ជីវិតក្រោយអាពាហ៍ពិពាហ៍ជារឿងសំខាន់ណាស់ដែលបុរសត្រូវយកចិត្ដ ទុកដាក់ក្នុងការកសាងសុភមង្គលគ្រួសារ។ គូស្វាមី ភរិយាងាយនឹងឈានដល់ដំណាក់កាលនៃការបែកបាក់គ្នាខ្លាំងណាស់ប្រសិនបើ ការរស់នៅមិនចុះសម្រុងនឹងគ្នាមិនយល់ចិត្ដគ្នាទៅវិញ ទៅមក។ ទាំងនេះមិនអាស្រ័យទៅលើភរិយាតែម្ខាងនោះទេតែស្វាមីជាបុគ្គលសំខាន់ ដែលត្រូវយកចិត្ដទុកដាក់ហើយនឹងត្រូវប្រតិបត្ដិ ខ្លួនឱ្យសមជាស្វាមីដ៏ល្អ និងជាមេគ្រួសារប្រកបដោយភាពជឿជាក់។ តើស្វាមីល្អគួរប្រតិបត្ដិខ្លួនយ៉ាងណាខ្លះចំពោះភរិយា និងក្រុម គ្រួសារ?
វាជារឿងធម្មតាទៅហើយដែលបុរសតែងគិតថាខ្លួនជាភេទខ្លាំង ជាមនុស្សរឹងមាំអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ ម្យ៉ាងវិញទៀតបុរសតែងតែប្រាថ្នាចង់បាននារីដែលប្រកបទៅដោយលក្ខណៈ ល្អឥតខ្ចោះមកធ្វើជាគូជីវិត ក្នុងនោះតម្រូវការច្រើនយ៉ាងដែលបុរសជា ស្វាមីចង់ឱ្យភរិយាប្រតិបត្ដិមកលើខ្លួន ដូចជាភាពស្មោះស្ម័គ្រ ភក្ដី ចេះការងារផ្ទះយល់ចិត្ដប្ដីជាដើម។ ប៉ុន្ដែផ្ទុយទៅវិញបុរសខ្លួនឯង បែរជាបំភ្លេចចោលនូវអ្វីដែលខ្លួនត្រូវប្រតិបត្ដិដើម្បីឱ្យក្លាយជា ស្វាមីដ៏ល្អម្នាក់។ វិធីងាយៗមួយចំនួនដែលបុរសគួរធ្វើនិងប្រតិបត្ដិឱ្យ បានល្អដូចជា ៖
1. ស្មោះត្រង់ និងភក្ដីភាព
អាពាហ៍ពិពាហ៍ជាចំណងមួយជីវិតរបស់គូស្វាមីភរិយា។ ភាពមិនស្មោះត្រង់ជារឿងដែលមិនអាចទទួលយកបានមិនថាបុរស ឬស្ដ្រីនោះឡើយ។ ភក្ដីភាពមិនមែនកើតមានតែចំពោះភរិយាប៉ុណ្ណោះទេស្វាមីក៏ដូចគ្នាដែរត្រូវ មានភក្ដីភាពចំពោះភរិយា ស្នេហ៍ស្មោះ មួយនឹងមួយ គ្មានក្រៅ គ្មានចុង ហើយក៏គ្មានពាក្យកុហកដោះសារនោះដែរ។ ភក្ដីភាពក៏អាចធ្វើឱ្យចៀសផុតពីជម្ងឺសង្គមមួយចំនួន បានផងដែរ។
2. លើកកម្លាំងចិត្ដភរិយា
គ្មានប្រពន្ធបន្ទាប់ឬប្រពន្ធចុងជារឿងដែលបុរសចាំបាច់ត្រូវធ្វើឱ្យ បានដើម្បីក្លាយខ្លួនជាមេគ្រួសារដ៏ល្អ។ ដើម្បីឱ្យគ្រួសារកាន់ តែមានការរីកចម្រើន អនាគតរុងរឿង និងការរស់នៅធូរធារ ស្វាមីភរិយាគួររួមគ្នាកសាងជីវភាព។ ក្នុងគ្រួសារស្ដ្រីក៏មាននាទី សំខាន់ក្នុងការសម្រេចចិត្ដធ្វើអ្វីមួយ ឬក៏ផ្ដើមគំនិតធ្វើអ្វីមួយ។ ចំណុចនេះហើយដែលបុរសគួរដឹងនិងផ្ដល់កម្លាំងចិត្ដដល់ភរិយា គាំទ្រ និងលើកសរសើរចំពោះការសម្រេចរបស់ភរិយា។ មានកិច្ចការជាច្រើនរួមទាំងការប្រកបរបររកទទួលទានផងដែរដែលស្ដ្រីអាច សម្រេចបានដោយជោគជ័យ ហើយត្រូវការស្វាមីជាអ្នកគាំទ្រនិងផ្ដល់កម្លាំងចិត្ដជាជំហរផងដែរ។ ដូចនេះការផ្ដល់កម្លាំងចិត្ដជាតួនាទី សំខាន់របស់ស្វាមី ហើយដែលស្វាមីត្រូវចូលរួមដោយខានមិនបាន។
3. ចូលរួមក្នុងកិច្ចការផ្ទះ
ស្វាមីជាមេគ្រួសារដែលមានតួនាទីចេញទៅប្រកបកិច្ចការខាងក្រៅផ្ទះ ដើម្បីផ្គត់ផ្គង់គ្រួសារ ឯភរិយាជាមេផ្ទះទទួលរ៉ាប់រង គ្រប់កិច្ចការក្នុងផ្ទះទាំងអស់។ តួនាទីតែម្យ៉ាងនេះហើយដែលធ្វើឱ្យបុរសជាស្វាមីមួយចំនួនមិនចេះ មិនយល់និងមិនដឹងពីកិច្ចការផ្ទះ ទាល់តែសោះ រហូតគិតថាជាកិច្ចការតូចតាច កំប៉ិកកំប៉ុកថែមទៀតផង។ សព្វថ្ងៃនេះបុរសនិងស្ដ្រីអាចចេញទៅធ្វើការខាងក្រៅផ្ទះ បានដូចគ្នា។ អាស្រ័យហេតុនេះហើយបុរសត្រូវចូលរួមរំលែកកិច្ចការក្នុងផ្ទះមួយចំនួន ជំនួសភរិយាដូចជាមើលថែកូនៗ ចម្អិនម្ហូបអា ហារ បោកគក់សម្លៀកបំពាក់ លាងចាន បោសជូតផ្ទះជាដើម។ កិច្ចការទាំងនេះមិនធ្វើឱ្យអាប់អោនកិត្ដិយសអ្វីនោះទេ ហើយក៏ជា រឿងដែលបុរសមិនអាចចៀសផុតនោះដែរ។ ដូចនេះបុរសជាស្វាមីគួរចាប់ផ្ដើមប្រតិបត្ដិ និងរៀនធ្វើវាដើម្បីអនាគតនិងសុភមង្គល គ្រួសារ។
4. កុំភ្លេចថ្ងៃដ៏ពិសេស
ថ្ងៃដ៏ពិសេសៗមួយចំនួនដែលជាចំណងសម្រាប់គូស្វាមីភរិយា ដូចជាថ្ងៃអនុស្សាវរីយ៍នៃក្ដីស្រឡាញ់របស់អ្នកទាំងពីរថ្ងៃ អាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើតជាដើម។ ថ្ងៃទាំងអស់នេះអាចធ្វើឱ្យអ្នកនឹកឃើញពីអនុស្សាវរីយ៍នឹកឃើញសេចក្ដី ស្រឡាញ់ រឿងស្នេ ហាពីអតីតកាល ដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកកាន់តែផ្អែមល្ហែម។ ដូចគ្នានោះដែរបុរសមិនត្រូវភ្លេចថ្ងៃទាំងអស់ នោះទេ ព្រោះការចងចាំថ្ងៃនោះជាការបញ្ជាក់ឱ្យភរិយាឃើញថាលោកនៅតែស្រឡាញ់នាង នៅតែយកចិត្ដទុកដាក់ចំពោះនាង ហើយ រឹតតែមិនអាចបំភ្លេចនាងបាន។
5. ស្វាមីត្រូវយល់ចិត្ដភរិយា
មិនថាការងារខាងក្រៅផ្ទះ ឬជាការងារក្នុងផ្ទះនោះទេ គឺសុទ្ធតែជាការងារនឿយហត់ និងត្រូវចំណាយកម្លាំងច្រើន។ ដូច នេះបុរសជាស្វាមីត្រូវយល់ពីអារម្មណ៍នឿយហត់របស់ភរិយានិងស្វែងយល់ អំពីសមភាពរវាងការងារទាំងនេះឱ្យបានទូលំទូលាយ។ ប៉ុន្ដែអ្វីដែលបុរសត្រូវដឹងបន្ថែមទៀតនោះ គឺថាតើភរិយាចូលចិត្ដអ្វី និងមិនចូលចិត្ដអ្វីព្រមទាំងថាភរិយាជាមនុស្សបែបណា ចង់ធ្វើអ្វី។ អារម្មណ៍របស់ស្ដ្រីងាយនឹងផ្លាស់ប្ដូរណាស់សូម្បីតែថ្ងៃមករដូវក៏ធ្វើ ឱ្យអារម្មណ៍ប្រែប្រួលដែរ។ ប៉ុន្ដែសូមកុំយល់ច្រឡំថាចិត្ដនាងផ្លាស់ប្ដូរ ឱ្យសោះ។ វាគ្រាន់តែជាបម្រែបម្រួលដែលអាស្រ័យទៅលើពេលវេលា ការងារនិងសុខភាពរាងកាយតែប៉ុណ្ណោះ។ ត្រង់នេះហើយ ដែលបុរសជាស្វាមីត្រូវស្វែងយល់ពីនាង។ ឯបញ្ហាភេទសម្ព័ន្ធក៏ដូចគ្នានោះដែរ មិនត្រូវបង្ខំនាងទេដូចជាចង់ឱ្យនាងធ្វើអ្វីដែលនាងមិន ពេញចិត្ដដើម្បីបម្រើអារម្មណ៍របស់ខ្លួនឯងនោះដែរ។
6. កុំម៉ៅស្វិតចំពោះភរិយា
ពាក្យចាស់លោកថា “សម្លឆ្ងាញ់ដោយសារគ្រឿង ស្វាមីរុងរឿងដោយសារភរិយា”។ ពាក្យនេះជាចំណងមួយដែលធ្វើឱ្យប្ដី ប្រពន្ធអាចរស់នៅជាមួយគ្នាដោយសុខសប្បាយ។ ជាការពិតស្ដ្រីតែងទាមទារនូវភាពស្រស់ស្អាត ការរស់នៅសមរម្យនិយាយរួមគឺ អាចចូលក្នុងចំណោមគេបាន។ ក្រោយអាពាហ៍ពិពាហ៍ ទោះចង់ឬមិនចង់ការទ្រទ្រង់សេដ្ឋកិច្ចជាភារកិច្ចរបស់ស្វាមី ប៉ុន្ដែទោះបីជា យ៉ាងណាស្វាមីមិនត្រូវកំណាញ់ស្វិតជាមួយភរិយាឡើយ។ ស្វាមីគួរចែករំលែកថវិកាដែលរកបានឱ្យភរិយាដើម្បីសម្រិតសម្រាំងក្នុង ការតុបតែងកាយ បើបានទិញជារបស់របរដូចជាគ្រឿងអលង្ការសម្លៀកបំពាក់ផ្សេងៗទៀតដោយដៃ លោកអ្នកផ្ទាល់រិតតែប្រសើរ ព្រោះវាអាចបង្ហាញពីក្ដីស្រឡាញ់របស់លោកអ្នកចំពោះភរិយា។
7. កុំខ្ពើមរអើមចំពោះភរិយា
ការខ្ពើមរអើមមិនមែនជាអារម្មណ៍ដែលស្វាមីត្រូវមានចំពោះភរិយានោះទេ ពិសេសនៅពេលដែលភរិយាឆ្លងទន្លេឬមាន រដូវ។ ក្នុងកំឡុងពេលនោះ ស្ដ្រីតែងមានធ្លាក់ឈាមច្រើន ហើយក៏មិនបានសម្អាតឱ្យបានល្អនោះដែរ។ កត្ដានេះហើយដែលធ្វើឱ្យកើត មានបញ្ហាក្លិនមិនល្អ ឬដែលគេហៅថាក្លិនកូនខ្ចី ធ្វើឱ្យការរស់នៅនឹងឃ្លាតឆ្ងាយពីគ្នា។ ករណីនេះប្រសិនបើស្វាមីបង្ហាញពីអារម្មណ៍ខ្ពើម រអើមចំពោះភរិយានោះនឹងធ្វើឱ្យភរិយាតូចចិត្ដហើយមិនចង់ឱ្យមានកូន ម្ដងទៀត។ ព្រោះស្ដ្រីយល់ថាប្រសិនបើមានថ្ងៃនោះស្វាមីមាន អារម្មណ៍មិនល្អ និងខ្ពើមរអើមចំពោះក្លិនមិនល្អរបស់ខ្លួន។ មិនយូរមិនឆាប់ចំណងនេះនឹងត្រូវដាច់ចេញពីគ្នាដោយឯងៗជាក់ជាមិន ខានឡើយ។
8. ចៀសវាងគ្រឿងស្រវឹង និងអំពើហិង្សា
ការទទួលទានសុរាដើម្បីសុខភាពក្នុងពិធីផ្សេងៗម្ដងម្កាល ជារឿងធម្មតាដែលស្ដ្រីអាចទទួលយកបាន។ ប៉ុន្ដែជាទូទៅភរិយា មិនចូលចិត្ដស្វាមីដែលស្រវឹងខួបព្រឹកល្ងាចនោះឡើយ នេះរាប់ទាំងការជក់បារីផងដែរ។ ម្យ៉ាងទៀតរឿងដែលស្ដ្រីស្អប់ខ្ពើម និងមិន ចង់ជួប គឺការប្រើអំពើហិង្សាក្នុងគ្រួសារ។ ប្រការទាំងអស់នេះហើយដែលបុរសចង់ធ្វើជាស្វាមីដ៏ល្អម្នាក់គួរចៀសវាង បញ្ហាទាំងនេះ កុំទទួលទានសុរាហួសហេតុខុសពេលវេលា កុំពិសាបារី និងមិនត្រូវប្រើអំពើហិង្សាចំពោះភរិយា។ ទោះជាមានបញ្ហាស្មុគស្មាញ ឬទំ នាស់ដោយប្រការណាមួយក៏ដោយ ជាស្វាមីគួរចេះដោះស្រាយដោយសន្ដិវិធីនិងដោយអហិង្សា នោះទើបដំណោះស្រាយទទួល បានជោគជ័យ គ្រួសារមានសុភមង្គល។
បណ្ដាំផ្ញើ
ការធ្វើអ្វីមួយដើម្បីបំពេញបំណងអ្នកណាម្នាក់អាចថាជារឿងលំបាក ប៉ុន្ដែការធ្វើជាស្វាមីដ៏ល្អម្នាក់មិនមែនជារឿងដែលលំ បាករហូតធ្វើមិនបាននោះឡើយ វាអាស្រ័យត្រង់ថាបុរសជាស្វាមីនោះចង់ធ្វើឬក៏អត់តែប៉ុណ្ណោះ។ អ្វីដែលទស្សនាវដ្ដីសុខភាពយើង ជម្រាបជូនខាងលើនេះគ្រាន់ តែជាចំណុចខ្លះៗដើម្បីជាការប្រតិបត្ដិរបស់ស្វាមីនិងដើម្បីចូលរួម ចំណែកកសាងសុភមង្គលក្នុងគ្រួសារតែ របស់លោកអ្នកតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលស្វាមីត្រូវអនុវត្ដដើម្បីឱ្យក្លាយ ជាស្វាមីដ៏ល្អ ជាសសរទ្រូងសម្រាប់ គ្រួសារ ជាអ្នកស្វែងរកនូវសេចក្ដីសុខ និងសុភមង្គលសម្រាប់ភរិយា និងក្រុមគ្រួសារ៕
No comments:
Post a Comment