ភ្នំពេញៈ តាមវចនានុក្រម សម្តេចសង្ឃរាជជូនណាត ពន្យល់អត្ថន័យពាក្យ ត្រីវិស័យថា ជាឧបករណ៍មួយប្រភេទ រង្វង់មុខស្រដៀង នឹងនាឡិកា មានទ្រនិចវិលចង្អុល ទៅទិសខាងជើងជានិច្ច សម្រាប់អ្នកដំណើរ ប្រើមើលកុំឲ្យវង្វេង និងច្រឡំទិស ត្រីវិស័យជាវត្ថុចាំបាច់ សម្រាប់អ្នកធ្វើដំណើរតាម សមុទ្រ ឬ តាមតំបន់ដែលខ្លួន មិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើត ត្រីវិស័យនេះមុនគេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមាន អាការដូចត្រីទេដឹង ? ព្រោះទ្រនិចសម្រាប់ចង្អុល ទិសកាលណា គេចាប់កាន់ប៉ះ ត្រូវតួរបស់វា, វាតែងកម្រើក រលាស់ញ័រៗ ដូចអាការត្រីបង្រះ ឬហែលទឹក ។
ត្រីវិស័យជាឧបករណ៍ សម្រាប់ស្វែងរកទិស ម្ជុលមេដែករបស់ ត្រីវិស័យចង្អុលទៅ ទិសខាងជើងជានិច្ច។ លើត្រីវិស័យមាន បង្ហាញទិសធំទាំងបួន គឺជើង ត្រូវនឹងមុំ០ ឬ៣៦០ ដឺក្រេ) ខាងកើត (ត្រូវនឹងមុំ ៩០ដឺក្រេ) ខាងត្បូង (ត្រូវនឹងមុំ ១៨០ដឺក្រេ) និងខាងលិច (ត្រូវនឹងមុំ២៧០ដឺក្រេ)។ ក្រៅពីនេះ មានបង្ហាញមុំតូចៗពី ០ដល់ ៣៦០ដឺក្រេ។
ក្នុងរវាងឆ្នាំ ១០០ មុនគ្រិស្តសករាជ ជនជាតិចិនបានរកឃើញ ថាស្លាបព្រាធ្វើពីលោហៈ ធាតុម្យ៉ាង វិលដោយចង្អុល ទៅទិសដដែលៗ។ នេះមកពី ដែនម៉ាញេទិចផែនដី ទាញស្លាបព្រា។ ផ្អែកលើការ សង្កេតនេះ គេក៏បង្កើតបាន ជាត្រីវិស័យ។ ត្រីវិស័យត្រូវបាន ប្រើដំបូងបង្អស់ដោយ ជនជាតិចិនក្នុងអំឡុងឆ្នាំ ១០០០។ បន្ទាប់ពីនេះ ប្រមាណជា១០០ ឆ្នាំក្រោយមក អឺរ៉ុបក៏ចាប់ផ្តើម ប្រើប្រាស់ត្រីវិស័យ។ ត្រីវិស័យដែលយើង ប្រើប្រាស់សព្វថ្ងៃ គឺត្រូវបានច្នៃឡើង ក្នុងរវាងឆ្នាំ ១២០០៕
No comments:
Post a Comment