About Me

THIS SITE IS UNDER CONSTRUCTION

Monday, August 6, 2012

ដើមចេកជ្វា ក្នុងជំនឿខ្មែរ

កត្តា​ធម្មជាតិ និង​វប្បធម៌ គឺជា​កត្តា​ចម្បង​រមែងតែងតែ​ជះឥទ្ធិពល ដល់​ទំនៀមទម្លាប់​ប្រពៃណី​និង​ការយល់ដឹង​របស់​មនុស្ស​នៅតាម​ស្រុក​ភូមិ​ក្នុង​សង្គម​ខ្មែរ ។​
    ដូចនេះ គេ​សង្កេតឃើញ​មាន លក្ខណៈសម្បត្តិ​អវិជ្ជមាន​របស់​រុក្ខជាតិ​មួយចំនួន​ដូចជា ដើម​ចេកជ្វា​ជាដើម ត្រូវបាន​កំណត់​ដោយ​ប្រពៃណី​របស់​សហគមន៍​ពោល​គឺ មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​របស់​អ្នកស្រុក
 

តាម​លទ្ធផល​នៃ​ការសង្កេត​បានបង្ហាញ​ថា ជាទូទៅ​អ្នកស្រុក​ភូមិ​ខ្មែរ ប្រកាន់​យក​ជំនឿ តៗ​គ្នា​ថា ការដាំ​ដើម​ចេកជ្វា​ក្បែរ​សំយាបផ្ទះ គឺ​ជា​ទង្វើ​នាំមក​នូវ​គ្រោះភ័យ​គ្រប់បែបយ៉ាង​ទាំងអស់ រហូតដល់​បាត់បង់​ជីវិត​ក៏​មាន សេចក្ដីសន្និដ្ឋាន​បែបនេះ​បណ្ដាល​មក​ពី​ពួកគាត់​ជឿថា ខ្មោច បិសាច​អាច​នឹង​ចូល​មក​បៀតបៀន​បាន​យ៉ាង​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ឆ្លងកាត់​តាម​ធាងចេក​តែប៉ុណ្ណោះ ហើយ​កាលបើ​មាន​មនុស្ស​ណា​មួយ​ក្នុងផ្ទះ​ធ្លាក់ខ្លួន​ឈឺ គេ​ព័ទ្ធសីមា​មិន​ជាប់​ឡើយ
    ដោយ​មូលហេតុ​ខាងលើនេះ ទើប​គេ​ហាមឃាត់​មិនឲ្យ​ដាំ​ដើម​ចេកជ្វា​ជាប់​ផ្ទះសម្បែង​ឡើយ លើសពីនេះ​ទៀត ដើម្បី​សេចក្ដីសុខ​សប្បាយ គេ​រមែង​តែង​កាប់​រុក្ខជាតិ​នេះ​ចោល ព្រោះ​វា​ជា​និមិត្តរូប​អាក្រក់​មួយ ក្នុងន័យ​បញ្ចៀស​ឧបទ្រពចង្រៃ ឬ​ក៏​គ្រោះថ្នាក់​គ្រប់​ប្រភេទដល់​ម្ចាស់ផ្ទះ ។​

  
 អ្វី​ដែល​បង្ហាញ​ខាងលើ អាច​បញ្ជាក់​ដោយ​រឿងព្រេង​និទាន​មួយ ដែលមាន​ខ្លឹមសារ​ដូចតទៅ
    យោង​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ យើង​បានដឹង​ថា ប្រវត្តិ​នៃ​ការ​ហាមប្រាម​ដាំ​ដើម​ចេកជ្វា ដែលជាចេក​មាន​គ្រាប់​ខាងលើនេះ មាន​ប្រភព​ចេញពី​វត្ត​វិហារខ្ពស់ នៅ​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ ។​
    ក្នុង​សម័យកាល​ជា​យូរលង់​ណាស់​មកហើយ នៅ​ប៉ែក​ខាងត្បូងវត្ត​វិហារ​ខ្ពស់ មាន​ព្រៃ​មួយ​យ៉ាង​វែង អ្នកស្រុក​មិនដែល​ហ៊ាន​ធ្វើដំណើរ​ឆ្លងកាត់​នៅពេល​យប់​ព្រលប់​ទេ ព្រោះ​នៅក្នុង​ព្រៃ​នោះ​មាន​បិសាច​មួយ​ឈ្មោះ អាគ្រក់ ចេញ​មក​លងបន្លាច ក្នុង​សម័យកាល​នោះ​ដែរ ក៏​មាន​តា​ម្នាក់​ឈ្មោះ គង់ ជា​គ្រូ​គុន​មួយ​យ៉ាង​ពូកែ​គ្មាន​គូ​ប្រៀបបានរស់នៅ​ក្នុង​ភូមិ​ស្រុក​នោះ ថ្ងៃ​មួយ​នៅក្នុង​វត្ត​វិហារ​ខ្ពស់ មាន​រៀបចំ​ពិធីបុណ្យ​មួយ​យ៉ាង​អធឹកអធម លុះ​ដល់​ពាក់កណ្ដាល​អធ្រាត្រ តាគង់ ក៏​វិលត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ​តែ​ម្នាក់ឯង ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃ​នោះ ពេល​កំពុង​ធ្វើ​ដំណើរ​នៅក្នុង​ព្រៃ បិសាច​អាគ្រក់​ក៏​ចេញ​មក​លងបន្លាច​គាត់ តែ​តា​គង់ គ្មាន​អារម្មណ៍​ភ័យខ្លាច​អ្វី​ទាំងអស់ គាត់​បាន​ដាក់​គូទ​អង្គុយ​លើ​ដំបូក ហើយ​និយាយ​ចំអក​ទៅឲ្យ​បិសាច​អាគ្រក់​ថា បញ្ចេញ​ឲ្យអស់​នូវ​អភិនិហា​រមក គ្រាន់​គាត់​បាន​មើល​កំសាន្ដ​ភ្នែក។​

    និយាយ​ពី​បិសាច​អាគ្រក់​វិញ​ម្ដង បាន​ខំ​សម្ដែង​នូវ​រូបភាព​ដ៏​គួរឲ្យខ្លា​ចជា​ច្រើនបែប​ច្រើនយ៉ាង ដើម្បី​បន្លាច​តា​គង់ តែ​ដល់​ឃើញ​តា​គង់​មិន​ខ្លាច បិសាច​អាគ្រក់​ក៏​មួរ​ម៉ៅ​យ៉ាងខ្លាំង ហើយ​ក៏​បបួល​តា​គង់ ប្រលង​ក្បាច់គុន​វិញ​ម្ដង​ដោយ​ធ្វើការ​សន្យាថា អ្នកណា​ចាញ់​ត្រូវ​បំរើ​អ្នកឈ្នះ ក្រោយ​ពី​ព្រមព្រៀងគ្នា​រួចហើយ ការប្រយុទ្ធ​ក៏​ចាប់ផ្ដើម​ឡើង​យ៉ាង​វក់វី ប្រយុទ្ធ​គ្នា​តាំងពី​ពាក់កណ្ដាល​អធ្រាត្រ​រហូត​ដល់​ថ្ងៃ​រះ​ក្រហមព្រឿងៗ កម្ពស់​ចុង​ត្នោត​ក៏​នៅតែ​មិន​ទាន់​ឈ្នះ​ចាញ់ ចំណែក​អ្នកស្រុក ដែល​មក​ចូលរួម​ពិធី​បុណ្យ​ក្នុង​វត្ត កាលពី​យប់​នោះ លុះ​ភ្លឺ​ឡើង​ក៏​បណ្ដើរគ្នា​ត្រសង​ត្រលប់​ទៅ​ផ្ទះសំបែង​វិញ ដោយ​ឆ្លងកាត់​ព្រៃ​នោះ​ក៏​ឃើញ​តា​គង់ កំពុងតែ​គ្រវីដំបង​ហក់លោត​ឆ្វេង​ស្ដាំ ស្រែក​ចេក​ចាច​តែម្នាក់ឯង ឃើញ​ដូច្នេះ អ្នកស្រុក​ក៏​យល់​ភ្លាម​ថា តា​គង់ ប្រាកដ​ជា​កំពុង​ប្រយុទ្ធ​ជាមួយ​បិសាច អាគ្រក់​នោះ​ហើយ ។​






ដើម​ចេកជ្វា​និង​ផ្លែ (ថត​២០១០)

    ឆាក​ប្រយុទ្ធ​បាន​បន្ដ​រហូត​ដល់ យប់ ថ្ងៃ​ឡើង​រាប​ជញ្ជ្រាំង​នៅក្នុង​ស្រែ​បាក់​ខ្ទេចខ្ទី​នូវ​កូនឈើ​ល្អិត​ល្អោច ទើប​បិសាច​អាគ្រក់​ព្រម​ចុះចាញ់​តា​គង់ ចាប់ពីពេលនោះ​មក​បិសាច​អាគ្រក់​ក៏​ត្រូវ​ទៅ​ពុះអុស រែក​ទឹក បម្រើ​តា​គង់នៅ​ឯ​ផ្ទះ​រៀងរាល់​យប់ បិសាច​អាគ្រក់ ក្ដៅក្រហាយ​ខ្លាំងណាស់ ហើយ​តែង​សម្លឹង​រកមើល​ឱកាស​ដើម្បី​សងសឹក​តា​គង់​វិញ តែ​វា​ទៅ​មិន​រួច ព្រោះ​តា​គង់​ក៏​ប្រុង​ប្រយ័ត្ន​ណាស់ដែរ គាត់​បាន​ព័ទ្ធសីមា​នៅ​ជុំវិញ​ផ្ទះ មិន​ឲ្យ​បិសាច​អាគ្រក់​ចូល​បាន​ឡើយ ប៉ុន្ដែ​ចៃដន្យ​មាន​យប់​មួយ​បន្ទាប់​ពី​ត្រលប់​មក​ពី​បុណ្យ​នៅ​វត្ត​វិហារ​ ខ្ពស់​មក​ដល់​ផ្ទះ​វិញ តា​គង់​ហត់នឿយ​យ៉ាង​ខ្លាំង​ក៏​ចូលទៅ​ក្នុង​ផ្ទះ រួច​ប្រះខ្នង​លើ​គ្រែ​ហើយក៏​បាន​លង់លក់​តែម្ដង ដោយ​មិន​បាន​បិទ​បង្អួច​ផ្ទះ នៅក្បែរ​បង្អួច​នោះ​មាន​ដើម​ចេកជ្វា​មួយ​ដើម ទម្លាក់​ធាង​មក​ប៉ះ​នឹង​មាត់​បង្អួច បិសាច​អាគ្រក់​វា​បាន​ក្រវែល​ជុំវិញ​ផ្ទះ លុះ​ដល់​ឃើញ​ដូច្នោះ​វា​សប្បាយចិត្ត​យ៉ាងខ្លាំង រួចហើយ​ក៏​សួរ​តាម​ធាង​ចេកជ្វា​ចូលមក​ក្នុង​ផ្ទះ ហើយ​កាច់​ក តា​គង់ ស្លាប់​មួយ​រំពេច ចាប់ពីពេលនោះ​មក អ្នកស្រុក​ក៏​ខ្លាច​រអាមរ​អូ​ម​លែង​ដាំ​ចេកជ្វា នៅក្បែរ​សំយាបផ្ទះ ហើយ​ជំនឿ​បែបនេះ​ក៏​មាន​រហូតទល់​សព្វថ្ងៃ។​
    ទោះជា​យ៉ាងនេះ​ក៏ដោយ ប្រជាជន​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ជា​ពិសេស​ខេត្ត​ត្រាត និង​ច័ន្ទ​បុរី ព្រមទាំង​នៅក្នុង​ដែនដី​សណ្ដរ​កម្ពុជា​ក្រោម ក៏​ប្រកាន់​នូវ​ជំនឿ​ដូច​គ្នា​ខាងលើ​នេះ​ដែរ ពោល​គឺ​ហាមប្រាម​កូនចៅ​មិនឲ្យ​ដាំ​ដើម​ចេកជ្វា​នៅក្បែរ​សំយាប​ផ្ទះ​របស់​ ខ្លួន​ឡើយ F
 (ម​.ត្រា​ណេ​)

 

No comments:

CASINO





MOBILE MAGAZINE