ក្នុងការដាំដុះបន្លែ កសិករតែងតែជួបប្រទះបញ្ហាមួយចំនួនដូចជា សត្វល្អិត និងជំងឺដែលបំផ្លាញលើដំណាំដែលជាកត្តាមួយយ៉ាងសំខាន់ជំរុញឲ្យទិន្នផលដំណាំថយចុះ ។ នៅពេលនេះ យើងសូមលើកយកបទពិសោធន៍ការពារជំងឺមួយចំនួនរបស់កសិករដូចជាជំងឺរលាកអុជ ( ច្រេះ ) ជំងឺក្រាភ្លើង ជំងឺកួចក ( ស្វិតដើម ) ជំងឺផ្សិតក្រោមធាងជូនបងប្អូនកសិករផ្សេងទៀត ទុកជាគំនិតធ្វើការដកពិសោធន៍ និងសាកល្បងតាម ។
ក. ជំងឺកួចក (ស្វិតដើម)
តាមការសង្កេតរបស់កសិករកន្លងមកបានឲ្យដឹងថា ជំងឺនេះច្រើនកើតនៅខែវស្សាជាពិសេសពេលមានភ្លៀងដើមដៃហើយបណ្តាលមកពីមូលហេតុដូចខាងក្រោម :
១. មូលហេតុ :
- យកគំរបសើមមកគ្របលើរងដំណាំ ដូចជាចំបើងសើម
- ប្រើអាចម៍គោស្រស់
- ដីសើមមានជាតិប្រៃច្រើន
- ដីហាប់មុខលើ អត់ជ្រាប់ទឹក ធ្វើឲ្យដីស្រទាប់ក្រោមមានចំហាយក្តៅកើតមួលក
- ដាក់ជីលើដំណាំហើយស្រោចទឹកមិនគ្រប់គ្រាន់ ឬប្រើទឹកច្រើន ។
២. រោគសញ្ញា :
ដំណាំដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោម :
- គល់ស្ពៃមានពណ៌ក្រមៅប្រផេះ ឫសដាច់អស់ត្រឹមគល់ដើម តែស្លឹកនៅស្រស់
- មានចេញផ្សិតនៅគល់ស្ពៃ ( ប្រសិនអាកាសធាតុមានខ្យល់ហប់ ) ។
៣. វិធានការការពារ :
ដើម្បីការពារជំងឺនេះ លោកពូ ហែម សាវឿន គាត់មានបទពិសោធន៍ប្រើសាច់ជូរខៀវ ។
ខ. ជំងឺរលាក
តាមបទពិសោធន៍របស់កសិករទាំងប៉ុន្មានខាងលើ បានឲ្យដឹងថាជំងឺរលាកនេះកើតឡើងដោយសារមូលហេតុដូចខាងក្រោម :
១. មូលហេតុ :
- ស្រោចជីមិនបានលាងទឹកធម្មតា (ទឹកស្អាត) តាមក្រោយ
- មានភ្លៀងច្រើនពេក
- ដាក់ជីលើដំណាំនៅពេលដីសើមខ្លាំង
- ប្រើគំរបសើម ដូចជា ចំបើងសើម ... ។
២. រោគសញ្ញា :
ជំងឺនេះលេចចេញនូវរោគសញ្ញាដូចខាងក្រោម :
- បែកញើសក្រោមស្លឹក កន្លែងដែលចេញញើសស្លោក បាក់ រលួយ ។
៣. វិធានការការពារ :
ដើម្បីការពារទប់ទល់នឹងជំងឺនេះ កសិករគាត់មានបទពិសោធន៍មួយចំនួនដូចជា :
- យកស្លឹកសង្កែ ឬស្លឹករាំងបុកឲ្យម៉ដ្ឋត្រាំទឹក ។ រួចយកទឹកថ្នាំ ១០ លីត្រនេះ លាយទឹកធម្មតា ១០ លីត្រ បាញ់លើដំណាំ
- ក្តិចកន្លែងដែលកើតជំងឺចោល
- ត្រូវយកទៅចោលឲ្យឆ្ងាយពីចំការ នូវកំទេចកំទីសំរាមដែលកើតជំងឺ
- យកស្លឹករាំង ១ តៅ បុកឲ្យម៉ដ្ឋលាយជាមួយនឹងចុងអង្ករបន្តិចយកទៅត្រាំទឹក ។ បន្ទាប់មក យកទឹកថ្នាំ ១០ លីត្រ លាយជាមួយទឹកធម្មតា ១០ លីត្រ រួចបាញ់លើដំណាំ ។
គ. ជំងឺអុជ (ច្រេះដែក)
តាមបទពិសោធន៍របស់កសិករឃើញថា មូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះគឺ :
១. មូលហេតុ :
- ដីខ្វះជីជាតិ ជាពិសេសជីអាសូត
- ប្រើជីគីមីស្រោចលើដំណាំដោយមិនបានលាងទឹក
- ដីក្តាំងស្រទាប់លើ
- ក្រោយពីមានភ្លៀងធ្លាក់ហើយ មិនបានស្រោចទឹកលាងទឹកភ្លៀងចេញ លើដំណ
- តាមបទពិសោធន៍កន្លងមកឃើញថាការដាំនៅលើដីល្បាយ ងាយកើតជាងនៅលើដីឥដ្ឋ ។
២. រោគសញ្ញា :
ជំងឺនេះលេចចេញនូវរោគសញ្ញា ដូចជា មានអុជពណ៌ច្រេះលេចចេញនៅលើផ្ទៃស្លឹកផ្នែកខាងក្រោមរួចឆ្លងមកដល់ផ្ទៃស្លឹកផ្នែកខាងលើ ។
៣. វិធានការការពារ :
ជំងឺនេះលេចចេញនូវរោគសញ្ញា ដូចជា មានអុជពណ៌ច្រេះលេចចេញនៅលើផ្ទៃស្លឹកផ្នែកខាងក្រោមរួចឆ្លងមកដល់ផ្ទៃស្លឹកផ្នែកខាងលើ ។
ឃ. ជំងឺក្រាភ្លើង
ជំងឺនេះ កសិករតែងតែសង្កេតឃើញថាវាបណ្តាលមកពីមូលហេតុមួយចំនួនដូចខាងក្រោម :
១. មូលហេតុ :
- ដីខ្វះជីជាតិ ក្តាំងផ្នែកខាងក្រោម
- ទឹកច្រើន ជោគជាំ
- អាកាសធាតុប្រែប្រួល មានខ្យល់ហប់ក្តៅ ធ្វើឲ្យជំងឺនេះឆ្លងលឿន ។
២. រោគសញ្ញា :
តាមការសង្កេតរបស់កសិករឃើញថា ជំងឺនេះមានស្លឹកក្រហមរួញៗ (ដូចនំក្រៀប) និងឆ្លងលឿននៅពេលអាកាសធាតុស្ងួត ។
៣. វិធានការការពារ :
ដើម្បីការពារ និងទប់ស្កាត់ជំងឺនេះ កសិករគាត់តែងតែអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម :
- ការដករុក្ខជាតិដែលកើតជំងឺចោល
- យកកំប្លោក ឬស្លឹកឈើងាប់ដុតយកផេះបាចលើដំណាំ រួចស្រោចទឹកលាងផេះឲ្យស្អាត (ត្រូវបាញ់ទឹកលាងឲ្យច្រើនកុំខ្លាចដំណាំដួល) ។
សរុបមក តាមបទពិសោធន៍របស់កសិករ កន្លងមកដើម្បីការពារជំងឺទាំងប៉ុន្មានខាងលើជារួមត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម :
- ត្រូវកាត់បន្ថយការប្រើជីគីមី និងបង្កើនការប្រើជីធម្មជាតិឲ្យបានច្រើន
- ក្រោយពីស្រោចជីហើយ ត្រូវស្រោចទឹកធម្មតាលាងសំអាតដំណាំតាមក្រោយ
- ជៀសវាងការប្រើគំរបសើមគ្របលើរងដំណាំ
- ដើរដករុក្ខជាតិដែលកើតជំងឺចោល និងកាកសំណល់រុក្ខជាតិដែលកើតជំងឺត្រូវដុតចោល ឬយកទៅចោលឲ្យឆ្ងាយពីចំការ
- ធ្វើស្មៅ លើរងដំណាំឲ្យបានស្អាត
- ការពារកុំឲ្យដីស្រទាប់លើក្តាំង
- ការពារកុំឲ្យដីភាពជាំទឹកខ្លាំង ឬជាំទឹកជាប់ ៕
No comments:
Post a Comment