About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

​ព្រះសង្ឃ​វត្ត​ច្បារអំពៅ ជំទាស់​នឹង​ការស្នើសុំ​វាស់វែង​ដី​ស្រះ​ក្នុង​វត្ត​

នៅ​រសៀល​ថ្ងៃទី​១​ កក្កដា​នេះ លោក ហៀក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ធ្វើការ​សម្របសម្រួល​រវាង​ព្រះសង្ឃ​វត្ត​ពោធិ៍​ ព្រះ​បាត្រ ហៅ​វត្ត​ច្បារអំពៅ ជាមួយ​លោក ជៀង ញឹ​ប មុននឹង​ឈានទៅដល់​ការកំណត់​ព្រំដី​របស់​វត្ត និង​ដី​របស់លោក ជៀង ញឹ​ប​។

​    ​ប៉ុន្តែ​ការសម្របសម្រួល បាន​បរាជ័យ ដោយ​ព្រះសង្ឃ​រាប់សិប​អង្គ និង​គណៈកម្មការ​វត្ត​បាន​ជំទាស់​។​
​    ​ព្រះគ្រូ​ចៅ​អ​ធិ​វត្ត​ច្បារអំពៅ ព្រះនាម ហោ សុខុន មាន​សង្ឃដីកា​ថា កាលពី​ថ្ងៃទី ៧ មេសា ឆ្នាំ ២០១១ កន្លងទៅនេះ លោក ជៀង ញឹ​ប ម្ចាស់​សំណង់​ផ្ទះល្វែង​មាន​ទីតាំងនៅ​ចំណុច​មុខ​វត្ត​ច្បារអំពៅ បាន​យក​អេ​ស្កា​វា​ទ័​រ មក​ឈូសឆាយ បោះបង្គោល​ថ្ម​រំលោភ​យក​ដី​វត្ត​អស់​ជាច្រើន​ម៉ែត្រក្រឡា​។ ការ​ឈូសឆាយ​នេះ ឈ្មោះ ជៀង ញឹ​ប បានធ្វើ​ដោយ​មិន​ជូនដំណឹង​ដល់​ព្រះសង្ឃ​អាចារ្យ និង​គណកម្មការ​វត្ត​ឡើយ​។ ទង្វើ​រំលោភបំពាន​ខាងលើនេះ ធ្វើ​ឲ្យ​វត្ត​បាត់បង់​ដី​ជាច្រើន​ម៉ែត្រក្រឡា ដែល​ដី​នេះ​ជា​គរុភណ្ឌ​វត្ត បាន​បន្សល់​ទុកជា​យូរ​មកហើយ​។​

   ​ព្រះគ្រូ ហោ សុខុន មាន​សង្ឃដីកា​បន្តថា ព្រះអង្គ​បានធ្វើ​លិខិត​ជូន​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​ករណីនេះ ហើយ​នៅ​រសៀល​ថ្ងៃទី ១ កក្កដា​នេះ គណៈកម្មការ​របស់​សាលាខណ្ឌ​មានជ័យ​ដឹកនាំ​ដោយ​លោក​ហៀក ចាន់​លាង អភិបាលរងខណ្ឌ បាន​ចុះមក​សម្របសម្រួល​ករ​ណី​នេះ​។ ប៉ុន្តែ​ត្រូវ​ទទួល​បរាជ័យ មិន​សម្រេច​អ្វី​ទាំងអស់ ។ ​ព្រះអង្គ​បានបញ្ជាក់​ថា ព្រះអង្គ​នឹងធ្វើ​លិខិត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ពី​រឿង​ដី​នេះ ព្រោះ​ជា​សម្បត្តិ​សាធារណៈ មិនមែន​ទ្រព្យសម្បត្តិ​ព្រះអង្គឯង​នោះទេ ។​
​    ​
ចំណែក​លោក ហៀក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ បាន​លើកឡើងថា លោក​ចុះមក​សម្របសម្រួល​រឿងនេះ គឺ​យោងតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ ២៨៤ ចុះ​ថ្ងៃទី ៣ មិថុនា ២០១១ ចុះហត្ថលេខា ដោយ​លោក​កែប ជុតិមា ដោយ​បញ្ជាក់​ក្នុង​កម្មវត្ថុ​ថា ករណី​សុំ​វាស់វែង​រក​ព្រំដី និង​សាងសង់​របង​របស់លោក​ជៀង ញឹ​ប​។ ខ្លឹមសារ​លិខិតបញ្ជាក់​ថា ចំពោះ​សំណើរ​សុំ​វា​ស់វែងរក​ព្រំដី និង​សាងសង់​របង​របស់លោក ជៀង ញឹ​ប ស្ថិតនៅ​ភូមិ​ស្លែង សង្កាត់​ច្បារអំពៅ​២ សាលា​រាជធានី​ភ្នំពេញ​ឯកភាព​តាម​មតិ​របស់​សាលាខណ្ឌ​។ ប៉ុន្តែ​គួរ​សម្របសម្រួល​ជាមួយ​គណៈកម្មការ​វត្ត​ជាមុនសិន​។​

   ​ខណៈពេល​ការប្រឈមមុខ​ដាក់គ្នារ​វាង​ព្រះសង្ឃ និង​លោក ជៀង ញឹ​ប មិនអាច​សម្របសម្រួល​បាន លោក ហៀក ចាន់​លាង មានប្រសាសន៍ថា នឹង​ប្រគល់​រឿងនេះ ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកដោះស្រាយ ។​
​    ​
រីឯ​លោក ជៀង ញឹ​ប បាន​លើកឡើងថា លោក​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​នេះ តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ​។ គាត់​មិនបាន​រំលោភ​យក​ដី​វត្ត ឬ​ស្រះ​វត្ត ដូច​ការចោទប្រកាន់រ​បស់​ព្រះសង្ឃ​ឡើយ​៕

No comments:

CASINO





MOBILE MAGAZINE