ល្បាក់ខោន សម្រស់ដុំមាស ជាយដែន
តើអ្នកណាខ្លះចូលចិត្តគយគន់ សម្រស់ទឹកជ្រោះធម្មជាតិ? លើកដៃហើយមែនទេ តោះយើងទៅស្គាល់ល្បាក់ខោន ឬជ្រោះសុភមិត្រ ដែលនៅឯព្រំដែនប្រទេសកម្ពុជា និងឡាវជាមួយគ្នា!
ល្បាក់ខោន ឬជ្រោះសុភមិត្រ មានទីតាំងស្ថិតនៅក្នុងព្រំដែន រវាងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ប្រទេសកម្ពុជា។ ល្បាក់ខោននេះ មានឈ្មោះហៅមួយទៀត តាមអ្នកខេត្តស្ទឹងត្រែង និងព្រះវិហារ គឺជ្រោះនិម្មិត។ ជ្រោះនិម្មិត មានចម្ងាយប្រមាណជា 70គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង ដោយធ្វើដំណើរកាត់តាមទឹកដីខេត្តព្រះវិហារ។
ល្បាក់ខោនជ្រោះសុភមិត្រ ឬព្រះនិម្មិត ត្រូវបានធម្មជាតិតុបតែងរចនាឲ្យមានសម្រស់ស្អាតប្លែក មានតែមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈផ្ទាំងថ្មស្រួច ទាលរាប់ពាន់បន្តុបគ្នារាយប៉ាយលើមុខកាត់ប្រវែង 26ម៉ែត្រ ដែលជាទីតាំងហូរកាត់របស់ទន្លេមេគង្គ។ ល្បាក់ខោនផ្នែកខាងលើ មានផ្ទាំងថ្មតូចៗ ដិបរដុបផុសចេញពីផ្ទៃទឹកពណ៌សក្បុស ជម្រៅរាក់ល្មម អាចឲ្យភ្ញៀវទេសចរងូតកម្សាន្តបានយ៉ាងសប្បាយ។ ដោយឡែកល្បាក់ខោន ផ្នែកខាងក្រោម មានផ្ទាំងថ្មធំៗ ទឹកហូរខ្លាំង ហើយជម្រៅជ្រៅ ជាកន្លែងដែលស្រស់ស្អាតសម្រាប់ការថតរូប។
ដោយសារយើងធ្វើដំណើរទៅលេងល្បាក់ខោន នៅក្នុងរដូវប្រាំង ទើបមិនបានត្រជាក់ភ្នែក នឹងព្រៃព្រឹក្សាពណ៌បៃតងប៉ុន្មានទេ ប៉ុន្តែទឹកតិចល្មមហើយកម្លាំងហូរខ្សោយ អាចឲ្យយើងងូតលេងបានសប្បាយជាងនៅក្នុងរដូវវស្សា។ ក្រោមពន្លឺព្រះអាទិត្យដ៏ចែងចាំងនាខែចេត្រ ផ្ទាំងថ្មល្បាក់ខោន បានប្រែពណ៌ជាពណ៌មាសស្រាល បញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរ ដែលទៅកម្សាន្តឲ្យបំភ្លេចពីកម្តៅដ៏ក្តៅហួតហែង ហើយបែរមកផ្តិតយកភាពស្រស់ស្អាតរបស់វាវិញ។
សម្រាប់អ្នកដែលចូលចិត្តគយគន់ផ្ទាំងគំនូរ របស់វិចិត្រករធម្មជាតិ សូមកុំរំលងល្បាក់ខោនជ្រោះសុភមិត្រ ឲ្យសោះ។ សម្រាប់អ្នកដែលបានទៅដល់ហើយ ជួយប្រាប់ពីអារម្មណ៍របស់អ្នកនៅក្នុងខមមិនខាងក្រោមផង!
សូមចុចលើLinkខាងក្រោម
No comments:
Post a Comment