About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, July 20, 2011

ចំនួន​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​កើនឡើង នាំឲ្យ​មាន​ការព្រួយបារម្ភ

ស្របពេល​ដែល​ការ​ចិញ្ចឹមសត្វ​ត្រចៀក​កាំ មាន​ការកើនឡើង ដោយ​ពុំ​មាន​ការ​គ្រប់ គ្រង​ឱ្យបាន​ត្រឹមត្រូវ​នោះ បាន​ធ្វើឱ្យ​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ មាន​ការព្រួយបារម្ភ​ជា​ខ្លាំង អំពី​បញ្ហា​នៃ​ការចម្លង​មេរោគ​ជម្ងឺផ្តាសាយបក្សី ពី​សត្វ មក​មនុស្ស ព្រោះ​ការ​ចិញ្ចឹមសត្វ​នេះ ច្រើន​ធ្វើ​នៅតាម​លំនៅឋាន​ក្នុង​ទីប្រជុំជន​។​

​    ​លោក គីង សុខ​លីម ប្រធានការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង បានឲ្យដឹងថា សព្វថ្ងៃ​ចំនួន​អ្នក​ចិញ្ចឹមសត្វ​ត្រចៀក​កាំ នៅក្នុង​ខេត្ត ពិតជា​មាន​ការកើនឡើង​មែន ប៉ុន្តែ​ចំពោះ​តួលេខ​វិញ ខាង​ជំនាញ​លោក​ពុំ​ទាន់ បាន​ដឹង​នៅឡើយ ព្រោះ​កន្លងមក កិច្ចការ​នេះ ពឹងផ្អែក​ទៅលើ​អាជ្ញាធរ​ដែនដី ជា​អ្នកគ្រប់គ្រង ។​

​    ​លោក គីង សុខ​លីម បានឱ្យដឹងថា សត្វ​ត្រចៀកកាំ ក៏​ងាយ​ចម្លង​មេរោគ​ផ្តាសាយ​បក្សី​ដែរ ហើយ​បើ​អ្នក​ចិញ្ចឹម​ពុំ​មាន​ការយល់ដឹង​ច្បាស់លាស់​ទេ នៅពេល​អនាគត​បញ្ហា​នេះ នឹង​អាច​កើតមានឡើង ព្រោះ​សត្វ​នេះ វា​តែងតែ​ធ្វើការ​បន្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​។​

​    ​រីឯ​អ្នក​ចិញ្ចឹម​វិញ​បាន​និយាយ​ឱ្យដឹងថា កន្លង​មក​ការ​ចិញ្ចឹមសត្វ​នេះ មិន​ដែល​ជួប​មាន​បញ្ហា​អ្វី​ទេ តែ​គេ​ក៏​មាន​ការប្រុងប្រយ័ត្ន​ផងដែរ ទាំង​ការថែទាំ ទាំង​ការរៀបចំ​ទីកន្លែង ព្រោះ​ការ​ចិញ្ចឹមសត្វ​នេះ ត្រូវ​ចំណាយ​ដើមទុន​ច្រើនណាស់ រហូតដល់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​សង់ផ្ទះ និង​ទិញ​ឧបករណ៍​ភ្លេង សម្រាប់​ចាក់​ហៅ​វា​ឱ្យ​ចូលមក​រស់នៅ ​។

​    ​អ្នក​ចិញ្ចឹម​បានឱ្យ​ដឹង​បន្ថែម​ថា តម្លៃនៅលើទីផ្សារ​សព្វថ្ងៃ ទឹកមាត់​ស្ងួត មួយ​គីឡូក្រាម អាច​លក់បាន​ពី ២ ទៅ ៣​ពាន់​ដុល្លារ ។​

​    ​សូមបញ្ជាក់​ថាៈ​ត្រចៀកកាំ គឺជា​សត្វ​បក្សី​មួយ​ប្រភេទ ដែល​គេ​ចិញ្ចឹម​យក​ទឹក​មាត់ សម្រាប់​ធ្វើ​ជា​ថ្នាំ​ប៉ូ​វ​។ សព្វថ្ងៃ​ស្របពេល ដែល​ទឹកមាត់​វា កំពុង​មាន​ហាងឆេង​ខ្ពស់​នៅ​លើ​ទីផ្សារ គេ​សង្កេតឃើញថា អ្នក​មាន​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង កំពុង​នាំ​គ្នា ងាក​មក​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​ប្រភេទ​នេះ នៅតាម​លំនៅឋាន ក៏ដូចជា​នៅ​តាម​ដី​ឡូដិ៍​។

​    ​ការចិញ្ចឹម​ត្រចៀកកាំ ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​មួយ​សម្ងាត់ ព្រោះ​អ្នក​ចិញ្ចឹម​មិន​ងាយ​ទម្លាយ​ឱ្យ​គេ​បានដឹង អំពី​លក្ខណៈ​បច្ចេកទេស ដែល​ខ្លួន​មាន​ទេ​ ។ ចំពោះ​ទីកន្លែង ដែល​សត្វ​នេះ រស់នៅ​វិញ ក៏​អ្នក​ចិញ្ចឹម​មិន​ងាយ​ឱ្យគេ​ចូលទៅ​មើល​ដែរ ព្រោះ​ខ្លាច មាន​ក្លិន​ប្លែក ធ្វើឱ្យ​វា​លែង​ហ៊ាន ចូលមក​រស់នៅ​ ៕

No comments:

CASINO





MOBILE MAGAZINE