Sunday, August 5, 2012
វប្បធម៌ខ្មែរនិងជនជាតិសៀម
អគ្គនាយករដ្ឋបាលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សៀមបានទទួលយកវប្បធម៌ខ្មែរ ហើយរួមគ្នាគោរព និងប្រតិបត្តិតាម កសាងជាគ្រួ សារ, កសាងជាសង្គមជាតិថ្មីមួយលើអតីតទឹកដីខ្មែរនិងមន បង្កឱ្យប្រទេសសៀមទទួលនូវការរីកចម្រើនជាងខ្មែរដែលជាម្ចាស់វប្បធម៌ និងម្ចាស់ទឹកដី។ តើខ្មែរជាអ្នកណា? អ្វីខ្លះជាវប្បធម៌ខ្មែរ? តើសៀមជាអ្នកណា?មកពីទីណា?
ខ្មែរជាមនុស្សស្រឡាញ់សេចក្តីសុខក្សេមក្សាន្ត មិនចូលចិត្តឈ្លោះគ្នាឡើយ និងជាជនជាតិមួយកើត និងរស់នៅលើទឹកដីជ្រោយសុវណ្ណភូមិ តាំងពីយូរលង់ណាស់មកហើយ ដែលយោងតាមវត្ថុតាងនៅស្ថានីយបុរេប្រវត្តិល្អាងស្ពាន នាភាគពាយ័ព្យប្រទេសកម្ពុជា បង្ហាញឱ្យដឹងថា មនុស្សខ្មែរបានកើត និងរស់នៅនាតំបន់នេះតាំងពី៥០០០ឆ្នាំមុនគ្រឹស្តសករាជ។ មនុស្សខ្មែរ ប្រតិបត្តិតាមវប្បធម៌ខ្មែរ ដែលជាវប្បធម៌បណ្តុះពូជខ្មែរឱ្យមានអត្តចរិតល្អដឹងខុសត្រូវ គោរពច្បាប់់ និងប្រពៃណីទំនៀមទម្លាប់ គោរពប្រណិប័តន៍ មេបា ពិសេស គោរពម៉ែឪ គ្រូអាចារ្យ ចាស់ទុំ យ៉ាងខ្ជាប់ខ្ជួន។ វប្បធម៌ខ្មែរ គឺភាសាខ្មែរ អក្សរសាស្ត្រខ្មែរ ជំនឿអ្នកតា ព្រហ្មញ្ញសាសនា ព្រះពុទ្ធ សាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ សិល្បៈ៘ វប្បធម៌ខ្មែរផលិតចំណេះឱ្យខ្មែរមានប្រាជ្ញាវៃឆ្លាត និងចូលចិត្តការបង្កបង្កើតមិនឈប់ឈរ។ វប្បធម៌ខ្មែរបណ្តុះខ្មែរឱ្យក្លាយជាមនុស្សថ្លៃថ្នូរមាន ពូជពង្សវង្សត្រកូលជាអ្នកស្រុក មុនគេនៅតំបន់អាស៊ី អាគ្នេយ៍តាមរយៈការបង្កើតរដ្ឋនគរភ្នំ(ចិនហៅថា ហ្វ៊ូណន)នាដើមសតវត្សរ៍ទី១នៃគ្រឹស្តសករាជ ដែលជាគ្រឹះអារ្យធម៌ខ្មែរ នាំទៅដល់ការបង្កើតអារ្យធម៌ខ្ពង់ខ្ពស់ថ្កុំថ្កើងរុងរឿង បំផុតនាសម័យអង្គរ(ឆ្នាំ៨០២-១៤៣១)។ មនុស្សខ្មែរ និយាយភាសាខ្មែរជាអម្បូរភាសាមន-ខ្មែរមានវ័យចំណាស់ក្នុងតំបន់។ សម័យហ្វ៊ូណនភាសាខ្មែរបានទទួលនូវការរីកចម្រើនថ្មី ដោយមានការបូកបញ្ចូលគ្នារវាងភាសាខ្មែរបុរាណ និងភាសា សំស្ក្រឹត។ មនុស្សខ្មែរបានបង្កើតអក្សរខ្មែរនៅដើមសតវត្សរ៍ទី៧មានភ័ស្តុតាង ជាសិលាចារឹក អក្សរខ្មែរដំបូងបំផុតនា គ.ស.៦១១(លេខ K ៦០០ ) នៅអង្គរបុរីខេត្តតាកែវ ហើយគឺអក្សរខ្មែរនេះហើយជាប្រភពដ៏មានតម្លៃបំផុត មានអត្ថន័យជាប្រវត្តិសាស្ត្រជួយអភិវឌ្ឍន៍សមត្ថភាពអ្នកស្រុកខ្មែរ ឱ្យកាន់តែប្រសើរឡើងអាចបង្កបង្កើតទ្រព្យ សម្បត្តិវប្បធម៌ជាច្រើន ទុកឱ្យកូនខ្មែរជំនាន់ថ្មីធ្វើជាទុនអភិវឌ្ឍន៍មាតុភូមិរហូត សព្វថ្ងៃ។ ទ្រព្យសម្បត្តិទាំងនោះមានអក្សរសាស្ត្រខ្មែរ សិល្បៈ ប្រពៃណី ទំនៀម ទម្លាប់ដ៏ល្អ៘និងប្រាសាទជាច្រើនពាសពេញព្រះរាជាណាចក្រកម្ពុជា ពិសេសប្រាសាទ អង្គរវត្តដ៏ល្អវិចិត្រនាសតវត្សរ៍ទី១២ និង ប្រាសាទព្រះវិហារដ៏ល្អឯកនាសតវត្សរ៍ទី៩-១១។
ឯសៀមវិញជាអ្នកណា?មកពីទីណា? ចម្លើយត្រឹមត្រូវហើយងាយចាំបំផុតគឺសៀមជាមនុស្សខ្ចាត់ព្រាត់មករស់នៅលើអតីតទឹកដីរបស់ខ្មែរ។ ព្រោះយោងតាមលោកហង់រី ប៉ាកម៉ង់ជេ Henri-Parmentier ជនជាតិបារាំងបានសរសេរសៀវភៅមានចំណងជើងថា"អង្គរ"បោះពុម្ពផ្សាយដោយបណ្ណាគារ អេគ្លីព E.K.L.I.P នៅភ្នំពេញ ឆ្នាំ១៩៦០ បង្ហាញឱ្យដឹងក្នុងទំព័រទី៩ ថា"ពួកសៀមមានឈាមជ័រជាថៃបានចុះពីប្រទេសចិនភាគខាងត្បូងមករស់លើទឹកដីខ្មែរទទួលយកអារ្យធម៌ខ្មែរ ចាត់ទុកខ្មែរជាម្ចាស់លើពួកគេ តែពួកសៀមមិនបង្អង់យូរបានបះបោរប្រឆាំងនឹងម្ចាស់ខ្លួនឯង បង្ក សង្គ្រាមជាបន្តបន្ទាប់និងទីបំផុតដណ្តើមយកទឹកដីកម្ពុជា"។ ចំណែកលោកដូហ្វាំង ម៉ឺនីញេ A.Dauphin-Meunier ជាជនជាតិបារាំងដែរ បានសរសេរសៀវភៅ " ប្រវត្តិសាស្ត្រកម្ពុជា " Que sais-je ? Histoire du Cambodge បោះពុម្ពនៅក្រុងប៉ារីសឆ្នាំ១៩៦៨ លោកបានសរសេរក្នុងទំព័រទី៥០បញ្ជាក់ថា "ពួកសៀមបានបង្កើតរដ្ឋណានចាវនាសតវត្សទី៨នៅយូណានប្រទេសចិន ក្រោយមកបានជ្រៀតចូល មករស់នៅតាមជ្រលងភ្នំនៃភាគកណ្តាលឥណ្ឌូចិននិងភូមា។ ឆ្លៀតឱកាសដែលភូមាត្រូវផ្តួលរំលំដោយពួកម៉ុងហ្គោលដឹកនាំដោយគុប៊ីឡៃខាន់ សៀមបានកាន់កាប់ផ្នែកជាច្រើននៃទឹកដីភូមា ហើយរៀនសូត្រតាមពួកម៉ុងហ្គោលខាងក្បួនទ័ពនិងចម្លងយកអក្សរជ្រៀងខ្មែរទៅប្រើប្រាស់ ធ្វើឱ្យពួកសៀម កាន់ កាប់បានរដ្ឋបាលខ្មែរនៅតំបន់ទន្លេមេណាម។ អ្នកស្រុកខ្មែរបានតស៊ូប្រយុទ្ធប្រឆាំងការវាយលុកបំផ្លិចបំផ្លាញពីសំណាក់ពួកសៀមតែខ្មែរទទួលការ ខាតបង់ធំធេងព្រោះពួកសៀមទទួលបានជោគជ័យបង្កើតជារដ្ឋនិងរាជធានីសុខោទ័យលើអតីតក្រុងរបស់ខ្មែរ"។ សូម្បីតែលោកអនុម៉ាន រាចាថន Anuman Rajadhon ជាសាស្ត្រាចារ្យបណ្ឌិតសៀមម្នាក់នៃសកលវិទ្យាល័យជូឡាឡុងកននិងជាប្រធានគណៈកម្មាធិការពិនិត្យឡើង វិញប្រវត្តិសាស្ត្រថៃនាឆ្នាំ១៩៦៨ក៏លោកបានសរសេរពីប្រវត្តិសាស្ត្រសៀមមានអត្ថន័យដូចលោកប៉ាកម៉ង់ជេ និងលោកម៉ឺនីញេដែរ។ លោកអនុម៉ានបានសរសេរសៀវភៅ "Essay on Thai Folklore " បោះពុម្ពផ្សាយនៅបាងកកឆ្នាំ១៩៦៨បញ្ជាក់ឱ្យដឹងលើទំព័រ ទី៨-១១ថា សៀមមានប្រភពរស់នៅខាងត្បូងទន្លេយ៉ាងសេក្យាង Yang-tse Kiang ប្រទេសចិន ហើយចិនបានកត់ត្រាទុកក្នុងឯកសារហៅ ពួកសៀមថា"អ្នកព្រៃ"។ នាសតវត្សរ៍ទី៧ឬ៨ពួកសៀមបានបង្កើតរដ្ឋឈ្មោះ"ណានចាវ" ដែលជាឈ្មោះបូកផ្សំគ្នារវាងភាសាសៀមនិងចិន។ ពាក្យណានតាមភាសាចិនមានន័យថាទិសខាងត្បូង ឯពាក្យចាវតាមភាសាសៀមមានន័យថាស្តេច។ នាដើមសតវត្សរ៍ទី១៣ ក្រោមការដឹកនាំរបស់ មេដឹកនាំពីរនាក់ ពួកសៀមដណ្តើមបានទឹកដីខ្មែរបង្កើតរដ្ឋសុខោទ័យយកក្រុងឈៀងម៉ៃធ្វើជារាជធានី។ ចុងសតវត្សរ៍ទី១៣នាឆ្នាំ១២៨៣ ស្តេចទី៣ នៃសុខោទ័យឈ្មោះរាមកំហែងបានកាឡៃអក្សរខ្មែរបង្កើតជាអក្សរសៀមដែលសៀមចាត់ទុកថាជាឆ្នាំប្រវត្តិសាស្ត្រនៃវប្បធម៌សៀម។ មុនមានអក្សររបស់ខ្លួន ពួកសៀមប្រើអក្សរខ្មែរហើយដោយសារតែគេប្រើប្រាស់អក្សរខ្មែរនោះហើយទើបសៀមអាចដណ្តើមនិងគ្រប់ គ្រងបានសុខោទ័យ។ កើតបានជារដ្ឋហើយក៏សៀមនៅតែប្រើប្រាស់អក្សរខ្មែរក្នុងផ្នែកព្រះពុទ្ធសាសនាពិសេសសរសេរលើសាស្ត្រាស្លឹករឹត ព្រោះ សៀមមានជំនឿថាអក្សរខ្មែរជាអក្សរសក្ការៈ។ ទោះបីដណ្តើមដីពីខ្មែរបង្កើតបានជារដ្ឋ យកអក្សរខ្មែរកាឡៃបង្កើតបានអក្សរប្រើប្រាស់ ហើយក៏ដោយ ក៏សៀមនៅតែលោភលន់បន្តប្រើកងទ័ពវាយដណ្តើមដីខ្មែរបន្ថែមទៀត ជាក់ស្តែងនាឆ្នាំ១៤៣១ គឺ១៩៣ឆ្នាំបន្ទាប់ពី ដណ្តើមបានសុខោទ័យ សៀមវាយដណ្តើមបាននិងកាន់កាប់ក្រុងអង្គរ លួចប្លន់យកសម្បត្តិវប្បធម៌ខ្មែរស្ទើរតែអស់ នាំឱ្យកើតជា ព្រឹត្តិការណ៍និរាសអង្គរ មនុស្សខ្មែរនិរាសព្រាត់ ប្រាសបែកបាក់គ្រួសារទទួលការឈឺចាប់ជាពន់ពេករាប់រយឆ្នាំ។ តាំងពីពេលនោះមក កូនខ្មែរជំនាន់ក្រោយពុំសូវស្គាល់និងយល់ដឹងពីវប្បធម៌ខ្មែរបានសព្វគ្រប់ឡើយ ជា ហេតុនាំឱ្យមានឧបសគ្គចំពោះដំណើរអភិវឌ្ឍន៍នៃសង្គម ខ្មែរ។ លោកអនុម៉ានសរសេរនៅទំព័រ៨៥ក្នុង Essay on Thai Folklore"ថៃបានទទួលយកបន្តិចម្តងៗភាសាមននិងភា សាខ្មែរ មួយចំនួនធំបញ្ចូលក្នុងភាសាថៃនិងអក្សរសិល្ប៍ថៃ"។ តាមពិតសៀមនិយាយភាសាថៃជាអំបូរភាសាមួយ នៅយូណានប្រទេសចិន តែសៀមបានខ្ចីពាក្យខ្មែរជាច្រើនយកទៅប្រើថែមទៀត ដូចជាពាក្យខ្មែរថាតិះដៀល សៀមថាទិតៀន កល សៀមថាកុន(ភាពយន្ត) កំពែង សៀមថាកាំផែង ថ្នល់ សៀមថាថាណុន រូបរាង សៀមថារូបរ៉ាង សាលារៀន សៀមថារោងរៀន ចម្រើន សៀមថាចារើន ព្រះវិហារ សៀមថាព្រះវិហាន ដើមទុំទេស សៀមថាក្រៈទុំថេត៘ពិសេសលោកអនុម៉ានសរសេរលើទំព័រទី៨៧ថា រាជស័ព្ទដែល កំពុងប្រើសព្វថ្ងៃក្នុងរាជវង្សានុវង្សថៃគឺជារាជស័ព្ទខ្មែរ។ សៀមចម្លងយកប្រពៃណីទំនៀមទម្លាប់ល្អរបស់ខ្មែរដែលចេះគោរពម៉ែឪ គ្រូអាចារ្យចាស់ទុំ ស្រឡាញ់រាប់អានគ្នាជាបងប្អូន ប្រុសដណ្តឹងស្រី ស្លៀកពាក់ផាមួងចងក្បិនអាវកត្រង់ ស្លៀក សំពត់ សារុងចោមពុង ធ្វើផ្ទះរោងដោល រោងឌឿង។ ផ្នែកអក្សរសិល្ប៍ សៀមចម្លងយករឿងរាមកេរ្តិ៍ខ្មែរទៅធ្វើជារ៉ាម៉ាកេន។ ម្ហូបស្ងោរជ្រក់បង្គា (សៀមប្តូរ ហៅតុមយ៉ាំ) ហហ្មុក សម្លកកូរ ទឹកគ្រឿង ...ក៏ជារបស់ខ្មែរតែខុសគ្នាលើចំណុចហិរខ្លាំងព្រោះសៀមចូលចិត្តប្រើម្ទេសច្រើន។ ខ្មែរជា ម្ចាស់ស្រុកមានទឹកដីនេសាទត្រីធ្វើស្រែចំការ មានទីលំនៅច្បាស់លាស់មិនមែនជាអ្នកផ្លាស់ទី មានម្ហូបអាហារស្រស់ឆ្ងាញ់គ្រប់គ្រាន់ ទើបខ្មែរមិនប្រើម្ទេសច្រើនសម្រាប់ភូតអណ្តាតលើករស់ជាតិម្ហូបឡើយ។ ផ្នែកសិល្បៈបុរាណ សៀមបានចម្លងពីខ្មែរដូចជារបាំក្បាច់ បុរាណ ស្បែកធំ ភ្លេងពិណពាទ្យ តែសៀមធ្វើមិនបានល្អដូចខ្មែរយើងឡើយ។ ជំនឿព្រហ្មញ្ញសាសនា ពិសេសពិធីក្នុងព្រះរាជវាំង និង ពិធីបុណ្យទ្វាទសមាស ដូចជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យអុំទូក ព្រះរាជពិធីបុណ្យបង្ហោះខ្លែង៘សៀមធ្វើតាមខ្មែរ ទាំងអស់។ លោកពីទ័រ ចានសាន់ Peter Janssan សរសេរក្នុងកាសែត Hindustan Times ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៨ បានស្រង់សំដីលោក ស៊ូឡាក់ សិវៈរក្សា Sulak Sivaraksa ប្រវត្តិវិទូល្បីល្បាញរបស់សៀមស្តីពីចក្រភពខ្មែរថា"ការរាតត្បាតរបស់សៀម លើទឹកដីខ្មែរ ធ្វើឱ្យខ្មែរចុះទន់ខ្សោយ តែសៀមទទួលយកប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែររួមទាំងជំនឿលើលទ្ធិទេវរាជ និងរបៀបរៀបចំពិធីនៅ ក្នុងវាំង ហើយជំនឿជាទីពេញចិត្តកំពុងពេញនិយមសព្វថ្ងៃ ពិសេសក្នុងជួរអ្នកនយោបាយសៀម គឺយ័ន្តមន្តអាគមគាថា "។
សេចក្តីសង្ខេបប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើបង្ហាញឱ្យឃើញថា សុខោទ័យជាទីកំណើតរបស់រដ្ឋសៀមបានបង្កើតឡើងនា សតវត្សរ៍ទី១៣ គឺមានអាយុប្អូនប្រាសាទព្រះវិហារជាច្រើនសតវត្សរ៍។ ប្រវត្តិសាស្ត្រក៏បានបង្ហាញឱ្យឃើញថាសៀមជាពួកនៅយូណាន ខ្ចាត់ព្រាត់ចុះមករាតត្បាតដណ្តើមទឹកដីខ្មែរហើយយកវប្បធម៌ខ្មែរជា កត្តាផ្តល់ចំណេះឱ្យពួកគេកសាងរដ្ឋថ្មីមួយរីកចម្រើនជាប្រទេស ថៃឡង់សព្វថ្ងៃ។ បច្ចុប្បន្ននេះនាសតវត្សរ៍ទី២១ទៅហើយសៀមនៅតែបង្កើតព្រឹត្តិការណ៍ បែបអនារ្យជនតាមព្រំដែនបង្ហាញឱ្យខ្មែរយើង ឃើញជាក់នឹងភ្នែកគឺសកម្មភាពបន្តរាតត្បាតយកទឹកដីនិងសម្បត្តិ វប្បធម៌ខ្មែរទំនងជាសៀមមិនទាន់បញ្ចប់នៅឡើយទេ។ ស្របដូច លោកអនុម៉ាន បានសរសេរលើទំព័រទី១០ក្នុងសៀវភៅរបស់គាត់ " Essay on Thai Folklore "ថា The Thai never ceased to be on the move ថៃមិនដែលបានឈប់ធ្វើចលនាទៅមុខសោះ។ ដូច្នេះខ្មែរត្រូវតែជឿលើខ្លួនឯង ពង្រឹងខ្លួនឯងឱ្យរឹងមាំ ដោយផ្អែកលើ វប្បធម៌ខ្មែរ គួបផ្សំជាមួយបច្ចេកវិទ្យាទំនើបទើបខ្មែរមានប្រាជ្ញា បារមី ថាមពលខ្លាំងក្លា ការពារបានវប្បធម៌ជាតិ និងទឹកដី និងអាច អភិវឌ្ឍន៍ប្រទេសរីកចម្រើនឆាប់រហ័ស។ ខ្មែរត្រូវតែយល់ឱ្យច្បាស់ថាសត្វសារិកាចូលចិត្តស៊ីផ្លែម្ទេស ទោះបីចេះនិយាយត្រាប់តាមភាសា ខ្មែរបានពិរោះគួរជាទីស្រឡាញ់យ៉ាងណាក៏ដោយក៏សត្វស្លាបនេះពុំអាច ក្លាយជាមនុស្សខ្មែរកើតឡើយ។ មនុស្សខ្មែរត្រូវតែប្រុងប្រយ័ត្ន ជានិច្ចនិងជឿលើពាក្យប្រៀនប្រដៅរបស់ដូនតាយើងថា"ឈើកោងវល្លិ៍ ព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត"៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment