រាជធានីភ្នំពេញ ៖ អស់រយៈពេលបីថ្ងៃមកហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំកំចាយឈ្មោះទូច ដារ៉ូ ត្រូវដែកថ្នាំងអំពៅចាក់ទម្លុះឆ្អឹងខ្នងធ្លាយដល់គូទនោះ ត្រូវបានវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតធ្វើការវះកាត់យកដែកចេញដោយសុវត្ថិភាព ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យតែមិនទាន់អាចហូបបាយបាននៅឡើយទេ ។
អ្នកស្រីទូច ហ៊ន ដែលអះអាងថា ត្រូវជាម្តាយកម្មកររងគ្រោះខាងលើ បាននិយាយទាំងទឹកមុខក្រៀមក្រំក្នុងមន្ទីរពេទ្យកាល់ម៉ែតកាលពីរសៀលថ្ងៃទី២១ កក្កដា ថា កូនប្រុសគាត់ទូច ដារ៉ូ អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ជាកូនទី៥ ក្នុងចំណោមកូន៦នាក់ ។ ដារ៉ូជាអតីតសិស្សអនុវិទ្យាល័យចក្រីទីង ហើយឈប់រៀនត្រឹមថ្នាក់ទី១០ ព្រោះជីវភាពគ្រួសារខ្វះខាត ទើបមកសុំធ្វើការជាកម្មករនៅការដ្ឋានសាងសង់វារីអគ្គិសនីភ្នំកំចាយស្ថិតក្នុងស្រុកទឹកឈូ ។
កូនប្រុសគាត់បម្រើការងារនៅទីនោះបានរយៈពេលពីរខែ ក៏ជួបគ្រោះចង្រៃធ្លាក់ដែកសរសៃចាក់ចំឆ្អឹងខ្នងធ្លាយមកគូទកាលពីថ្ងៃទី១៩ កក្កដា វេលាម៉ោង៩ និង៣០នាទីព្រឹក ហើយត្រូវគេបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែតនាថ្ងៃដដែល ។ គាត់ព្រមទាំងប្តីមានការរន្ធត់ស្ទើរគាំងបេះដូងស្លាប់ចោលកូន ខណៈពេលដែលគេទូរស័ព្ទមកប្រាប់ថា កូនប្រុសទូច ដារ៉ូ ត្រូវដែកដោតជាប់ឆ្អឹងខ្នងធ្លាយមកគូទ ។ ស្ត្រីជាម្តាយនិយាយទៀតថា ក្រោយពីក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់យ៉ាងយកចិត្តទុកដាក់ដើម្បីយកដែកនោះចេញដោយប្រើពេលវេលាអស់ជាច្រើនម៉ោងមក ពេលនេះកូនប្រុសគាត់បានរួចផុតពីស្លាប់តែមិនទាន់អាចហូបអ្វីបានឡើយ ដោយគ្រូពេទ្យប្រាប់ថា ដារ៉ូត្រូវរបួសចំពោះវៀនធំ និងប្លោកនោមដែលមិនទាន់អនុញ្ញាតឱ្យហូបទេ។
ចំណែកលោកអ៊ុក ស៊ុនដែលត្រូវជាឪពុករបស់កម្មកររងគ្រោះខាងលើបញ្ជាក់ថា ពេលកូនគាត់ជួបហេតុការណ៍នេះត្រូវបានខាងក្រុមហ៊ុនសាងសង់វារី អគ្គិសនីភ្នំកំចាយជួយចេញលើការចំណាយវះកាត់ និងការស្នាក់នៅក្នុងមន្ទីរពេទ្យ ក៏ប៉ុន្តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់គាត់ពេលនេះកំពុងជួបការខ្វះខាតជាខ្លាំង ហើយលោកក៏សុំថ្លែងអំណរគុណតាមរយៈសារព័ត៌មានកោះសន្តិភាពដល់ មន្ទីរពេទ្យកាល់ម៉ែតដែលជួយសង្គ្រោះជីវិតកូនគាត់ឱ្យចាកផុតពីសេចក្តីស្លាប់ ៕
No comments:
Post a Comment