About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, July 13, 2011

អ្នកជំនាញ​៖ គ្រាប់បែក​ចង្កោម​របស់​ថៃ នៅ​រាយប៉ាយ​លើ​ទឹកដី​កម្ពុជា​ជិត ២០០ គីឡូម៉ែត្រ​ក្រឡា​

មន្ត្រី​ជំនាញ​ខាង​មីន របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CMAC បានប្រកាសថា គ្រាប់បែក​ចង្កោម ដែល​ទាហាន​ថៃ បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លានពាន​កម្ពុជា នៅ​តំបន់​ព្រម​ដែន​ប្រាសាទ​ព្រះវិហារ ក្នុង​ពេល​កន្លងមក  បាន​រាយប៉ាយ នៅ​តំបន់​ភ្នំ​ព្រះវិហារ ដែល​គិត​ជា​ផល​ប៉ះពាល់​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៨២ គីឡូម៉ែត្រ​ក្រឡា​។ ផល​ប៉ះពាល់​ពី​គ្រាប់បែក​ចង្កោម​នោះ នឹង​ធ្លាក់​មក​លើ​ប្រជាជន​កម្ពុជា នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​យ៉ាងពិត​ប្រាកដ​។

​ជាមួយ​នឹង​សេចក្តីប្រកាស​ខាងលើ មន្ត្រី​ជំនាញ​ដោះមីន​កម្ពុជា ក៏​បាន​បង្ហាញ​កង្វល់​ចំពោះ​គ្រោះថ្នាក់​ពី​គ្រាប់បែក​ចង្កោម​ដ៏​ប្រល័យ​របស់​ថៃ នៅលើ​ទឹកដី​កម្ពុជា​។ ម្យ៉ាងទៀត អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ទៅ​ភាគី​ថៃ ឲ្យ​បង្ហាញ​ទិន្នន័យ​ដ៏​ច្បាស់លាស់​មួយ អំពី​គ្រាប់បែក​ចង្កោម ដែល​ខ្លួន​បាន​បាញ់​ចូល​ទឹកដី​កម្ពុជា និង​នៅត្រង់ចំណុច​ណាខ្លះ​? ដើម្បី​ជា​សញ្ញា មន្ត្រី​ជំនាញ​ដោះមីន​កម្ពុជា រុករក​ឃាតករ​បិទមុខ​មួយ​នេះ​។​

​លោក សា​ឯម ព​ណ្ណា​រាយ ប្រធាន​កងឯកភាព​តំចាត់​មី​ន​ទី​៣ របស់ CMAC ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១១ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប្រាសាទ​ព្រះវិហារ ដែល​ជា​តំបន់​ផ្ទុះ​សង្គ្រាម​ថា គ្រាប់បែក​ចង្កោម​ត្រូវបាន​ទាហាន​ថៃ ប្រើប្រាស់​បាញ់​ចូល​ក្នុង​ទឹកដី​កម្ពុជា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ​ពី​ជាង ១០ គីឡូម៉ែត្រ ទៅ​ជាង ២០ គីឡូម៉ែត្រ ពី​ព្រំដែន​។​

​លោក សា​ឯម ព​ណ្ណា​រាយ បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ជម្លោះ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ គឺ​គ្រាប់បែក​ចង្កោម បាន​ធ្លាក់​រាយប៉ាយ នៅ​លើ​ភូមិ​ជាច្រើន​របស់​កម្ពុជា ដែល​ក្នុងនោះ មាន​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ហ៊ុន សែន ភូមិ​សែន​ជ័យ និង​ភូមិ​បុស្បូវ ស្ថិតក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ ក្នុងចំណោម​គ្រាប់បែក​ចង្កោម​ទាំងនោះ ត្រូវបាន​មន្ត្រី CMAC បញ្ជាក់​ទាំង​ក្ដី​កង្វល់​ថា វា​បាន​ប៉ះពាល់​លើ​ផ្ទៃដី​សរុប​រហូតដល់ ១៨២ គីឡូម៉ែត្រ​ក្រឡា​ឯណោះ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ មន្ត្រី​ទទួលបន្ទុក​ដោះ​មីន​ខាងលើ មិន​បាន​បញ្ជាក់​អំពី​ចំនួន​តួលេខ​ពិតប្រាកដ​ពី​គ្រាប់បែក​ចង្កោម​របស់​ថៃ​នោះ​ឡើយ​។ ប៉ុន្តែ​លោក​បាន​រកឃើញ​មកដល់​ពេល នូវ​គ្រាប់បែក​ចង្កោម​ធុន​គ្រាប់ផ្លោង​ប្រភេទ ១០៥ និង​ធុន ១៥៥ មី​លី​ម៉ែត្រ ប្រមាណ ៤១៤ គ្រាប់ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ។​

​លោក សា​ឯម ព​ណ្ណា​រាយ បាន​បញ្ជាក់​ថែម​ទៀត​ថា ក្នុង​គ្រាប់ផ្លោង​មួយ​គ្រាប់​របស់​ថៃ ដែល​ជា​ប្រភេទ M 85 គឺ​មាន​គ្រាប់បែក​ចង្កោម​តូចៗ​ជាង ៤០​គ្រាប់ និង​ប្រភេទ​គ្រាប់ M 42 មួយ​គ្រាប់ មាន​គ្រាប់បែក​ចង្កោម​ចំនួន ៨៦​គ្រាប់​។ គ្រាប់​នីមួយៗ មាន​អំបែង​ប្រមាណ ៤០០ អំបែង​ឯណោះ ។ គ្រាប់​នីមួយៗ ក៏​មាន​កម្លាំង​ផ្ទុះ​រហូត​ទៅ​ដល់ ៤០០០ អង្សា​។

​អ្នកជំនាញ​រូបនេះ បាន​ពន្យល់ថា គ្រាប់បែក​ចង្កោម គឺជា​គ្រាប់បែក​ប្រឆាំង​ទ័ពថ្មើរជើង ហើយ​គ្រាប់បែក​នោះ ធ្លាក់​ត្រង់ណា គឺ​ទី​នោះ មិន​អាច​ឲ្យ​កងទ័ព ឬ​ប្រជាជន ឈរជើង និង​រស់នៅ​បាន​ឡើយ មានន័យ​ថា ថៃ​បាន​គ្រប់គ្រង​តំបន់​នោះ​។

​លោក សា​ឯម ព​ណ្ណា​រាយ បាន​បន្តទៀតថា គ្រាប់ផ្លោង ដែល​ធ្លាក់ ហើយ​គ្រាប់បែក​ចង្កោម​តូចៗ ធ្លាក់​មកដល់​ដី​ហើយ មិន​ផ្ទុះ​វា​បង្ក​ការគ្រោះថ្នាក់​យ៉ាង​ខ្លាំងក្លា​បំផុត នៅពេល​ណា​ប្រជាជន​កម្ពុជា ទៅ​ប៉ះពាល់ នោះ​វា​នឹង​ផ្ទុះ​ភ្លាម​។ គ្រាប់បែក​ចង្កោម​តូច​មួយ​គ្រាប់ អាច​សម្លាប់​មនុស្ស​បាន​ជាច្រើន​នាក់ ថែមទៀត​ផង​។

​លោក​បញ្ជាក់ថា នៅ​ចំការមីន​មួយ ក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត កងឯកភាព​កំចាត់​មីន​ទី​៣ បាន​ដោះ​រួចរាល់​ជា​ស្ថាពរ​លើ​ផ្ទៃដី​ចំនួន ៤០០ ហិកតា ឥឡូវ​គ្រាប់បែក​ចង្កោម បាន​ធ្លាក់​មក​លើ​ផ្ទៃ​ចំនួន ៤០០ ហិកតា ដែល​ដោះ​រួច​នោះ ដែល​ជា​ហេតុ​ធ្វើឲ្យ CMAC ប្រឈម​ទៅ​នឹង​ការរៀប​ដោះមីន​ជាថ្មី ហើយ​ប្រើប្រាស់​រយៈពេល​យូរ​តទៅទៀត ។​

​គេ​បាន​សិក្សា​ថា ចំនួន ៣ ភូមិ ដែល​ទទួលរង​ផលប៉ះពាល់​គ្រាប់បែក​ចង្កោម​នោះ គឺ​មាន​ប្រជាជន​សរុប ១៥៩៧ គ្រួសារ និង​ស្មើ ៥៥៦២ នាក់​។ ប្រជាជន​ទាំងនោះ កំពុងតែ​បារម្ភ​គ្រប់បែបយ៉ាង អំពី​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​ឃាតករ​បិទមុខ ( គ្រាប់បែក​ចង្កោម ) នោះ​។​

​ចំណែក​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ​ថា ភាគី​ថៃ គួរតែ​បង្ហាញ​ពី​ទិន្នន័យ​មួយ​យ៉ាង​ពិតប្រាកដ ដល់​ភាគី​កម្ពុជា ពី​ចំនួន​គ្រាប់បែក​ចង្កោម ហើយ​គ្រាប់​នោះ​បាញ់​ចេញពី​គោលដៅ​ណា ហើយ​ធ្លាក់​ចូល​ទឹកដី​កម្ពុជា​នៅ​តំបន់​ណា ដើម្បី​ងាយស្រួល​សំរាប់​កម្ពុជា​រុករក ។​

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា ថៃ​គួ​តែ​បង្ហាញ​ការពិត​ដ៏​ស្មោះត្រង់​មួយ ចំពោះ​កម្ពុជា មិន​ត្រូវ​លាក់លៀម អំពី​ការអៀនខ្មាស់​របស់ខ្លួន ចំពោះ​សកម្មភាព​របស់​ខ្លួន​ឡើយ ព្រោះ​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម គឺ​ផ្ទុយទៅនឹង​ច្បាប់​អន្តរជាតិ​។

​កាលពីពេល​កន្លង​ទៅ Chuster Munition Coalition ( CMC ) ដែល​ជា​ចលនា​សង្គម​ស៊ីវិល​អន្តរជាតិ​មួយ បាន​ធ្វើ​ការប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម ហើយ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ថៃ ចំពោះ​គ្រាប់បែក​ចង្កោម​នៅក្នុង​ប្រយុទ្ធ​គ្នា​ជាមួយ​កម្ពុជា កាលពីដើម​ខែ​កុម្ភៈ​កន្លងទៅ​។​

​សេចក្តី​ថ្លែង​ការ គឺ​បាន​ធ្វើឡើង បន្ទាប់​ពី​អគ្គរាជទូត​ថៃ​ប្រចាំ​អង្គការសហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ទាហាន​ថៃ​ពិតជា​បាន​ប្រើប្រាស់ គ្រាប់បែក​ចង្កោម​ប្រឆាំង​នឹង​កម្ពុជា​ពិតមែន ។​

​គ្រាប់បែក​ចង្កោម​របស់​ថៃ ដែល​បាន​ប្រើប្រាស់ ក្នុង​សង្គ្រាម​ឈ្លានពាន​កម្ពុជា កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១១ បាន​ឆក់យក​ជីវិត​កងទ័ព និង​ប្រជា​ជនស្លូតត្រង់​កម្ពុជា​ចំនួន ២ នាក់ និង​ធ្វើ​ឲ្យ​បុរស ២ នាក់ ពិការ​ដៃ ព្រមទាំង ៥ នាក់​ផ្សេង​ទៀត របួសធ្ងន់​។​

​ការលើក​បង្ហាញ​របស់​មន្ត្រី​ជំនាញ​ពី​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​ថៃ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៧​កក្កដា ឆ្នាំ​២០១១ ជា​ផ្នែក​មួយ នៅក្នុង​កម្មវិធី​ជា​ស៊េរី ដែល​រដ្ឋាភិបាល​កម្ពុជា រៀបចំ​ពិធី​ទ្រង់ទ្រាយ​ធំ ដើម្បី​សាទរ​ខួប ៣ ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ៕

No comments:

CASINO





MOBILE MAGAZINE