ពេលទទួលទានអាហារ
គ្រប់ពេលទទួលទានអាហារជាផ្លូវការច្រើនតែធ្វើឡើងក្នុងបរិយាកាស រីករាយណាមួយ ដូចជាពិធី
រៀបអាពាហ៍ពិពាហ៍ខួប កំណើត ពិធីជប់លៀង ឡើងបុណ្យសក្ដិ ឡើងគេហដ្ឋាន ជួនកាលការទទួលស្វាគមន៍មិត្ដភក្ដិឬសាច់ញាតិមកលេងផ្ទះជាដើម។ ចំពោះ ម្ហូបអាហារនៅពេលទទួលទានជាផ្លូវការមានម្ហូបអាហារជាច្រើនប្រភេទដែល លោកអ្នកចាំបាច់ត្រូវយល់ដឹងអំពីរបៀបរបបទទួល ទានអាហារ ព្រោះលោកអ្នកមិនអាចប្រព្រឹត្ដខ្លួនដូចនៅផ្ទះបានទេ។ របៀបរបបក្នុងការទទួលទានអាហារគ្មានអ្វីពិបាកទេ ដោយគ្រាន់ តែលោកអ្នកយល់អំពីរបៀបនៃការទទួលទានអាហារទៅតាមប្រភេទនីមួយៗតែ ប៉ុណ្ណោះ។
សុជីវធម៌ពេលទទួលទានអាហារ
សុជីវធម៌ជាច្រើននៅពេលទទួលទានអាហារដែលត្រូវតែស្វែងយល់។
- បើមាននរណាម្នាក់នៅរួមតុអាហារជាមួយគ្នាលូកដួសម្ហូបអាហារហើយ លោកអ្នកមិនត្រូវរំលងជ្រែកគេដើម្បីដួសនោះ ទេ។ លោកអ្នកត្រូវរងចាំរហូតទាល់តែគេដួសរួចទើបចាប់ផ្ដើមដួសនៅពេល បន្ទាប់។
- ជាប្រការមិនសមរម្យទាល់តែសោះនៅពេលដែលលោកអ្នកផ្លុំបង្ខំឱ្យ សម្លត្រជាក់ដើម្បីទទួលទានគួរទុកឱ្យវាត្រជាក់ទៅ តាមសម្រួល។
- សម និងស្លាបព្រាសម្រាប់បង្អែមដែលមិនទាន់ប្រើ មិនត្រូវទុកច្រងេងច្រងាង ឬនាំឱ្យធ្លាក់នៅដីឬកម្រាលនោះទេលោកអ្នកគួរតែរៀបចំ ឬរក្សាទុកឱ្យនៅតាមកន្លែងដែលម្ចាស់កម្មវិធីរៀបទុកតាមលំដាប់លំដោយ។
- លោកអ្នកមិនត្រូវយកសម ស្លាបព្រា ឬចង្កឹះ មកជ្រាវរក ឬឆ្កឹះយកតែបន្លែឬសាច់ដែលលោកអ្នកចូលចិត្ដនោះទេ។ បើ ម្ហូបណាឆ្ងាញ់ហើយនៅឆ្ងាយពីដៃ លោកអ្នកមិនគួរឈោងដួសទាល់តែហើបគូទចេញពីកៅអីនោះដែរ។ លោកអ្នកគប្បីទទួលទានតាម សម្រួលទៅតាមមុខម្ហូបដែលនៅជិតលោកអ្នក។
- នៅពេលទទួលទានអាហារនៅពេញមាត់ លោកអ្នកមិនត្រូវហើបមាត់និយាយ ឬសើចឡើយព្រោះវាធ្វើឱ្យអាហារដែល នៅក្នុងមាត់ធ្លាក់ចេញមកក្រៅតាមមាត់ ឬតាមច្រមុះ។
- ក្នុងពេលទទួលទានអាហារ លោកអ្នកមិនគប្បីយករឿងមិនសប្បាយចិត្ដឬនាំឱ្យមានអារម្មណ៍មិនល្អមក ជជែកគ្នាទេ។ ជាងនេះទៅទៀត លោកអ្នកក៏មិនគួរគប្បីលើកនិយាយពីវត្ថុមិនល្អ ដូចជាលាមក គម្រង់ បង្គន់ជាដើម។
- បាយ ឬអាហារដែលលោកអ្នកយល់ថាទទួលទានមិនអស់ លោកអ្នកមិនគប្បីដួសច្រើនឡើយត្រូវចេះប៉ាន់ប្រមាណទំហំ នៃការទទួលទានរបស់ខ្លួន។
- លោកអ្នកមិនត្រូវហុតសម្លឱ្យលាន់សម្លេងខ្លាំងនោះទេ
- នៅពេលទទួលទានអាហារ លោកអ្នកមិនត្រូវខាកស្ដោះឱ្យឮសូរសម្លេងមកក្រៅនោះទេ។ ម្យ៉ាងទៀតលោកអ្នកគប្បីខ្ទប់
- មាត់នៅពេលក្អក ឬកណ្ដាស់ព្រោះអាចធ្វើឱ្យអ្នកដ៏ទៃខ្ពើមរអើម។
- លោកអ្នកត្រូវចេះសម្លឹងមើលអ្នកជុំវិញខ្លួនលោកអ្នកពីចង្វាក់នៃការ ទទួលទានរបស់គេ។ លោកអ្នកមិនអាចបរិភោគ តាមឃ្លានតែម្នាក់ឯងទុកឱ្យអ្នកដទៃអង្គុយសម្លឹងនោះទេ។ ទោះបីជាលោកអ្នកទទួលទានឆ្អែតមុនគេក៏ដោយលោកអ្នកត្រូវតំអក់ចាំ ទាល់តែអ្នករួមតុអាហារទទួលទានរួចគ្រប់គ្នាទើបអាចងើបបានព្រមគ្នា តែម្ដង។
- ការប្រើប្រាស់ឈើសម្រាប់ចាក់ធ្មេញនោះទៀតសោត លោកអ្នកចាំបាច់ត្រូវតែយកក្រដាស កន្សែងឬម្រាមដៃមកខ្ទប់ដើ ម្បីចាក់ធ្មេញ។ ក្រោយពេលចាក់ហើយ ត្រូវចោលឈើចាក់ធ្មេញទៅក្នុងធុងសម្រាម។ លោកអ្នកមិនគួរយកក្រចកដៃឆ្កឹះយកចេញនូវ ចំណីអាហារដែលជាប់នឹងធ្មេញឡើយ។ ចំណែកការជក់បារីក៏ដូចគ្នាលោកអ្នកមិនត្រូវទទួលទានបារីនៅក្នុង រង្វង់តុទទួលទានអាហារ ទេ ព្រោះវាជាប្រការមិនគួរប្រព្រឹត្ដឡើយ។
សុជីវធម៌ទៅតាមប្រភេទអាហារ
នៅពេលទទួលទានអាហារមានមុខម្ហូប ឬចំណីអាហារមួយចំនួនមានរបៀបទទួលទានដោយឡែកពីគ្នា។
- បបរ ៖ លោកអ្នកគប្បីដួសបបរដោយប្រុងប្រយ័ត្ន។ នៅពេលដួសបបរពីចានធំមកចានតូចលោកអ្នកគួរធ្វើដោយសន្សឹម ៗ កុំឱ្យស្រក់រលាក ហៀរចេញពីចាន ហើយលោកអ្នកមិនគួរលើកចានធំផ្ទីងដាក់ចានតូចនោះទេ។ លោកអ្នកគប្បីទទួលទានក្នុង បរិមាណសមល្មមមិនអាចទទួលទានតិចពេកទេ ព្រោះធ្វើឱ្យម្ចាស់កម្មវិធីគេយល់ថាបបរគេមិនឆ្ងាញ់ហើយលោកអ្នក ក៏មិនត្រូវទទួល ទានច្រើនពេកដែរ មិនអាចចេះតែដាក់លេបៗតាមការឃ្លាននោះទេ។
- ការទទួលទានសាច់ត្រី ៖ លោកអ្នកមិនត្រូវយកដៃលើកត្រីយកមកអង្កៀមឬជញ្ជក់សាច់ពីឆ្អឹងត្រីឱ្យឮ ស្នូរដូចជីងចក់ ស្រែកនោះទេ។ លោកអ្នកត្រូវយកសមចាក់ពន្លាត់យកសាច់ត្រីបរិភោគមិនត្រូវយកកាំបិតមក ចាក់ ឬកាត់ទេ។
- ការទទួលទានសាច់មាន់ ៖ លោកអ្នកគួរចាប់សាច់ដោយកាត់ម្ដងមួយដុំតូចល្មមយកមកបរិភោគមិនត្រូវហែកសាច់មាន់
- ដោយដៃ ឬកាត់ចិញ្ច្រាំសាច់មាន់នោះដែរ។
- ការទទួលទានសាឡាត់ ៖ លោកអ្នក មិនត្រូវកាត់សាឡាត់មកដាក់ចាននោះទេ បើស្លឹកវាធំពេកលោកអ្នកត្រូវយកសម មកហែកឱ្យតូចល្មមតែមិនត្រូវប្រើកាំបិតកាត់ទេ។
- ការទទួលទានអន្លក់ ៖ ជាទូទៅ ក្នុងពិធីធំៗ គេកម្រធ្វើម្ហូបដែលមានអន្លក់ណាស់ព្រោះវានាំឱ្យពិបាកដល់អ្នកទទួល ទាន។ បើមានមុខម្ហូបរបៀបនេះលោកអ្នកត្រូវរៀបចំអន្លក់ដោយដួសដាក់ចានម្ដង មួយមុខៗក្នុងបរិមាណសមល្មមអាចទទួលទានបាន។ មិន ត្រូវទទួលទានឱ្យឮស្នូរនៅពេលដែលទំពាបន្លែស្រស់នោះទេ។
លោកអ្នកមានរបៀបរបបក្នុងការទទួលទានអាហារជាផ្លូវការបានសមរម្យអាចជំ រុញលោកអ្នកឱ្យមានការទំនាក់ទំនងជាមួយអ្នកខាងក្រៅក្នុងសង្គមកាន់តែ ប្រសើរ។ ជួនកាលក៏អាចធ្វើឱ្យលោកអ្នកមានការរីកចម្រើនក្នុងមុខជំនួញនិងមុខ តំណែងផងដែរ៕
No comments:
Post a Comment