About Me

THIS SITE IS UNDER CONSTRUCTION

Friday, November 23, 2012

កម្ពុជា​ផលិត​ថ្នាំពន្យារ​ជីវិត​បាន

ថ្នាំពន្យារ​ជីវិត​ជាអ្វី?
បើទោះ​បីជា​បច្ចុប្បន្ន​នេះ នៅ​ប្រទេសកម្ពុជា​អាច​ផលិត​ថ្នាំពន្យារ​ជីវិតអ្នក​កើតជម្ងឺ​អេដស៍​ឬថ្នាំ​ ប្រឆាំង​នឹង​មេរោគ​អេដស៍បានក៏ដោយ ក៏​មិនមែន​មានន័យ​ថាកម្ពុជា​អាចជួយ​សង្គ្រោះ​អ្នកមាន​ជម្ងឺអេដស៍​ទាំងអស់​ បាននោះ​ដែរទេ។ ថ្នាំពន្យារ​ជីវិតនេះ គឺជា​ប្រភេទ​ថ្នាំម្យ៉ាង​ដែលអាច​ជួយជំរុញ​ឱ្យ​សារធាតុ​គ្រាប់ឈាម​សេដេកាត់ឌ៤ ​នៅក្នុង​គ្រាប់ឈាមស​របស់អ្នក​ជម្ងឺ​កើនឡើង​វិញ ខណៈ​ដែល​មេរោគ​អេដស៍នេះ​បានទៅ​បំផ្លាញ​សារធាតុ​សេឌឺកាត់​របស់អ្នក​ជម្ងឺឱ្យ​ ចុះថយ ឬអាច​និយាយ​បានថា​គឺជាថ្នាំ​សម្រាប់​ទប់ស្កាត់ មេរោគអេដស៍​កុំឱ្យ​រីក​ដុះដាល ឬ​កកើត​កូនចៅ​បន្ថែម​ទៀត។
ហេតុអ្វី​បានជា​កម្ពុជា​ផលិតថ្នាំ​ពន្យារជីវិត​ដោយ​ខ្លួនឯង?
វាជារឿង​ធម្មតាទេ​ដែល​ប្រទេស​នានា​មិនមាន​សិទ្ធិផលិត​ថ្នាំប្រភេទ​ថ្មីៗ ដែលអ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទើបតែ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ នោះ។ ដោយឡែក​ដោយសារ​តែមានការ​ប្រកាស​អនុញ្ញាត​ជាផ្លូវការ​របស់​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក (WTO)​នៅទីក្រុង​ដូហា​ប្រទេស​កាតា​នៅចុង​ឆ្នាំ២០០១ បានអនុញ្ញាត​ឱ្យប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​សិទ្ធិផលិត​ថ្នាំប្រឆាំង​មេរោគអេដស៍​ (ARV) ឬ​ថ្នាំពន្យារ​ជីវិត​នៅប្រទេស​របស់ខ្លួន​បានដោយ​ស្របច្បាប់។ មូលហេតុ​សំខាន់​ដែលជំរុញ​ឱ្យមាន​ការ​ផលិតថ្នាំ​នេះ​នៅតាម​បណ្ដា​ប្រទេស​ នានានោះ ព្រោះជម្ងឺ​អេដស៍នេះ​មានសក្ដានុពល​ខ្លាំងណាស់​នៅលើ​ពិភពលោក។ ហើយ​វិធី​តែមួយ​គត់សម្រាប់​ជួយអ្នក​កើតជម្ងឺ​នេះបាន គឺការ​ផ្ដល់ថ្នាំ​ពន្យារជីវិត​ឱ្យពួកគេ​ដើម្បី​បាន​រស់នៅ​បានយូរ។ ដូច្នោះ​វិធី​ដែល​ងាយស្រួល ចែកចាយ​ថ្នាំនេះ​ឱ្យដល់​ពួកគេ គឺ​មានតែ​ឱ្យប្រ​ទេស​ទាំងអស់​នោះ​ផលិតថ្នាំ​ទាំងនេះ​ដោយ​ខ្លួនឯង។

សព្វថ្ងៃ​នេះ នៅក្នុង​ប្រទេសកម្ពុជា​យើង​មានតែ​សហគ្រាស​ស៊ីភីអ៊ី​តែប៉ុណ្ណោះ ដែលបាន​ទទួល​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​ពីក្រសួង​សុខាភិបាល ដើម្បី​ធ្វើការ​ផលិត​ថ្នាំពន្យារជីវិត​សម្រាប់​អ្នកជម្ងឺ​អេដស៍​នេះ។ អ្វីដែល​ជាគោល​បំណង​សំខាន់​ក្នុងការ​ផលិតនេះ គឺ​ធ្វើយ៉ាង​ណាឱ្យ​អ្នកកើត​ជម្ងឺអេដស៍​មាន​សុខភាព​ធូរស្រាល ព្រមទាំង​ជួយ​សម្រាល​ឱ្យពួកគេ​ទាំងនេះ​អាចទិញ​ថ្នាំពន្យារ​ជីវិតបាន​នៅក្នុង ​ស្រុក ក្នុងតម្លៃ​ទាប​សមស្រប​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ។ ជាមធ្យម​ក្នុងមួយ​ខែ ពួកគាត់​អាច​ចំណាយ​អស់​ប្រមាណ​ជា២៥​ទៅ៣០​ដុល្លារ​តែប៉ុណ្ណោះ។
លទ្ធភាព​ក្នុងការ​ផលិត​ថ្នាំពន្យារ​ជីវិត​នៅកម្ពុជា
ថ្វីបើ​ប្រទេសកម្ពុជា​មានចំនួន​អ្នកកើត​ជម្ងឺអេដស៍​ច្រើនម៉ឺននាក់​ក៏ដោយ ក៏​សហគ្រាស​អាច​ផលិតថ្នាំ​ពន្យារជីវិត​សម្រាប់​អ្នក ជម្ងឺ​អេដស៍​នេះបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ ឬ​ចំនួន​របស់អ្នក​កើតជម្ងឺ​អេដស៍​ផងដែរ។ តែ​បច្ចុប្បន្ននេះ សហគ្រាស​នេះ​ផលិត​ថ្នាំ ពន្យារ​ជីវិត​សម្រាប់​ផ្គត់ផ្គង់​អ្នកកើត​ជម្ងឺ​អេដស៍​បាន​ត្រឹមតែ​ប្រមាណ​ ជាជាង​៣០០នាក់​តែប៉ុណ្ណោះ ដែលមាន​ចំនួន​១២ប្រភេទ។ ការ​ផលិត​តិចតួច​នេះ​មិនមែន​មានន័យ​ថា លោកអ្នក​ដែល​កើតជម្ងឺ​អេដស៍​ភាគច្រើន​មិនបាន​ប្រើប្រាស់​សេវា​ថ្នាំពន្យារ​ ជីវិតនោះ​ទេ។ ការពិត​ថ្នាំពន្យារ​ជីវិត​សម្រាប់​អ្នកកើត​ជម្ងឺអេដស៍​ដែល​ផលិត​ក្នុងស្រុក នៅ​មិនទាន់​មានទីផ្សារ​ល្អ​នៅឡើយ​នោះទេ ដោយ​ភាគច្រើន​អ្នកកើត​ជម្ងឺអេដស៍​បាន​ទទួល​សេវាថ្នាំ​នេះដោយ​មិនគិតថ្លៃ​ ពីក្រសួង​សុខាភិបាល ឬពី​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេងៗ។ ចំពោះ​អ្នកកើត​ជម្ងឺអេដស៍​ដែលចង់​ទទួល​សេវាថ្នាំ​ដែល​ផលិត​នៅក្នុង​ស្រុកនេះ អាច​ទៅទិញ​នៅតាម​ឱសថស្ថាន​នានា​បានដោយ​មានការ​ណែនាំ​ពីគ្រូពេទ្យ ព្យាបាល​ច្បាស់លាស់។
គុណភាព​ថ្នាំពន្យារ​ជីវិត​ផលិត​នៅកម្ពុជា
មុននឹង​អាចឈាន​ទៅធ្វើការ​ផលិតថ្នាំ​ពន្យារជីវិត​សម្រាប់​អ្នកកើត​ ជម្ងឺអេដស៍​នេះបាន សហគ្រាស​បានរក​ទិញវត្ថុ​ធាតុដើម ទាំងអស់​ពីបរទេស។ មាន​ន័យថា​ថ្នាំដែល​ផលិត​បានមក​នេះគឺ​អាចមាន​គុណភាព​ប្រហាក់​ប្រហែល​ទៅនឹង​ ថ្នាំដែល​ផលិត​នៅបរទេស។ ដើម្បីទទួល​បាននូវ​លទ្ធផល​ទាំងនោះ ថ្នាំពន្យារ​ជីវិត​សម្រាប់​អ្នកកើត​ជម្ងឺអេដស៍ បានធ្វើ​ការ​ពិសោធន៍​ពីគុណភាព​នៅឯ​មន្ទីរពេទ្យ កាល់ម៉ែត ដោយ​សាកល្បង​ឱ្យអ្នក​កើតជម្ងឺ​អេដស៍​លេបថ្នាំ​នេះ។ លទ្ធផល​ដែល​ទទួលបាន​គឺមាន​ប្រសិទ្ធភាព​ចំនួន​៩៥ .៧៧​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ថ្នាំដែល​ផលិត​នៅឯ​បរទេស។
ទោះជា​ថ្នាំពន្យារ​ជីវិត​សម្រាប់​អ្នកកើត​ជម្ងឺអេដស៍ អាច​ផលិត​នៅស្រុកខ្មែរ​បាន​យ៉ាងណា​ក៏ដោយ ក៏លោក​វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អគ្គ​លេខាធិការ​រង នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​អេដស៍ បានឱ្យ​ដឹងថា លោកនៅ​មិនទាន់​ដែលឃើញ​ថ្នាំដែល​ផលិត​នៅក្នុងស្រុក​ទាំងនោះ​នៅឡើយ​ទេ។ ដោយលោក​អះអាងថា​បច្ចុប្បន្ន​នៅក្នុង​ប្រពន្ធ័​សុខាភិបាល​សាធារណៈ​នៅកម្ពុជា បាន​នាំចូល​ថ្នាំពន្យារ​ជីវិត​សម្រាប់​អ្នកកើត​ជម្ងឺអេដស៍​តែពី​ប្រទេស​ ឥណ្ឌា និង​ប្រទេសថៃ​តែប៉ុណ្ណោះ។ ដោយឡែក​ថ្នាំពន្យារ​ជីវិត​សម្រាប់​អ្នកកើត​ជម្ងឺអេដស៍ផលិត​នៅក្នុង​ស្រុកវិញ ប្រព័ន្ធ​សុខាភិបាល​មិនដែល​ទិញទាល់​តែសោះ។

សូម​លោកអ្នក​កុំជឿ​លើការ​ឃោសនា​បោកប្រាស់​ថា ជម្ងឺអេដស៍​អាចមាន​ថ្នាំព្យាបាល​ជាសះស្បើយ​ឱ្យសោះ។ ហើយ​លោកអ្នក​គួរតែ​ទៅមណ្ឌល​ប្រឹក្សា​ធ្វើតេស្ដ​ឈាម​រកមេរោគ​អេដស៍ និងរក្សា​ការសម្ងាត់ ដើម្បី​ពិនិត្យ​ឱ្យដឹងថា​លោកអ្នក​កើតជម្ងឺ​អេដស៍ ឬ​ក៏អត់។ យើង​មិនអាច​មើលថា អ្នកណា​កើត ឬ​មិនកើត ដោយមើល​តែ​រូបរាង​ខាងក្រៅ​បាន​នោះទេ។

No comments:

CASINO





MOBILE MAGAZINE