ការ ​រក្សា​ភាព​ស្និទ្ធស្នាល​ជា​ប្រចាំ​រវាង​គូ​ស្វាមី​ភរិយា​ ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ ការ​ពិភាក្សា​អំពី​សុខភាព​ផ្លូវ​ភេទ ការ​ពន្យារ​កំណើត​ ការ​រៀប​ចំ​ផែនការ​គ្រួសារ​ ធ្វើ​ឲ្យ​គ្រួសារ​មាន​សេចក្ដី​សុខ​និង​សុភមង្គល។ ទន្ទឹម​គ្នា​នេះ​ ការ​ជំរុញ​ឲ្យ​
បុរស​ចូល​រួម​នៅ​ក្នុង​ការ​អប់រំ​ លើក​កម្ពស់​សុខភាព​របស់​ស្ត្រី​ ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​សង្គម​រីក​ចំរើន។ ដូច្នេះ​ បុរស​ត្រូវ​យល់​ដឹង​ពី​សុខភាព​បន្ត​ពូជ​ដូច​ខាង​ក្រោម៖
១. ការ​មក​រដូវ
-ការ​មក​រដូវ​ គឺ​ជា​ការ​របេះ​ធ្លាក់​នៃ​ស្រទាប់​ស្ដើង​ក្នុង​ស្បូន​លាយ​ឡំ​ជាមួយ​ឈាម​ហូរ​ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស​រៀង​រាល់​ខែ។
-ស្ត្រី​ចាប់​ផ្ដើម​មក​រដូវ​ដំបូង​នៅ​ចន្លោះ​អាយុ​ពី​៩ទៅ​១៨ឆ្នាំ និង​អស់​រដូវ​នៅ​ចន្លោះ​ពី​៤៥ទៅ​៥៥ឆ្នាំ។
-រយៈ​ពេល​នៃ​ការ​មក​រដូវ​ម្ដង​ៗ​មាន​ចន្លោះ​ពី​៣ទៅ​៧ថ្ងៃ។
-ចន្លោះ​នៃ​ការ​មក​រដូវ​ ពី​វដ្ដ​រដូវ​មួយ​ទៅ​វដ្ដ​រដូវ​មួយ​ទៀត ​មាន​រយៈ​ពេល​២៨ថ្ងៃ​ តែ​ក៏​អាច​តិច​ត្រឹម​២១​ថ្ងៃ​ ហើយ​ច្រើន​ដល់​៣៥ថ្ងៃ។
-បរិមាណ​ឈាម​រដូវ​ធ្លាក់​មក​ម្ដងៗ​ មាន​ប្រហែល​កន្លះ​ពែង​ដែល​ប្រហែល​ជា​៨០មីលីលីត្រ។
-ពេល​មាន​រដូវ​ស្ត្រី​ខ្លះ​អាច​មាន​ការ​ឈឺចាប់​ដូចជា​ឈឺ​ពោះ រោយ​ចង្កេះ​ មាន​ការ​ប្រែប្រួល​អារម្មណ៍​ដូច​ជា​តានតឹង​ ធុញថប់ អស់​កម្លាំង។ល។
-បើ​មាន​ធ្លាក់​ឈាម​រដូវ​ច្រើន​ឬ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​មុន​ពេល ​និង​កំពុង​មក​រដូវ​ ឬ​រដូវ​មិន​ទៀងទាត់​ នោះ​ជា​សញ្ញា​មិន​ប្រក្រតី​ សូម​នាំ​ភរិយា​មក​ពិភាក្សា​ជាមួយ​ពេទ្យ។
២. ការ​មាន​ផ្ទៃ​ពោះ
ត្បិត​តែ​ស្ត្រី​ជា​អ្នក​ពពោះ​ តែ​ការ​យល់​ដឹង​ពី​ការ​ប្រែប្រួល​ និង​របៀប​ថែ​ទាំ​ខ្លួន​ពេល​មាន​ផ្ទៃ​ពោះ​ជួយ​ឲ្យ​បុរស​ជា​ស្វាមី​អាច​ការ​ ពារ​ទាន់​ពេល​វេលា​ នូវ​គ្រោះ​ថ្នាក់​ដែល​មាន​ចំពោះ​ភរិយា​និង​បុត្រ។ ដូច្នេះ បុរស​​​ត្រូវ​​​ដឹង​​ពី​​សញ្ញា​ដំបូង​ នៃ​ការ​មាន​ផ្ទៃ​ពោះ​ គឺ​ការ​បាត់​រដូវ​រួម​ផ្សំ​ជាមួយ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ ចង្អោរ ក្អួត ក្ដៅ​ទ្រូង​ ភើ​ និង​រីក​ទំហំ​សុដន់​ និង​ក្បាល​ដោះ​ប្រែ​ពណ៌​ខ្មៅ។
-ទារក​កម្រើក​នៅ​ក្នុង​ផ្ទៃ​នៅ​អាយុ​ចន្លោះ​ពី​១៦ទៅ​២០សប្ដាហ៍
-ស្ត្រី​អាច​ដក​ដង្ហើម​ញាប់​ នោម​ញឹក និង​ហើម​នៅ​កជើង​តិច​តួច
-បើ​ភរិយា​ធ្លាប់​មាន​ប្រវត្តិ​រលូត​កូន​ឯងៗ​ ​កន្លង​មក​ ត្រូវ​តម​រួម​ភេទ​នៅ​កំឡុង​ពេល​២ខែ​ដំបូង​ ព្រោះ​ការ​រួម​ភេទ​នៅ​ពេល​នោះ​អាច​ធ្វើ​ឲ្យ​រលូត​កូន។
-ការ​ជក់​បារី ​និង​ស្រូប​ផ្សែង​បារី​ពី​គេ​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​អាច​បង្ក​ឲ្យ​កូន​កើត​មក​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ​ ​រលូត​។ល។ ដូច្នេះ​ស្វាមី​ត្រូវ​ជៀសវាង​ជក់​បារី​នៅ​ចំពោះ​មុខ​ភរិយា។
-បុរស​គួរ​នាំ​ភរិយា​ទៅ​ធ្វើ​តេស្ដ​ឈាម​ ទោះ​ជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ
-ស្វាមី​គួរ​នាំ​ភរិយា​ទៅ​ជួប​ពេទ្យ​ដើម្បី​ដឹង​ពី​អ្វី​ដែល​គួរ​ធ្វើ
៣. ការ​ថែ​ទាំ​ភរិយា​ក្រោយ​សម្រាល
រយៈ​ពេល​៦អាទិត្យ​ក្រោយ​សម្រាល​ ទើប​សរីរាង្គ​បន្ត​ពូជ​ត្រឡប់​មក​រក​សភាព​ដើម​វិញ។ ស្ត្រី​នៅ​មាន​ធ្លាក់​ឈាម​រហូត​ដល់​២ទៅ​៦សប្ដាហ៍​ក្រោយ​សម្រាល។ ស្ត្រី​អាច​អស់​កម្លាំង​ខ្លាំង​ ឈឺ​តាម​មុខ​របួស​ បត់​ជើង​តូច​ញឹក ដោះ​រីក​ធំ និង​ពោះ​មិន​រាប់​ស្មើ​នៅ​ឡើយ​ទេ។ ដូច្នេះ ​ស្វាមី​ត្រូវ​តម​រួម​ភេទ​៦សប្ដាហ៍​ក្រោយ​សម្រាល។ នៅ​ពេល​សម្រាល​កូន​ ភរិយា​ត្រូវ​ការ​បំផុត​នូវ​ការ​លើក​ទឹក​ចិត្ត​​ និង​ការ​ថែ​ទាំ​ពី​សំណាក់​ស្វាមី។ ការ​សួរ​សុខទុក្ខ​នៅ​ពេល​មាន​បញ្ហា​ ជា​អនុស្សាវរីយ៍​មួយ​ដ៏​ផ្អែមល្ហែម​ដែល​អាច​ធ្វើ​ឲ្យ​គួរ​ស្វាមី​ភរិយា​ ស្រលាញ់​គ្នា​និង​ស្មោះ​ត្រង់​នឹង​គ្នា​ជា​រៀង​រហូត។
ក្រោយ​ពេល​សម្រាល​កូន​ពី​កន្លះ​ទៅ​មួយ​ម៉ោង​ ស្វាមី​ត្រូវ​ជួយ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ភ្លាម​ ហើយ​នៅ​រៀងរាល់​ពេល​ទារក​ឃ្លាន​២ ​ទៅ​៣ម៉ោង​ម្ដង​។ ត្រូវ​ឲ្យ​ទារក​បៅ​ទឹក​​ដោះ​ម្ដាយ​សុទ្ធ​​យ៉ាង​តិច​៦ខែ៕