ជីផាត់ ជារមណីយដ្ឋានអេកូទេសចរណ៍ស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពី ភូមិអណ្តូងទឹកលើផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ខេត្តកោះកុងទៅព្រំដែនប្រទេសថៃ។
រមណីយដ្ឋាន ជីផាត់ ផ្តល់ជូននូវសកម្មភាពកម្សាន្ដលក្ខណៈធម្មជាតិចម្រុះសម្រាប់មនុស្ស គ្រប់វ័យ ជាពិសេស ចំពោះអ្នកដែលចូលចិត្តធម្មជាតិ និងដំណើរផ្សងព្រេង។ អ្នកអាចជ្រើសរើសសេវាកម្មទេសចរណ៍ជាកញ្ចប់ ឬក៏ធ្វើដំណើរផ្សងព្រេងដោយខ្លួនឯងផ្ទាល់។ សកម្មភាពកម្សាន្ដនានា រួមមានការជិះកង់ទស្សនាទេសភាព ការឡើងភ្នំដោយឆ្លងកាត់ព្រៃព្រឹក្សា និងចុះហែលលេងក្នុងទឹកជ្រោះដ៏សែនត្រជាក់ រួចបន្ដទៅបោះតង់គេងនៅក្នុងព្រៃដើម្បីចាំមើលសត្វព្រៃ។ សូមកុំបារម្ភពីបញ្ហាហូបចុក និងសុវត្ថិភាព ព្រោះថាស្នាក់ការទេសចរណ៍ជីផាត់ នឹងរៀបចំខ្ចប់អាហារសម្រាប់អ្នក ហើយបើចង់បោះតង់គេងនៅក្នុងព្រៃ ស្នាក់ការទេសចរណ៍ នឹងចាត់ចែកមគ្គុទេសក៍ ទេសចរណ៍នាំផ្លូវ។ ពួកគេមានតួនាទីជាអ្នកនាំផ្លូវផង និងជាចុងភៅចម្អិន អាហារពេលល្ងាចផងដែរ។ ពិសេសណាស់មែនទេ?
នៅមិនទាន់អស់ទេ បើនិយាយដល់ពេលរាត្រីវិញ នោះរឹតតែរ៉ូមែនទិកជាងនេះទៀត ពីព្រោះអ្នកអាចជិះទូកឬកាណូតគយគន់ទេសភាពក្រោយពេលព្រះអាទិត្យ អស្តង្គត និងរៀនពីការនេសាទបង្កងរបស់អ្នកភូមិ រួមទាំងទស្សនាសត្វអំពិលអំពែកហោះហើរឆ្វេចឆ្វាចពន្លេចពន្លឺយ៉ាង ឆើតឆាយ។ អ្នកក៏អាចចុះទៅរៀនចាប់បង្កងជាមួយអ្នកនេសាទដោយផ្ទាល់ផងដែរ បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្ដមួយ អ្នកនឹងបានភ្លក្សរសជាតិអាហារបាប៊ីឃ្យូរលើឆ្នេរខ្សាច់សក្បុរស នៅត្រើយម្ខាងទៀត។ ទទួលទានអាហារក្លែមស្រាបៀរត្រជាក់ៗ រួមទាំងខ្យល់អាកាសបរិសុទ្ធ ខ្ញុំធានាថា អ្នកពិតជាចង់បង្កកពេលវេលាឲ្យនៅស្ងៀមមួយកន្លែងដើម្បីរក្សា បរិយាកាសដែលសែនសប្បាយជាមួយក្រុមគ្រួសារ ឬក៏មនុស្សជាទីស្រឡាញ់របស់ខ្លួនមិនឲ្យកន្លងផុតទៅ។
រីឯការ ស្នាក់នៅវិញ ភូមិជីផាត់ គ្មានសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ទេ ប៉ុន្តែភូមិដ្ឋានធម្មជាតិនេះអាចផ្ដល់ជូននូវផ្ទះសំណាក់ដែល មានផ្កាយរាប់រយនាពេលរាត្រី។ អ្នក និងក្រុមគ្រួសារអាចស្នាក់នៅក្នុងផ្ទះសំណាក់របស់ស្នាក់ការ ទេសចរណ៍ភូមិជី ផាត់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចូលចិត្តភាពឯកជន ហើយបើក្រុមយុវវ័យយើងចង់ដឹងពីការរស់នៅជាក់ស្ដែងរបស់អ្នក ភូមិ ពួកគេអាចគេងនៅក្នុងផ្ទះសំណាក់ និងទទួលទានអាហារជាមួយអ្នកភូមិដោយផ្ទាល់។ ទីកន្លែងដ៏ពិសេសមួយទៀត គឺផ្ទះសំណាក់បឹងហ្គាឡូ ដែលស្ថិតនៅតាមដងស្ទឹង និងស្ដាប់សំឡេងរបស់ធម្មជាតិបំពេរឲ្យអ្នកលង់លក់ និងភ្ញាក់ឡើងដោយឮតែសំឡេងចាប់យំប្រឡែងគ្នាយ៉ាងខ្ញៀវខ្ញារ។
សូម បញ្ជាក់ថា ភ្លើងអគ្គិសនីនៅភូមិជីផាត់ នឹងបិទនៅក្រោយម៉ោង១១យប់។ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់នោះ គឺសម្លឹងមើលមេឃ មើលផ្កាយរាប់ពាន់រះត្រដែតលើផ្ទៃវេហា។ កុំភ្លេចមើលផ្កាយឲ្យសោះណាប្រសិនបើបានទៅដល់រមណីយដ្ឋានជីផាត់ ប្រយ័ត្នស្តាយក្រោយពីព្រោះគ្មានកន្លែងណាដែលស័ក្ដិសមសម្រាប់ឱកាស មើលផ្កាយដ៏ភ្លឺច្បាស់ដូចនៅភូមិជីផាត់នោះទេ។
តើអ្នកនៅ ចាំអ្វីទៀត? បើអ្នកចាប់អារម្មណ៍ សូមរៀបចំគម្រោងចាប់ពី ឥឡូវនេះទៅ ហើយកុំភ្លេចបបួលក្រុមគ្រួសារ និងមិត្តភក្តិទៅជាមួយផង។ សាកល្បងដំណើរកម្សាន្ដក្នុងឱកាសចូលឆ្នាំថ្មីនេះឲ្យប្លែកពី ឆ្នាំមុនៗម្តងមើល អ្នកនឹងជាប់ចិត្ដចង់វិលវិញនៅពេលណាមួយ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://ecoadventurecambodia.com/៕
No comments:
Post a Comment