About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

វត្តឈើខ្មៅជាទួលសក្តិសិទ្ធិ និង ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាគ្រប់រដូវ
សម្លេង​កាណូត​បើក​កាត់​ផ្ទៃទឹក​បង្កើតបានជា​រលក​តូចៗ​រត់​ប្រដេញ​គ្នា​តាម​ដងស្ទឹង​សង្កែ​ឆ្ពោះទៅកាន់​ភូមិ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ ៥៤ គី​ទ្បូ​ម៉ែត្រ

    នៅ​ចំ​ពីមុខ​ផ្លូវ​ធ្វើដំណើរ​គេ​ប្រទះឃើញ​វត្ត​បុរាណ​មួយ​ហាក់ដូចជា​ប្រាសាទ​
ផុស​ចេញពី​ក្នុង​ទឹក នៅ​កណ្តាល​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប​នោះ គឺជា​វត្ត​ឈើខ្មៅ​ដែលជា​ទួល​សក្តិ​សី​ទ្ធិ ទួល​អណ្តែត​ដែល​សម្បូរ​ដោយ​ដើមឈើ​ខ្មៅ វត្ត​នេះ​សាងសង់​ទ្បើង​នៅ​ឆ្នាំ​១៨៨៧ ហើយ​ព្រះវិហារ​វត្ត​ឈើខ្មៅ​ធ្វើ​ទ្បើង​ពី​រុក្ខជាតិ​ឈើខ្មៅ​សុទ្ធសាធ វត្ត​នេះ​ក៍​ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​មក​ទស្សនា​គ្រប់​រដូវ​កាល​មុននឹង​ទៅ​ទស្សនា​ជំរុំ​សត្វ​ស្លាប​ទឹក​ព្រែក​ទាល់ ។​

    លោក​ទ្បុ​ង ផុន ជំទប់​ទី​១​ឃុំ​ព្រៃ​ចាស់​បាន​បញ្ជាក់ថា​វត្ត​ឈើខ្មៅ​សាងសង់​លើ​ទួល​មួយ​ដែល​ពី​ដើម​សម្បូរ​ទៅដោយ​ដើមឈើ​ខ្មៅ ហើយ​គេ​បាន​កាប់​ឈើ​នោះ​យកមក​ធ្វើ​ព្រះវិហារ ទើប​គេ​ឱ្យ​ឈ្មោះថា​វត្ត​ឈើខ្មៅ កាល​ដើម​ទ្បើ​យ​ទួល​នេះ​គឺជា​ទួល​សក្តិ​សិទ្ធិ​នៅក្នុង​កណ្តាល​តំបន់​ព្រៃរនាម​ដៃ​បឹង​ទន្លេសាប

    ទោះបី​ជាមាន​ទឹកជំនន់​ធំ​ប៉ុណ្ណា ក៍​ទួល​ដែល​សាងសង់​ព្រះវិហារ​នោះ​ពុំដែល​លិចទ្បើ​យ ហេតុនេះ​ទើប​អ្នកស្រុក​ប្រសិទ្ធិ​នាម​ថាទួល​អណ្តែត​ នៅ​រដូវប្រាំង​ព្រះវិហារ​នេះ​មើលទៅ​ដូចជា​ប្រាសាទ​មួយ​ស្ថិតនៅ​កណ្តាល​ព្រៃរនាម ហាក់ដូចជា​អណ្តែត​​ពី​ក្នុង​ផ្ទៃ​ទឹក​ហើយ​នៅលើ​ទួល​នេះ​មាន​សល់​ទូកង​មួយ​ធ្វើ​ពី​ឈើ​គគីរ​ដែល​ដុះ​នៅលើ​ទួល​នោះ ដែល​គេ​កសាង​ទ្បើង​តាំងពី​ពេល​កកើត​វត្ត​ហើយ​មាន​បារមី​ខ្លាំងពូកែ​ពេល​ប្រកួត​ម្តងៗ​មិនដែល​ចាញ់​គេ​ទេ​។​

    លោក​ឈន លៀប មេឃុំ​ព្រៃ​ចាស់​បានឱ្យដឹងថា វត្ត​ខ្មៅ​មាន​អាយុកាល ១២៣ ឆ្នាំនេះ ពី​អតីតកាល​រហូត​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ផ្ទះ​អណ្តែត​ទឹក​ស្ថិតក្នុង​ឃុំ​ព្រៃ​ចាស់ និង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ តែងតែ​នាំគ្នា​ធ្វើបុណ្យ​គោរពបូជា​និង​នៅតែមាន​ជំនឿ​លើ​បារមី​របស់​ព្រះ​ពុទ្ធរូប​នៅក្នុង​ព្រះវិហារ​វត្ត​ឈើខ្មៅ​ឬ​ទួល​អណ្តែត​នេះ​។​

    ព្រឹទ្ធាចារ្យ ឈុំ អាយុ​៧៨​ឆ្នាំ ដែល​រស់នៅ​ឃុំ​ព្រៃ​ចាស់​តាំងពីដើម​មកបាន​និយាយថា បើតាម​ឪពុក​គាត់​ដែល​ស្លាប់ទៅ​ធ្លាប់​ដំណាល​ថា​កាល​ដើម​ទ្បើ​យ​នៅក្រោម​ព្រះវិហារ និង វត្ត​ឈើខ្មៅ​មាន​សត្វ​នាគ​ធ្វើ​រូង​នៅ​ពីក្រោម​ហើយ​ក្នុង​រដូវប្រាំង រដូវវស្សា​ទោះបី​ជាមាន​ទឺ​ក​ជំនន់​ធំ​យ៉ាងណា​ក៍​មិនដែល​លិច​វត្ត ព្រះវិហារ​វត្ត​ឈើខ្មៅ​នេះដែរ ហើយ​វត្ត​នេះ​ក៍មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ​បើ​ប្រជាពលរដ្ឋ​ណា​មាន​ជួប​ទុក្ខលំបាក​អ្វី ក៍មាន​បាត់​ទ្រព្យសម្បត្តិ​អ្វី​ពេល​មក​បន់​រួច​បាន​រកឃើញ​ដូច​ការប៉ង​ប្រាថ្នា បច្ចុប្បន្ននេះ​ជំនឿ​លើ​វត្ត​ឈើខ្មៅ​បាន​សាបរលាប​ខ្លះៗ​ហើយ​។​

    ចំណែក​លោក​ម៉ក់ ស៊ីន​ណា​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា មន្ទីរ​មាន​គម្រោង​ផែនការ​ការពារ​ព្រះវិហារ​វត្ត​ឈើខ្មៅ និង សំណង់​ចាស់ៗ​នៅក្នុង​បរិវេណ​វត្ត​ព្រមទាំង​វត្ថុ​បុរាណ​ដែលមាន​នៅក្នុង​វត្ត​នេះ ទន្ទឹមនេះ​មន្ទីរ​ក៍មាន​គម្រោង​ធ្វើការ​ជួសជុល​ព្រះវិហារ​ទ្បើង​វិញ​ដោយ​រក្សា​ភាព​ដើម ជួសជុល​សាលា​បាលី​កសាង​អាង​ស្តុក​ទឹក និង ដាំ​ដើមឈើ​ទ្បើង​វិញ​ពិសេស​ដើមឈើ​ធំៗ​ហើយ​ហាម​ជាដាច់ខាត​ការកាប់​ដើមឈើ​ព្រៃ​លិច​ទឹក​ដែល​មាននៅ​តំបន់​ជុំវិញ​វត្ត​ដើម្បី​ថែរក្សា​សោភ័ណភាព​វត្ត​មួយ​នេះ​ឱ្យនៅតែ​ស្រស់បំព្រង​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ឱ្យបាន​ច្រើន​៕                                                            

No comments:

CASINO





MOBILE MAGAZINE