About Me

THIS SITE IS UNDER CONSTRUCTION

Monday, August 6, 2012

មុខរបរយ៉ាងសាមញ្ញតែអាចរកប្រាក់បានបង្គួរ


ដើម​រាសី អ្នកខ្លះ​ហៅ​ដើម​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ! តែ​ភាគច្រើន​វា​ត្រូវ​បាន​គេ​ហៅថា ដើម​ឫស្សី​ផ្តល់​សំណាង ( Lucky Bamboo) (Dracaena) រុក្ខជាតិ​តូច​មួយ​នេះ ត្រូវបាន​គេ​ស្គាល់​ជាច្រើន​សតវត្សរ៍​មក​ហើយ​ថា ជា​រុក្ខជាតិ​នាំយក​សំណាង​ឲ្យចំ​ពោះ​អ្នក​ដាំ​វា តាមពិត​ទៅ​វា​ពុំមែន​ជា​ឫស្សី​ទេ គឺជា​រុក្ខជាតិ​ថ្នាំង​មួយ​កង់ៗ ដូច​ឫស្សី​ដែរ ទើបបាន​គេ​នាំ​គ្នា​ហៅថា​ជា​ឫស្សី
ដើម​រាសី​នេះ​ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​ច្រើន​ទៅនឹង​ក្បួន​ហុងស៊ុយ​របស់​ចិន​, គេ​ជឿ​ថា​ដើម​នេះ​ជួយ​ផ្តល់​នូវ​ធាតុឈើ និង ទឹក តែបើ​បាន​ចង​ក្រណាត់​បូ​ក្រហម​ផង វា​នឹង​ជួយ​ឲ្យ​ធាតុភ្លើង​មួយទៀត​មក​តុល្យភាព​គ្នា ហូរ​ចូល​មក​ក្នុង​បន្ទប់​រស់នៅ​របស់​យើង
គេ​មាន​ជំនឿ​ទៀតថា ដើម​រាសី​នេះ​មិន​ត្រឹមតែ​មាន​ទំនាក់ទំនង​ជាមួយ​ជំនឿ ទៅលើ​ហុងស៊ុយ​តែ​ប៉ុណ្ណោះ​ទេ​តែ ក៏​ជា​ដើម​រុក្ខជាតិ​ផ្តល់​សំណាង​ល្អ​ផង​ដែរ ក្រៅពីនេះ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើ​ជា​កាដូ សម្រាប់​ជូន​ឲ្យ​គ្នា​ទៅវិញទៅមក នៅក្នុង​ទីផ្សារ​ផងដែរ
ការ​យក​ដើម​រាសី​ធ្វើ​ជា​កាដូ មិន​ត្រូវបាន​គេ​គិតថា ពេលណា ខែ​ណា ទើប​ធ្វើ​បាន​នោះទេ គឺ​យើង​អាច​ឲ្យ​ជា​កាដូ នៅពេល​ណា​ក៏​បាន ដោយហេតុ​ថា ដើម​រាសី​នេះ​ត្រូវបាន​គេ​ដាំ​ក្នុង​ទឹក​ក៏​បាន​នោះ ជា​ហេតុ​ធ្វើឲ្យ​គេ​អាច​តុបតែង​លំអ​វា​ទៅ​ជា​ក្បាច់ក្បូរ​ច្រើនបែប​ច្រើនយ៉ាង​ណាស់ សំរាប់​លក់​នៅ​ក្នុង​ទីផ្សារ​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក
ការយក​រុក្ខជាតិ​នេះ​មក​ច្នៃប្រឌិត សម្រាប់​លក់​ធ្វើ​ជា​គ្រឿង​នាំ​សំណាង អាចនិយាយបាន​ថា​ជា​មុខរបរ​មួយ អាច​ឲ្យ​យើង​រក​ចំណូល​បាន​បង្គួ​រ​ដែរ បើ​យើង​ធ្វើ​វា​បាន​ស្អាត​ល្អ មាន​ការតុបតែង​គួរ​ឲ្យ​ទាក់ភ្នែក​គេ (អ្នកទិញ​)

នៅ​ប្រទេស​ចិន ដូចជា​ហុងកុង សៀង​ហៃ និង តៃវ៉ាន់ ដើម​រាសី​នេះ​ត្រូវបាន​គេ​តុបតែង​លំអ​យ៉ាង​ស្អាត និង អាច​លក់បាន​តម្លៃ​រហូត​ដល់​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ថូ
បើ​យើង​អាច​កែច្នៃ​វា​ឲ្យបាន​ល្អ ស្អាត និង​លក់​ក្នុងតម្លៃ​មួយ​សមគួរ ដែល​គេ​អាច​ទិញ​បាន​នោះ​យើង​នឹង​មាន​ទីផ្សារ​មួយ​ជា​ប្រាកដ បើ​យើង​អាច​ធ្វើ​វា​បាន​ក្នុង​ចំនួន​ច្រើន ហើយ​ផ្ញើ​គេ​ដាក់​លក់​តាម​ទីកន្លែង​នានា

 
នេះ​គឺជា​មុខរបរ​មួយ​ដែល​មិនសូវ​ប្រើ​ដើមទុន​ច្រើន តែ​មាន​លទ្ធភាព​អាច​ពង្រីក​បាន មាន​ទីផ្សារ​ធំ​ទាំង​នៅក្នុង​ប្រទេស និង ក្រៅប្រទេស
ដើម​រាសី​នេះ​ជា​ប្រភេទ​រុក្ខជាតិ​ដែល​អាច​រស់​បាន​ទាំង​ក្នុង​ទឹក និង​ដាំ​នៅ​ដី សម្រាប់​ការតុបតែង​លំអ​គេ​ច្រើន​ដាំ​វា​ក្នុង​ថូ​ឬ​ផើង​ដាក់​ទឹក ដោយហេតុ​ថា​នេះ​ជា​រុក្ខជាតិ​ដែល​មាន​ការលូតលាស់​យឺតៗ ដូច្នេះ​សូម​កុំ​បារម្ភ​ពី​ការលូតលាស់​របស់​វា បើសិន​ត្រូវបាន​ថែទាំ​ល្អ​វា​អាច​រស់​បាន​រាប់សិប​ឆ្នាំ​ទៅ​មុខ
នៅ​ប្រទេស​អាហ្វ្រិក​ដើម​រាសី​មាន​បែប​សណ្ឋាន​ផ្សេង​ខុស​ពី​អ្វី​ដែល​យើង​ធ្លាប់​ឃើញ​នា​ពេល​សព្វថ្ងៃ ប៉ុន្តែ​មិន​សូវ​ត្រូវបាន​គេ​ស្គាល់​ឡើយ តែ​ផ្នែក​ខ្លះ​នៃ​ពូជ​ដែល​នាំចូល​មកពី​អាហ្វ្រិក​មាន​លក់​នៅក្នុង​ប្រទេសខ្លះ នៅ​ប្រទេស​កម្ពុជា​យើង​ក៏​ឃើញ​មាន​ច្រើន ហើយ​ច្រើនបែប​ផង
មាន​ពពួក​ពូជ​ខ្លះ​ត្រូវបាន​គេ​បង្កាត់​ឲ្យមាន​ពណ៌​ផ្សេងៗ​តាម​ដែល​គេ​ចង់បាន ដោយ​លៃ​យ៉ាងណា​ឲ្យ​ប្លែក​ភ្នែក ជួយ​ទាក់ទាញ​ចិត្ត​អ្នកទិញ
ចំពោះ​អ្នក​លក់​ដើម​រាសី​វិញ គាត់​អាច​ពន្យល់​យើង​បាន​ថា ដើម​រាសី​ប្រភេទ​អ្វីខ្លះ​ដែល​ល្អ ហើយ​ត្រូវបាន​គេ​ឲ្យឈ្មោះ​អ្វីខ្លះ
បើសិន​យើង​មានបំណង​ត្រឹមតែ​តុបតែង​លំអ យើង​អាច​ទិញ​វា​ច្រើន​ដើម​រួច​ពត់​ចងវា​ទៅ​ជា​អ្វីមួយ​ដែល​យើង​ចូលចិត្ត តែបើ​យើង​មានបំណង​លក់​ដើម​រាសី​នេះ យើង​ត្រូវ​ស្វែងយល់​ពី​វិធី​តុបតែង​វា​ឲ្យបាន​ច្រើន​បែប​បន្តិច ឯ​ចំណែក​កែវ ថូ ចាន ដែល​យើង​ប្រើ​សំរាប់
ដាំ​វា​នោះ​ទៀត​យើង​ក៏​គួរតែ​រើស​មើល​ឲ្យបាន​សមសួន​ផងដែរ ក្អម​តូចៗ ថូ​ធ្វើ​ពី​ឥដ្ឋ កែវ​ក្បាច់ គល់ឈើ​តូចៗ​ល្មម​សំបក​ដូង ត្រឡោក​ដូង ទាំងអស់​នេះ​សឹង​អាច​ប្រើការ​បាន​សម្រាប់​ដាក់​ដាំ និង​ជា​គ្រឿង​លំអ តែបើយើង​មានបំណង​តុបតែង​ច្រើន​ជាង​នេះ​យើង​គួរប្រើ​ផើង​ធំៗ ដែល​មាន​ក្បាច់ក្បូរ​ទើប​ជា​ការល្អ
* ការបណ្តុះ និង​បំបែក​ដើម​រាសីៈ
ដើម​រាសី​ងាយ​ដុះ​លូតលាស់​ណាស់​តែ​គ្រាន់​តែ​ប្រើ​ពេល​យូរ​បន្តិច​អ្នក​ដាំ​ដើម​រាសី​នេះ​លក់ បាន​ប្រើប្រាស់ ការដាំ​លើដី គឺ​ត្រូវ​ធ្វើដី​មួយ​កន្លែង​ទំហំ​តូច ឬ​ធំ​ទៅ​តាម​ការ​ចូល​ចិត្ត ជីក​ចុះទៅ​ក្រោម​ឲ្យបាន​ជម្រៅ ៥០​សង្ទីម៉ែត្រ កាយ​យក​អាចម៌​ដីចេញ​ឲ្យអស់ ដាក់​ដី​ជីកំប៉ុ​ស្តិ៍ ក្រាល​បាត​កម្រាស់ ១០​សង្ទីម៉ែត្រ ដាក់​ផេះ​អង្កាម​កម្រាស់ ៥​សង្ទីម៉ែត្រ ដាក់​អាច​ម៌រណា កម្រាស់ ១០​សង្ទីម៉ែត្រ ដាក់​ជីកំប៉ុ​ស្តិ៍ ឬ​កំទេច​ឈើ​ពុកៗ កម្រាស់ ៥​សង្ទីម៉ែត្រ បូមទឹក​ដាក់​ចូល​ឲ្យ​លិច​អ្វីៗ​ដែល​យើង​បាន​ដាក់​នោះ នៅពេល​ទឹក​នេះ​រីង​អស់​ត្រូវ​ទុក​ចោល​រយៈ
ពេល​មួយ​សប្តាហ៍​សិន​បើ​មាន​ឬ អាចរ​កស្ករ​កាក​អំពៅ​បាន​គួរ​យក​ស្ករ​នេះ​មក​លាយ​ទឹក ក្នុង​អត្រា ១​លី​ត្រស្ករ (Kg) លាយ​ជាមួយ​ទឹក ៥០​លីត្រ កូរ​ឲ្យ​ស​ព្វរួច​ចាក់ ឬ​បាច​ឲ្យ​ស​ព្វ​ក្នុង​រណ្តៅ​នោះ ដើម្បី​បំប៉ន​ដី​និង​បណ្តុះ​បាក់តេរី​ល្អ
រក​ឫស្សី​បន្ទះ​មួយចំនួន​ពុះ​ច្រៀក​ជា​ពីរ​ឬ​ជា​បី ប្រវែង ៧០cm ទៅ ១០០cm និង​ត្រៀម​ខ្សែ​ខ្លះ​សម្រាប់​ធ្វើ​ជា​ចំណង
បន្ទាប់​ពី​មួយសប្តាហ៍​បាន​កន្លងទៅ យើង​ត្រូវ​បាចទឹក​ឬ​ដាក់​ទឹក​ឲ្យ​ច្រើន​បន្តិច​ជា​បន្ថែម ល្មម​យើង​អាច​ជាន់​វាឲ្យ​បែក​ផុក​បាន

ព្យាយាម​ដើរ​ជាន់​ដី​នេះ​ឲ្យ​បែក​ផុ​ក​តែ​មិន​ត្រូវ​ឲ្យ​វា​រាវ​ពេក ឬ​ស្អិត​ពេក​ឡើយ យក​រនាស់​មករា​ស់​បង្ក្រាបមុខ​លើ​ឲ្យ​ស្មើ ចែក​ផ្នែក​ក្រឡា​វា​ដោយ​ទុក​ចន្លោះ ៦០-៨០cm ក្នុង​ជួរ​នី​មួយៗ​សម្រាប់​ងាយ​ដើរកាត់​នៅពេល​ក្រោយ អូស​ខ្សែ​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀតហើយ
ចង​ចុង​ខ្សែ​ទាំងសងខាង​ទៅ​និង​បង្គោល យក​ឈើ​ឬ ដង​ចបជីក បុក​ចូល​ទៅក្នុង​ដី​បង្កើត​ជា​រន្ធ​ដាក់​ដើម​រាសី​ដែល​បាន​កាត់​ផ្នែក​ខាងចុង​ចេញ​ហើយ​ទុក​តែ​ប្រវែង ៣០​ស​. ដាក់ចូល​ក្នុង​រណ្តៅ​នោះ ដោត​បង្គោល​ឫស្សី យក​ខ្សែ​ឬ​កៅស៊ូ ចង​ផ្អោប​វា​ទៅ​និង​បង្គោល​ឫស្សី ធ្វើបែបនេះ
រហូត​យើង​អាច​ដាំ​អស់​ដើម​រាសី​ដែល​យើង​គ្រោង​ដាំ យើង​អាច​ដាំ​វា​ជា​បន្តបន្ទាប់​ក៏​បាន
បន្ទាប់​ពី​ដាំ​រួចហើយ យើង​ត្រូវ​ចិញ្ច្រាំ​ចំបើង​ឲ្យ​ខ្លីៗ យក​មក​លាយ​ពីលើ​ទី​ដាំ​នោះ​ឲ្យបាន​កម្រាស់ ៥​សង្ទីម៉ែត្រ រួច​សាចទឹក​ដាក់​រាល់ថ្ងៃ លៃ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ដី​នៅក្នុង​រណ្តៅ​នោះ​ស្ងួត​ឲ្យសោះ តែ​ក៏​មិន​ត្រូវ​ឲ្យ​វាលិច​ដី​នោះដែរ ទៅ ៤​សប្តាហ៍​ក្រោយ​យើង​នឹង​ឃើញ
វា​លាស់​ចេញ​បំពង់​ថ្មី​ជាច្រើន​តាម​ដើម​នីមួយៗ​ដែល​យើង​បាន​ដាំ (គួរ​ធ្វើ​របង​ឃាំង​ផង​បើ​ចាំបាច់​) នៅពេលនេះ​យើង​ចាប់ផ្តើម​បង្កើន​ចំនួន​ទឹក​ឲ្យបាន​ច្រើន​គឺ​ធ្វើឲ្យ​ទឹក​លិចគ​ល់​របស់​វា យើង​អាច​ប្រើ​ជីធម្មជាតិ​ដូចជា​ស្លឹក​កន្ធុំ​ថេត ទន្ទ្រាំ​ង​ខេ​ត្រ លាយ​ជាមួយ​ជី​លាមក គេ​ផ្អាប់​ទុក​រយៈ
ពេល​មួយ​សប្តាហ៍​រួច​លាយ​ជាមួយ​ផេះ​អង្កាម​ដើរ​ដាក់​តាម​ជួរ​របស់​វា ដើម្បី​បំប៉ន​ការលូតលាស់​របស់​វា
នៅពេល​ដើមរាសី​មាន​កំពស់ ៦០-៨០cm ហើយ​យើង​អាច​បង្កើន​ការដាក់​ជី​និង ស្រោច​ទឹក​មួយ​សប្តាហ៍​មុន​ពេល​កាត់​វា​មក​តុបតែង​ឬ យកទៅ​លក់​ឲ្យគេ ពេល​កាត់​ត្រូវ​លៃ​ទុក​ឲ្យបាន ២០cm ផ្នែក​គល់​ដើម្បី​ឲ្យ​លាស់​បំពង់​ថ្មី​ទៀត នៅ​រាល់ពេល​ដែល​យើង​កាត់​វា យើង​ត្រូវ​ព​ប​កំបោរ​នៅ​ផ្នែក​ដែល​បាន​កាត់ ឯ​ដើម​ដែល​កាត់​ចេញមក​មិនចាំបាច់​លាប​កំបោរ​វា​ទេ
ដើម​រាសី​ដែល​បាន​កាត់​ចេញមក​មិន​ត្រូវ​ដាក់​វា​ហាលថ្ងៃ​ទេ ត្រូវ​លាយ​ទឹក​ថ្នាំ​បណ្តុះ​ឫស (មាន​លក់​នៅ​ផ្សារ​អូ​ឫស្សី​) មួយ​កម្រ​បលាយ​ទឹក ១០​សង្ទីម៉ែត្រ ត្រាំ​វា​ចំនួន ២៤​ម៉ោង​ទៅ ៤៥​ម៉ោង មុន​ពេល​យកមក​ដាក់​ដាំ​កែវ​លំអ ហាម​ប្រើ​ទឹក​ម៉ាស៊ីន​ត្រូវ​ប្រើ​ទឹក​សុទ្ធ ឬ​ទឹកភ្លៀង ឬ​ទឹក​ម៉ាស៊ីន តែ​ត្រូវ​ទុកចោល ៤៨​ម៉ោង​សិន
ការថែទាំៈ
ដើម​រាសី​ដែល​ដាំ​ក្នុង​ថូ​ដាក់​ទឹក​ត្រូវ​ប្តូរ​ទឹក​នោះ​ចេញ​រាល់​សប្តាហ៍ ទឹក​ត្រូវ​មាន​កំពស់​ត្រឹមតែ ២៥mm ពី​បាត ឬ​មួយ​ថ្នាំងដៃ​ពី​បាត​បាន​ហើយ​មិន​ត្រូវ​ដាក់​ទឹក​ច្រើន​ពេក​ទេ មិន​ត្រូវ​ដាក់​ដើម​រាសី​ត្រង់​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​ច្រើន​នោះ​ទេ វា​គឺជា​រុក្ខជាតិ​ដែល​ត្រូវការ​ពន្លឺ​ក្នុងផ្ទះ
ក្នុង​ម្លប់​តែ​មិនមែន​ពន្លឺ​ចំណី​ព្រះអាទិត្យ​ឡើយ
យើង​អាច​ប្រើ​ជី​ទឹក​ដាក់​លាយ​ជាមួយ​បើសិន​មិន​អាច​រក​ទិញ​បាន​បើ​គ្មាន យើង​អាច​ប្រើ​ដុំថ្ម​តូចៗ ដាក់​ត្រាំ​ក្នុង​ទឹក​ដាំ​វា​នោះ​ក៏បាន​។
យើង​អាច​កាត់​ដើម​រាសី​លក់​ម្តង​ហើយ​ម្តងទៀត តែ​ដើម្បី​ឲ្យ​ដើម​និង​ស្លឹក​របស់​វា​ដុះ​លូតលាស់​ល្អ​គ្មាន​ស្លឹក​ខ្លោច ឬ​ស្លេក​ពណ៌ យើង​គួរ​ធ្វើ​ដំបូល បង្កើត​ម្លប់​ឲ្យ​វា តែ​រក្សា​យ៉ាងណា​ឲ្យមាន​ពន្លឺ​គ្រប់គ្រាន់
ចំពោះ​ការតុបតែង​ជា​រូបរាង​យ៉ាងណា​នោះ​សូម​មើល​តាម​គំរូ​រូប ដែល​មាន​ដាក់​ភ្ជាប់​មក​ជាមួយ​នេះ​ស្រាប់


 

No comments:

CASINO





MOBILE MAGAZINE