About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 3, 2012

មូលហេតុបង្កអំពើហិង្សាក្នុងគ្រួសារ


អំពើ​ហិង្សា​ជាអំពើ​មួយដែល​សង្គម​ស្អប់ខ្ពើម និងគួរតែ​ចៀសវាង។ អំពើហិង្សា​មានជា​ច្រើនរូប​ភាព​ខុសៗគ្នា មិនមែន​កើត ឡើងតែ​នៅក្នុង​ផ្ទះប៉ុណ្ណោះ​ទេ។ អ្នកបង្ក​ហិង្សា​ភាគច្រើន​ជាអ្នក​សេពគ្រឿង​ស្រវឹង គ្រឿងញៀន និងមួយ​ចំនួនទៀត​មានចេតនា​តែ ម្ដង។ មិនថា​តែអ្នក​មាន ឬអ្នកក្រ អ្នកមាន​ការអប់រំ ឬគ្មាន​នោះទេសុទ្ធតែ​អាចប្រើ​អំពើហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ ទាំងអស់។តាមផ្លូវ​ច្បាប់អ្នក​ដែលប្រព្រឹត្ដិ​អំពើហិង្សា​សុទ្ធតែ​ត្រូវ​ ប្រឈម​មុខចំពោះ​ការផ្ដន្ទា​​ទោស។
អំពើ​ហិង្សា ជាអ្វី?
បើនិយាយ​ដល់អំពើ​ហិង្សា ម្នាក់ៗ​តែងស្រមៃ​ឃើញដល់​សកម្មភាព​វាយតប់ កាប់ចាក់ បាញ់​សម្លាប់គ្នា បែកមុខ​បែកមាត់ រាងកាយ​ជាំខ្មៅ ហូរឈាម បាក់ដៃជើង សន្លប់ ឬរហូតឈាន​ដល់ការ​បាត់បង់​ជីវិត​ក៏សឹងមាន។ មិនមែន​អំពើ​ទាំងអស់​នេះទើប​ហៅថា អំពើ​ហិង្សា​នោះទេ។ អំពើ​ហិង្សា​មានច្រើន​រូបភាព ដូចជា​អំពើហិង្សា​ផ្លូវកាយ ហិង្សា​ផ្លូវចិត្ដ ហិង្សា​ផ្លូវភេទ​ជាដើម។ គ្រប់​ករណីនៃ អំពើ​ហិង្សា​ទាំងអស់​ភាគច្រើន​បំផុតកើត​មានលើ​ស្ដ្រីភេទ​ទន់ខ្សោយ និងកុមារ។ ហើយភាគ​ច្រើនភាគី​បុរស​ជាអ្នក​ប្រព្រឹត្ដិ​អំពើ​អមនុស្សធម៌ គួរឱ្យ​ស្អប់ខ្ពើម មានដូចជា​វាយដំ ទាត់ធាក់ ប្រមាថ​មើលងាយ មើលថោក​ដល់ស្ដ្រី ចាត់ទុក​ស្ដ្រីជា​ឧបករណ៍​កម្សាន្ដ​សប្បាយ ប្រើ អំពើ​ហិង្សា​គ្រប់បែប​យ៉ាង​ដើម្បី​ចាប់បង្ខំ​កុមារី និងស្ដ្រីឱ្យ​រួមភេទ រហូតដល់​ធ្វើឃាត​ពួកគេយ៉ាង​ព្រៃផ្សៃ​បំផុត។
ប្រភេទអំពើ​ហិង្សា
ដោយសីលធម៌​សង្គមធ្លាក់ចុះ គេសង្កេត​ឃើញថា​អំពើ​ហិង្សា​ច្រើនរូបភាព​កើតមាន​ឡើង ហើយអ្នក​ដែលទទួល​រងនូវ​អំពើ ហិង្សា​ច្រើនជា​អ្នករស់​នៅតាម​ទីជនបទ និងអ្នក​ទទួលការ​អប់រំ​តិចតួច ជាពិសេស​ស្ដ្រី និងកុមារ​ដូចដែល​បានរៀបរាប់​ជូនខាងលើ។ នៅ ពេលនេះ យើងខ្ញុំ​សូមលើក​យកអំពើ​ហិង្សា​បីប្រភេទ​មកជម្រាប​ជូនមិត្ដ​អ្នកអាន។
  • អំពើហិង្សា​លើផ្លូវ​កាយ ៖ បុរស​ ភាគច្រើន​យល់ថា​ខ្លួនមាន​ឧត្ដមភាព​ខ្ពស់ មានប្រៀប​លើស្ដ្រី​ទាំងក្នុង​គ្រួសារ និងសង្គម ជាតិ។ នៅក្នុង​រង្វង់គ្រួសារ បុរស​តាំងខ្លួន​ជាអ្នកធំ ជាអ្នក​មានអំណាច​លើប្រពន្ធ​កូន ទោះបី​ជាគេមាន ឬគ្មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក៏ដោយ។ នៅពេល​ផឹកស្រវឹង ឬមាន​កំហឹង បុរសច្រើន​ប្រើកម្លាំង​បាយវាយ​តប់ទៅលើ​ភរិយាខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា។ ដោយសារ​ខ្មាសអ្នក​ជិតខាង មិនចង់ឱ្យ​កូនគ្មាន​ឪពុក មិនចង់​ឱ្យមាន​រឿងវែង​ឆ្ងាយ និងខ្លាចមិន​ចង់ឱ្យ​មានឈ្មោះ​ជាស្រី​មេម៉ាយ ទើប ស្ដ្រីស៊ូ​លេបទុក​រឿងអាថ៌​កំបាំង និងទ្រាំ​ឈឺចាប់​ម្នាក់ឯង​មិនហ៊ាន​ប្ដឹង​សមត្ថកិច្ច មិនហ៊ាន​ប្រឹក្សា​ជាមួយអ្នក​ជិតខាងឡើយ។
  • អំពើហិង្សា​លើផ្លូវចិត្ដ ៖ ជាការ​ ដែលធ្វើ​ឱ្យអ្នកដទៃ​មានអារម្មណ៍​ឈឺចាប់​ដោយសារ​ពាក្យសម្ដី ឬទង្វើណា​មួយ។ ការ រំលោភ​បំពាន​មើលងាយ បំបិទសិទ្ធិ​សេរីភាព បំភិតបំភ័យ បញ្ឈឺចិត្ដ ឬធ្វើឱ្យ​អាម៉ាស​មុខ។ ការសម្លុត​គំរាម​គំហែង បុរស​តែងតែ ព្រមាន​ចំពោះស្ដ្រី​ដោយ​ប្រើអាវុធ ឬចោលពាក្យ​មើលងាយ​មិនផ្ដល់​តម្លៃឱ្យ​ស្ដ្រី ដូចជាមី ហ្ងែង ហង ពូជមី​ថោកទាប ពូជមីសំផឹង​ជាដើម។ ការប្រើពាក្យ​មិនគួរ​គប្បីរបស់​អ្នកណា​ម្នាក់ទៅ​លើនរណា​ម្នាក់ ដែលធ្វើ​ឱ្យគេឈឺចាប់​មិនអាច​បំភ្លេចបាន​អស់មួយ​ជីវិត។ លោក អ្នកប្រហែល​ជាធ្លាប់ឮ​ពាក្យមួយឃ្លា​ដែលគេ​ពោលថា “សម្ដីគាត់​មួយម៉ាត់ៗ​ឈឺជាងវាយ ឬដូចគេ​កាប់នឹង​កាំបិត”។
  • អំពើហិង្សា​លើផ្លូវភេទ ៖ សព្វថ្ងៃ​ នេះកំណើន​នៃការចាប់​រំលោភ​សេពសន្ថវៈ​លើក្មេងស្រី កុមារី ដោយប្រើ​អំពើ​ហិង្សា និង ការលួង​លោមដោយ​វិធីផ្សេងៗ​តាមគំនិត​ដ៏លាមក​របស់ជន​ខិលខូច​បានកក្រើក​រំពើក​ យ៉ាងខ្លាំង​ដែលជា​ការមួយ​មិនអាច​អត់ឱន​ឱ្យបាន។ បុរស​ដែលចូលចិត្ដ​សេពសុរា ចូលក្លឹបរាត្រី អាងអំណាច​ទឹកប្រាក់ ពេលស្រវឹង​ម្ដងៗ​ភ្នែករបស់​គេសម្លឹង​ឃើញស្ដ្រី​ភេទហាក់​ដូចជាកូន ម្រឹក​ដ៏តូចមួយ ឬក៏ជាផ្កា​ដ៏ស្រស់ស្អាត​ដែលត្រូវ​កាច់យក​មកប្រលែង​លេង ហើយគ្រញិច​ជាន់ឈ្លី​តាមអំពើ​ចិត្ដ។ យ៉ាងណា​ម៉ិញ ស្ដ្រី បម្រើ​ផ្លូវភេទ​ចៀសមិនផុត​ពីការ​រំលោភ​បំពាន​ផ្លូវភេទ​ពីសំណាក់​បុរសចិត្ដ​ អប្រិយដែល​បង្ខំឱ្យនាង​ធ្វើតាមក្បាច់ តាមរបៀប​ដែលនាង មិនអាច​ប្រកែក ឬប្រឆាំង​បាន។ រីឯប្ដី​ប្រពន្ធក៏​ដូច្នោះដែរ បើកាលណា​ប្រពន្ធមិន​ឯកភាព​ក្នុងការ​រួមដំណេក​ជាមួយ​ស្វាមីទេ ការចាប់ បង្ខំក៏​ជាការ​រំលោភ​ផ្លូវភេទ​ដែរ។
មូលហេតុ​អំពើ​ហិង្សា
មានមូ​លហេតុ​ផ្សេងៗគ្នា និងការ​យល់ឃើញ​ប្លែកៗគ្នា​ជាច្រើន​ដែលសម្ដែង​ពីមូលហេតុ​នៃអំពើ​ហិង្សា។
  • ភាគច្រើន​នៃអំពើហិង្សា​កើតឡើង​ដោយការ​ចង់ឈ្នះ​ចង់ចាញ់​របស់ភាគី​ម្ខាងៗ។ ក្រៅពីនោះ​ទំនៀម​ទម្លាប់​របស់ខ្មែរ​យើងដែល​ចាត់ទុក​បុរសជា​មាសសុទ្ធ​នៅក្នុង ​គ្រួសារ ក៏ជាកត្ដា​ជំរុញឱ្យ​មានអំពើ​ហិង្សាកើត​ឡើងដែរ។
  • មតិភាគច្រើន​បានទម្លាក់​អំពើហិង្សា​នេះថាបណ្ដាល​មកពីភាព​ក្រីក្រ និងទទួល​បានការ​អប់រំ​តិចតួច។ ប៉ុន្ដែតាម​ពិតមិន មែនបែប​នោះទាំង​ស្រុងទេ ព្រោះថា​ទោះបីមាន​ការអប់រំ និងមាន​ទ្រព្យសម្បត្ដិដល់កម្រិតណាក៏ដោយ ក៏នៅតែហ៊ានប្រព្រឹត្ដិអំពើហិង្សា ដែរ។ ពេលខ្លះក៏មានករណីប៉ូលីស ឬគ្រូបង្រៀនវាយប្រពន្ធដូចតែគ្នា គឺដោយសារចរិ​តរបស់មនុស្ស​តែម្ដង។ មានមនុស្ស​មួយចំនួន​មានជំនឿ​ថាបុរស​ត្រូវតែ​គ្រប់គ្រងស្ដ្រី មហិច្ឆិតា​គ្មានព្រំដែន អញជាធំ ជាមេ​គ្រួសារ អ្នករក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ជាដើម។ ដូចនេះ​បុរសទ្រូង ប្រាំហត្ថ គួរតែ​មានភាព​ឆេវឆាវ។
  • អាពាហ៍​ពិពាហ៍​កើតឡើង​ដោយការ​បង្ខំពី​ក្រុមគ្រួសារ ដោយមិន​ទុកឱ្យ​កូនជា​អ្នកសម្រេច​ចិត្ដ។ ការរស់នៅ​ជាប្ដីប្រពន្ធ មានរយៈ​ពេលយូរ​អង្វែង ស្ដ្រីជាភរិយា​ត្រូវពឹងផ្អែក​លើប្ដី​ទាំងស្រុង ភាពទន់ខ្សោយ និងការពឹងផ្អែក​នេះធ្វើឱ្យ​មានការ​ធុញថប់​ទាំងស្វាមី និងភរិយា។ ចំពោះភរិយា​វិញមិនសូវ​មានសុភមង្គល​ទេ វាគួរឱ្យ​ធុញទ្រាន់​ណាស់នៅ​ពេលដែល​ចង់ធ្វើ​អ្វីមួយ ត្រូវសុំ​អនុញ្ញាត​ពីប្ដី។ ចំ ណែកប្ដីក៏​ដូចគ្នាដែរ នៅពេល​ដែលមាន​នរណាម្នាក់​ចាំរស់ដោយ​សារខ្លួន។ សកម្មភាព​ទាំងអស់​នេះហើយ​បន្ដិចម្ដងៗ វាធ្វើឱ្យ​មានភាព រកាំរកូស​ក្នុងគ្រួសារ ហើយបង្ក​ឱ្យមានអំពើ​ហិង្សា​កើតឡើង។
  • ស្រា និងថ្នាំញៀន​ធ្វើឱ្យមនុស្ស​មួយចំនួន​មានការ​ពិបាកក្នុង​ការគ្រប់គ្រង​ អារម្មណ៍ និងអាកប្ប​កិរិយា​របស់ខ្លួន។ ពួកគេ អាចប្រើប្រាស់​អំពើហិង្សា​ដើមី្ប​ដោះស្រាយ​បញ្ហា។
  • ម្យ៉ាងទៀត​អាចដោយសារ​ប្រទេសយើង​បានឆ្លងកាត់​សង្គ្រាមរយៈពេល​ច្រើនឆ្នាំ ទើបប្រែ​ក្លាយចរិត​ស្លូតបូត​របស់ខ្មែរ​ទៅ ជាឆេវឆាវ ធ្វើយ៉ាងណា​ឱ្យអ្នកដទៃ​នៅក្រោម​បង្គាប់​របស់ខ្លួន។
អំពើហិង្សា​ដែលលើក​មករៀបរាប់​ជូនខាង​លើនេះ សុទ្ធតែ​នាំមកនូវ​ក្ដីអន្ដរាយ​ទាំងអស់ ទោះបី​ជាកើតឡើង​ដោយ​ហេតុផល ផ្សេងៗគ្នា​ក៏ដោយ ជាពិសេស​អំពើហិង្សា​ក្នុងគ្រួសារ។ បុរសគ្រប់​រូបគួរ​ពិចារណា​ឡើងវិញ​លើបញ្ហានេះ។ បុរស​គួរយល់ថា​ស្ដ្រីមិនមែន ត្រី សាច់ និងបន្លែ ពេលចង់​ទទួលទាន​យកមកកាប់​ហាន់ចិញ្ច្រាំ​ចម្អិននោះទេ ហើយស្ដ្រី​ក៏មិនមែន​ជាប្រហិត​សម្រាប់​នៅពេល​ដែលខឹង វាយដំ​លើរាងកាយ​នោះដែរ។

No comments:

CASINO





MOBILE MAGAZINE