សំណួរទាំង 6 ដែលគួរសួរកូនមុនចូលគេង ដើម្បីឱ្យស្គាល់កូនកាន់តែច្បាស់ឡើង
ពេលវេលាដែលឪពុកម្តាយ និងកូនបាននៅជាមួយគ្នាបែបជិតស្និទ្ធមែនទែននោះ គឺមុនពេលចូលគេងហ្នឹងឯង ហើយអ្វីដែលលោកឪពុកអ្នកម្តាយ គួរតែធ្វើមុននឹងនាំកូនចូលគេងនោះ ក៏មិនត្រឹមតែច្រៀងបំពេរ ឬនិយាយរឿងនិទានឱ្យស្តាប់ប៉ុណ្ណោះទេ តែគួរតែមានការជជែកពិភាក្សាដោះដូរគំនិតជាមួយគ្នា ដើម្បីរឹតចំណងសម្ពន្ធភាព រួមទាំងសួរនាំអំពីសំណួរ6រឿង ដូចខាងក្រោមនេះ។ ធានាថា សំណួរនីមួយៗនឹងជួយឱ្យគេបានហ្វឹកហាត់ការរិះគិត និងជួយឱ្យលោកឪពុកអ្នកម្តាយស្គាល់កូនខ្លួនឯងកាន់តែច្បាស់ឡើងថែមទៀតផង។
1 – អ្វីដែលកូនធ្វើហើយ ចូលចិត្តបំផុតក្នុងថ្ងៃនេះ?
សូមជម្រាបថា សំណួរនេះជាសំណួរមួយដែលល្អបំផុត ព្រោះក្នុងអំឡុងពេលដែលគេទៅបំពេញកិច្ចការងារនៅឯសាលារៀននោះ លោកអ្នកមិនមានផ្លូវបានដឹងឡើយថា តើគេបានធ្វើអ្វីខ្លះនោះទេ។ ដូច្នេះសំនួរនេះនឹងធ្វើឱ្យលោកអ្នកបានដឹងពីជីវិតប្រចាំថ្ងៃរបស់កូន ហើយថែមទាំងជួយឱ្យដឹងទៀតថា តើកូនចូលចិត្តអ្វីជាពិសេសទៀតផង។ ប្រាកដណាស់ថា គេច្បាស់ជាចង់និយាយឱ្យឪពុកម្តាយស្តាប់ស្រាប់ហើយថា តើគេចូលចិត្តអំឡុងពេលណាខ្លះនៅក្នុងថ្ងៃនោះជាមិនខាន។
2 – កូនមានក្តីស្រមៃថា ចង់ក្លាយជាអ្វីដែរ?
សំណួរសប្បាយៗមុនពេលគេង ដែលនឹងធ្វើឱ្យគេបានប្រើគំនិត និងការគិតស្រមៃយ៉ាងពេញទំហឹង ហើយលោកអ្នកក៏នឹងបានដឹងដែរថា តើកូនរបស់លោកអ្នកចាប់អារម្មណ៍ក្នុងរឿងណាខ្លះ? ដែលជួនកាលគេអាចនឹងឆ្លើយមកវិញបែបដែលលោកឪពុកអ្នកម្តាយដូចពួកយើងនឹកស្មានមិនដល់ផងក៏មានដែរ។
3 – ថ្ងៃនេះមានរឿងណា ដែលធ្វើឱ្យមិនសប្បាយចិត្តខ្លះទេ?
ជឿចុះថា ច្បាស់ជាមានថ្ងៃណាមួយ ដែលកូនរបស់អ្នកត្រូវតែមានអារម្មណ៍ថា មិនអូខេជាមួយអ្វីម្យ៉ាងមិនខាន អាចនឹងត្រូវពួកម៉ាកនៅឯសាលាឡកលើយ ឬត្រូវគេធ្វើបាបជាដើម ហើយគេក៏ប្រហែលជាមិនហាននិយាយចេញមកដែរ បើគ្មាននរណាសួរ ហើយសំណួរនេះឯងដែលនឹងធ្វើឱ្យគេបាននិយាយ បានទម្លាយចេញមកថា តើគេបានជួបនឹងអ្វីដែលមិនត្រូវចិត្តមកខ្លះ? ដែលវានឹងធ្វើឱ្យលោកឪពុកអ្នកម្តាយបានដឹង និងបានជួយកែបញ្ហាឱ្យគេទៀតផង។
4 – បើអាចធ្វើអ្វីឱ្យអ្នកដទៃបាន 1យ៉ាងក្នុងថ្ងៃស្អែកនេះ តើកូននឹងធ្វើអ្វី?
ដឹងឬទេថា ក្មេងៗនឹងមានអារម្មណ៍រំភើបញាប់ញ័រជានិច្ច នៅពេលធ្វើឱ្យមនុស្សជុំវិញខ្លួនមានសេចក្តីសុខ ឬពេលដែលបានជួយយកអាសាអ្នកដទៃនោះ បើដូច្នេះលោកឪពុកអ្នកម្តាយសាកល្បងសួរគេតែម្តងទៅថា បើជ្រើសរើសធ្វើអំពើល្អចំពោះមនុស្សជុំវិញខ្លួនបាន1រឿងនៅថ្ងៃស្អែកនេះ តើគេគិតចង់ធ្វើអ្វីដែរ? វាជាការហ្វឹកហាត់ឱ្យគេចេះរិះគិត ថែមទាំងជាវិធីបង្រៀនគេឱ្យចេះគិតល្អ និងធ្វើល្អទៀតផង។
5 – តើកូនគិតថា ថ្ងៃនេះជាថ្ងៃដែលល្អហើយឬនៅ? តើមានរឿងណាដែលប៉ា និងម៉ាក់អាចធ្វើឱ្យថ្ងៃស្អែកនេះក្លាយជាថ្ងៃដែលល្អជាងថ្ងៃនេះបានទេ?
សំណួរនេះនឹងធ្វើឱ្យកូនសម្លាញ់មានអារម្មណ៍ថា អ្នកបារម្ភ និងមើលឃើញថាគេជាមនុស្សសំខាន់ ហើយបើថ្ងៃនេះកូនមិនអូខេជាមួយរឿងអ្វីម្យ៉ាង ឬមានរឿងនៅក្នុងចិត្តដែលចង់ប្រាប់ផងនោះ លោកឪពុកអ្នកម្តាយនឹងបានដឹង ហើយបានជួយនិយាយអធិប្បាយ ដើម្បីអាចកែបញ្ហាបានហ្នឹងឯង។
6 – ថ្ងៃនេះកូនលេងជាមួយអ្នកណា សប្បាយបំផុត?
សំណួរនេះនឹងជួយឱ្យដឹងថា ការចូលក្នុងសង្គមរបស់កូនលោកអ្នកនោះយ៉ាងណាដែរ? កូនរបស់អ្នកចូលចិត្តលេងជាមួយមិត្តភក្តិណាមួយជាពិសេស ឬបើកូនរបស់លោកអ្នកជាក្មេងដែលចូលចិត្តលេងតែម្នាក់ឯង មិនរវល់ជាមួយអ្នកណានោះ អ្នកនឹងបានដឹងថា សម្ពន្ធភាពរឿងមិត្តភក្តិរបស់កូនយ៉ាងណាខ្លះ? បើត្រូវមិត្តភក្តិនៅសាលាធ្វើបាប ឪពុកម្តាយក៏នឹងបានដឹងដែរ។
ឃើញទេចា៎ស? ក្រៅពីការនិយាយរឿងនិទានឱ្យកូនស្តាប់មុនពេលគេងហើយ ក៏នៅអាចសួរសំណួរទាំង6នេះ ដើម្បីឱ្យបានដឹងពីជីវិត និងអត្តចរិតរបស់កូនកាន់តែច្រើនឡើង ហើយនៅបានជួយបង្ហាត់ឱ្យកូនរបស់លោកអ្នកចេះប្រើខួរក្បាលរិះគិតទៀតផង៕
No comments:
Post a Comment