តើការរៀបការ អាចធ្វើឲ្យធាត់មែនទេ? ចុះចំណែកការលែងលះវិញ យ៉ាងម៉េចដែរ?
ចម្លើយគឺថា ទាំងការរៀបការ និងការលែងលះ សុទ្ធតែធ្វើឲ្យយើងធាត់បានដូចគ្នា ប៉ុន្ដែខុសគ្នាត្រង់ថា ស្រ្ដីគឺជាអ្នកដែលប្រឈមនឹងការធាត់នៅពេលរៀបការ ខណៈពេលដែលបុរសនឹងធាត់នៅពេលលែងលះ។
ការសិក្សាថ្មីមួយបានបង្ហាញថា ការឡើងទម្ងន់ គឺមិនកើតឡើងច្រើនចំពោះមនុស្សក្មេងៗនោះទេ ប៉ុន្ដែក្មេងៗដែលធាត់ គឺដោយសារតែពួកគេ ខ្វះសកម្មភាពផ្នែករាងកាយ និងការញ៉ាំអាហារមិនត្រឹមត្រូវ។ ចំណែកឯចាស់ៗវិញ គឺអាចប្រឈមនឹងភាពធាត់ មិនមែនដោយសារតែពីរមូលហេតុខាងលើនេះទេ ប៉ុន្ដែការ
រៀបការ និងការលែងលះ ក៏បង្កើនហានីភ័យនៃការឡើងទម្ងន់ផងដែរ ពោលគឺសម្រាប់អ្នកមានវ័យពី ៣០ ទៅ ៥០ឆ្នាំ ហើយផលប៉ះពាល់ (ធាត់ជ្រុល) នឹងកាន់តែមានខ្លាំងនៅពេលវ័យកាន់តែចាស់។លោក Dmitry Tumin ដែលជាអ្នកស្រាវជ្រាវម្នាក់ ដែលមកពីសាកលវិទ្យាល័យ Ohio State University បាននិយាយនៅក្នុងសន្និសិទកាសែតថា នៅពេលដែលមនុស្សឈានដល់វ័យចាស់ ការផ្លាស់ប្ដូរក្នុងជីវិត ដែលមានដូចជា ការរៀបការ ឬការលែងលះ គឺជាការប៉ះពាល់ចំពោះទម្ងន់ធំបំផុត។
នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការត្រួតពិនិត្យទៅលើក្រុមមនុស្ស ជាង១ម៉ឺននាក់ ដែលមានអាយុ ១៤ ទៅ២២ឆ្នាំ ដែលចូលរួមក្នុងការស្ទង់មតិតាំងពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០០៨។
ក្រោយពីបានសិក្សារួចរាល់ លទ្ធផលបានបង្ហាញថា ការរៀបការ និងការលែងលះ គឺសុទ្ធតែជះឥទ្ធិពលដល់ការប្រែប្រួលទម្ងន់ ពោលគឺនឹងឡើងទម្ងន់ ៧ ទៅ២០ផោន លើសអ្នកដែលមិនធ្លាប់រៀបការ។
ប៉ុន្ដែ ការរៀបការ និងការលែងលះ គឺមានផលប៉ះពាល់ខុសគ្នាឆ្ងាយណាស់ រវាងបុរស និងស្រ្ដី។ សម្រាប់ស្រ្ដី ការឡើងទម្ងន់ខ្លាំងបំផុត គឺរយៈពេល ២ឆ្នាំក្រោយរៀបការ ខណៈដែលបុរសវិញ អាចនឹងឡើងទម្ងន់ខ្លាំង ក្រោយពីបែកដំណេកជាមួយភរិយា (លែងលះ)។
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា មូលហេតុដែលស្រ្ដីឡើងទម្ងន់ក្រោយពេលរៀបការ គឺអាចបណ្ដាលមកពីស្រ្ដីមានកិច្ចការត្រូវធ្វើច្រើន (កិច្ចការផ្ទះ) ដូច្នេះស្រ្ដីគ្មានពេលវេលាច្រើនដើម្បីធ្វើការហាត់ប្រាណនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនេះ គឺគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ មូលហេតុផ្សេងទៀត នឹងត្រូវបង្ហាញនៅពេលមានការស្រាវជ្រាវផ្សេងទៀត៕
No comments:
Post a Comment