About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, August 7, 2012

វិធីសប្បាយៗដែលធ្វើអោយស្នេហាអ្នកកាន់តែរឹងមាំបន្ទាប់ពីអ្នកក្លាយទៅជាឪពុកម្តាយ


មានកូនជាមួយអ្នកដែលយើងស្រលាញ់គឺជារឿងមួយដែលអស្ចារ្យនិងគួរអោយរីករាយបំផុត។ នៅពេលដែលអ្នកចាប់ផ្តើមមានកូន ពេលនោះទំនាក់ទំនងស្នេហារវាងអ្នកនិងដៃគូត្រូវផ្លាស់ប្តូរទាំងស្រុង។ មានមនុស្សជាច្រើនដែលជួបនឹងបញ្ហាក្នុងការរៀបចំដំណើរជីវិតបន្ទាប់ពីចាប់ផ្តើមមានកូន ដែលមានអ្នកខ្លះរហូតដល់ជួបបញ្ហារកាំរកូសនឹងគ្នាទៀតផង។ នៅពេលដែលអ្នកអាចរៀបចំចាត់ចែងភាពជាមាតាបិតារបស់ខ្លួនបានច្បាស់លាស់តាំងពីដំបូងទីមក នោះអ្នកនឹងមិនជួបនឹងវិបត្តិទាំងអស់នោះឡើយ។ ខាងក្រោមនេះជាវិធីងាយៗសំរាប់ផ្តល់ជាគំនិតបន្តិចបន្តួចដល់អ្នក ដើម្បីអោយជីវិតគ្រួសាររបស់អ្នករស់នៅប្រកបដោយសុភមង្គល។
រៀបចំទំលាប់ក្នុងគ្រួសារ
នេះគឺជាវិធីមួយដែលធ្វើអោយក្រុមគ្រួសារកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលដែលកូនប្រុសរបស់ពួកយើងកើតមក រាល់ពេលបុណ្យណូអែល យើងតែងតែមានទំលាប់មួយគឺ ពួកយើងតែងតែអោយគ្រឿងតុបតែងថ្មីដល់គេ សំរាប់តុបតែងដើមសាប៉ាំងរបស់គេ។ ទោះបីជាពេលនេះគេនៅតូច មិនយល់អំពីបំណងរបស់ពួកយើងក៏ដោយ ក៏នៅពេលដែលគេធំបន្តិចម្តងៗគេនឹងចាប់ផ្តើមដឹងនិងចាប់អារម្មណ៍ទៅលើគ្រឿងតុបតែងដើមសាប៉ាំងរបស់គេនៅឆ្នាំមុនៗដែលពួកយើងអោយគេ ហើយគេប្រាកដជានឹងពេញចិត្តនិងគិតថាឪពុកម្តាយរបស់ខ្លួនយកចិត្តទុកដាក់នឹងគេតាំងពីដើមរៀងមក។ ទំលាប់នៅក្នុងគ្រួសារគឺអ្វីក៏បានដែរស្រេចតែអ្នកកំណត់វាឡើង ដើម្បីអោយក្រុមគ្រួសាររបស់អ្នកមានភាពស្និទ្ធស្នាលនឹងគ្នា។.
មានពេលវេលាសំរាប់អ្នកតែ២នាក់
គ្មានអ្វីសំខាន់ក្នុងជីវិតគូស្រករជាងពេលវេលាដែលមានតែអ្នក២នាក់ឡើយ ពោលគឺគ្មានជនទី៣ យ៉ាងហោចណាស់ក៏ក្នុង១ខែម្តងដែរ ប្រសិនបើអ្នកគ្មានពេលវេលាគ្រប់គ្រាន់ ដែលអ្នកគួរតែមានពេលស្ងប់ស្ងាត់២ឬ៣ម៉ោងតែ២នាក់។ ពីដំបូងនៅពេលដែលកូនរបស់អ្នកនៅតូច កិច្ចការនេះប្រហែលជាមានការលំបាក ប៉ុន្តែអ្នកគួរតែសាកល្បងនិងព្យាយាមធ្វើអោយវាកើតឡើងបាន។ ប្រសិនបើអ្នកមិនអាចរកពេលចេញទៅក្រៅបាន ពេលដែលកូនអ្នកគេងនៅពេលយប់ក៏គឺជាការប្រសើរដែរ។ ដោយសារកូនប្រិសរបស់ខ្ញុំទើបតែមានអាយុ៩ខែ ពួកយើងមិនអាចចេញទៅក្រៅតែនាក់បានឡើយ។ ជារឿយៗពួកយើងតែងតែចំណាយពេលវេលាសំរាប់យើងទាំង២នៅពេលយប់ពេលដែលកូនរបស់យើងគេងលក់។
កំណត់ថ្ងៃជួបជុំគ្នាក្នុងគ្រួសារ
កំណត់ថ្ងៃណាមួយក្នុងសប្តាហ៍ដើម្បីជួបជុំគ្នា។ វិធីនេះគឺបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារកាន់តែខ្លាំងឡើង។ នៅពេលដែលអ្នកជ្រើសរើសថ្ងៃបានហើយ (ជាទូទៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ) អ្នកត្រូវប្រាកដថាអ្នកនឹងអាចធ្វើបាន។ រៀបចំគំរោងដែលអ្នកគិតថាកូនៗរបស់អ្នកអាចចូលរួមជាមួយអ្នកបាន ហើយដៃគួរបបស់អ្នកក៏ពេញចិត្ត។ ប្រសិនបើកូនៗនៅតូច ការទៅទស្សនាសារមន្ទីរឬសួនសត្វគឺជាអនុស្សាវរីយ៍ដ៏ល្អមួយនិងសប្បាយទៀតផង។
ផ្តល់ពេលវេលាឯកជនដល់ដៃគូរបស់អ្នក
ការផ្តល់ពេលវេលាឯកជនដល់ដៃគូរបស់អ្នក គឺមានសារៈសំខាន់បំផុត។ ទុកពេលវេលាអោយគាត់នៅម្នាក់ឯងដោយមិនមានកូនៗមករំខាន គឺជាអំណោយដ៏មានតំលៃបំផុតសំរាប់ស្វាមីឬភរិយារបស់អ្នក។ ជីវិតគូស្រករដែលមានតែគ្នា២នាក់ ពេលខ្លះនៅមានភាពស្មុគ្រស្មាញ ចុះទំរាំតែមានកូនរង៉ោករង៉ាកទៀតនោះ!? អ្នកប្រាកដជានឹងជួបនូវភាពតានតឹងខ្លះៗជាមិនខាន។ នាំកូនៗទៅក្រៅឬនាំពួកគេធ្វើអ្វីមួយកុំអោយរំខានដល់ស្វាមីឬភរិយាអ្នកដែលកំពុងគិតការងារឬកំពុងសំរាកនឹងធ្វើអោយដៃគូរបស់អ្នកមានការពេញចិត្តខ្លាំងមកលើអ្នក។
សូមអ្នកចងចាំថាការដែលមានការថ្លឹងថ្លែងរវាងការបីបាច់ថែរក្សាកូននិងការបីបាច់ថែរក្សាស្នេហានោះនឹងធ្វើអោយជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានភាពរឹងមាំ ផ្អែមល្ហែមនិងមានសុភមង្គល៕

No comments:

CASINO





MOBILE MAGAZINE