មន្ត្រីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ២០ កក្កដា បានបដិសេធមិនទទួលយកសំណើរបស់ថៃ ក្នុងការចរចាទ្វេភាគីទាក់ទងនឹងបញ្ហាជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ ប៉ុន្តែនឹងចរចាដើម្បីរៀបចំនីតិវិធីក្នុងការដកកងទ័ពចេញពីតំបន់គ្មានយោធាកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១៨ កក្កដា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធ ទី២០ កក្កដា បានចោទប្រកាន់រដ្ឋាភិបាលចាំផ្ទះថៃ ថា មិនចង់គោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្រោយពីនាយករដ្ឋមន្ត្រីថៃ បានប្រកាសថា កងទ័ពថៃ នឹងមិនដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារដែលកំណត់ជាតំបន់គ្មានវត្តមានយោធាទេ លុះត្រាតែមានការចរចាគ្នាជាមុនសិន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជានឹងពិភាក្សាជាមួយថៃ សម្រាប់នីតិវិធីដកកងទ័ពចេញពីតំបន់គ្មានយោធា ប៉ុន្តែនឹងមិនចរចាបញ្ហាព្រំដែនទេ។ កម្ពុជានឹងចរចាបញ្ហាព្រំដែនជាមួយនឹងថៃ នៅតំបន់ផ្សេងៗទៀតក្រៅពីតំបន់ក្បែរប្រាសាទព្រះវិហារ ៖ «អ្វីដែលថៃ បានលើកឡើងក្នុងកលល្បិចមួយដើម្បីឆ្លៀតឱកាសមិនទទួលបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ ដែលបង្គាប់ឲ្យថៃ ដកកងទ័ព ដូច្នោះល្បិចដែលយកកម្ពុជា មកនិយាយគ្នាមុនដកទ័ព គេចង់ឲ្យឃើញមានរូបភាពទ្វេភាគីពីសហការគ្នា ប៉ុន្តែដីកាបង្គាប់បញ្ជាក់ថា ភាគីទាំងពីរសហការតាមឥណ្ឌូណេស៊ី ឬអាស៊ាន»។
កាលពីថ្ងៃពុធ ទី២០ ខែកក្កដា កម្ពុជា និងថៃ បានបង្ហាញជំហរផ្ទុយគ្នាទាក់ទងនឹងនីតិវិធីដកកងទ័ពចេញពីតំបន់គ្មានយោធា។
នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ដកស្រង់សម្ដីឲ្យដឹងថា ការចរចារវាងកម្ពុជា និងថៃ ត្រូវធ្វើឡើងជាចាំបាច់មុនការដកទ័ព ហើយរដ្ឋាភិបាលថៃថ្មីជាអ្នកអនុវត្តការដកកងទ័ពចេញ។
ចំណែករដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធ ទី២០ កក្កដា បានស្នើសុំឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកត្រួតពិនិត្យតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារជាបន្ទាន់ មុនពេលដែលកម្ពុជាគោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបង្គាប់ឲ្យដកកងទ័ពខ្មែរ និងថៃ ចេញពីតំបន់គ្មានកងទ័ព។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់កម្ពុជា អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ត្រូវមកកាន់តំបន់ជម្លោះជាមុនសិន ទើបកម្ពុជាដកកងទ័ពខ្លួនចេញ ៖ «អត់មានចាំបាច់ការកិកកុករបស់ថៃទៀតទេ។ ខ្ញុំបានស្នើឲ្យចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសដោយឡែកនិយាយរឿងនេះ»។
កន្លងមកបើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាមទារឲ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ និងមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក៏ដោយ ក៏ថៃបានបដិសេធមិនទទួលសំណើនេះ ដែលបានបណ្ដាលឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មិនអាចមកសង្កេតការណ៍នៅតំបន់ជម្លោះបាន។
អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) កាលពីថ្ងៃពុធ បានស្វាគមន៍ជំហរកម្ពុជា និងថៃ ក្នុងការសន្យាគោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ។ លោកបញ្ជាក់ថា សេចក្ដីសម្រេចវិធានការបន្ទាន់របស់តុលាការនឹងក្លាយជាការសាកល្បងមួយសម្រាប់ប្រទេសទាំងពីរ។
លោកបន្តថា ភាគីទាំងសងខាងត្រូវតែអត់ធ្មត់ និងមានការជឿជាក់គ្នាទៅវិញទៅមកក្នុងការធ្វើតាមសេចក្ដីសម្រេចចិត្តរបស់តុលាការ ហើយប្រសិនបើមានដំណោះស្រាយណាមួយនោះក្នុងរយៈពេលបណ្ដោះអាសន្ននេះ វាជាការប្រសើរសម្រាប់អ្នកទាំងអស់គ្នា។
លោក ស៊ូរិន ពិតស៊ូវ៉ាន់ មានប្រសាសន៍ថា ប្រធានអាស៊ានកំពុងរង់ចាំសញ្ញាល្អមួយពីកម្ពុជា និងថៃ មុននឹងមានការសម្របសម្រួលដើម្បីស្ដារឲ្យមានសន្តិភាព និងសន្តិសុខតាមព្រំដែន។
ប្រធានតុលាការយុត្តិធម៌អន្តរជាតិ ចៅក្រម អ៊ីអាស្សី អូវ៉ាដា(Hisashi Owada) កាលពីថ្ងៃច័ន្ទ ទី១៨ កក្កដា បានអានសេចក្ដីសម្រេចចិត្តរបស់ខ្លួនចំពោះមុខរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ក្នុងសវនាការនៅវិមានសន្តិភាពថា សេចក្ដីសម្រេចចិត្តរបស់តុលាការធ្វើឡើងដោយមានហេតុផលថា តំបន់ប្រាសាទព្រះវិហារបានក្លាយជាកន្លែងប្រយុទ្ធគ្នា ហើយការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរកើតឡើងជាច្រើនដង បានធ្វើឲ្យខូចខាតដល់ប្រាសាទព្រះវិហារ។
សេចក្ដីសម្រេចរបស់តុលាការបានបញ្ជាឲ្យភាគីទាំងសងខាងដកកងទ័ពខ្លួនដែលមានវត្តមាននៅតំបន់គ្មានយោធាជាបណ្ដោះអាសន្នជាបន្ទាន់ ហើយនិងទប់ស្កាត់វត្តមានយោធានៅតំបន់ហាមឃាត់យោធានោះ។ តុលាការក៏បញ្ជាថៃមិនត្រូវបង្កការរាំងស្ទះដល់សេរីភាពកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ឬក៏ការផ្ដល់ស្បៀងអាហារទៅឲ្យបុគ្គលិកខ្មែរដែលជាជនស៊ីវិលនៅប្រាសាទព្រះវិហារ។
ប្រធានតុលាការយុត្តិធម៌អន្តរជាតិបន្តទៀតថា ភាគីទាំងសងខាងត្រូវបន្តសហការជាមួយនឹងអាស៊ាន ជាពិសេសត្រូវអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍អាស៊ានមានវត្តមានសង្កេតការណ៍នៅតំបន់គ្មានយោធា៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment