About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

តោះទៅលេង គីរីរម្យ ទាន់អាកាសធាតុត្រជាក់!

មានមនុស្សមួយចំនួន មិនចូលចិត្តកន្លែងត្រជាក់នៅរដូវរងាទេ ព្រោះយល់ថាវាពិបាកទ្រាំ ប៉ុន្តែខ្ញុំបែរជាយល់ថាបទពិសោធ និងអារម្មណ៍រងាបូករងានេះ វាពិសេសម្យ៉ាងខុស ពីការគេចពីអាកាសធាតុក្តៅមករកត្រជាក់។ តើពិសេសយ៉ាងណាទៅ?
ជាធម្មតា នៅពេលស្ថិតនៅក្នុងកន្លែងត្រជាក់ ឬអាកាសធាតុត្រជាក់ លោកអ្នកអាចនឹងរកអ្វីដែល កក់ក្តៅមកទប់ទល់ ត្រឹមត្រូវ! ការរក្សារាងកាយឲ្យកក់ក្តៅ វាជារឿងចាំបាច់ដែលការពារ អ្នកមិនឲ្យចាញ់រងា និងកើតរោគផ្តាសាយបាន។ ហេតុនេះ អ្នកគួរពាក់អាវក្រាស់ៗ រុំកន្សែងបង់ក ឬពាក់ស្រោមជើង ឲ្យរាងកាយកក់ក្តៅគ្រប់ពេលវេលា។ បន្ថែមពីនេះ លោកអ្នកក៏គួរ ទៅលេងកម្សាន្តកន្លែង ដែលត្រជាក់ៗដែរ ដើម្បីទទួលបានបទពិសោធថ្មី នៃអារម្មណ៍ ត្រជាក់ស្រេបមួយនោះ ទើបឧទ្យានជាតិគីរីរម្យ គឺជារមណីយដ្ឋានដែលអ្នកគួរទៅលេង ក្នុងរដូវរងានេះ!
ហេតុអ្វីឧទ្យានជាតិគីរីរម្យ? ទី1 វាជាឧទ្យានជាតិ ដែលមានចម្ងាយជិតរាជធានីភ្នំពេញជាងគេ ប្រមាណជា112 គីឡូម៉ែត្រពីភ្នំពេញតែប៉ុណ្ណោះ។ ទី2 គីរីរម្យមានសម្រស់ព្រៃស្រល់ដែល ស្អាតប្លែកភ្នែក មានទឹកធ្លាក់ និងបឹងតូចៗជាច្រើនកន្លែងសម្រាប់គយគន់ និងសម្រាកលម្ហែ។ ទី3 មានកន្លែងស្នាក់នៅច្រើនប្រភេទដូចជាវីឡា ផ្ទះស្បូវ ផ្ទះលូ និងតង់ ជាដើម ដែលជួយលោកអ្នកឲ្យទទួលបាន នូវបទពិសោធដ៏អស្ចារ្យ សម្រាប់ដំណើរកម្សាន្តរបស់ខ្លួន បានយ៉ាងរីករាយនិងសុខសុវត្ថិភាព។
ក្នុងនាមជាបុគ្គលម្នាក់ ដែលចូលចិត្តសាកល្បងថ្មីៗ លើកនេះនាងខ្ញុំនិងមិត្តភក្តិបានសម្រេច ជ្រើសរើសគេង ក្នុងតង់នៅក្នុងព្រៃស្រល់ ដែលរៀបចំជាស្រេចដោយរមណីយដ្ឋាន VKirirom Pine Resort មានចម្ងាយ29គីឡូម៉ែត្រពីជើងភ្នំ។ នៅកន្លែងបោះតង់មានចរន្តអគ្គិសនី អាចប្រើបាន តែលោកអ្នកត្រូវមានព្រីភ្លើងធំមួយ ដើម្បីបន្តអគ្គិសនីមកប្រើប្រាស់ដូចជា សាកថ្មទូរសព្ទ ដាំបាយ ឬដាំទឹកជាមួយឆ្នាំងអគ្គិសនី។ នៅក្នុងតំបន់បោះតង់នេះក៏មាន WIFI ឲ្យប្រើប្រាស់ដែរ។ ដោយឡែករឿងម្ហូបម្ហា លោកអ្នកអាចរកបាន នៅក្នុងភោជនីយដ្ឋានរបស់ រមណីយដ្ឋានផ្ទាល់ ឬទៅញ៉ាំអាហារថ្ងៃត្រង់ នៅតំបន់ទឹកធ្លាក់ក៏បាន។ ប៉ុន្តែដោយសារតែពួកយើង ជ្រើសរើសដំណើរកម្សាន្តបែបសន្សំសំចៃ ពួកយើងបានប្រលាក់សាច់ទុក ត្រៀមភេសជ្ជៈ និងចង្ក្រានចានឆ្នាំងដោយខ្លួនឯង។ ពួកយើងបានបង្កាត់ភ្នក់ភ្លើង និងអាំងសាច់នៅជិត កន្លែងយើងគេង ហើយច្រៀងលេងរហូតដល់យប់ជ្រៅ។
អារម្មណ៍ពិសេសនៅគីរីរម្យលើកនេះ គឺការត្រាំជើងក្នុងទឹកដ៏ត្រជាក់ នៅទឹកធ្លាក់ ការញ៉ាំការ៉េមនិងភេសជ្ជៈត្រជាក់ៗ នៅក្នុងពេលកំពុងរងា ការស្រែកច្រៀងប្រណាំងនឹងសំឡេងខ្យល់ ការឈររាំនៅក្បែរភ្នក់ភ្លើង ការមើលថ្ងៃរះតាមចន្លោះដើមស្រល់ ការអង្គុយញ៉ាំកាហ្វេឆ្អិនស្រាប់ នៅពេលព្រឹកព្រហាមអមដោយសំឡេងខ្យល់បក់ប៉ះ នឹងស្លឹកស្រល់ឮសូរសាវៗមិនលោះពេល។ អារម្មណ៍បែបនេះ ល្មមគ្រប់គ្រាន់នឹងបំពេញកម្លាំង និងស្មារតីរបស់អ្នកនិពន្ធម្នាក់ដូចជាខ្ញុំ៕

No comments:

CASINO





MOBILE MAGAZINE