វិធីតុបតែងក្រចក ដោយខ្លួនឯង
មិនមែនគ្រប់គ្នា សុទ្ធតែមានពេលវេលាទៅធ្វើក្រចក ជាមួយជាងជំនាញនោះទេ ហើយក៏មិនមែនគ្រប់ពេល ដែលចង់ធ្វើឱ្យក្រចកមើលទៅស្រស់ស្អាត គឺត្រូវតែទៅសាឡនដែរ ព្រោះទោះយ៉ាងណាក៏នៅមានមនុស្សមួយចំនួន ដែលចង់សាកល្បងបន្ថែមភាពស្រស់ស្អាតឱ្យក្រចក ដោយខ្លួនឯងខ្លះដែរ។ ដូច្នេះសម្រាប់អ្នកដែលចង់សាកល្បង បង្កើតឱកាសឱ្យខ្លួនឯងបានចេះតុបតែងក្រចកដោយខ្លួនឯង ក៏ដូចជាសម្រាប់អ្នកដែលមិនចង់ពឹងពាក់ជាង នៅសាឡនជាប្រចាំនោះ សូមសាកល្បងធ្វើតាមការណែនាំដូចតទៅ៖
ចង់ឱ្យក្រចកថ្មី លាបទៅឃើញភ្លឺរលោងស្អាតនោះ រឿងទីមួយដែលអ្នកចាំបាច់ត្រូវធ្វើមុនគេគឺ លាងសម្អាតក្រចកឱ្យស្អាតមុននឹងលាប ដោយប្រាកដក្នុងចិត្តថា វាពិតជាមិនមានស្នាមថ្នាំចាស់ នៅសេសសល់សូម្បីតែបន្តិច។ នៅពេលដែលក្រចកត្រូវបានលាងសម្អាត ឱ្យជ្រះស្អាតអស់ហើយនោះ វាជាពេលវេលាដែលអ្នកត្រូវខាត់សម្អាតដៃ ជាមួយប្រេងអូលីវ និងស្ករស ដើម្បីកម្ចាត់ស្បែកចាស់ និងធ្វើឱ្យវាទន់រលោងស្អាត។ ជំហានបន្ទាប់ គឺការត្រាំដៃក្នុងទឹកក្តៅតិចៗ រយៈពេល 2-3នាទី ដើម្បីឱ្យស្បែកគល់ក្រចកទន់ និងដើម្បីបង្កភាពងាយស្រួល នាដំណាក់កាលបន្ទាប់មកទៀត។ ចំណុចបន្ទាប់ដែលអ្នកត្រូវធ្វើគឺ កុំកាត់ស្បែកគល់ក្រចក ប៉ុន្តែគួររុញវាឡើងទៅលើសំដៅទៅម្រាមដៃ។ នេះជាដំណាក់កាលដែលអ្នកត្រូវកាត់ក្រចក តាមទម្រង់ដែអ្នកចង់បាន ហើយបន្តពីនេះគឺ ការលាប Primer ដើម្បីបន្ថែមរបាំងការពារដល់ក្រចក ឱ្យរួចសិនសឹមចាប់ផ្តើមលាបពណ៌ក្រចកដែលអ្នកចូលចិត្ត។ ទុកវាមួយសន្ទុះ រួចបន្ថែមរបាំងការពារថ្នាំពណ៌មួយជាន់ទៀត ដោយពណ៌រលោង។ ចំណុចបញ្ចប់នៃការតុបតែងក្រចក គឺទុកវាឱ្យស្ងួតតាមសម្រួល ហើយបន្ទាប់ពីនោះអ្នកនឹងឃើញថា ស្នាដៃរបស់អ្នកក៏មិនចាញ់ជាងក្នុងហាងប៉ុន្មានដែរ៕
No comments:
Post a Comment