About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 23, 2011

ក្រសួង​ប្រៃសណីយ៍​បិទ​សេវា​ទូរស័ព្ទ​ថៃ​ខុស​ច្បាប់​នៅ​កម្ពុជា

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចាប់ផ្ដើម​បិទ​សេវា​ទូរស័ព្ទ​ចល័ត​ប្រើ​សេវា​ប្រទេស​ថៃ ដែល​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ប្រពន្ធ​ទូរស័ព្ទ​ចល័ត​ថៃ ត្រូវ​បាន​អាជីវករ​ខ្មែរ​ទិញ​សេវា​ពី​ថៃ ហើយ​ដំឡើង​អង់តែន​តូចៗ ដូច​ជា​បំពង់​ទីប​កម្ពស់​ពី ៣០ ទៅ ៤០​ម៉ែត្រ ហើយ​ចាប់​សេវា​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា ចម្ងាយ​ប្រហែល​ជា ១០០​គីឡូម៉ែត្រ​ឯណោះ។
លោក ចែម សង្វា អគ្គ​នាយក​នៃ​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ទូរគមនាគមន៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា អាជីវករ​ខ្មែរ​បាន​​ដំឡើង​អង់តែន​ទូរស័ព្ទ​ថៃ ដោយ​​ទាញ​យក​សេវា​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម និង​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផង ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ខាត​ប្រាក់​ពី​ ៦០០ ទៅ ១.០០០​ដុល្លារ​ក្នុង​អង់តែន​ទូរស័ព្ទ​មួយ​គ្រឿង​ៗ។
លោក​ថា អង់តែន​ខុស​ច្បាប់​ប្រើ​សេវា​ថៃ មាន​សរុប​ប្រហែល ១០០​អង់តែន​នៅ​ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ឧត្ដរមានជ័យ ៖ «ក្នុង​នាម​ក្រសួង​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ប៉ៃលិន ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​ប្រភេទ​នេះ​ ហៅ​ថា អិនធើ ហ្វូន ដែល​ជា​សេវា​របស់​ថៃ ចូល​មក​ទឹក​ដី​យើង សូម​ឲ្យ​បង​ប្អូន​ប្រមូល​ឧបករណ៍​ហ្នឹង​​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ថៃ នៅ​ស្រុក​ថៃ​វិញ ដើម្បី​ចៀសវាង​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ ប៉ះពាល់​ដល់​អាជីវកម្ម និង​បាត់បង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ។ ហ្នឹង​ជំហាន​ទី​១ ក្រសួង​ឲ្យ​បងប្អូន​ស្ម័គ្រចិត្ត​ដាក់​ចុះ​ដោយ​ខ្លួនឯង»
លោក​បន្ត​ថា ក្រៅ​ពី​ខាតបង់​ថវិកា​ជាតិ ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​​ថៃ ខុស​ច្បាប់​នេះ ក៏​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ពី​សំណាក់​ចាប់​ក្រុម​ចាប់​ជំរិត និង​ក្រុម​ភេរវកម្ម​អាច​ប្រើ​សេវា​នេះ ហើយ​ប៉ូលិស​ខ្មែរ​មិន​មាន​ឯកសារ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ ព្រោះ​ថា រាល់​ឯកសារ​​បញ្ជី​ស្នាម វិក្កយបត្រ​ប្រាក់​ចំណាយ​អ្វី​ៗ​ទាំង​អស់​មិន​បាន​ថត​ចម្លង ឬ​កត់ត្រា​ទុក​ដោយ​អាជ្ញាធរ​ខ្មែរ​ទេ គឺ​ឯកសារ​នានា​នៅ​ប្រទេស​ថៃ​ទាំង​អស់។
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​មួយ​ដល់​សាធារណជន​ខ្មែរ​ ដែល​ដំឡើង​​ទូរស័ព្ទ​ចល័ត​ថៃ​ខុស​ច្បាប់​នៅ​តាម​ខេត្ត​នានា​​ជាប់​ព្រំដែន​ថៃ ដូច​ជា​ខេត្ត​កោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រួម​ទាំង​ខេត្ត​សៀមរាប ឲ្យ​រើ​អង់តែន​ឈប់​ប្រើ​សេវា​ថៃ ហើយ​ងាក​មក​ប្រើ​ប្រព័ន្ធ​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​វិញ ដើម្បី​សុវត្ថិ និង​ប្រាក់​ចំណូល​រដ្ឋ។
សប្ដាហ៍​កន្លង​ទៅ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចុះ​បង្ក្រាប​នៅ​ខេត្ត​សៀមរាប ដែល​ប្រើ​​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​​ថៃ​ខុស​ច្បាប់ ដែល​មាន​អង់តែន ៣៥ ហើយ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ស្រុក​ដាច់​ស្រយាល។
លោក ចាន់ សារ៉េន អធិការ​ស្រុក​ក្រឡាញ់ មាន​ប្រសាសន៍​ថា ប្រជាជន​របស់​លោក​បាន​នាំ​គ្នា​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​វិញ​ហើយ បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍ បាន​ចុះ​ទៅ​ទម្លាក់​អង់តែន​ប្រព័ន្ធ​ទូរស័ព្ទ​ថៃ នៅ​ក្នុង​ស្រុក​របស់​លោក​រួច​មក ៖ «កាល​មុន​ប្រើ​ ឥឡូវ​ឈប់​អស់​ហើយ គេ​មក​ទម្លាក់​អង់តែន​អស់​ហើយ...»
លោកស្រី ជា សុទ្ធា មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ប្រជាជន​នៅ​តាម​ខេត្ត​ក្បែរ​ព្រំដែន​ថៃ ចូល​ចិត្ត​ប្រើ​សេវា​នេះ ព្រោះ​ពួកគាត់​ធ្លាប់​ប្រើ​យូរ​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៩០ ជាង​មក​ម្ល៉េះ ដោយសារ​កាល​នោះ​កម្ពុជា មិន​ទាន់​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ចែក​ចាយ​ដល់​តំបន់​ដាច់​ស្រយាល​ទាំង​នោះ​ទេ ៖ «កន្លង​មក​ខ្ញុំ​ធ្លាប់​តេ ព្រោះ​ថា​សេវា​ថោក ស្រួល​ប្រើ។ យូរ​ហើយ និយាយ​ទៅ​តាំង​ពី​មាន​ការ​ឆ្លង​ដែន​ខ្មែរ-​ថៃ ហ្នឹង​មក ទូរស័ព្ទ​ប្រព័ន្ធ​ថៃ ចាប់​ផ្ដើម​មាន​ប្រើ មាន​តេ​ទៅ​អាមេរិក​ទៅ​អី​តាំង​ពី​សម័យ​យើង ១៩៩០ ជាង​មក​ហ្នឹង»
ទន្ទឹម​នឹង​ក្រសួង​ប្រៃសណីយ៍​បន្ទន់​ឥរិយាបថ​ទន់ភ្លន់​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​​ឲ្យ​​បិទ ឬ​ក៏​ទម្លាក់​អង់តែន​​ទូរស័ព្ទ​ថៃ​ខុស​ច្បាប់ ដែល​ពួកគេ​បាន​ប្រើ​រួច​មក លោក ចែម សង្វា បាន​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក៏​នឹង​ដាក់​វិធានការ​ក្ដៅ​ផង​ដែរ ដោយ​បាន​ដាក់​កំណត់​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​ខ្មែរ​ណា​ដែល​ប្រើប្រាស់ ឬ​ប្រកបរបរ​រកស៊ី​បម្រើ​សេវា​ទូរស័ព្ទ​ថៃ ខុស​ច្បាប់​នេះ ឲ្យ​ឈប់​ប្រើប្រាស់ និង​ទម្លាក់​អង់តែន​ទូរស័ព្ទ​​ចោល​ឲ្យ​អស់​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​​​​​ខាង​មុខ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។
លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ក្រសួង​បាន​ទម្លាក់​អង់តែន និង​បិទ​ទូរស័ព្ទ​នៅ​ខេត្ត​សៀមរាប រួច​មក ក្រសួង​នឹង​ធ្វើ​ការ​បន្ត​ទៅ​ទៀត​នៅ​ខេត្ត​ផ្សេងៗ ដូច​ជា​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​បន្ទាយមានជ័យ ជាដើម ដើម្បី​បញ្ចប់​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ថៃ ខុស​ច្បាប់​នេះ​ឲ្យ​អស់៕

No comments:

CASINO





MOBILE MAGAZINE