រមណីយដ្ឋានភ្នំកំពង់ត្រាច ជាកន្លែងទេសចរសុខដុមគ្មានពីរ
រមណីយដ្ឋានភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយស្ថិតក្នុងទឹកដីកំពត ភូមិឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយអ្នកខ្លះហៅ “ភ្នំកំពង់ត្រាច” ឯខ្លះទៀតហៅ “ភ្នំបាក់” ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវ ជាទីស្ថានពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹងឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ ។ នៅអមសងខាងនៃទីវាលបាតភ្នំមានល្អាងជាច្រើនប្រកបដោយរូបសំណាកសត្វ ឬឧបករណ៍ច្រើនប្រភេទកើតឡើង ដោយសារសំណឹកមកជាយូរលង់របស់ផ្ទាំងថ្មធំៗ ហើយអ្នកទស្សនាទាំងឡាយអាចមើលសណ្ឋានកាត់យល់តាមការផ្គូផ្គង ពីសំណាក់មគ្គុទេសក៍ដែលរង់ចាំជូនដំណើរ ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរៀបរាប់ថា រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មានបរិមាត្រប្រមាណប្រហែល ៤ គីឡូម៉ែត្រ និងកម្ពស់ពី ១៥០ ម៉ែត្រទៅ ២០០ ម៉ែត្រ ។ ទីតាំងនៃតំបន់ភ្នំនេះមានអំណោយផលល្អ សម្រាប់ការថតខ្សែភាពយន្តផ្សេងៗជាមួយនឹងទេសភាពស្រស់ត្រកាល ប្រកបដោយសោភ័ណភាពប្រណីតៗ ។ ងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា “វត្តគិរីសីលា” ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឲ្យអារម្មណ៍ហាក់នៅទីស្ថានមួយពោរពេញដោយភាពសុខដុមគ្មានពីរ ។ នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់លំដោយយ៉ាងស្ទាត់ជំនាញ ។
យុវតី សុខ ជា ដែលជាអ្នកនាំភ្ញៀវបាននិយាយថា កន្លងមកមានទាំងភ្ញៀវខ្មែរទាំងភ្ញៀវបរទេស ហើយចម្ងាយពីមាត់ផ្លូវចូលទៅកណ្តាលភ្នំជាទីវាលល្ហល្ហេវ ដែលគេហៅថាជាក្រពះនាគមានប្រវែងប្រហែល ៣០ ម៉ែត្រ ដោយនៅតាមចន្លោះផ្លូវនេះ មានរូបសំណាកសត្វអណ្តើក, រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម, រូបសត្វឥន្ត្រី, រូបទូក ។ លុះដល់ផ្នែងខាងស្តាំនៃទីវាលមានរូបព្រះអង្គចូលនិព្វាន្តមួយអង្គ យ៉ាងធំ ដែលភ្ញៀវទាំងឡាយជាពុទ្ធបរិស័ទតែងគោរពបូជា ។ បន្តទៅតាមបណ្តារូងផ្សេងទៀតមានរូប សំណាកក្បាលអន្ទង់, រូបត្រីបាឡែន, រូបខ្លាត្រី, ក្រពើឆារ៉ាវ៉ាន់, ពស់ស្រកាចាស់,ក្បាលក្រពើ, កំភួនជើងលោកមេទ័ព, ថ្នាក់សម្គាល់កម្រិតទឹក, ដំរីលោកតាសក្កទេវរាជ, ស្គរហនុមាន និងឋានតុសិតជាដើម ។ មគ្គុទេសក៍រូបនេះបញ្ជាក់ទៀតថា នៅត្រង់ចំណុចក្រ ពះនាគនោះដីមួយកន្លែងមានពណ៌ស្វាយ ឯល្អាងខាងលិចទល់មុខនឹងព្រះអង្គចូលនិព្វាន្ត មានកន្លែងទឹកស្រក់ជាប្រចាំមិនថារដូវប្រាំង ឬវស្សាឡើយ ដោយទឹកនោះត្រជាក់ប្រៀបដូចទឹកអម្រឹត៕
No comments:
Post a Comment