បញ្ហា អាយុនៃការយកកូនគឺពិតជាសំខាន់ណាស់សម្រាប់ស្រ្ដីគ្រប់ៗរូប។ ប្រសិនបើយកកូននៅវ័យក្មេងពេកក៏មិនល្អ យកកូននៅវ័យចាស់ពេកក៏មិនល្អដែរ។ បើដូច្នេះមែន តើអាយុប៉ុន្មានទើបល្អក្នុងការយកកូន?
បើគិតតាមជីវសាស្រ្ដ (មិនគិតលើកត្តាសង្គម) អាយុដែលល្អប្រសើរក្នុងការមានកូន គឺចាប់ពី ១៨ ឆ្នាំ បន្តរហូតដល់អាយុត្រាទុកពីរ (ពី ២០ ទៅ២៩ឆ្នាំ)។ ប្រសិនបើស្រ្ដីឈានចូលដល់ខ្ទង់ ៣០ហើយនោះ សមត្ថភាពនៃការបង្ករកំណើត ចាប់ផ្ដើមធ្លាក់ចុះហើយ។ យ៉ាងណាមិញ បើចូលដល់ខ្ទង់ ៣០ហើយ សូមកុំឲ្យលើសពីអាយុ ៣៥ឆ្នាំ ព្រោះវាកាន់តែមានបញ្ហាថែមទៀត។ ប្រសិនបើស្រ្ដីដែលឈានចូលដល់វ័យ ៤០ឆ្នាំហើយនោះ គួរតែកុំប្រថុយយកកូនទៀតអី ព្រោះបញ្ហានឹងកើតមានច្រើនក្នុងកំឡុងពេលមានផ្ទៃពោះ។ ខណៈដែលធម្មជាតិបានកំណត់មក ឲ្យមានកូននៅវ័យខ្ទង់២០ឆ្នាំ គឺជាពេលល្អបំផុត ប៉ុន្ដែកត្តាសង្គមវិញ ការមានកូននៅពេលឈានចូលវ័យ២០ឆ្នាំ គឺហាក់ដូចជាក្មេងពេកហើយ ក្នុងការក្លាយជាម្ដាយរបស់គេ។
បច្ចុប្បន្ននេះ ស្រ្ដីមាននិន្នាការមិនចង់បានកូននៅវ័យខ្ទង់២០ឆ្នាំរបស់ខ្លួនឡើយ ព្រោះម្នាក់ៗមានការរវល់នឹងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬក៏ចង់បន្តការសិក្សាឲ្យបានច្រើនសិនមុននឹងយកបុត្រ។ ម្យ៉ាងវិញទៀត ការយកកូននៅខ្ទង់ ២០ឆ្នាំនេះ គឺអាចនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុខ្លាំង ព្រោះមិនទាន់មានលំនឹងការងារ ឬលំនឹងជីវិតនៅឡើយ។ ត្រូវដឹងថា ទារកដែលបានប្រសូតមក មិនមែនត្រូវការតែការបីបមថ្នមថ្នាក់ពីមាតាបិតាវ័យក្មេងរបស់ ខ្លួននោះទេ ប៉ុន្ដែពួកគេក៏ត្រូវការថវិការរបស់អ្នកដើម្បីបំពេញតម្រូវការរបស់ គេផងដែរ។
បន្ថែមលើនេះទៀត ការមានកូននៅវ័យក្មេងពេក ក៏អាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។ ម្ដាយដែលមានវ័យក្មេង ភាគច្រើនមិនសូវមានបទពិសោធន៍ជីវិតគ្រប់គ្រាន់ ដើម្បីដោះស្រាយនូវអារម្មណ៍ស្រ្ដេសពេលមើលកូន ខណៈដែលឪពុកវ័យក្មេងក៏មានអារម្មណ៍មិនសូវល្អប៉ុន្មានដែរ នៅពេលឃើញភរិយាដែលធ្លាប់តែស្រស់ស្អាតរបស់ខ្លួន ប្រែជាធ្លាក់សម្រស់ពេលមានកូន និងជាពិសេសមិនសូវមានពេលវេលារួមមេត្រីជាមួយនឹងគ្នាឲ្យបានច្រើន ដូចគ្រាមុន។ ការនិយាយបែបនេះ គឺមិនមែនសំដៅលើគ្រប់គូស្វាមីភរិយាវ័យក្មេងទាំងអស់នោះទេ គឺគ្រាន់តែនិយាយតាមបែបចិត្តសាស្រ្ដ ដែលមានភាគច្រើនអញ្ចឹង។ ពេលវេលានៃការមានកូននៅវ័យក្មេងនេះ គឺទាមទារការអត់ធ្មត់ឲ្យបានច្រើននៅកំឡុងពេលនេះ ដើម្បីឲ្យគ្រួសារអ្នកកាន់តែមានសុភមង្គល។ ជាសំណាងអាក្រក់ មានគូស្វាមីភរិយាថ្មើងថ្មីជាច្រើន មិនសូវឆ្លងកាត់ដំណាក់កាលដំបូងនៃការមានកូននេះ បានល្អប៉ុន្មាននោះទេ។
ផ្ទុយពីគូស្វាមីភរិយាដែលយកកូននៅវ័យក្មេងពេក, គូស្វាមីភរិយាដែលចាស់ទុំ គឺមានបញ្ហានៃការមានកូនតិចជាងក្មេងៗ។ ពួកគេមានបទពិសោធន៍ជីវិតយូរជាង និងបានត្រៀមរួចរាល់ ក្នុងការបំពេញលក្ខខ័ណជាឪពុកម្ដាយមួយដ៏ល្អ។ ប៉ុន្ដែ ភាពចាស់ទុំក៏ជាបញ្ហាផងដែរ និយាយឲ្យចំ គឺបញ្ហាក្នុងកំឡុងពេលមានផ្ទៃពោះតែម្ដង។
ហាក់ដូចជាផ្ទុយពីការលើកឡើងដោយសម្អាងលើកត្តាជីវសាស្រ្ដ និងកត្តាសង្គមខាងលើបន្តិច, អ្នកវិទ្យាសាស្រ្ដ បានលើកឡើងថា អាយុដែលល្អបំផុតក្នុងការមានកូនគឺ អាយុ៣៤ឆ្នាំ។ នៅអាយុ៣៤ឆ្នាំនេះ ស្រ្ដីមានភាពល្អប្រសើរទាំងសុខភាព និងស្ថេរភាពហិរញ្ញវត្ថុ (ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដមកពីសាកលវិទ្យាល័យ Texas)។ ចំណែកឯការស្រាវជ្រាវមួយទៀតនៅ ប្រទេសអង់គ្លេស បានរកឃើញថា ស្ដ្រីគួរតែមានកូននៅមុនវ័យ ៣៥ឆ្នាំ ព្រោះស្រ្ដីដែលលើស ៣៥ឆ្នាំ មានសុខភាពកាន់តែខ្សោយ ហើយអាចវិវឌ្ឍន៍ទៅរកជំងឺទឹកនោមផ្អែម ឬលើសឈាមជាដើម ដែលធ្វើឲ្យពិបាកក្នុងការសម្រាលបុត្រ។
ការសម្រេចចិត្តក្នុងការយកកូន ពិតជាសំខាន់ណាស់ ដូច្នេះអ្វីដែលល្អបំផុត គឺខ្លួនអ្នកផ្ទាល់ជាអ្នកសម្រេចចិត្តដោយខ្លួនឯង។ អ្នកត្រូវដឹងពីកត្តាសុខភាពផ្ទាល់ខ្លួន កត្តាស្ថេរភាពហិរញ្ញវត្ថុក្នុងគ្រួសារ និងកត្តាសុវត្ថិភាពការងារ ជាដើម៕
No comments:
Post a Comment