ស្ត្រីខ្មែរវ័យក្មេងរាប់សិបនាក់ត្រូវបានឪពុកម្តាយ ឬអ្នករត់ការនាំមកឈរតម្រៀបគ្នាឲ្យបុរសចំណាស់ជនជាតិ កូរ៉េជ្រើសរើសធ្វើជាភរិយា។ រឿងរ៉ាវបានបែកការនៅពេលដែលប៉ូលិសឆ្មក់ចូលក្នុងទីតាំងដែល គេបានណាត់ជួបគ្នាកាលពីថ្ងៃទី៣០ កក្កដា នៅទីក្រុងភ្នំពេញ ។ នេះមិនមែនជារឿងថ្មីទេតែជារឿងដែលមិនអាចបញ្ចប់បាន ។ មានស្ត្រីខ្មែរជាច្រើនណាស់មកហើយដែលបានក្លាយជាប្រពន្ធ ជនបរទេសតាមរយៈការជ្រើសរើសដែលមិនគួរគប្បីបែបនេះ។ តើហេតុអ្វីបានជាស្ត្រីខ្មែរទាំងនោះក្លាយជាមុខទំនិញសម្រាប់ ជនបរទេសជ្រើសរើសយ៉ាងដូច្នេះ?
ស្ត្រីវ័យក្មេងៗដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ជាង២០ឆ្នាំ ប្រមាណជា៥០នាក់មកពីទីជនបទកម្ពុជាត្រូវបានគេនាំមក តម្រៀបជួរតាំងឲ្យបុរសកូរ៉េដែលមានវ័យស្ទើរតែស្មើនឹង ឪពុកជ្រើសរើសយកធ្វើជាប្រពន្ធ ។ ស្ត្រីទាំងនោះសុទ្ធតែស្ម័គ្រចិត្តក្រោមការជួយជំរុញពី ឪពុកម្តាយ ឬអាណាព្យាបាលដែលចង់បានស្វាមីឬកូនប្រសារជាជនបរទេស ។
កាលពីប៉ុន្មានឆ្នាំមុននេះ ការប្រមូលស្ត្រីខ្មែមកដាក់តាំងឲ្យបុរសកូរ៉េ ឬចិនតៃវ៉ាន់ជ្រើសរើសធ្វើជាប្រពន្ធ គឺជារឿងពេញនិយមនិងបើកចំហ ។ ប៉ុន្តែក្រោយពីអាជ្ញាធរបានចាត់វិធានការមួយចំនួនបន្ទាប់ពីមាន ស្ត្រីខ្មែរជាច្រើនធ្លាក់ក្នុងបណ្តាញជួញដូរមនុស្សមកនោះ រឿងនេះក៏ស្ថិតក្នុងសភាពលាក់បាំងបន្តិច ។ ភ្នាក់ងារជ្រើសរើសគូស្រករត្រូវបានគេបង្កើតឡើងដើម្បីធ្វើឲ្យ បញ្ហានេះក្លាយជារឿងស្របច្បាប់ ។ ជាក់ស្តែង បើទោះបីជាសមត្ថកិច្ចបានរកឃើញថាស្ត្រីវ័យក្មេងៗទាំងនោះ ត្រូវបានគេនាំមកឲ្យបុរសចំណាស់កូរ៉េជ្រើសរើសដូចទំនិញ ក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវបានចោទប្រកាន់ដែរ ។
ជាការពិត ការជ្រើសរើសគូស្រករគឺជាសេរីភាពរបស់មនុស្សគ្រប់គ្នា ហើយក៏គ្មានការហាមប្រាមមិនឲ្យជាតិសាសន៍មួយស្រឡាញ់ជាតិ សាសន៍មួយទៀតនោះដែរ ។ ប៉ុន្តែ ជាតិសាសន៍នីមួយៗសុទ្ធតែមានប្រពៃណី និងកិត្តិយសដែលមិនអាចបំពានបាន ជាពិសេសគឺស្ត្រីតែម្តង ។ សង្គមខ្មែរ និងស្ត្រីខ្មែរក៏មានតម្លៃជាប្រពៃណី និងកិត្តិយសរបស់ខ្លួនដែរ ។ ទោះបីជាបុរសខ្មែរត្រូវចូលស្តីដណ្តឹង និងជូនបណ្ណាការទៅឲ្យភាគីខាងស្រី ប៉ុន្តែទង្វើនេះត្រូវបានគេផ្តល់អត្ថន័យជាកិត្តិយស គឺមិនមែនជាការទិញដូរឡើយ ។ ម្យ៉ាងទៀត បច្ចុប្បន្នក៏គ្មានបុរសខ្មែរណាមានសិទ្ធិឲ្យគេប្រមូលផ្តុំ ស្ត្រីមកឲ្យខ្លួនរើសធ្វើប្រពន្ធនោះដែរ ។
ដូច្នេះ វាពិតជារឿងគួរឲ្យហួសចិត្តខ្លាំងណាស់ដែលសម័យនេះទៅហើយ នៅតែមានបុរសបរទេសអាចមកប្រមូលស្ត្រីខ្មែរដើម្បីរើសធ្វើ ប្រពន្ធដូចជារើសមុខទំនិញបែបនេះ ហើយទង្វើដែលប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសស្ត្រីខ្មែរ និងកិត្តិយសជាតិទាំងមូលនេះ បែរជាត្រូវបានអនុញ្ញាតក្រោមហេតុផលថាជាសិទ្ធិជ្រើសរើសគូ ស្រករទៅវិញ ។
ក្រុមអ្នកវិភាគសង្គមកម្ពុជាបានមើលឃើញមូលហេតុច្រើនយ៉ាងដែល ធ្វើឲ្យស្ត្រីខ្មែរមួយចំនួនធ្លាក់ក្នុងសភាពបែបនេះ ។ មូលហេតុទី១ គឺផ្នត់គំនិតរបស់ពលរដ្ឋខ្មែរដែលតែងផ្តល់តម្លៃហួសហេតុ ដល់អ្វីដែលជាបរទេស មិនថាជាមនុស្សឬវត្ថុនោះឡើយ ។ នេះមកពីសង្គមខ្មែរបានឆ្លងកាត់សង្គ្រាមវិនាសកម្មច្រើនពេក ដែលធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនបាត់បង់មោទនភាពជាតិរបស់ ខ្លួន ហើយបែរទៅផ្តល់តម្លៃខ្លាំងដល់បរទេស។ បច្ចុប្បន្ន ទោះបីជាប្រទេសជាតិបានស្គាល់សន្តិភាព និងការអភិវឌ្ឍន៍ហើយក៏ដោយ ប៉ុន្តែភាពក្រីក្រនិងបញ្ហាសង្គមជាច្រើននៅតែជាកត្តាជំរុញឲ្យ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសស្ត្រីតែម្តងធ្លាក់ក្នុងសភាពងាយរងគ្រោះដដែល ។ ពួកគេប្រាថ្នាចង់រៀបការជាមួយជនបរទេស ពីព្រោះតែហេតុផលម្យ៉ាងគត់គឺ «ប្រាក់» ។ ប្រាក់ បានធ្វើឲ្យពួកគេភ្លេចគិតពីកិត្តិយស និងគ្រោះថ្នាក់ ។
មូលហេតុទី២គឺ ភាពខ្វះចន្លោះរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ កិត្តិយសស្ត្រី និងតម្លៃសង្គមរបស់ខ្លួន ។ ភាពខ្វះចន្លោះនេះហើយដែលជាបុព្វហេតុនាំឲ្យស្ត្រីខ្មែរជា ច្រើនធ្លាក់ខ្លួនជាទាសករផ្លូវភេទ ឬជាអ្នកបម្រើដាច់ថ្លៃដែលរងការបំពានយ៉ាងធ្ងន់ធ្ងរនៅឯ បរទេស ។ បន្ថែមពីលើនេះ តម្លៃទឹកប្រាក់និងសម្ភារៈនិយម ដែលកំពុងតែយកឈ្នះកាន់តែខ្លាំងឡើងៗលើតម្លៃខាងសីលធម៌ក៏ ជាចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានសង្គមកម្ពុជាឲ្យធ្លាក់ ក្នុងស្ថានភាពគ្រោះថ្នាក់ដែរ។
ដូច្នេះខ្មែរគ្រប់គ្នា ជាពិសេសអ្នកនយោបាយតែម្តង ត្រូវរួមគ្នាដើម្បីកសាងមោទនភាពជាតិឲ្យពលរដ្ឋរបស់ខ្លួន ។ សន្តិភាពមានហើយ ការអភិវឌ្ឍន៍ក៏មានហើយដែរ ប៉ុន្តែអ្វីដែលនៅសេសសល់គឺការប្រែក្លាយសន្តិភាព និងការអភិវឌ្ឍន៍នោះឲ្យទៅជាប្រយោជន៍របស់ពលរដ្ឋគ្រប់គ្នា ដោយគ្មានលើកលែង ។ នៅពេលដែលពលរដ្ឋខ្មែរគ្រប់រូបមានជីវភាពធូរធារ និងមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មោទនភាពជាតិនឹងកើតមានជាស្វ័យប្រវត្តិ ហើយស្ត្រីខ្មែរក៏នឹងមិនចាំបាច់មកតម្រៀបជួរឲ្យបរទេសរើស ធ្វើប្រពន្ធទៀតដែរ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment