ព្រះបាទអង្គឌួង
ការដាក់តាំងអាណានិគមបារាំងមកលើកម្ពុជា ធ្វើឡើងដោយពីរដំណាក់កាល ។ ទីមួយកាន់កាប់ត្រួតត្រាកម្ពុជាក្រោម និងទីពីរត្រួតត្រាព្រះរាជាណាចក្រកម្ពុជា ។ ក្នុងដំ ណាក់កាលទីពីរនេះ គឺធ្វើឡើងដោយមានសំណូមពរពីព្រះមហាក្សត្រខ្មែរ ដែលចង់គេចផុតពីអាណាព្យាបាលសៀម និង យួន ។ ហើយការណ៍ដែលបារាំងយល់ព្រមតាមសំណូមពររបស់ស្ដេចខ្មែរគឺពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែសមស្របតាមមនោគមវិជ្ជា ចក្រពត្តិនិយមនាសម័យនោះ ដែលចង់ត្រួតត្រាឥណ្ឌូចិនទាំងមូល ។
មុនការតាំងអាណានិគមបារាំងមកលើកម្ពុជា ព្រះរាជាណាចក្រខ្មែរបានស្ថិតនៅក្នុងភាពទន់ខ្សោយបំផុត ។ ចម្បាំងផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្ក និងការវាតទីនិយមរបស់សៀម និងយួន បានធ្វើឲ្យប្រទេសខ្មែរបាត់បង់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។រឿងរ៉ាវនៅឆ្នាំ ១៨០៦ ជាសក្ខីភាពស្រាប់ ពីព្រោះព្រះបាទអង្គច័ន្ទ (១៧៩៦-១៨៣៤) ត្រូវបានបំពេញពិធីអភិសេកនៅទីក្រុងបាងកក រៀបចំឡើងដោយព្រះរាជាសៀម ហើយនៅពេលដែលយាងមករាជធានីភ្លាម មហាក្សត្រខ្មែរអង្គនេះ ក៏បានផ្ញើដំរី ,ក្រមួន,ក្រវ៉ាញ និងភ្លុកជាសួយសារអាករថ្វាយស្ដេចក្រុងអាណ្ណាម (យួន) ។
ការដណ្ដើមរាជបល្ល័ង្ក បានធ្វើឲ្យស្ដេចខ្មែរម្ដងបានរត់ទៅពឹងទ័ពសៀម ម្ដងរត់ទៅពឹងទ័ពយួន ដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងប្រទេស ដែលបង្ហាញឲ្យឃើញថា ខ្មែរបានបាត់ បង់នូវឯករាជ្យភាពរបស់ខ្លួន ។
ព្រះបាទអង្គឌួង ជាព្រះបិតា របស់ព្រះបាទនរោត្តម ដែលឡើងសោយរាជ្យនៅចុងឆ្នាំ ១៨៤៧ ត្រូវអភិសេកឡើងដោយមានអាណាព្យាបាលតំណាងចក្រភពអាណា្ណម និងសៀមចូលរួម ។ ប្រទេសទាំង២នេះ បានគ្រប់គ្រងនិងកាន់កាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយនៅតាមអាណាខេត្តនានា ចៅហ្វាយខេត្តជាច្រើនស្ថិតក្នុងភាព ភ័យខ្លាច ដោយគ្មានជំនួយពីរដ្ឋបាលកណ្តាល បានលះបង់ខេត្តជាច្រើននៅភាគខាងជើង និងខាងត្បូង អោយកងទ័ពយួន ។ ដូច្នេះ ក្រោយពីព្រះបាទអង្គឌួងបានឡើងសោយរាជ្យសម្បត្តិបានត្រឹម៧ឆ្នាំ ស្ថានភាពប្រទេសកម្ពុជាកាន់តែដុនដាបទៅ ហេតុ នេះហើយបានជាព្រះអង្គបានសម្រេចព្រះទ័យចរចាជាមួយលោកកុងស៊ុលបារាំង នៅសឹង្ហបុរីដើម្បីសុំជំនួយពីប្រទេសបារាំង ។
ការចរចានេះ បាននាំមកនូវការតាំងអាណានិគមរបស់បារាំងនៅថ្ងៃទី ១១ សីហា ១៨៦៣ ទៅលើកម្ពុជាដោយមានលោកសេនាប្រមុខបារាំងឈ្មោះ ដឺឡា ហ្គ្រាំងឌីយ៉ែរ៍ ជាទេសាភិបាលនៃកូសាំងស៊ីន (កម្ពុជាក្រោម) ដែលជាអ្នកតំណាងប្រទេសបារាំង ។
ថ្វីត្បិតតែអាណាព្យាបាលបារាំងទៅលើកម្ពុជា ជាលទ្ធផលដ៏ល្អប្រពៃចៀសផុតពីភាពសាបសូន្យបូរណភាពទឹកដីដូចនរគចម្ប៉ា ក៏ប៉ុន្តែរដ្ឋាភិបាលបារាំងពុំមែនធ្វើឡើងដោយសុទ្ធចិត្តទេ ។ ខាងក្រោមនេះគឺជាឯកសារបង្ហាញភស្តុតាងដើម្បីបញ្ជាក់ថា អ្វីដែលធ្វើឲ្យបារាំងសម្រេចធ្វើការត្រួតត្រាប្រទេសកម្ពុជាដូច្នោះ ។
៙បុព្វហេតុនៃអាណានិគម
ពីដើមសតវត្សរ៍ទី ១៦ រហូតដល់សតវត្សរ៍ទី ១៩ នៃគ្រិស្តសករាជ មហាអំណាចអឺរ៉ុបជាច្រើន និងជាប្រទេសឧស្សាហកម្មបានតាំងអាណានិគមទៅលើប្រទេសអាហ្រិ្វក និងអាស៊ីមួយចំនួនធំ ហើយមូលហេតុនៃការត្រួតត្រាទៅលើប្រទេសទន់ខ្សោយទាំងនោះ គឺបណ្ដាលមកពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ។ប្រទេសអឺរ៉ុបទាំងនោះមាន ព័រទុយហ្គាល់,អេស្ប៉ាញ,ហុល្លង់,និងនៅអាស៊ីមានជប៉ុនជាដើម ត្រូវការនូវធនធានធម្មជាតិរបស់ប្រទេសដទៃដូចជា រ៉ែ,ឈើ,ភ្លុក និងគ្រឿងទេស។ល។ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់គេ ។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសអឺរ៉ុបទាំងនោះ គេឃើញមានប្រទេសបារាំងសែសដែរ ក៏ប៉ុន្តែវត្តមានរបស់គេនៅក្នុងឧបទ្វីបឥណ្ឌូចិន បានចាប់ផ្ដើមយឺតយ៉ាវជាងប្រទេស ដទៃគឺទាល់តែដល់សតវត្សរ៍ទី១៧ និងនៅសតវត្សរ៍ទី១៨ ទើបធ្វើនៅចិន វៀតណាមខាងជើង (យួនតុងកឹង) អាណ្ណាម (យួនកណ្ដាល) និងនៅកម្ពុជាក្រោម ដែលយួនទើប តែចាប់ផ្ដើមដណ្តើមពីខ្មែរ។
នាសតវត្សរ៍ទី១៩ នៃគ្រិស្តសករាជ ឥទ្ធិពលរបស់មហាអំណាចបារាំងមានភាពទន់ ខ្សោយបើប្រៀបធៀបនឹងចក្រភពអង់គ្លេស ដែលជាគូបដិបក្ខ ហើយដែលទើបតែកាន់ កាប់ត្រួតត្រាបានប្រទេសឥណ្ឌាដោយជោគជ័យជាស្ថាពរ ។ ក្នុងករណីនេះហើយ ដែលរដ្ឋាភិបាលបារាំងបានរៀបចំយុទ្ធសាស្ត្រថ្មី គម្រោងការថ្មីដើម្បីលុបលាងនូវបរា ជ័យ ហើយលើកមុខលើកមាត់ កេរ្តិ៍ឈ្មោះរបស់ប្រទេសខ្លួនឡើងវិញ តាមរយៈការផ្សព្វ ផ្សាយគ្រឹស្តសាសនា និងអារ្យធម៌ ។ ទន្ទឹងនឹងនេះពួកអ្នកស្រាវជ្រាវ ក៏បានចាប់ផ្តើមសិក្សាពីសង្គមខ្មែរ ពោលអារ្យធម៌-វប្បធម៌ខ្មែរដើម្បីងាយនឹងត្រួតត្រាគ្រប់គ្រង ។
ទស្សននយោបាយនិងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបារាំងនាជំនាន់នោះ បានកត់ត្រាក្នុងឯកសារប្រវត្តិសាស្ត្រមួយគឺ "ការត្រិះរិះពិចារណានយោបាយ និងសម្ងាត់" នៅចុងរជ្ជកាលរបស់ព្រះបាទល្វីទី១៥(Louis XV) ។ ក្នុងកំណត់ហេតុនោះគេឃើញមានពណ៌នាអំពីការបង្កើតនូវគណៈកម្មាធិការមួយ ដែលក្នុងនោះគេបានលើកជាសំណួរដោយសម្គាល់ថា ប្រទេសបារាំងអាចនឹងមានមធ្យោបាយដែរឬទេ ដើម្បីបោះទីតាំងនៅក្នុងភូមិភាគអាស៊ី ដើម្បីកុំឲ្យផលប្រយោជន៍បះទៅលើជញ្ជីងអង់គ្លេសតែម្នាក់ឯងពេក ។ ឯកសារនេះ ក៏បានសនិ្នដ្ឋានដូចតទៅថា : រហូតដល់ពេលនេះនៅតែកម្ពុជាក្រោមទេ ដែលប្រហែលជាប្រទេសអង់គ្លេសពុំទាន់យកចិត្តទុកដាក់ចាប់អារម្មណ៍នៅឡើយ ក៏ប៉ុន្តែយើងអាចនឹងសប្បាយចិត្តបានដែរឬទេ កាលបើពួកគេនឹងចាប់អារម្មណ៍ចំពោះទឹកដីនេះ? បើយើងសម្រេចចិត្តថា កាន់កាប់ឲ្យបានមុនយើងនឹងមិនបាត់បង់វារហូតឡើយ ។
សូមរំលឹកដែរថា ទ័ពបារាំងបានកាន់កាប់ទាំងស្រុងដែនដីកម្ពុជាក្រោមនៅឆ្នាំ ១៨៦៧ ក្រោយពីបានច្បាំងឈ្នះកងទ័ពយួន ដែលបានដណ្ដើមតំបន់វាលទំនាបនៃទន្លេមេគង្គកម្ពុជាក្រោម ពីប្រទេសកម្ពុជានៅសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជ ។ នយោបាយអាណានិគមបារាំងត្រូវបានបន្តដោយពង្រឹងរហូតដល់ឆ្នាំ ១៨៦៣ ជាឆ្នាំដែលបារាំងបានទទួលជោគជ័យដ៏ធំធេងពីព្រះមហាក្សត្រខ្មែរ ដែលបានសព្វព្រះ រាជហឫទ័យ ដាក់ព្រះរាជាណាចក្រកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងសែស ៕
No comments:
Post a Comment