ហើម។ បន្ទាប់មក ពេលទឹកហូរអស់ ត្រូវមានការជួយសង្គ្រោះផ្លូវដង្ហើម។ ត្រូវពិនិត្យមើលពីការដកដង្ហើម លោកអ្នកអាចមើលដើមទ្រូង ស្ដាប់ដង្ហើម ស្ទង់ជីពចរដៃ ឬជីពចរកដែលនៅជិតបេះដូងបំផុត បើនៅដើរមានន័យថាគាត់នៅមានសង្ឃឹមរស់។ ករណីមិនមានដង្ហើម ត្រូវផ្លុំខ្យល់បញ្ចូលតាមមាត់ ដោយដាក់ក្បាលគាត់ងើយទៅក្រោយ ហើយចំហមាត់។ ច្របាច់គល់ច្រមុះឱ្យខ្លាំង ដកដង្ហើមចូលឱ្យវែង ហាមាត់ឱ្យធំ ហើយផ្អឹប បបូរមាត់លោកអ្នកជុំវិញមាត់គាត់។ ផ្លុំខ្យល់ចូលក្នុងមាត់គាត់ រហូតទាល់តែលោកអ្នកឃើញទ្រូងគាត់ឡើងប៉ោង។ បន្ទាប់មកត្រូវយក មាត់ចេញ និងបន្ដអនុវត្ដបែបនេះ៥វិនាទីម្ដង។
ពេលអ្នកលង់ទឹកដឹងខ្លួន ត្រូវដាក់គាត់ក្នុងឥរិយាបថដំណេកសន្ដិសុខ គឺដេកផ្អៀងដើម្បីឱ្យទឹកដែលមាននៅក្នុងខ្លួនហូរចេញ បណ្ដើរៗ។ ចំពោះមនុស្សលង់ទឹក ដំណេកសន្ដិសុខនេះមានប្រសិទ្ធភាពណាស់សម្រាប់គាត់។ តែបើសិនជាគាត់មានរបួស វាអាច បណ្ដាលឱ្យធ្ងន់ធ្ងរថែមទៀតពេលគាត់កម្រើកច្រើន។ ពេលដឹងខ្លួនហើយ ត្រូវផ្ដល់កម្ដៅឱ្យគាត់មានធាតុក្ដៅក្នុងខ្លួនដោយការរុំជាមួយ នឹងភួយ ឬក្រណាត់ក្រាស់។ លោកអ្នកមិនគួរទុកមនុស្សមិនដឹងខ្លួនឱ្យនៅតែម្នាក់ឯងទេ ត្រូវថែរក្សាគាត់រហូតដល់មានកម្លាំងងើបឈរ ហើយអាចដើរបាន។
3. ការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ៖ បន្ទាប់ពីជនរងគ្រោះដឹងខ្លួន គួរបញ្ជូនគាត់ទៅពិនិត្យបន្ដនៅមន្ទីរពេទ្យ ដើម្បីព្យាបាលបន្ដ។
ប្រការដែលគួរចងចាំ
ដើម្បីសុវត្ថិភាព សូមការពារកុំឱ្យមានគ្រោះថ្នាក់លង់ទឹក។
- ត្រូវមើលក្មេងលេងទឹកឱ្យបានជាប់ជាដរាប និងកុំឱ្យគេហែលទឹកតែម្នាក់ឯង។ បើចង់បង្ហាត់ឱ្យគេចេះហែលទឹក គួរបង្ហាត់ នៅកន្លែងមានសុវត្ថិភាព។
- មិនត្រូវលោតទៅសង្គ្រោះអ្នកលង់ទឹកដោយផ្ទាល់ ឬប្រថុយប្រថានទេ ព្រោះអ្នកដែលលង់ភាគច្រើនតែងតែស្រវាស្រទាញរបស់ដែលនៅជិតខ្លួនដោយមិន មានការបន្ថយដៃទេ។
- អ្នកដែលលង់ទឹកមិនមានឱកាសគ្រោះថ្នាក់ច្រើនទេ ប្រសិនបើសង្គ្រោះទាន់ពេល។ វាមិនមានសង្ឃឹមច្រើនឡើយសម្រាប់ ការសង្គ្រោះអ្នកដែលលង់ទឹកច្រើនម៉ោង។
- គួរមានបំពាក់សម្ភារៈសុវត្ថិភាពជាប់ខ្លួនជានិច្ចពេលលោកអ្នកហែលទឹក ទោះបីជាលោកអ្នកប្រាកដថាចេះហែលក៏ដោយ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយចៃនដ្យ ដូចជាអាការរមួលក្រពើ ឬហត់ពេក។
- មិនគួរស្លៀកពាក់ខោអាវណាដែលមានលក្ខណៈជក់ទឹក ឬបឺតទឹកខ្លាំងទេ ដូចជាខោខូវប៊យជាដើម ព្រោះពេលជក់ទឹកនាំ ឱ្យខោអាវធ្ងន់ពិបាកនៅក្នុងការហែល។
- ការស្ទង់ជីពចរសំខាន់ គឺនៅលើក ព្រោះវានៅក្បែរបេះដូងលោតខ្លាំងជាងគេ។
- មិនគួរទុកចោលឱ្យអ្នករងគ្រោះនៅតែម្នាក់ឯងជាដាច់ខាត និងគួរនៅពិនិត្យមើលឱ្យជាប់លាប់ ខ្លាចមានការបាត់ដង្ហើមវិញ។
សូមចេះស្រឡាញ់ជីវិតរបស់អ្នករងគ្រោះ ទោះបីជាគាត់មានការខុសឆ្គងយ៉ាងណាក៏ដោយ និងសូមមេត្ដាជួយគ្នាក្នុងគំនិត មនុស្សធម៌។ គួរមានការសាកសួរទៅអ្នកជិតខាងនូវព័ត៌មានពីកន្លែងដែលលោកអ្នកចង់លេងទឹក ថាតើវាមានគ្រោះថ្នាក់ឬទេអាច លេងទឹកបានឬអត់ និងគួរមានបំពាក់សម្ភារៈការពារខ្លួន ដូចជាអាវពោងសុវត្ថិភាពនៅរាល់ពេលលេងទឹក៕
No comments:
Post a Comment