About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 3, 2012

ប្តីខឹងឲ្យប្រពន្ធអត់ ប្តីអំណត់ពេលប្រពន្ធខឹង


ជីវិតប្ដីប្រពន្ធ គឺជាជីវិតល្អិតល្អន់បំផុត។ នៅពេលដែលកសាងគ្រួសារ លោកអ្នកត្រូវតែយល់ដឹងនូវការលំបាកស្មុគស្មាញទាំងឡាយក្នុងជីវិតគ្រួសារ នោះទើបលោកអ្នកទទួលបាននូវសុភមង្គលពិតប្រាកដដូចបំណងប៉ងប្រាថ្នា។ ជារឿងធម្មតាទេដែលគូស្វា មីភរិយាតែងតែមានរឿងឈ្លោះប្រកែកគ្នា គ្រាន់តែតិចតួច ឬធំដុំប៉ុណ្ណោះ វាមិនខុសពីចានក្នុងរាវគឺរមែងតែងរណ្ដំគ្នា ឬប៉ះទង្គិចគ្នាជានិច្ច។

តួនាទីរបស់​ស្វាមីក្នុងការកាត់បន្ថយជម្លោះ
ស្វាមីដ៏ល្អនៅក្នុងគ្រួសារគប្បីប្រតិបត្ដិខ្លួន និងចៀសវាងឱ្យបាននូវប្រការមួយចំនួនដូចជាៈ
1. កុំចង្អៀតចង្អល់ និងកំប៉ិកកំប៉ុកពេក ក្នុងគ្រួសារ ស្វាមីត្រូវមានចិត្ដទូលាយទាំងប្រាក់កាស និងពេលវេលា មិនត្រូវ កំណាញ់ស្វិតចំពោះប្រពន្ធកូនឡើយ ព្រោះអាចធ្វើឱ្យភរិយាអន់ចិត្ដមានគំនិតប្រៀបធៀបខ្លួនឯង និងអ្នកដទៃ។ ស្ដ្រីដែលមានប្ដីភាគ ច្រើន អនាគតរបស់នាងផ្ញើលើប្ដីទាំងស្រុង ហើយនាងតែងសង្ឃឹមថាជីវិតនាងនឹងមានសេចក្ដីសុខ។ មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែបានដឹង ហើយថានៅក្នុងគ្រួសារមនោសញ្ចេតនាសំខាន់ជាងសម្ភារៈ ប៉ុន្ដែពេលខ្លះមនោសញ្ចេតនាមិនអាចជំនួសសម្ភារៈទាំងស្រុងបានទេ ទាល់ តែមានសម្ភារៈសមរម្យល្មមទើបអាចនឹងនចិត្ដ កសាងសុភមង្គលសម្រាប់គ្រួសារបានល្អ។ បុរសត្រូវបង្ហាញពីចរិតជាមនុស្សល្អរបស់ខ្លួន បើសិនជាលោកអ្នកមើលឃើញបញ្ហាលុយកាក់ជាធំ មើលស្រាលមនោសញ្ចេតនា នោះសុភមង្គលរបស់លោកអ្នកពិបាកក្នុងការរក្សា បានណាស់។
2. កុំរំលោភសិទ្ធិប្រពន្ធ ពេលកសាងគ្រួសារ ត្រូវគិតថាប្ដីប្រពន្ធមានសិទ្ធិដូចគ្នាចាត់ទុកគ្នាដូចជាមិត្ដដ៏ស្មោះត្រង់ មិនត្រូវ គិតថាប្ដីជាអ្វីៗទាំងអស់ទេ ហើយមើលស្រាលប្រពន្ធខ្លួនឯង ចាត់ទុកជាអ្នកបំរើ ឬអ្នកនៅក្រោមបញ្ជារបស់ខ្លួន នោះគឺជាប្រការខុស ឆ្គងដ៏មានគ្រោះថ្នាក់បំផុត។ វាជាការពិតដែលបុរសជាអ្នកធ្វើការរកលុយជួយគ្រួសារ ប៉ុន្ដែលោកអ្នកក៏មិនត្រូវមានទស្សនៈថាលោក អ្នកមានអំណាចតែម្នាក់ឯងក្នុងគ្រួសារនោះទេ។ ទស្សនៈអញនិយមនឹងនាំលោកអ្នកទៅរកការបាត់បង់ប្រពន្ធកូន។ ជាប្ដីប្រពន្ធនឹងគ្នា មិនចាំបាច់អ្នកណាមានអំណាចជាងអ្នកណាទេ សំខាន់គឺត្រូវគោរពគ្នាទៅវិញទៅមក។ ថ្វីត្បិតស្ដ្រីធ្វើការងារផ្ទះគ្មានប្រាក់ចំណូលក៏ ពិតមែន ក៏ប៉ុន្ដែវាមានតម្លៃស្មើនឹងប្រាក់ចំណូលដែលលោកអ្នករកបានពីក្រៅ។ ពីព្រោះបើលោកអ្នកគ្មានប្រពន្ធសម្រាប់ធ្វើកិច្ចការទាំង នេះទេ លោកអ្នកប្រាកដជាត្រូវជួលគេ នោះហើយជាចំណូលនៃកិច្ចការផ្ទះ។ ធ្វើដូច្នេះវាគ្មានប្រយោជន៍អ្វីទេ ផ្ទុយទៅវិញចរិតផ្ដាច់ការ និងអភិរក្សរបស់ប្ដី បើមិនឆាប់ជម្រុះឱ្យអស់ទេ វាងាយឱ្យមនោសញ្ចេតនាប្រេះឆាធុញទ្រាំ ហើយឈានទៅដល់ការឃ្លាតឆ្ងាយពីគ្នា។
3. កុំមើលស្រាលខាងប្រពន្ធ បុរសជាប្ដីកុំធ្ងន់ស្រាលមនោសញ្ចេតនាម្ខាងៗ មានន័យថាកុំធ្ងន់មកលើគ្រួសារខ្លួនឯងពេក ហើយមើលស្រាលខាងប្រពន្ធ។ ស្វាមីមាននាទីឈរនៅកណ្ដាលរវាងក្រុមគ្រួសារទាំងសងខាង។ ឪពុកម្ដាយបងប្អូនរបស់លោកអ្នកក៏ ដូចជាឪពុកម្ដាយបងប្អូនខាងប្រពន្ធដែរ។ បើចង់ទិញអ្វីជូន ត្រូវទិញជូនទាំងសងខាង បើជូនតែខាងខ្លួនឯង ប្រពន្ធលោកអ្នកនឹងពិបាក ចិត្ដ គិតថាលោកមិនស្មោះត្រង់ ហើយមើលស្រាលខាងប្រពន្ធ។ ពេលដែលរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា ឱ្យតែមានគំនិតលម្អៀងមក ម្ខាង នោះនឹងមានប្រការមិនល្អកើតឡើង។ ជាលទ្ធផលស្នេហា និងសុភមង្គលគ្រួសារមានសញ្ញាពិបាកថែរក្សា។
4. សូមប្រយ័ត្នប្រយែងក្នុងការនិយាយស្ដី បុរសជាស្វាមីសូមប្រយ័ត្នក្នុងការនិយាយស្ដីសូម្បីតែពេលខឹងក៏ដោយ។ វាជា ការពិតដែលពេលខឹងពិបាកនឹងរក្សាភាពនឹងនបានណាស់។ តែទោះបីជាយ៉ាងណា ប្រសិនបើលោកអ្នកមានអារម្មណ៍ខឹងម៉ួម៉ៅក្ដៅក្រ ហាយប៉ុណ្ណាក៏ដោយ លោកអ្នកត្រូវចាំថាខឹងខុស ខឹងខូច ខឹងខាត លោកអ្នកមិនត្រូវប្រើពាក្យសម្ដីព្រហើនទ្បើយ ជាពិសេសប៉ះពាល់ ដល់អ្នកមានគុណខាងភរិយា។ សម្ដីរបស់លោកអ្នកជាកំហុសឆ្គងមួយយ៉ាងធំ ហើយអាចធ្វើឱ្យស្នេហាប្ដីប្រពន្ធប្រេះឆាបាន។ មានបុរស ខ្លះ ពេលខឹងខ្លាំងពេកមិនបានគិតដល់លទ្ធផលអាក្រក់នោះឡើយ គេបានធ្វើឱ្យភរិយាឈឺចាប់ ហើយស្ដែងចេញនូវលក្ខណៈមិនស័ក្ដសម ជាស្វាមី ព្រោះការមិនចេះទប់ចិត្ដ។ ពេលរស់នៅជាមួយគ្នា បើលោកអ្នកធ្វើឱ្យភរិយាឈឺចាប់ធុញទ្រាន់ដោយសារចរិតរបស់លោកអ្នក នាងប្រាកដជាតូចចិត្ដខ្លាំងណាស់។ ពេលដែលភរិយាទោមនស្សហើយ ក៏ចាប់ផ្ដើមប្រៀបធៀបនឹងគ្រួសារអ្នកជិតខាង ពេលនោះសរសរជ្រោងសុភមង្គលលែងរឹងមាំទៀតហើយ។ ទោះបីជាមិនមានការបែកបាក់ក៏ដោយ តែមនោសញ្ចេតនាបានប្រេះស្រាំរួចទៅហើយ ទោះបីខិតខំយ៉ាងណាក៏មិនអាចបានដូចដើមដែរ។
5. ការផ្ដល់ពេលវេលា ដោយសារបញ្ហាជីវភាព ទើបបុរសមួយចំនួនលះបង់ពេលវេលាជួបជុំគ្រួសារ។ ប៉ុន្ដែលោកអ្នក ត្រូវរំឡែកពេលវេលាខ្លះ ដើម្បីជួបជាមួយប្រពន្ធកូនសាងបរិយាកាសរីករាយក្នុងគ្រួសារ ដូចជាការដើរកម្សាន្ដចុងសប្ដាហ៍ ការជជែក គ្នាដោយភាពស្និទ្ធស្នាល មានពេលវេលាក្នុងការអប់រំកូនជាដើមខ្លះផង។ បើរិតតែប្រសើរថែមទៀត ត្រូវចេះចែករំលែកការងារផ្ទះ សម្បែង មិនត្រូវប្រកាន់ថាជាការងារស្រី ឬបុរសនោះទ្បើយ។
តួនាទីរបស់ភរិយាក្នុងការកាត់បន្ថយជម្លោះ
ក្នុងជីវិតគ្រួសារ ភរិយាទាំងឡាយចាំបាច់ត្រូវប្រព្រឹត្ដខ្លួន ដូចតទៅៈ
1. កុំនិយាយច្រើនពេក ប្រការចាំបាច់គួរចៀសវាងបំផុតរបស់ស្ដ្រី គឺកុំនិយាយច្រើនពេក។ ក្នុងចំណោមបុរស១០នាក់ មាន៩នាក់ហើយដែលមិនចូលចិត្ដស្ដ្រីនិយាយច្រើន។ ចរិតលក្ខណៈរបស់មនុស្សស្រីមានទម្លាប់អាក្រក់មួយនេះមិនអាចកែបានឡើយ។ ក្នុងគ្រួសារ ស្ដ្រីច្រើនធ្វើឱ្យស្វាមីធុញទ្រាន់ ព្រោះតែការនិយាយច្រើន។ ជាប្រពន្ធក្នុងគ្រួសារត្រូវចេះយល់ចិត្ដប្ដី កុំនិយាយច្រើនពេក ជាពិសេសរឿងអ្នកដទៃ រឿងឥតប្រយោជន៍ ដែលគ្មានពាក់ព័ន្ធអ្វីដល់ខ្លួន។ ហើយពេលមានរឿងពិបាកចិត្ដ ស្ដ្រីដែលឆ្លាតត្រូវនៅឱ្យ ស្ងៀម បើសិនជានិយាយច្រើនដោយចង់រំលោភយកតែឈ្នះប្ដី ដើម្បីសម្ដែងការឆ្លាតរបស់ខ្លួននោះ គឺជាប្រការគ្រោះថ្នាក់បំផុត។ ស្ដ្រី ឆ្លាតវៃមិនគួរនិយាយច្រើនទេ។ តែនៅពេលដែលនិយាយត្រូវតែចេះសង្កេតអាកប្បកិរិយារបស់ប្ដីជាមុនសិន ជាពិសេសពេលណាដែល ប្ដីកំពុងខឹង មិនសប្បាយចិត្ដ លោកស្រីត្រូវនៅឱ្យស្ងៀមដើម្បីចៀសវាងប្រការមិនល្អកើតឡើង។
2. កុំឡូឡាឈ្លោះប្រកែក នៅក្នុងគ្រួសារ ពេលមានរឿងមិនពេញចិត្ដកើតឡើង ប្ដីច្រើនបន្ទោសប្រពន្ធ។ ទោះបីជាប្ដីប្រ ពន្ធមានសិទ្ធិស្មើគ្នាក៏ដោយ ក៏ប្រពន្ធដ៏ល្អមួយរូបត្រូវនៅឱ្យស្ងៀមកុំតមតឡូឡាឈ្លោះប្រកែក។ នេះជាការអត់ឱន និងអត់ធ្មត់របស់ ប្រពន្ធ ហើយវាមានឥទ្ធិពលខ្លាំងណាស់ចំពោះប្ដី។ បើឡូឡាឈ្លោះប្រកែកគ្នាបានត្រឹមតែកើតរឿងធំ ខ្មាស់គេ ជួនកាលដល់ថ្នាក់វាយ តប់គ្នាក៏មាន។
3. ការផ្ដល់កិត្ដិយសឱ្យស្វាមី មនុស្សម្នាក់ៗនរណាក៏ចង់បានកិត្ដិយសដែរ។ ហេតុដូចនេះស្ដ្រីមានស្វាមីទាំងទ្បាយមុននឹង ធ្វើអ្វីមួយត្រូវផ្ដល់កិត្ដិយសឱ្យស្វាមីបានរួមចំណែកផង ដូចជាយោបល់ ឬក៏ការសម្រេចចិត្ដ។ ទង្វើផ្សេងៗរបស់ភរិយាពិតជាអាចធ្វើឱ្យ អ្នកផងទាំងពួងវាយតម្លៃអំពីកិត្ដិយសរបស់លោកស្រីផ្ទាល់ព្រមជាមួយនឹងស្វាមី។ រាល់ការទំនាក់ទំនងខាងក្រៅ សម្លៀកបំពាក់ការងារជាដើម សុទ្ធតែត្រូវប្រព្រឹត្ដឱ្យបានសមស្រប។
4. បំពេញតួនាទីជាស្ដ្រីមេផ្ទះ បុរសណាក៏ចង់បានភរិយាម្នាក់ដែលចេះប្រតិបត្ដិខ្លួនជាស្ដ្រីមេផ្ទះបានល្អ រៀបចំផ្ទះសម្បែង ថែរក្សាកូនបានល្អ។ ភរិយាដ៏ល្អត្រូវចេះរៀបចំផែនការគ្រួសារក្នុងការចាយវាយប្រាក់កាស មិនត្រូវខ្ចះខ្ជាយឥតប្រយោជន៍ ដែលគេ ច្រើននិយមហៅថាស្រីកញ្ជើធ្លុះនោះ មិនល្អឡើយ។ ទន្ទឹមនឹងនោះក៏មិនត្រូវត្បិតត្បៀតហួសហេតុពេកដែរ។
5. ត្រូវចេះលេបបញ្ហា ក្នុងនាមជាភរិយាដ៏ល្អម្នាក់ត្រូវចេះអត់ធ្មត់ឱ្យបានច្រើន ព្រោះពេលខ្លះមិនអាចធ្វើអ្វីទៅតាមអារម្មណ៍ខ្លួនឯងបានទេ ចាំបាច់ត្រូវគិតពីចិត្ដស្វាមី ឪពុកម្ដាយក្មេក បងប្អូនខាងស្វាមី។ ចំណុចទាំងនេះមិនមែនបង្រៀនឱ្យលោកស្រីជាភរិយា ខ្លាចគេនោះទេ ក៏ប៉ុន្ដែវាចាំបាច់ខ្លាំងណាស់ដែលភរិយាត្រូវចេះលេបបញ្ហា ត្រូវចេះធ្វើរឿងធំឱ្យក្លាយជារឿងតូច រឿងតូចក្លាយជាគ្មាន រឿង។
តួនាទីរបស់ស្វាមីភរិយានៅពេលមានទំនាស់
ប្រសិនបើទប់អារម្មណ៍មិនបានជ្រុលជាមានរឿងឈ្លោះប្រកែកគ្នា ភាគីទាំងសងខាងត្រូវស្វែងយល់ពីគ្នាទៅវិញទៅមក។
  • លោកអ្នកមិនត្រូវយល់ព្រម ឬព្រមព្រៀងគ្នាដោយប្រការណាមួយក្នុងពេលដែលភាគីម្ខាងទៀតកំពុងមានអារម្មណ៍ក្រៀវក្រោធនោះឡើយ។ គួរព្យាយាមរម្ងាប់កំហឹងជាមុនសិន ដោយការរាប់ពីមួយដល់មួយរយ និងត្រូវគិតដល់កំហឹងខូចខាតទាំងនោះ ផង ឬក៏លោកអ្នកអាចប្រើវិធីដកខ្លួនចេញពីមុខគូទំនាស់មួយរយៈសិនក៏បាន រងចាំដល់អារម្មណ៍មួហ្មងអស់ពីខ្លួន សឹមត្រឡប់មកវិញ ហើយកុំភ្លេចយកនូវស្នាមញញឹមមកជាមួយផង។
  • នៅពេលដែលភាគីទាំងសងខាងស្ងប់អារម្មណ៍មួហ្មងក្នុងចិត្ដអស់ហើយ ត្រូវងាកមកញញឹមដាក់គ្នា ហើយចូលបើកបង្ហាញពីអារម្មណ៍ និងគំនិតរបស់ខ្លួនឯងឱ្យភាគីម្ខាងទៀតយកចិត្ដទុកដាក់ស្ដាប់ការបកស្រាយនោះផង។ មិនគួរប្រកាន់ជំហអស្មិមានៈ យល់ថាគេខុសរហូតនោះទេ ត្រូវទុកឱកាសឱ្យប្ដី ឬប្រពន្ធបញ្ចេញមតិ ព្រោះអ្នកទាំងពីរពិតជាមានសិទ្ធិស្មើគ្នា ត្រូវគោរពគ្នា យោគ យល់ និងសន្ដោសគ្នា ថែមទាំងត្រូវផ្ដល់កិត្ដិយសឱ្យគ្នាទៅវិញទៅមក។
  • ការជជែកវែកញែកគ្នា រមែងមានការឈ្លោះប្រកែក ឬប៉ះមាត់កជាមួយគ្នាមួយសារទៀត តែដើម្បីភាពយល់ចិត្ដគ្នាឱ្យ កាន់តែច្បាស់នោះ លោកអ្នកគួរប្រកាន់ជំហរមិនយកឈ្នះគ្នាទៅវិញទៅមក។ បើមិនដូច្នេះទេរឿងកាន់តែរាលដាល និងវែងឆ្ងាយរកទី បញ្ចប់គ្មាន។ តែក្នុងនោះក៏មានមនុស្សមួយចំនួនមិនចូលចិត្ដធ្វើការវែកញែក ឬបកស្រាយអ្វីបន្ដទៀតឡើយ ប្រការដែលល្អនោះលោក អ្នកធ្វើដូចជាពុំមានរឿងអ្វីក្នុងអារម្មណ៍ក៏បានដែរ តែត្រូវរក្សាចំណងស្នេហាដែលធ្លាប់មានដូចពីមុនដដែល។
  • ទាំងប្ដីទាំងប្រពន្ធគួរព្យាយាមរកចំណុចបញ្ចប់ជម្លោះវិវាទ ដោយព្រមព្រៀងគ្នារកច្រកចេញដោយសមហេតុផលបំផុត តាមដែលអាចធ្វើទៅបាន។ រាល់ជម្លោះទាស់ទែងខ្វែងគំនិតគ្នានឹងមិនអាចរីករាលដាលធ្ងន់ធ្ងរបានឡើយ បើប្ដីប្រពន្ធមានការអត់ឱន មិនប្រកាន់ទោសពៃរ៍ និងមានចិត្ដសណ្ដោសប្រណី ដោយពុំមានចិត្ដចង់ឈ្លោះគ្នាទៅវិញទៅមកនោះ។
ទម្រាំតែគូស្វាមីភរិយាយល់ព្រមប្រើជីវិតរួមរស់ជាក្រុមគ្រួសារតែមួយបាននោះ ពិតជាពុំមែនត្រូវប្រើពេលវេលាតិចតួច នោះឡើយ។ ដូច្នេះលោកអ្នកមិនគួរប្រើអារម្មណ៍តែមួយវឹប ឬបណ្ដោយឱ្យអារម្មណ៍ក្រៀវក្រោធទាំងនោះ មកគ្របដណ្ដប់លើសតិ សម្បជញ្ញៈរបស់លោកអ្នកដោយសារតែរឿងកំប៉ិកកំប៉ុក៕

No comments:

CASINO





MOBILE MAGAZINE