About Me

THIS SITE IS UNDER CONSTRUCTION

Sunday, August 5, 2012

ប្រវត្តិភ្នំប្រុស ភ្នំស្រី

 
ព្រះពុទ្ធ​បដិមាករ​នៅ​ចេតិយ​ភ្នំ​ស្រី (រូប​របស់ សុក សូ​ពុទ្ធី​, កម្ពុជា​, មិនា ២០១០)
    ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ដែល​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់ បណ្ដា​អ្នកស្រាវជ្រាវ​ទាំងឡាយ ដែល​សិក្សា​អំពី​វប្បធម៌​ខ្មែរ បាន​ចាប់អារម្មណ៍​លើ​រឿងព្រេង​មួយចំនួន ជាពិសេស​រឿងព្រេង​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ភ្នំ​ប្រុស ភ្នំ​ស្រី នៅ​ខេត្ត​កំពង់ចាម តាមរយៈ​រឿងព្រេង​និទាន​ទាំងនេះ គេ​យល់​ថា ស្ដ្រី​ខ្មែរ​មិន​គ្រាន់តែ​តំណាងឲ្យ​ភាពទន់ភ្លន់​តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​មាន​បញ្ញាញាណ​ឈ្លាស​វ៉ៃ ព្រមទាំង​ល្បិចកល​ថែមទៀត​ផង ដោយសារ​គុណសម្បត្តិ​ទាំងនោះ​ហើយ ទើប​ពួកគេ​រមែងតែ​ទទួល​ជ័យជំនះ​លើ​បុរស​ជានិច្ច ។​

ភ្នំ​ស្រី​នៅ​ខេត្ត​កំពង់ចាម (១៩៩៣)
 
ចេតិយ​ភ្នំ​ស្រី (រូប​របស់ សុក សូ​ពុទ្ធី​, កម្ពុជា​, មិនា ២០១០)
    ភស្ដុតាង​នៃ​ឧត្តមភាព ឬ​អត្ថិភាព​របស់​ស្ត្រី​ខ្មែរ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​រឿងព្រេង​ស្ដីពី​ការ​ប្រណាំងប្រជែង​រវាងស្ត្រី និង​បុរស ដើម្បី​កសាង​ភ្នំ ដែលមាន​ខ្លឹមសារ​ដោយ​សង្ខេប​ដូចតទៅ
    ក្នុងសម័យ​ដ៏​យូរលង់ ដែល​គេ​មិន​អាច​កំណត់​ពេលវេលា​បាន ថ្ងៃមួយ​ស្ត្រី និង​បុរស​បាន​បបួលគ្នា ដើម្បី​លើកដី​ពូន​ជា​ភ្នំ​ដោយ​ដាក់​លក្ខខណ្ឌ​ថា ភ្នំ​ដែល​នឹង​សាង​ឡើង​នោះ គេ​ត្រូវ​ប្រើ​ពេលត្រឹមតែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​បើ​ភាគី​ណា​ឈ្នះ ដោយ​សាង​ភ្នំ​រួច​មុន​គេ​ភាគី​នោះ​នឹង​អាច​សម្រេច​ជោគវាសនា​របស់​ភាគី​ម្ខាង ទៀត មានន័យ​ថា ភាគី​ណា​ដែល​ចាញ់ នឹង​ត្រូវ​ចូល​ស្ដី​ភាគី​មួយទៀត​វិញ ដើម្បី​ធ្វើ​ជា​ដៃគូ​ប្រចាំជីវិត​មិន​ថា ភាគី​ប្រុស ឬ​ភាគី​ស្រី​ទេ កន្លងមក​គឺ​ភាគី​ស្ដ្រី​ទេ​ដែល​ចូល​ស្ដីដណ្ដឹង​ប្រុស​ធ្វើជា​ប្ដី តាម​គន្លង​ប្រពៃណី​ដូនតា ។​

    ជា​ការពិត​ណាស់​ក្នុងការ​ពូន​ភ្នំ ពួក​ស្ដ្រី​ដែល​មាន​កម្លាំង​ខ្សោយ​ជាង​បុរស តែ​ត្បិត​មាន​ភាពឈ្លាសវៃ ក៏​បាន​ឈ្នះ​បុរស​ជា​ស្ថាពរ​ដោយ​កលល្បិច​ទៅវិញ ដោយហេតុ​ថា ការប្រណាំប្រជែង​កំពុង​ប្រព្រឹត្ត​ទៅ​មិន​ទាន់​ដល់ពេល​កំណត់​ដែល​ថា​ចប់​ពេល ផ្កាយព្រឹក​រះ​ផង ស្រាប់តែ​ពួក​ស្ត្រី​នាំគ្នា​ដុត​គោម​បង្ហោះ​លើ​មេឃ ធ្វើ​ឲ្យ​ប្រុសៗ​ស្មានថា ជា​ផ្កាយព្រឹក​រះ​ប្រាកដ​មែន ហើយ​ពួកគេ​ក៏​នាំគ្នា​ឈប់សម្រាក​ដោយ​ដេក​រហូត​ដល់​ភ្លឺ​តែម្ដង ។​
ភ្ញៀវទេសចរ​កំពុង​ឡើងទៅ​ទស្សនា​ចេតិយ​ភ្នំ​ស្រី (រូប​របស់ សុក សូ​ពុទ្ធី​, កម្ពុជា​, មិនា ២០១០)
    ចំណែក​ខាង​ស្រី​វិញ ក្រោយ​ពី​បង្ហោះគោម​រួច ពួកគេ​ក៏​នាំគ្នា​ម្នីម្នា​ខិតខំ​ពូន​ភ្នំ​រហូត​ដល់​រួចរាល់​ជា​ស្ថាពរ ដូច្នេះ​ហើយ​ក្រោយពី​ភ្នាល់​ចាញ់​ពួក​ស្ត្រីៗ​ក៏​ឈប់​នាំគ្នា​ចូល​ ស្ដីដណ្ដឹង​ប្រុសៗ ធ្វើ​ជា​គូ​ដូច​មុនៗ​ទៀត ចាប់តាំងពី​ពេល​នេះ​មក គឺ​បុរស​ទេ​ដែល​ត្រូវ​ស្ដីដណ្ដឹង​ស្ត្រីភេទ​ធ្វើជា​ដៃគូ​ម្ដងវិញ ហើយ​ស្ថានភាព​នេះ​នៅតែ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ។​

    ខាងលើ​នេះ​គឺជា​រឿងដំណាល​ពាក់ព័ន្ធ​ទៅនឹង​ការ​ពូនដី​សាង​ភ្នំ​ ប្រុស ភ្នំ​ស្រី នៅ​ខេត្ត​កំពង់ចាម ដោយឡែក នៅ​មាន​រឿងព្រេង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ដែល​ទាក់ទិន​ទៅ​នឹង​ការលើក​ធ្វើ​ប្រាសាទ​ប្រុស និង​ប្រាសាទ​ស្រី ដែលមាន​ខ្លឹមសារ​ដូចគ្នា ឧទាហរណ៍ ទាំង​ប៉ុន្មាន​ខាងលើ​នេះ កាន់តែ​ឆ្លុះ​បញ្ជាំង​ឲ្យឃើញ​កាន់តែ​ច្បាស់​ពី​តួនាទី​របស់​ស្ត្រីភេទ និង​សារៈប្រយោជន៍​នៃ​រឿងបុរាណ​ទាំងនោះ ក្នុង​ការពន្យល់​អំពី​ការកកើត​ទឹកដី ឬ​ក៏​ស្ថានភាព​របស់​ប្រាង្គ​ប្រាសាទ​ខ្មែរមួយចំនួន ដែល​ទ្រុឌទ្រោម ហើយ​គេ​រមែងតែ​ជួបប្រទះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃនេះ (ម​.ត្រា​ណេ​)

No comments:

CASINO





MOBILE MAGAZINE