About Me

THIS SITE IS UNDER CONSTRUCTION

Sunday, July 3, 2011

ដំណើរ​កម្សាន្ត​លើទឹក​ដី​ខេត្តកំពត​

កំពត​ជា​ខេត្ត​មាត់សមុទ្រ​មួយ​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា ខេត្តកំពត​មាន​ទីក្រុង​ឈ្មោះ​ក្រុង​កំពត មាន​ផ្ទៃដី ៤.៨៧៣ គីឡូម៉ែត្រ​ការ៉េ ដង់ស៊ីតេ​ប្រជាពលរដ្ឋ​១.០៨៤​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៥២៨.៤០៥ នាក់ (​ជំរឿន​ឆ្នាំ​២០០៨) ។ ខេត្តកំពត​មាន​ក្រុង​មួយ និង​ស្រុក​ប្រាំបី​ដែល​ចែកចេញជា ៩៣ សង្កាត់​-​ឃុំ រួមមាន ៤៨៨ ភូមិ ។ ខេត្តកំពត​ជា​ខេត្ត​ទេសចរណ៍​មួយ​ដែលមាន​ភាពល្បីល្បាញ​តាំងពី​ជំនាន់​អាណានិគម​បារាំង​មកម្ល៉េះ ។ រមណី​ដ្ឋា​ន​ទាំងឡាយ​របស់​ខេត្ត​មាន ទឹកឈូ​, កែប​ថ្មី​, ភ្នំ​បូកគោ​, ភ្នំ​កំពង់ត្រាច​, ប្រាសាទភ្នំ​ឈ្ងោក​, ភ្នំ​ស​, ព្រែក​អម្ពិល​, ប្រាសាទភ្នំ​ខ្យង​, ភ្នំ​ដូង​, ទំនប់​ម្លិ​ច​, ទំនប់​ប្រទាក់ក្រឡា​, អន្លង់​ធំ និង​តំបន់​អភិរក្ស​សត្វ​ក្រៀល​កំពង់ត្រាច ។​
​ 
  ​ភ្នំ​បូកគោ រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​រៀបចំ​ឡើងវិញ​
​    ​ភ្នំ​បូកគោ​មាន​ចម្ងាយ ៤២ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត ។ បើតាម​ឯកសារ​ទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ទេសចរណ៍​បាន​ទៅដល់​ភ្នំ​បូកគោ​តាំងពី​ឆ្នាំ​១៩១៧ លុះ​ក្រោយមក​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លូ​ស ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​បានរៀបចំ​ទីនោះ ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ដំបូង​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩២២ ។ កាលណោះ​បូក​គោក​គ្រាន់តែ​ជា​តំបន់​សម្រាក​ល​ម្លែ​កាយ​របស់​អាណានិគម​បារាំង និង កា​រល​ម្លែ​ផ្លាស់ប្តូរ​អាកាសធាតុ​ពី​តំបន់ឆ្នេរ​មក​តំបន់ភ្នំ​តែប៉ុណ្ណោះ ។​
​    ​កំពូលភ្នំ​បូកគោ​មាន​កម្ពស់ ១.០៧៥ ម៉ែត្រ អាកាសធាតុ​នៅ​ទីនោះ​មាន​ភាព​ត្រជាក់​បង្គួរ រុក្ខជាតិ​ទាំងឡាយ​នៅ​ទីនោះ​ស្រស់បំព្រង​ជានិច្ច​នៅ​គ្រប់​រដូវ ព្រមទាំង​មាន​ធម្មជាតិ​ល្អៗ ដូចជា ផ្ទាំង​ថ្ម​យ៉ាងច្រើន​បង្កើតបានជា​ទេសភាព​គួរ​ឲ្យ​ជក់ចិត្ត​ក្រៃលែង ហើយ​អ្វីដែល​ពិសេស​នៅលើ​កំពូលភ្នំ​បូកគោ​គេ​អាច​មើលឃើញ​ផ្ទៃសមុទ្រ​ខៀវស្រងាត់​ជាប់ជើង​មេឃ ហើយ​ជាពិសេស​ភ្ញៀវ​អាច​ទស្សនា​ឃើញ​ក្រុង​កំពត ក្រុងកែប និង​ក្រុងព្រះសីហនុ ។ នៅ​សម័យ​សង្គ្រាម​រាស្ត្រនិយម​មាន​សង់​សំណង់​សាធារណៈ​ជាច្រើន ដែល​សំណង់​ខ្លះ​មាននៅ​សល់​រហូត​សត្វ​ថ្ងៃនេះ ។ នៅ​ចម្ងាយ ៧ គីឡូម៉ែត្រ​ពី​កំពូលភ្នំ​មាន​កន្លែង​ងូតទឹក​មួយ​ដែល​គេ​និយម​ទៅ​ងូតទឹក​ល​ម្លែ​នៅ​ទីនោះ ដែល​គេ​ហៅថា តំបន់​ទឹកធ្លាក់​បី​ថ្នាក់ ឬ​តំបន់​ពពក​វិល ។​
​ 
  ​សព្វថ្ងៃ​បូកគោ​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សុខា​វ​វិនិយោគ​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍​បែប​អន្តរជាតិ ដែល​ពេលនេះ​ក្រុមហ៊ុន​កំពុងដំណើរការ ហើយ​រៀងរាល់ថ្ងៃ​បុណ្យជាតិ​ធំ​ម្តងៗ​ក្រុមហ៊ុន​តែងតែ​បើក​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ត​ជានិច្ច ។​
​ 
  ​រមណីយដ្ឋាន​ទឹកឈូ​:
​    ​ទឹកឈូ​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​ដែលមាន​ភាពល្បីល្បាញ​នៅ​ខេត្តកំពត មាន​ចម្ងាយ ៨ គីឡូម៉ែត្រ ខាងជើង​ទី​រួម​ខេត្តកំពត មាន​ទីតាំងនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​កំពត ។ ទឹកឈូ​មាន​ប្រភពទឹក​ហូរ​ធ្លាក់​ពី​ភ្នំ​ដំរី ភ្នំ​កំចាយ មានទឹក​ហូរ​ខួបប្រាំងខួបវស្សា តែ​នៅ​រដូវវស្សា​ទឹកល្អក់​បន្តិច នៅ​រដូវប្រាំង​ទឹកថ្លា​យង់ អាច​មើលឃើញ​ហ្វូង​មច្ឆា​ហែល​ប្រដេញ​គ្នា ធ្វើ​ឲ្យ​អារម្មណ៍​អ្នកទស្សនា​សប្បាយរីករាយ​ក្រៃលែង ។​
​    ​នៅ​រមណី​ដ្ឋា​ន​ទឹកឈូ​សម្បូរ​ដើមឈើ​នៅ​អម​សងខាង មាន​ម្លប់​ត្រឈឹងត្រឈៃ និង​មាន​ដើមឈើ​ហូប​ផ្លែ​យ៉ាងច្រើន ដូចជា ទុរេន មាក់ប្រេង មាក់ប្រាង សាវម៉ាវ ម្នាស់ ៘ សព្វថ្ងៃនេះ​ទឹកឈូ​ពុំ​សូវ​មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​ដូច​មុន​ឡើយ ដោយសារតែ​ទឹកល្អក់​ទាំង​រដូវប្រាំង និង​រដូវវស្សា ដែល​បណ្តាលមកពី​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​ភាគ​ខាងលើ ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការ​សាង​ទំនប់​នេះ សង្ឃឹមថា នឹងមាន​ភ្ញៀវ​ច្រើនជាង​មុន ។ នៅ​ជិត​រមណី​ដ្ឋា​ន​ទឹកឈូ​នោះ​មាន​សួនសត្វ​កន្លែង​ហែល​ទឹក​យ៉ាង​ធំ​មួយ​របស់លោក ញឹម វណ្ណដា ដែល​អ្នកទេសចរ​ទៅលេង​ទឹកឈូ​ហើយ​មិនអាច​រំលង​ទីនេះ​ឡើយ ។​

    ​ភ្នំ​កំពង់ត្រាច​:
​    ​ភ្នំ​កំពង់ត្រាច ស្ថិតនៅតាម​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣៦ ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨ គីឡូម៉ែត្រ​ប៉ែក​ខាងកើត​ខេត្តកំពត ។ រមណី​ដ្ឋា​ន​នេះ​គឺជា​ភ្នំ​ថ្ម ពុំ​សូវ​មាន​រុក្ខជាតិ​ប៉ុន្មាន​ទេ ជា​រមណី​ដ្ឋា​ន​រូងភ្នំ​ប្រកបដោយ​ល្អាង​តូចធំ​ជាច្រើន ។ ក្នុងចំណោម​ល្អាង​ទាំងនោះ​ភាគច្រើន​ត្រូវ​ប្រជាពលរដ្ឋ​រៀបចំ​សម្រាប់​ធ្វើជា​កន្លែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យទាន​ផ្សេងៗ ឬ​ជា​កន្លែង​សក្តារ​បូជា​វត្ថុ​ទៅតាម​ជំនឿ​នៃ​ទំនៀម​ទំលាប់​របស់​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ ចិន វៀតណាម ។ នៅ​ទីនោះ​មាន​ល្អាង​មួយ​មាន​វិជ្ឈមាត្រ ៣០ ម៉ែត្រ ហើយ​ដី​នៅ​ទីនោះ​មាន ៧ ពណ៌​ផ្សេងៗ​គ្នា ព្រមទាំង​មាន​ល្អាង​តូចៗ​បី​បួន ។ ល្អាង​ខ្លះ​មាន​កាំជណ្តើរ​ឡើង​កម្ពស់​ប្រមាណ ៤ ម៉ែត្រ ព្រមទាំង​មាន​ថ្ម​រចនា​បែប​ធម្មជាតិ មើលទៅ​រាងដូចជា​រូប​សត្វ ឬ​វត្ថុ​អ្វីមួយ ។​
​    ​ចេញពី​ល្អាង​នេះ​មាន​រូង​មួយទៀត​ដែល​អាចធ្វើ​ដំណើរ​បាន​ឆ្ពោះទៅ​ល្អាង​វាលស្រែ ១០០ និង​ល្អាង​ថ្មដុះ ។ នៅតាម​ល្អាង​ទាំង​នោះបាន​បន្សល់ទុក​នូវ​ស្នាម​ថ្នាំ​ពណ៌​ផ្សេងៗ​នៅឡើយ ។ កាលពី​សម័យមុន​ទស​វត្សរ៍​ឆ្នាំ​១៨៧០ គេ​បានរៀបចំ​កន្លែង​នោះ​ធ្វើ​កន្លែង​ថត​ភាពយន្ត​មួយ​ដ៏​សំខាន់ ។ នៅ​ជើងភ្នំ​នេះ​ខាងមុខ​មាន​វត្ត​របស់​ប្រជាជន​ចិន វៀតណាម ហើយ​នៅមុខ​ផ្លូវ​ចូល​មាត់​រូង​មាន​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ​មួយ ដែល​បច្ចុប្បន្ន​ព្រះសង្ឃ គណៈកម្មការ​វត្ត បាននាំគ្នា​រៀបចំ​រក្សា​ល្អាង​នោះ​ជាប្រចាំ ។​

   ​ប្រាសាទភ្នំ​ខ្យង​:
​    ​ប្រាសាទភ្នំ​ខ្យង​មាន​ទីតាំង​ស្ថិតនៅលើ​ភ្នំ​ខ្យង ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ។ ដើម្បី​ទៅកាន់​ប្រាសាទ​នេះ​ជាបឋម​គេ​ត្រូវ​ឡើងដល់​ពាក់កណ្តាល​ចង្កេះភ្នំ​ជាមុនសិន ហើយ​ប្រើ​ជណ្តើរ​ឈើ​មួយ​ដើម្បី​ចុះ​រូងភ្នំ​ដែលមាន​ប្រាសាទ​នៅ​ទីនោះ ។ មុននឹង​មកដល់​ទីតាំង​នៃ​ប្រាសាទ គេ​ត្រូវ​ឆ្លងកាត់​រូងភ្នំ​ទី​ពីរ​ជាមុនសិន ដែល​ស្ថិតនៅ​ជម្រៅ​ប្រមាណ​ជាង ៦ ម៉ែត្រ ព្រមទាំង​ឆ្លងកាត់​មាត់ច្រក​មួយ​តូច​មាន​ជណ្តើរ​ឥដ្ឋ​ជា​ថ្នាក់ៗ ។ ប្រាសាទភ្នំ​ខ្យង​សាងសង់​នៅក្នុង​ចុង​សតវត្សរ៍​ទី​៦ ដើម​សតវត្សរ៍​ទី​៧ នៃ​គ្រិស្ត​រាជ ពោល គឺ​ស្ថិតក្នុង​អន្តរកាល​មួយ​រវាង​សម័យ​វប្បធម៌​នគរ​ភ្នំ និង ចេនឡា ។ ប្រាសាទ​នេះ​ធ្វើ​ពី​ឥដ្ឋ មាន​រាង​ជា ៤ ជ្រុង​ស្មើ (៤​ម​.​គុណ​៤​ម​) ហើយ​គ្មាន​ផ្តែរ​តុបតែង​មួយគត់​របស់​ប្រាសាទភ្នំ​ឈ្ងោក​ទេ ។ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិច បូជនីយដ្ឋាន​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ភ្នំ​ដា​នៃ​ខេត្តតាកែវ និង​អាស្រម​មហាឥសី​នៅ​ហាន់ជ័យ​នៃ​ខេត្តកំពង់ចាម ។ រូបចម្លាក់​តែមួយគត់​របស់​ប្រាសាទ គឺ​សិវៈលិង្គ​ធម្មតា​មួយ​ដុះ​ចេញពី​ភ្នំ ។ តាម​ទស្សនៈ​របស់​អ្នកស្រុក វត្តមាន​របស់​លិង្គ​ថ្ម​ធម្មជាតិ​នេះ ធ្វើ​ឲ្យ​ប្រាសាទ​នេះ​កាន់តែ​មាន​ភាព​ស័ក្តិសិទ្ធិ​ក្រៃលែង ។​

    ​ប្រាសាទភ្នំ​ឈ្ងោក​:
​    ​នៅក្នុង​ខេត្តកំពត​មាន​ភ្នំ​ជាច្រើន​ដែលមាន​រូង ហើយ​រូងភ្នំ​ទាំងនោះ​គឺ​ថ្មកំបោរ​ធំៗ​ដុះ​ពីលើ​ចុះក្រោម និង​ដុះ​ពីក្រោម​ឡើងទៅ​លើ រួមមាន​សំណង់​បូ​នី​យ​ដ្ឋា​ន​នៅ​ទីនោះ​ផងដែរ ។ ប្រាសាទភ្នំ​ឈ្ងោក​មាន​ទីតាំង​ស្ថិតនៅក្នុង​រូងភ្នំ​ទី​១ នៃ​ភ្នំ​ឈ្ងោក ដែល​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​កំពត មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុងកែប ។ ប្រាសាទភ្នំ​ឈ្ងោក​កសាងឡើង​អំពី​ឥដ្ឋ​តាំងពី​សតវត្សរ៍​ទី​៦ ឬ​ទី​៧ មកម្ល៉េះ ។ ប្រាសាទបុរាណ​នេះ​គឺ​សង់​ព័ន្ធ​ជុំវិញ​ថ្មកំបោរ​ដុះ​ឡើងលើ និង​ចុះក្រោម​មួយគូ ហើយ​ថ្មកំបោរ​ទាំងនោះ​គឺ​បង្កើតបានជា​រូបរាង​លិង្គ​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​មួយ ។ ក្នុងនោះដែរ លិង្គ​ថ្ម​ដ៏​ចម្លែក​នេះ​ដើមឡើយ​មាន​ទ្រោ​ទី (​យោនី​) ទ្រ ប៉ុន្តែ​ត្រូវ​បាក់បែក​ជា​បី​កំណាត់​រួច​គេ​យកទៅ​ទុកចោល ។ ថ្មី​នេះ​ត្រូវបាន​ឆ្មាំ​នៅ​ភូមិ​យក​បំណែក​យោនី​ទៅ​ជួស​ជុស​ហើយ​ដាក់​នៅ​កន្លែង​ដើម​វិញ ពោលគឺ​បាន​បញ្ចូល​លិង្គ​ឲ្យ​ដូច​សភាព​ដើម​វិញ ។ បើ​បៀ​ប​ធៀប​ប្រាសាទភ្នំ​ឈ្ងោក​ទៅនឹង​ប្រាសាទ​អាស្រម​មហាឥសី​អាច​ឲ្យ​ដឹងថា ប្រាសាទ​នេះ​មាន​ឥទ្ធិពល​នៃ​វប្បធម៌​អង្គរបុរី ។ ការស្ថាបនា​ប្រាសាទ​នេះ​ក្នុង​រូងភ្នំ គឺជា​ការបង្ហាញ​នូវ​ទស្សនៈ​សំយោគ​នៃ​មនោគមវិជ្ជា​រវាង​ជំនឿ​ខ្មែរ​ក្នុង​ភូមិភាគ​នេះ និង​ជំនឿ​បែប​ឥណ្ឌា​និយម ។ ការពិត​ការបូជា​ភ្នំ​បាន​កើតឡើង​មុន​សម័យ​ប្រវត្តិសាស្ត្រ​មកម្ល៉េះ ។ បើ​ពិនិត្យ​ឲ្យ​ល្អិតល្អន់​ទៅបាន​ឃើញថា ប្រាសាទ​នេះ​មាន​តួ​ប្រាង្គ​តែមួយគត់ ហើយ​ត្រូវបាន​កសាង​លើ​ខឿន​មួយ​ផ្អឹប​ជាប់​នឹង​ជញ្ជាំង​ភ្នំ​ដោយ​ចែកចេញជា​ពីរ​ផ្នែក ។ ផ្នែក​ខាងលើ​មាន​ដំបូល​មួយ​មាន​ជម្រាល​បួន​ដោយមាន​កំពូល​ចំទើត​ពី​យ៉ាង​សង្ហា ។ រីឯ​នៅ​ខាងក្រោម​គេ​សង្កេតឃើញ​មាន​ក្បាច់​ជា​បន្ទាត់​ផ្តេក​ឆ្នូតៗ ។ ប្រាសាទភ្នំ​ឈ្ងោក​ប្រហែល​ស្ថិតនៅក្នុង​រចនាបថ​ស​ម្បូ​រ នា​សម័យ​ចេនឡា ដូចជា​ប្រាសាទ​នៅ​សម្បូរ​ព្រៃគុហ៍​ផងដែរ ។​

    ​ប្រាសាទភ្នំ​ទទុង​:
​    ​ប្រាសាទភ្នំ​ទទុង​មាន​ទីតាំង​ស្ថិតនៅក្នុង​ល្អាង​ភ្នំ​ទទុង ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។ អ្នកដំណើរ​អាចធ្វើ​ដំណើ​រ​ពី​ភ្នំពេញ​ទៅ​ខេត្ត​កែប​តាម ស្រុក​បន្ទាយមាស រួច​បត់​ស្តាំ​ដៃ​តាមផ្លូវ​រោងចក្រ​ស៊ីម៉ងត៍​ខេ​ស៊ី​ម៉េ​ន ខេត្តកំពត ចម្ងាយ​ប្រហែល ៦ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ ។ លុះ​មកដល់​ភ្នំ​ហើយ​យើង​គ្រាន់តែ​បន្តដំណើរ​ឡើងទៅ​កាន់​រូងភ្នំ​តាម​ជណ្តើរ​ដែល​ទើបតែ​សាងសង់​ហើយ​ប្រមាណ​ជាង ៣២០ កាំ​ប៉ុណ្ណោះ នោះ​នឹង​អាច​មកដល់​ប្រាសាទ​ដ៏​ពិសិដ្ឋ​នេះ ។ តាមរយៈ​សំណង់ និង​ផ្តែរ​ប្រាសាទ ប្រាសាទភ្នំ​ទទុង​ទំនងជា​សាងសង់​នៅក្នុង​ចុង​សតវត្សរ៍​ទី​៦ ដើម​ស​វត្សរ៍​ទី​៧ នៃ​គ្រិស្តសករាជ ដូច​ប្រាសាទភ្នំ​ខ្យង និង​ប្រាសាទភ្នំ​ឈ្ងោក​ផងដែរ ។ លក្ខណៈពិសេស​មួយ​ដែល​គួរ​ឲ្យ​យើង​ចាប់អារម្មណ៍​នោះ គឺ​ប្រាសាទ​នេះ​កសាង​អំពី​ឥដ្ឋ និង ថ្មបាយក្រៀម​នៅក្នុង​រូងភ្នំ ។​

    ​រមណី​ដ្ឋា​ន​ជ្រោះ​អន្លង់​ធំ (​ឃុំ​ព្រែក​ត្នោត​):
​    ​ជ្រោះ​អន្លង់​ធំ ពេលនេះ​បាន​ទៅ​ក្លាយជា​រមណី​ដ្ឋា​ន​ធម្មជាតិ​ក្នុងស្រុក​មួយ​ថ្មី​ទៀត​សម្រាប់អ្នកទេសចរ​ជាតិ​-​អន្តរជាតិ ។ ភាព​ទាក់ទាញ​បំផុត​សម្រាប់​ទីនោះ គឺ​ទេសភាព​ព្រៃព្រឹក្សា​លតា​វ​ល្លិ៍ ទឹកជ្រោះ​ហូរ​កាត់​លើ​ផ្ទាំង​ថ្ម​ធំៗ និង​សត្វព្រៃ​ចម្រុះ​គ្នា​ជាច្រើន ។ រមណី​ដ្ឋា​ន​ជ្រោះ​អន្លង់​ធំ​មាន​ចម្ងាយ​ប្រមាណ ២៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត ប៉ុន្តែ​នៅ​ទីនោះ​មិនមាន​ភ្ញៀវ​ទៅលេង​កម្សាន្ត​នៅឡើយ​ទេ ។​
​    ​ដើម្បី​ទៅដល់​ទីនោះ គេ​ត្រូវ​ធ្វើដំណើរ​ចេញពី​ក្រុង​កំពត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរេញ​) ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៤-១៧៥ នៅ​ខាងស្តាំ​ដៃ មាន​សាលារៀន​មួយ​ដែលមាន​ឈ្មោះថា វិទ្យាល័យ ហ៊ុន សែន ព្រែក​ត្នោត អ្នកដំណើរ​ត្រូវ​បត់​ចូល​ខ្លោងទ្វារ​នេះ នឹង​ឃើញ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​អាចធ្វើ​ដំណើរ​ដោយ​យានយន្ត​គ្រប់​ប្រភេទ ។​
​    ​ទីនោះ​កំពុង​ត្រូវ​រៀបចំ និង​គ្រប់គ្រង​ដោយ​សហគមន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ផ្ទាល់ ស្ថិតនៅក្នុង​ឃុំ​ព្រែក​ត្នោត ដែលមាន​ផ្ទៃដី ២.០០៦ ហិតា ។ ជ្រោះ​អន្លង់​ធំ​នេះ​ត​ភ្ជាប់​ជាមួយ​ដៃសមុទ្រ​ដែលមាន​ចម្ងាយ​ប្រហែល ២.០០០ ម៉ែត្រ​ប៉ុណ្ណោះ​នឹង​ដល់​ផ្ទៃសមុទ្រ ហើយ​ភ្ញៀវ​អាច​ជិះទូក​កម្សាន្ត​សប្បាយ​ចេញពី​ចំណុច​នេះ​ទៅដល់​លម្ហ​សមុទ្រ អាច​ទស្សនា​សកម្មភាព​អ្នកនេសាទ អាច​មើល​ហ្វូង​សត្វ​ផ្សោត ។ នា​រដូវវស្សា​ពេល​ស្ងប់ខ្យល់​អាច​មើល​សុរិយា​អស្តង្គត​ដែល​ប្រះ​ខ្លួន​ចូល​ផ្ទៃ​ទឹក នឹង គន់មើល​ភ្លើង​សត្វ​អំពិលអំពែក​បំភ្លឺ​ចេញពី​ព្រៃកោងកាង​នា​ពេញ​រាត្រី​ផងដែរ ហើយ​រមណី​ដ្ឋា​ន​នេះ​ក៏​ជា​កន្លែង​មើល​ត្រី​ផ្សោត​សមុទ្រ​តែមួយគត់​នៅ​កម្ពុជា ។​

    ​តំបន់​អភិរក្ស​ក្រៀល​ប្រផេះ​អន្លង់​ព្រីង​:
​    ​កាលពី​ចុងឆ្នាំ​២០១១ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​មាន​បំំ​ណង​អភិរក្ស​ការពារ​សត្វ​ក្រៀល​ប្រផេះ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​នៅ​តំបន់​អន្លង់​ព្រីង ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច​ជាប់​បណ្តោយ​ព្រំដែន​វៀតណាម សព្វ​ថ្ងៃទី​នោះបាន​ក្លាយទៅជា​កន្លែង​ទេសចរណ៍​មួយ​យ៉ាង​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ។ បើ​គេ​ចង់​ធ្វើដំណើរ​ទៅ​ទី​នោះគេ​គ្រាន់តែ​ចេញពី​ទីប្រជុំជន​កំពង់ត្រាច​ទៅ​ព្រំដែន​វៀតណាម​នោះ​នឹង​បាន​ដល់​គោលដៅ ។​
​    ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​មួយ ក្នុង​បំណង​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ក្រៀល​ពណ៌​ប្រផេះ និង​ជីវចម្រុះ​ផ្សេងទៀត​នៅ​តំបន់​អន្លង់​ព្រីង ដែល​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ។ យោងតាម​អនុក្រឹត្យ​នោះ​តំបន់ដីសើម​ទំហំ​សរុប ២១៧ ហិតា  ស្ថិតនៅក្នុង​កំពង់ត្រាច ត្រូវបាន​ដាក់ចូល​ជា​តំបន់​អភិរក្ស និង​ការពារ​សត្វ​ក្រៀល និង​ជីវចម្រុះ​ក្នុង​ខេត្តកំពត​របស់​រាជរ​ដ្ឋា​ភិ​បាល ។ គោលបំណង​សំខាន់​នៃ​អនុក្រឹត្យ​នោះ គឺ​អភិរក្ស និង​ការពារ​សត្វ​ក្រៀល​ប្រផេះ និង​ជីវចម្រុះ​ដទៃទៀត​ពី​ការសម្លាប់ ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​នៅក្នុង​តំបន់​ទាំងនោះ ដើម្បី​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង ទេសចរណ៍​កម្ពុជា​ផងដែរ ។​

    ​រមណីយដ្ឋាន​ណា​តា​យា​:
​    ​ណា​តា​យា ជា​រមណីយដ្ឋាន​មាត់សមុទ្រ​ដែល​គេ​បាន​កែច្នៃ​ឲ្យ​ទៅជា​រមណីយដ្ឋាន​ខ្នាត​អន្តរជាតិ ។ សត្វ​ថ្ងៃនេះ​ណា​តា​យាមា​ន​ការទទួល​គាំទ្រ​យ៉ាងខ្លាំង​ពី​ភ្ញៀវ​បរទេស ។ ណា​តា​យា​ស្ថិតនៅក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ។​

    ​តំបន់​អប្បិយ​ជំនឿ​ភ្នំ​ស​:
​    ​ភ្នំ​ស​ជា​តំបន់​ពោរពេញ​ទៅដោយ​ភាពអាថ៌កំបាំង​ខាង​ជំនឿ​អរូបី​បែប​ប​សាសនា​ទីនោះ​មាន​ដូនជី និង​តាបស​ជាច្រើន​ទៅធ្វើ​ធម៌​សមាធិ ហើយ​នៅលើ​កំពូលភ្នំ​មាន​អាស្រម​ដ៏​អាថ៌កំបាំង​មួយ​មាន​ដូនជី​ម្នាក់​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ស្ទើរ​គ្រប់គ្នា​និយាយថា ល្បីល្បាញ ហើយ​គាត់​រស់នៅក្នុង​ភាពអាថ៌កំបាំង​អស់​រយៈពេល​យ៉ាងយូរ ។ នៅ​ជើងភ្នំ​ភាគខាងត្បូង​ឆៀង​ខាងកើត​មាន​វត្ត​មួយ​ឈ្មោះ​វត្តភ្នំ​ស ។ ខាងត្បូង​វត្ត​នេះ​មាន​សំណង់​យ៉ាងច្រើន​សង់​តាម​សាសនា​បែប​ខ្មែរ និង ចិន​ក៏មាន ។ សព្វថ្ងៃ​បរិវេណ​ទី​អារាម​នេះ​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍ និង​វប្បធម៌​ដ៏​ពេញនិយម​នៅ​ខេត្តកំពត ។ រមណីយដ្ឋាន​ភ្នំ​ស​ស្ថិតក្នុង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ។
​ 
  ​ខេត្តកំពត​មាន​សក្តានុពល​ទេសចរណ៍​យ៉ាងច្រើន​រាប់មិនអស់ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍ ហើយ​នៅពេលដែល​រមណីយដ្ឋាន​ភ្នំ​បូកគោ​សាង​រួចរាល់​ហើយ ខេត្តកំពត នឹង​ក្លាយទៅជា​ដែក​ឆក់​មួយ​យ៉ាងសំខាន់​សម្រាប់ធ្វើ​ការទា​ក់​ទាញ​ភ្ញៀវទេសចរ​ទ្វេដង​ថែមទៀត ៕

No comments:

CASINO





MOBILE MAGAZINE