Friday, November 23, 2012
យុវជនសម័យថ្មីមានបញ្ហាផ្លូវចិត្ដ?
មូលហេតុបង្កបញ្ហាផ្លូវចិត្ដ
បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវជនសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។
1. វប្បធម៌ ៖ តាំងពីបុរាណកាល កម្ពុជាមានវប្បធម៌ដ៏ល្អរុងរឿងផ្ទាល់ខ្លួន និងមានឬសគល់យ៉ាងរឹងមាំថែមទៀតផង។ ទំនៀមទម្លាប់ប្រពៃណី និងសីលធម៌តែងទទួលបាននូវការប្រតិបត្ដិយ៉ាងត្រឹមត្រូវពីសំណាក់យុវជន កម្ពុជា។ ដោយឡែកបច្ចុប្បន្នវប្បធម៌កំពុងតែចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរទៅលើយុវជន។ ព្រោះថាយុវជនជាមនុស្សដែលមានគំនិតចង់ចេះ ចង់ដឹង ចង់សិក្សាស្វែងយល់ នូវអ្វីដែលថ្មី ពិសេសវប្បធម៌បរទេសដែលមានលក្ខណៈខុសប្លែកពីវប្បធម៌ខ្មែរ។ វប្បធម៌ថ្មីធ្វើឱ្យមានទំនាក់ទំនងងាយស្រួលរវាងយុវជន ការមានសម្ព័ន្ធភាពដោយពុំបានគិតពិចារណាឱ្យបានល្អិតល្អន់ ជាពិសេសយុវជនដែលស្ថិតក្នុងវ័យប្រមាណ១៨ឆ្នាំ។ កត្ដានេះនាំឱ្យ ការបែកបាក់គ្នាទៅវិញក៏មានភាពងាយស្រួលដែរ ពេលនោះបញ្ហាផ្លូវចិត្ដនឹងអាចកើតមានចំពោះរូបគេ ព្រោះពួកគេមិនទាន់មានបទពិសោធន៍ពេញលេញ។ ម្យ៉ាងវិញទៀតការឆាប់ទទួលយកនូវវប្បធម៌ថ្មីពីបរទេស ដូចជាខ្សែភាពយន្ដអាសអាភាស ភាពយន្ដដែលគ្មាន គំនិតអប់រំជាដើម និងការឆាប់ទទួលយកចំណេះដឹង នឹងបង្កើនឡើងនូវបញ្ហាផ្លូវចិត្ដកាន់តែធ្ងន់ធ្ងរ ក៏ព្រោះតែតម្រូវការរបស់ពួកគេ កាន់តែកើនខ្ពស់ឡើងៗផងដែរ។
2. បច្ចេកវិទ្យា ៖ ទំនើបភាពនៃ បច្ចេកវិទ្យាបានធ្វើឱ្យយុវជនមានការខ្វាយខ្វល់យ៉ាងខ្លាំងរហូតធ្វើឱ្យ
កើតមានជាវិបត្ដិផ្លូវចិត្ដ ក៏ព្រោះតែចំណង់របស់ពួកគេគ្មានព្រំដែន។ គ្រឿងឧបករណ៍អេឡិចត្រូនិច ទូរស័ព្ទ កុំព្យូទ័រ រថយន្ដ និងម៉ូតូដែលរត់លឿនទៅរក ភាពទំនើបពីមួយថ្ងៃទៅមួយថ្ងៃ បានក្លាយជាឧបសគ្គសម្រាប់យុវជន។ អ្នកខ្លះតាមទាន់ អ្នកខ្លះក៏តាមមិនទាន់ អាស្រ័យទៅលើស្ថានភាព ជីវភាពគ្រួសាររបស់ពួកគេ។ អ្នកដែលរត់មិនទាន់បច្ចេកវិទ្យានេះហើយដែលនឹងកើតជាបញ្ហាផ្លូវចិត្ដឡើង។ ព្រោះពួកគេមិនសម តាមបំណង។ យុវជនខកចិត្ដទាំងនោះអាចបែរទៅរកការប្រើគ្រឿងស្រវឹង ថ្នាំញៀន គេចចេញពីផ្ទះ មិនចូលសាលារៀនជាដើម។
3. ការអប់រំ ៖ ប្រព័ន្ធអប់រំកំពុងឈានទៅរកលក្ខណៈល្អប្រសើរ និងរីកចម្រើន។ ទន្ទឹមនឹងនោះបញ្ហាកង្វះពេលវេលាក្នុង ការអប់រំក៏បានចោទជាបញ្ហាឡើង។ ពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ការអប់រំទាំងក្នុងគ្រួសារ ទាំងក្នុងគ្រឹះស្ថានសាធារណៈនានា ធ្វើឱ្យយុវជនទទួលបាននូវចំណេះដឹងផ្នែកសីលធម៌ និងវប្បធម៌តិចតួចមិនសមល្មមក្នុងការគ្រប់គ្រងខ្លួនឯង ទាំងសកម្មភាព និងអារម្មណ៍។ ទាំងនេះជាដើមហេតុធ្វើឱ្យយុវជនមានភាពស្ទាក់ស្ទើរមិនប្រាកដនិយម និងងាយឱ្យពួកគេឆាប់ទទួលនូវវប្បធម៌ដែលមិនល្អ និង ការប្រព្រឹត្ដិមិនសមរម្យ។ ម្យ៉ាងវិញទៀតកង្វះការអប់រំបង្កជាបញ្ហាស្មុគស្មាញដល់យុវជន ព្រោះពិបាកក្នុងការសម្រេចចិត្ដថាអ្វីល្អ អ្វី មិនល្អ អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ ម្យ៉ាងវាបណ្ដាលមកពីយុវជនខ្លួនឯងមិនព្រមទទួលយកនូវការអប់រំតាមគ្រប់ រូបភាព មិនទទួលយក ដំបូន្មានល្អពីគ្រួសារ សាលារៀន និងសង្គមដែលគេរស់នៅ។ កត្ដាទាំងនេះនឹងធ្វើឱ្យយុវជនជួបប្រទះនូវបញ្ហាដ៏អាក្រក់មួយ ហើយដែល ធ្វើឱ្យពួកគេកើតមាននូវបញ្ហាផ្លូវចិត្ដ។
4. សេដ្ឋកិច្ច ៖ ទន្ទឹមនឹងការជឿនលឿន នៃបច្ចេកវិទ្យា និងការហូរចូលនៃវប្បធម៌ថ្មីធ្វើឱ្យយុវជនមានតម្រូវការខ្ពស់ផ្នែក សេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ភាពទំនើបទាំងនោះ។ ប៉ុន្ដែចំពោះគ្រួសារមួយចំនួនដែលមានសេដ្ឋកិច្ចពុំគ្រប់គ្រាន់ដើម្បី នឹងបំពេញតាមការ ទាមទារពីកូន ធ្វើឱ្យកូនអស់សង្ឃឹម បាក់ទឹកចិត្ដ ខកចិត្ដ និងអាក់អន់ចិត្ដចំពោះខ្លួនឯងដែលមិនអាចទទួលអ្វីៗតាមបំណង។ នេះហើយ ជាបញ្ហាផ្លូវចិត្ដមួយដែលតែងតែកើតមានចំពោះយុវជននាពេលបច្ចុប្បន្ន។
5. បញ្ហាសង្គម ៖ កត្ដាដែល បានអត្ថាធិប្បាយដូចខាងលើមានវប្បធម៌ បច្ចេកវិទ្យាទំនើប អប់រំ សេដ្ឋកិច្ចជាដើម នេះជាបញ្ហាសង្គម។ លើសពីនេះបញ្ហាសង្គមមួយទៀតដែលគួរយកចិត្ដទុកដាក់ និងចាប់អារម្មណ៍ គឺការចរាចរគ្រឿងញៀនដែលកើនឡើង យ៉ាងសន្ធឹកសន្ធាប់នៅក្នុងទីផ្សារនៃសង្គមងងឹត និងការជួញដូររបស់ឈ្មួញមួយចំនួន។ បញ្ហាផ្លូវចិត្ដ និងជម្ងឺផ្លូវចិត្ដមួយចំនួនកើតឡើង ដោយសារយុវជនខ្លួនឯងប្រើប្រាស់នូវគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ។ គ្រឿងញៀនបានធ្វើឱ្យយុវជនឈ្លក់វង្វេង ភ្លេចតួនាទី ដែលត្រូវរៀនសូត្រ ហើយដែលពួកគេក្លាយទៅជាមនុស្សគ្មានមនោសញ្ចេតនា និងមានអាកប្បកិរិយាឃោរឃៅ។
6. គ្រួសារ ៖ ឯបញ្ហាគ្រួសារក៏ជាកត្ដាសំខាន់អាចធ្វើឱ្យមានបញ្ហាផ្លូវចិត្ដចំពោះ យុវជនដែរ ដូចជាមានអំពើហិង្សាក្នុងគ្រួសារ មានវិបត្ដិ មានទំនាស់ ខ្វះភាពកក់ក្ដៅ ខ្វះក្ដីស្រឡាញ់ថ្នាក់ថ្នម ខ្វះការយល់ចិត្ដគ្នារវាងឪពុកម្ដាយ និងកូនជាដើម។
ក្រៅពីមូលហេតុដូចដែលបានរៀបរាប់ជូនខាងលើនេះ ក៏នៅមានកត្ដាជាច្រើនទៀតដែលជាមូលហេតុបង្កឱ្យយុវជនមាន បញ្ហាផ្លូវចិត្ដ ដូចជាកត្ដាជីវសាស្ដ្រ(ការប្រើប្រាស់គីមីលើចំណីអាហារ បន្លែ ផ្លែឈើជាដើម) និងបញ្ហាចិត្ដសាស្ដ្រផ្ទាល់តែម្ដង។
ផលប៉ះពាល់ដែលបង្កដោយបញ្ហាផ្លូវចិត្ដ
យុវជនជាទំញំងស្នងឬស្សី ជាសសរទ្រូងក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ជាការពិតក្នុងពេលដែលពួកគេមានបញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។
1. ផលប៉ះពាល់ចំពោះយុវជនខ្លួនឯងផ្ទាល់ ៖ ការប៉ះពាល់នេះមានពីរដំណាក់កាល គឺរយៈពេលខ្លី និងរយៈពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវចិត្ដធ្វើឱ្យយុវជនបាត់បង់ឱកាសក្នុងការក្រេបយកចំណេះវិជ្ជា តាមសាលារៀន ផ្អាកការសិក្សា និងខាតពេលវេលា ។ ទន្ទឹមនឹងនោះធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ពេលខ្លះអាចឈានដល់លេបថ្នាំ ឬធ្វើអត្ដឃាតជាដើម។ ករណីខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ជីវិតដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជា ដើម។ ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយនោះ គឺជម្ងឺវិកលចរិត។
2. ផលប៉ះពាល់ដល់គ្រួសារ ៖ ប៉ះពាល់ ដល់កិត្ដិយសគ្រួសារ ដោយសារកូនមានបញ្ហាផ្លូវចិត្ដ និងទៅប្រើប្រាស់គ្រឿងស្រវឹង ប្រព្រឹត្ដអំពើមិនគួរគប្បី។ មួយវិញទៀត ក៏អាចធ្វើឱ្យមានបញ្ហាទៅលើផ្នែកសេដ្ឋកិច្ច និងខាតបង់ពេលវេលា ព្រោះតែឪពុកម្ដាយត្រូវចំណាយពេលច្រើនដើម្បីមើលថែកូន និងឃុំគ្រងកូន ការពារមិនឱ្យកូនធ្វើនូវទង្វើផ្សេងៗមួយចំនួន។ ដោយឡែក ពេលកូនកើតមាន បញ្ហានេះ ក៏អាចធ្វើឱ្យគ្រួសារគ្មានសេចក្ដីសុខ កើតមានវិបត្ដិទំនាស់រវាងឪពុក និងម្ដាយផងដែរ។
3 ផលប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម ៖ មិនថា តែយុវជនសម័យថ្មីនោះទេ មនុស្សទូទៅនៅពេលកើតមានបញ្ហាផ្លូវចិត្ដ ក្លាយជាមនុស្សអសកម្មគ្រប់សកម្មភាពទាំងអស់។ យុវជនឈានទៅមានការប្រើប្រាស់គ្រឿងញៀន បាត់បង់ចោលការសិក្សារៀន សូត្រ ហើយក៏ជាដំណាក់កាលនៃការបាត់បង់ធនធានមនុស្ស និងបាត់បង់គ្រាប់ពូជនៃសង្គមផងដែរ។ មានតែយុវជននេះហើយដែលជា ក្ដីសង្ឃឹមរបស់សង្គមជាតិ ជាសសរទ្រូង និងជាអនាគតរបស់ប្រទេសជាតិ ក៏ដូចជាគ្រួសារ។ តើអាចនឹងមានការអភិវឌ្ឍន៍ដែរឬទេ ប្រសិនបើក្នុងសង្គមពោរពេញទៅដោយមនុស្សអសកម្ម ញៀនថ្នាំ មានបញ្ហាផ្លូវចិត្ដ និងប្រព្រឹត្ដិអំពើអបាយមុខផ្សេងៗនោះ? សង្គម នឹងវិវឌ្ឍន៍ទៅរកភាពអន់ខ្សោយ និងភាពអណាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ជាក់ជាមិនខាន។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment