សំណើចក្អាកក្អាយផ្តល់អំណោយផលល្អ ៦ យ៉ាងដល់សុខភាព
១. សំណើចជាឱសថបំបាត់ការឈឺចុកចាប់ : នៅពេលដែលលោកអ្នកផ្ទុះសំណើចម្តងៗ សារធាតុនៃភាពសប្បាយរីករាយ នៅក្នុងខួរក្បាលអាចសាយភាយ ។ សារធាតុគីមីនេះមានប្រសិទ្ធិភាពខ្ពស់បំផុត ក្នុងការបំបាត់ការឈឺចុកចាប់ ។ ដូច្នេះសម្រាប់អ្នកដែលមានរោគឈឺសន្លាក់ឆ្អឹង ឬរោគរលាកសន្លាក់ឆ្អឹង គួរសើចឲ្យបានច្រើន ដើម្បីជួយកាត់បន្ថយការឈឺចុកចាប់ ។ ២. ដុតបំផ្លាញកាឡូរីជួយដល់ការសម្រកទម្ងន់ : ការផ្ទុះសំណើចក្អាកក្អាយជាវិធីដ៏ល្អ ក្នុងការរក្សាដងខ្លួនឲ្យមានរាងរៀវតូចស្តើង ។ អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់បានរកឃើញថា ការផ្ទុះសំណើចក្អាកក្អាយរយៈពេលពី ១០ ទៅ ១៥ នាទី អាចបង្កើនការបាត់បង់បរិមាណថាមពល ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ និងដុតបំផ្លាញបរិមាណថាមពលកាឡូរីទៀតផង ។ ៣. ការបង្កើនភាពស៊ាំជំងឺ : ការផ្ទុះសំណើចក្អាកក្អាយជួយបង្កើនគ្រាប់ឈាមសនៅក្នុងរាងកាយ ដែលអាចជំរុញឲ្យប្រព័ន្ធស៊ាំនឹងជំងឺមានថាមពលខ្លាំងក្លា និងអាចប្រឆាំងទៅនឹងមេរោគគ្រប់ប្រភេទទៀតផង ។ ក្រៅពីនេះ ការសើចក៏អាចជួយដល់ចរន្តឈាមរត់បង្កើនល្បឿន ក្នុងការដុតរំលាយអាហារនៅក្នុងរាងកាយ ដែលអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ភ្លឺថ្លា ។ ៤. ធ្វើឲ្យបេះដូងកាន់តែរឹងមាំ : ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកដែលចូលចិត្តនិយាយលេងសើចជាមួយមនុស្សផងទាំងឡាយ អត្រានៃការកើតជំងឺសរសៃឈាមបេះដូងមានកម្រិតទាប ដោយសារតែការសើចអាចធ្វើឲ្យចរន្តឈាមរត់ កាន់តែល្អប្រសើរឡើង ។ ម្យ៉ាងទៀតក្នុងពេលដែលចរន្តឈាមរត់បានស្រួល គឺអាចចៀសវាងការប្រមូលផ្តុំនូវធាតុដែលអាចបំផ្លាញសុខភាព ដូច្នេះហើយទើបអាចកាត់បន្ថយការគំរាមកំហែងដល់សរសៃឈាម និងអាចកាត់បន្ថយអត្រានៃការកើតជំងឺបេះដូង ។ ៥. សើចអាចជួយដល់ការឡើងមុខតំណែង : ការសើច ញញឹមអាចធ្វើឲ្យគេមើលទៅហាក់ដូចជាមានកម្លាំងទាក់ទាញ មានទំនាក់ទំនងល្អប្រពៃនៅក្នុងសង្គម ពោរពេញទៅដោយការជឿជាក់លើខ្លួនឯង ព្រមទាំងអាចជំរុញដល់ការឡើងយសសក្តិទៀតផង ។ ម្យ៉ាងទៀត អាចធ្វើឲ្យមនុស្សផងទាំងឡាយមានចិត្តអង់អាចក្លាហាន ជម្នះបាននូវបញ្ហាលំបាកៗ ។ ចំណែកអ្នកដែលចូលចិត្តសើចងាយនឹងទទួលបានការដំឡើងមុខងារទៀតផង ។ ៦. បណ្តេញសម្ពាធ : មនុស្សម្នាក់នៅពេលផ្ទុះសំណើចក្អាកក្អាយម្តងៗ អាចបំបាត់ទឹកមុខក្រៀមក្រំ និងបណ្តេញកម្លាំងសម្ពាធចេញអស់ពីរាងកាយ ។ ម្យ៉ាងទៀតការបង្ខំចិត្តសើចទទួលទានបាន នូវប្រសិទ្ធភាពខាងលើនេះដែរ ។ ផលវិបាកខ្លះៗនៃការផ្ទុះសំណើចក្អាកក្អាយ ការផ្ទុះសំណើចក្អាកក្អាយក៏ត្រូវមានកម្រិតដែរ ដូចជាអ្នកជំងឺលើសឈាម នៅពេលផ្ទុះសំណើចក្អាកក្អាយ អាចបណ្តាលឲ្យសម្ពាធឈាមកើនឡើងយ៉ាងឆាប់រហ័ស បង្កឲ្យខួរក្បាលកើតជំងឺដំណើរចេញឈាម និងជំងឺរអាក់រអួលនៃខួរក្បាល... ។ល។ រីឯអ្នកដែលទើបតែសះស្បើយពីជំងឺ នៅពេលផ្ទុះសំណើចអាចបណ្តាលឲ្យស្ថានភាពជំងឺរើឡើងវិញ ។ ក្រៅពីនោះនៅពេលទទួលទានអាហារ ឬផឹកទឹកភេសជ្ជៈផ្សេងៗ ហើយផ្ទុះសំណើចក្អាកក្អាយអាចធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ បណ្តាលឲ្យឈ្លក់ និងក្អកខ្លាំងៗ ឬស្ទះដង្ហើមទៀតផង ។ ចំពោះអ្នកជំងឺដែលទើបតែបានធ្វើវះកាត់ ជាពិសេសធ្វើការវះកាត់នៅត្រង់ម្តុំចំណុចដើមទ្រូង ក៏ត្រូវតែកាត់បន្ថយការសើចក្អាកក្អាយទើបជាការល្អប្រសើរ ៕
No comments:
Post a Comment