About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 3, 2012

នារីដែលបុរសជ្រើសរើស


ការជ្រើសរើសគូស្រករ ជាប្រការចាំបាច់មួយដែលបុរសនារីគ្រប់រូបតែង​​​យកចិត្ដ​​​ទុកដាក់​​​បំផុត។ ជា​​ពិសេស​​ពេលដែលសាមី​​ខ្លួនមាន​​ វ័យ​​គ្រប់ការ មានឱកាស មានមុខរបរ ការងារ​​​​ជា​​​​ជំហរ​​​​ដែលសមរម្យសម្រាប់ជីវិតទៅតាមសមត្ថភាព។ ដោយ​​ប្រពៃណី​​ខ្មែរ​​តម្រូវ​​ឱ្យភាគីបុរសជាអ្នកចូលចែចូវស្ដីដណ្ដឹងភាគីនារី នោះអាទិភាពនៃការរំពៃរកគូស្រករសម្រាប់ជាដៃគូរួមវាសនា ជាភារៈរបស់បុរស និង​​អាណា​​ព្យាបាល​​របស់គេ។
ប្រឹក្សាជីវិតឬមិត្ដមួយរយឆ្នាំ គួរមានអ្វីខ្លះ?
កាលពីសម័យមុន ការជ្រើសរើសនារីគឺឱ្យតម្លៃចម្បងទៅលើក្រមប្រពៃណី វិជ្ជាមេផ្ទះ និងសោភ័ណភាព។ ដើម្បីឱ្យសមស្របនឹងការវិវត្ដនៃចរន្ដសង្គមទំនើប ដែលបច្ចេកវិទ្យាមានការអភិវឌ្ឍ នោះបុរសក៏មានការអភិវឌ្ឍគំនិតដែរ។
1. សម្រស់ ថ្វីត្បិតសម្រស់ជាគ្រឿងទាក់ទាញភ្នែកដំបូងបង្អស់របស់បុរស តែសម្រស់ក៏មិនដើរតួសំខាន់ក្នុងការជ្រើសរើសភរិយានៃបុរសសម័យថ្មីនេះនោះទេ។ សម្រស់ដែលបានមកតាំងពីកំណើតត្រូវធ្លាក់ចុះប្រជាប្រិយភាពបន្ដិចវិញនៅពេលវ័យកើន ឡើង។ មានសម្រស់សមរម្យ មិនអន់ពេក មិនស្អាតពេក មិនឆើតឆាយផុតផ្នត់ប្រពៃណី ក៏គួរតម្រូវតាមរូបសម្បត្ដិ និងសមត្ថភាព របស់ខ្លួនឯងផង។ អតុល្យភាពនៃលក្ខណៈសម្បត្ដិទាំងឡាយរបស់គូស្វាមីភរិយា អាចធ្វើឱ្យឃ្លោងលំនឹងនៃសុភមង្គល និងងាយរបេះ ដោយប្រការណាមួយ។ បើភាគីបុរសអន់រូបសម្បត្ដិជាងភាគីនារីពេក បុរសនោះក៏គួរមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ សមត្ថភាពផ្សេងទៀត មកប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្លួនវិញ ទើបប្រសើរ។ រក្សាលំនឹង និងតម្លៃសម្រស់តាមកាលៈទេសៈ និងវ័យរបស់ខ្លួន មានន័យថាគួរ ចេះស្លៀកពាក់ តុបតែងខ្លួនឱ្យសមតាមពេលវេលា និងទីកន្លែង។ ជួនកាលសម្រស់ពីធម្មជាតិមិនសូវអំណោយផលទេ តែនារីនោះគួរ ឱ្យគយគន់ ដោយសារអ្នកនាងចេះរៀបចំខ្លួនឱ្យមានរបៀប។ ស្ដ្រីខ្លះបណ្ដោយខ្លួនរយីករយាក និងខ្ជិលសម្អាតខ្លួន ជាពិសេសក្រោយ មានកូន ដែលនាំឱ្យទើសភ្នែក និងពុំគួរឱ្យចង់នៅក្បែរឡើយ។ ទម្លាប់អាក្រក់នេះនារីគួរជម្រះចេញ។
2. ចរិយាធម៌ ចរិយាធម៌របស់ស្ដ្រីខ្មែរបានផ្សាភ្ជាប់យ៉ាងជ្រៅទៅក្នុងក្រាំងប្រពៃណី។ មានបុរសអភិរក្សនិយមតិចតួច ប៉ុណ្ណោះដែលនៅប្រកាន់យកនារីមានក្រមចរិយាធម៌ខ្ពស់ជាអាទិភាព។ សម្រាប់បុរសសម័យនេះ ចរិយាធម៌របស់នារីគួរបន្ថយ ឥទ្ធិពល ដោយគួរសម្លឹងត្រឹម
  • ចេះគោរព និងស្រឡាញ់ញាតិខាងប្ដីដូចខាងខ្លួន
  • មិនស្លូតពេក មិនកាចពេក មិនឆ្នាស់ក្រៅតម្រា
  • មិនចចេសអស្មិមានៈ មានអំណត់ មានហេតុផល និងអធ្យាស្រ័យ
  • សម្ដីសម្ដៅពិរោះពិសា មិនគ្រោតគ្រាត អាចរួមចំណែកអប់រំកូនបានល្អ និងជាមាតាគំរូ
  • មានឥរិយាបថថ្លៃថ្នូរ ជួយលើកស្ទួយកិត្ដិយសប្ដី ស្របតាមកាលៈទេសៈ
  • និងរក្សាបាននូវភាពស្មោះត្រង់ ភក្ដីភាព។
3. សមត្ថភាព
  • ស្ដ្រីវៃឆ្លាតប្រៀបនឹងមនុស្សមានអាវុធដ៏មុតស្រួចនៅនឹងដៃ អាចត្រួសត្រាយរាល់ឧបសគ្គដែលយាយីជីវិត។ ប៉ុន្ដែមិនគួរវៃឆ្លាតមានគម្លាតឆ្ងាយរហូតក្លាយជាអធិបតីនៃគ្រួសារ និងដឹកច្រមុះប្ដីនោះទេ វាអាចឱ្យប្ដីបាត់បង់លក្ខណៈជាបុរសរឹងប៉ឹង និងងាយទទួលរងនូវពាក្យចំអកពីសាច់ញាតិ មិត្ដភក្ដិ និងមនុស្សក្នុងសង្គម ជាមូលហេតុអាក់អន់ស្រពន់ចិត្ដ។
  • ស្ដ្រីអាចជាទីប្រឹក្សាដ៏ចំណាន អាចកំណត់ទិសដៅ និងអនុវត្ដគម្រោងនៃជីវិតបានដោយជោគជ័យ
  • ត្រូវចេះជួយរកចំណូលផ្គត់ផ្គង់គ្រួសារ រម្លស់បន្ទុកស្វាមី ឱ្យសម្ទុះជីវភាពឈានឡើងបាន។
  • ត្រូវមានតុល្យភាពសមត្ថភាពស្វាមីភរិយា នោះអាចមានលទ្ធភាពខ្ពស់ក្នុងការបីបាច់ថែរក្សាកូន ទាំងការរស់នៅ ស្លៀកពាក់និងឱ្យកូនៗមានអនាគតល្អតាមរយៈការសិក្សាប្រកបដោយគុណភាព។
ដូច្នេះសមត្ថភាពគឺជាប្រការចម្បងក្នុងចំណោមជម្រើសធំៗទាំងបី។នារីម្នាក់បើគ្រាន់តែមានសម្រស់ឥតខ្ចោះ ចរិយាស្លូតបូត សុភាពរាបសារ តែខ្វះសមត្ថភាព គឺមិនអាចជួយទ្រទ្រង់ជីវភាពរស់នៅឱ្យបរិបូណ៍បានទេសម្រាប់មនុស្សសម័យថ្មី។ គ្មានសមត្ថភាពគឺខ្វះមធ្យោបាយ ងាយរងគ្រោះ ប្រៀបបាននឹងឈើមួយដើម ដែលខ្វះខ្លឹម គ្មានឫសកែវងាយនឹងបាក់រលំពេលមានខ្យល់បោកបក់។ សុភមង្គលមានលំនឹងយូរអង្វែងបាន ល្គឹកណាអ្វីៗដំណើរការ ទៅទាំងព្រមពិសេសចំណុចផ្សេងៗនៃចរិយាធម៌ និងសមត្ថភាព៕

No comments:

CASINO





MOBILE MAGAZINE