ភ្ញៀវទេសចរកម្ពុជាដើរកាត់មុខព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លើភ្នំបូកគោដែលទើបជួសជុល។
កំពតៈ
បន្ទាប់ពីធ្វើដំណើរឡើងដល់កំពូលភ្នំបូកគោដើម្បីទទួលយកនូវចំណី
អារម្មណ៍ប្លែកនៃអាកាសធាតុត្រជាក់
និងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងឋានសួគ៌លើដីនោះ
ភ្ញៀវទេសចរទាំងអស់នឹងបានឃើញនូវសំណង់អគារចាស់ៗមួយចំនួនដែលជា
សំណល់ប្រវត្តិសាស្ត្រពីសម័យក្រោមអាណានិគមនិយមបារាំង
ហើយអគារមួយដែលគេមិនសូវមានការចាប់អារម្មណ៍ខ្លាំង
តែពេលនេះត្រូវបានគេជួសជុលឡើងវិញនោះ
គឺជាព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រខ្មែរព្រះអង្គ
ស៊ីសុវត្ថិ មុនីវង្ស
ដែលទីនោះហើយត្រូវបានគេអះអាងថាជាទីទ្រង់សោយទិវង្គតនោះ។
ភ្នំ
បូកគោមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្ដកំពត
មានចម្ងាយ៤២គីឡូម៉ែត្រពីក្រុងកំពត។ ក្រុមជនបរទេស
បានមកដល់ខេត្តនេះដំបូងគេនៅឆ្នាំ១៩១៧
លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូ លួស
បានរៀបចំរមណីយដ្ឋាននេះឡើង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២
ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោ
ត្រូវបានរៀបចំឡើងសម្រាប់ជាទីកន្លែងសម្រាកលម្ហែកាយរបស់ពួកអាណា
និគមបារាំងនៅលើកំពូលភ្នំដែលមានកម្ពស់១០៧៥ ម៉ែត្រ។
ធាតុអាកាសនៅលើភ្នំបូកគោមានភាព
ត្រជាក់បង្គួរ ហើយបើចង់ចាប់ពពក
ភ្ញៀវទេសចរទាំងអស់អាចទៅទីនោះបាន។
ជាមួយ គ្នានោះ
ព្រះមហាក្សត្រខ្មែរជំនាន់នោះ ក៏បានកសាងព្រះរាជដំណាក់ វត្តអារាម
កន្លែងកម្សាន្ត និងទីគោរពបូជាមួយចំនួនផ្សេងៗទៀតផងដែរ។
តាមរយៈគេហទំព័រ ស្រែខ្មុក
បានឲ្យដឹងថា ភ្នំបូកគោ
នាអតីតកាលគឺប្រាកដណាស់ជាឋានសួគ៌មួយរបស់ស្រុកខ្មែរ
សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះបាទស៊ីសុវត្ថិ មុនីវង្ស
ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលទិវង្គត
ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលនោះ
(បច្ចុប្បន្នថៃ) តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន
និងដណ្ដើមយកទឹកដីកម្ពុជប្រទេស ដោយមានប្រទេសជប៉ុន
ជាអ្នកគាំទ្រពីក្រោយ។
តាមចំណារប្រវត្តិសាស្ត្របានឲ្យដឹងថា
នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។
ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង
ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន
ហើយនៅទីបំផុតសៀមដែលមានជប៉ុននៅពីក្រោយបានគាបសង្កត់ទៅលើ
ប្រទេសបារាំង ដណ្ដើមយកនូវខេត្ដបាត់ដំបង
និងទឹកដីខ្មែរមួយចំនួនទៀតស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក
និងខ្សែស្របក្រាដ(ខ្សែស្របលើផែនទី)ទី១៥។
តាមរយៈគេហ ទំព័រ នោះបានបន្តថា
ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ
ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ ស៊ីសុវត្ថិ
មុនីវង្ស ទ្រង់ក៏បានសោយទិវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា
ឆ្នាំ១៩៤១ នៅបូកគោនេះឯងក្នុងព្រះជន្មាយុ ៦៦វស្សា
ក្រោយពេលព្រះអង្គសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
រាជ
ដំណាក់មួយដែលអ្នកឡើងទស្សនាគ្រប់គ្នាតែងឃើញ
ហើយបច្ចុប្បន្នត្រូវបានជួសជុលឡើងវិញនោះ ត្រូវបានគេដឹងថា
ជាព្រះរាជដំណាក់ព្រះអតីតមហាក្សត្រខ្មែរព្រះបាទ ស៊ីសុវត្ថិ
មុនីវង្ស ដែលព្រះអង្គកសាងឡើងសម្រាប់ជាទីលម្ហែកាយ។ នោះហើយ
ដែលគេដឹងថា ជាកន្លែងដែលព្រះយាងចូលទិវង្គតនោះ។
តាមរយៈគេហ ទំព័រនោះបានឲ្យដឹងថា
រាជដំណាក់ព្រះអង្គ
ដោយសារកាលនោះប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគម
បារាំង
ដូច្នេះព្រះរាជដំណាក់នោះបានដាក់ឈ្មោះជាភាសាបារាំងធំៗថា
«RESIDENCE DE S.M. MONIVONG» ដែលមានន័យជាភាសាខ្មែរថា
«ព្រះរាជតំណាក់ ព្រះករុណា មុនីវង្ស»។
ស្រែខ្មុក
បានបញ្ជាក់ថា៖«ព្រះរាជដំណាក់នេះហើយ
បើតាមការស្មានគឺជាស្ថានដែលព្រះអង្គ[ស៊ីសុវត្ថិ មុនីវង្ស]
បានយាងចូលទិវង្គត នៅលើកំពូលភ្នំនៃស្ថានសួគ៌កម្ពុជានេះ។
ក្រោយមករាជការបានកែប្រែទៅជាអគារសាលាក្រុងបូកគោ
បន្ទាប់ពីទ្រង់សោយទិវង្គតទៅ»។
ដោយឡែកពាក់ព័ន្ធនឹងប្រវត្តិ
រាជដំណាក់ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស
និងការយាងចូលសោយទិវង្គតរបស់ព្រះអង្គដោយសារការឈឺចាប់នឹងការ
ឈ្លានពានរបស់សៀមដូចការលើកឡើងខាងលើនោះ លោក រស់ ចន្ត្រាបុត្រ
បណ្ឌិតប្រវត្តិសាស្ត្រកម្ពុជា
បានសម្តែងការមិនយល់ស្របនឹងការលើកឡើងខាងលើឡើយ
ដោយលោកបញ្ជាក់ថា ព្រះអង្គ ស៊ីសុវត្ថិ មុនីវង្ស
មិនបានសោយទិវង្គតដោយសារការឈឺចិត្តនឹងសៀមឈ្លានពានទឹកដីនោះឡើយ
ពោលគឺដោយជរាព្យាធិប៉ុណ្ណោះ។
លោកបណ្ឌិតប្រវត្តិសាស្ត្របាន
មានប្រសាសន៍ថា៖«ខ្ញុំមិនដែលបានឮទេ រឿងថា
ព្រះអង្គឈឺចិត្តរឿងសៀមនោះ
តែពេលនោះប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង
បារាំងមានបំណងយកវៀតណាម ឡាវ កម្ពុជា
ដាក់ក្រោមអាណានិគមរបស់គេតែមួយ
ដូច្នេះគ្មានរឿងអីដែលថៃត្រូវមកឈ្លានពានខ្មែរទេ
មានតែសៀមទៅវិញទេដែលត្រូវខ្លាចបារាំងនោះ»។
លោកបានឲ្យដឹង បន្ថែមថា
ក្រោយបារាំងមកដាក់អាណានិគម
ពួកគេបានកសាងភ្នំបូកគោសម្រាប់ជាការកម្សាន្តសប្បាយ
ក្នុងនោះបារាំងក៏បានសង់រាជដំណាក់មួយសម្រាប់មហាក្សត្រខ្មែរដែរ
តែរឿងថា ព្រះអង្គបានសោយទិវង្គតដោយសារភាពឈឺចាប់នៅទីនោះ
លោកបញ្ជាក់ថា គ្មានឯកសារណាបញ្ជាក់ឡើយ។
យ៉ាងណាមិញ
ព្រះរាជដំណាក់ដែលមានរចនាប័ទ្មបែបបារាំងរបស់ព្រះអង្គ ស៊ីសុវត្ថិ
មុនីវង្ស នោះ បានទទួលរងការខូចខាតយ៉ាងដំណំនៅសម័យក្រោយមក
ហើយត្រូវបានគេទុកចោលអស់រយៈពេលយ៉ាងយូរ
ទើបតែបច្ចុប្បន្ននេះប៉ុណ្ណោះដែលព្រះរាជដំណាក់នេះ
ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សុខា ធ្វើការជួសជុលឡើងវិញ៕
(ភ្នំពេញប៉ុស្តិ៍)
No comments:
Post a Comment