About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

១២ ចំណុច ដែលអ្នកមិនគួរធ្វើ នៅលើយន្តហោះ

ការធ្វើដំណើរតាមយន្តហោះ ជារឿងសំខាន់មួយ ដែលយើងគួរយកចិត្តទុកដាក់ ព្រោះវាជាដំណើរ រយៈពេលវែង និងជាដំណើរ ដែលងាយនឹងជួបប្រទះនឹងបញ្ហា ជាយថាហេតុ។ ដើម្បីកាត់បន្ថយបញ្ហានៅក្នុងពេលធ្វើដំណើរលើយន្តហោះ ទំនើបសូមបង្ហាញនូវចំណុចមួយចំនួន ដែលអ្នកគួរជៀសវាង។
១. គេងលក់នៅពេលយន្តហោះឡើង ឬចុះចត
នៅពេលយន្តហោះធ្វើដំណើរហោះឡើង ឬចុះចត សំពាធខ្យល់នៅជុំវិញខ្លួន អ្នកប្រែប្រួលយ៉ាងឆាប់រហ័ស លឿនជាងខ្យល់នៅក្នុងត្រចៀករបស់អ្នក។ ដើម្បីរក្សាតុល្យភាពសំពាធខ្យល់ អ្នកគួរទំពារស្ករកៅស៊ូ ដកដង្ហើមចូល ហើយដកដង្ហើមចេញមួយៗ ស្របពេលអ្នកបិទមាត់ និងច្រមុះ បៀមស្ករគ្រាប់ ឬស្ងាប។ និយាយឱ្យខ្លី អ្នកគួរតែមានស្មារតីស្វាង មិនងោកងុយ។ ការលង់លក់នៅពេលមានបំលាស់ប្តូរសំពាធ នឹងធ្វើឱ្យអ្នកមិនអារម្មណ៍មិនស្រួល ដែលអាចនាំឱ្យមានអាការៈ វិលមុខ ឈឺត្រចៀក ហ៊ឹងត្រចៀក ខូចក្រដាសត្រចៀក ឬឈាមច្រមុះ និងអាចមានបញ្ហាស្តាប់មិនលឺធ្ងន់ធ្ងរ។
២. អង្គុយចាប់ពីពេលយន្តហោះឡើង រហូតដល់ចុះចត
សំពាធខ្យល់ទាប នៅក្នុងកាប៊ីនយន្តហោះ ធ្វើឱ្យចលនាឈាមរត់យឺត និងនាំឱ្យឈាមកក ភាគច្រើននៅត្រង់ជើង។ ការអង្គុយយូរពេក នឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ ដើម្បីកាត់បន្ថយហានិភ័យឈាមកក ដែលអាចបង្កជាបញ្ហាធ្ងន់ធ្ងរ បើសិនជាមានឈាមកក នៅក្នុងសួត ខួរក្បាល ឬបេះដូង អ្នកគួរមានចលនា និងងើបដើរចុះឡើងឱ្យបានច្រើន តាមដែលអាចធ្វើបាន។ យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួល សម្រាប់អ្នកដែលអង្គុយជាប់បង្អួច ឬអង្គុយជួរកណ្តាល។ ដោយមិនគិតពីទីតាំងកន្លែងអង្គុយ អ្នកអាចបង្ការបញ្ហាបាន ដោយធ្វើចលនាតិចៗឱ្យបានញឹកញាប់។ យើងសូមណែនាំចលនាងាយៗ សម្រាប់អ្នកដោយ លើកកែងជើងឡើង ដោយម្រាមជើង នៅជាប់នឹងផ្ទៃរាប បន្ទាប់ក្តាប់ និងលា សាច់ដុំជើង។ អនុវត្តចលនាម្តងមួយៗ តាមសម្រួល និងអនុវត្តវាម្តងហើយម្តងទៀត ឱ្យបានញឹកញាប់។ បើសិនជាអ្នកមានអារម្មណ៍ងងុយគេង សូមធ្វើ ការផ្លាស់ប្តូរទីតាំងឱ្យបានញឹកញាប់ តាមដែលអាចធ្វើបាន និងធ្វើចលនាជើងរៀងរាល់ពេលអ្នកក្រោកពីគេង។ សូមកុំប្រើប្រាស់ថ្នាំងងុយគេង ដែលវានាំឱ្យអ្នកបាត់បង់ចលនាកាន់តែច្រើន។
៣. គេងលក់ទាំងថ្ងៃ នៅពេលអ្នកស្ថិតនៅក្នុងជើងហោះហើរ ចុងក្រោយ
វានឹងធ្វើឱ្យអ្នកកាន់តែពិបាក ក្នុងការសម្របនឹងភាពខុសគ្នា នៃពេលវេលា ក្នុងតំបន់ដែលអ្នកធ្វើដំណើរទៅ។ វានឹងធ្វើឱ្យអ្នកបាត់បង់ថាមពល។ អ្នកគួរប្តូរម៉ោងនាឡិកាដៃអ្នក ឱ្យស្របនឹងម៉ោងនៅតំបន់នោះ នៅពេលអ្នកឡើងលើយន្តហោះ។ បន្ទាប់មក អ្នកគួរសម្របឥរិយាបថទៅតាមម៉ោងនៃនាឡិកាដៃ។ បើវាចង្អុលថាពេលយប់ សូមព្យាយាមសំងំគេងទៅ។
៤. បដិសេធនឹងភេសជ្ជៈ
កាប៊ីនយន្តហោះ មានភាពស្ងួតខ្លាំង។ ព្រោះរាងកាយរបស់អ្នក បាត់បង់សំណើម នៅរៀងរាល់ពេលអ្នកដកដង្ហើម ហើយការដកដង្ហើម នៅក្នុងរយៈកម្ពស់ខ្ពស់អាចធ្វើឱ្យអ្នក មានភាពស្ងួតកាន់តែខ្លាំង។ ដូច្នេះ នៅពេលអ្នកបម្រើលើយន្តហោះ នាំភេសជ្ជៈមកជូន សូមធ្វើការហៅភេសជ្ជៈនានា និងស្នើសុំភេសជ្ជៈឱ្យបានទៀងទាត់។
៥. កុម៉ង់តែ ឬកាហ្វេ
សូមកុំគិតថា កាហ្វេជាភេសជ្ជៈល្អ សម្រាប់ការហោះហើរឱ្យសោះ។ កាហ្វេ និងតែ ត្រូវឆុងជាមួយទឹកម៉ាស៊ីននៅលើយន្តហោះ ដែលមានផ្ទុកបាក់តេរី។ នៅលើយន្តហោះ ត្រូវបានរកឃើញថា មានបាក់តេរី ជាង ១២ភាគរយ។ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នក ប៉ះជាមួយនឹងវា អ្នកមិនទាន់ទទួលផលប៉ះពាល់ពីបាក់តេរីទាំងនោះទេ ប៉ុន្តែដោយសារបាក់តេរីកើតចេញពីកករ ជាទីកន្លែងដែលវាលាក់ខ្លួន ដូច្នេះទឹកដែលមានផ្ទុកបាក់តេរីទាំងនោះ អាចជះផលប៉ះពាល់ដល់រាងកាយអ្នក។ ដូច្នេះ ចូរកុំប្រថុយប្រថាននឹងគ្រោះថ្នាក់អី។ អ្នកគួរជ្រើសយកទឹកបរិសុទ្ធ ឬទឹកដប ជំនួស ហើយគួរជៀសវាងការទទួលទានទឹកកក ដែលផលិតពីទឹកម៉ាស៊ីនលើយន្តហោះ។
៦. ទទួលទានភេសជ្ជៈ មានជាតិហ្គាស
ការផ្លាស់ប្តូរសំពាធខ្យល់ អាចធ្វើឱ្យជាតិហ្គាស នៅក្នុងខ្លួនរីកសាយភាយ រហូតដល់ ២៥ភាគរយ។ ដោយសារភេសជ្ជៈមានសារជាតិហ្គាស ដូចគ្នាទៅនឹងហ្គាស នៅក្នុងខ្លួនយើង ដូច្នេះការទទួលទានភេសជ្ជប្រភេទនេះ អាចធ្វើឱ្យអាការៈឆ្អល់ណែនពោះកាន់តែធ្ងន់ធ្ងរ។
. កុំទទួលទានគ្រឿងស្រវឹង
ជាតិអាល់កុល ក្នុងគ្រឿងស្រវឹងអាចជួយឱ្យអ្នក គេងលក់លើយន្តហោះ ប៉ុន្តែវាអាចធ្វើឱ្យការទទួលទានដំណេករបស់អ្នកមានបញ្ហា ធ្វើឱ្យអ្នកខ្សោះជាតិទឹក និងអាចឱ្យអ្នកវិលមុខ ដែលធ្វើឱ្យអ្នកបាត់បង់ផាសុកភាព និងមានអារម្មណ៍ល្ហិតល្ហៃ។
៨. ទទួលទានអាហារ លើយន្តហោះច្រើនពេក
ប្រាកដណាស់ថាអ្នកត្រូវតែញ៉ាំ នៅពេលឃ្លាន ទោះបីជានៅលើដី ឬលើអាកាស។ ប៉ុន្តែការទទួល ទានអាហារទាំងអស់នៅលើយន្តហោះ ដោយសារតែអ្នកមានអារម្មណ៍ធុញ ហើយអ្នកនឹងមានអារម្មណ៍ថាម្ហូបអាហារទាំងនោះ មិនឆ្ងាញ់ដូចនៅខាងក្រោម។ កត្តានេះដោយសារខ្យល់ស្ងូតនៅក្នុងកាប៊ីនយន្តហោះ និងសំពាធខ្យល់ទាប កាត់បន្ថយជីវ្ហាវិញ្ញាណ ក្នុងការទទួលរសជាតិប្រៃ និងផ្អែមពី១៥ ទៅ៣០ ភាគរយ ដែលជាកត្តាធ្វើឱ្យអាហារបាត់បង់រសជាតិ។ ការរំខានពីបរិយាកាសជុំវិញខ្លួន ដូចជាសម្លេងម៉ាស៊ីនយន្តហោះ ក៏ប៉ះពាល់ដល់ជីវ្ហាវិញ្ញាណរបស់អ្នកដែរ។ មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានស្វែងរកដំណោះស្រាយ ចំពោះបញ្ហានេះដោយបម្រើនូវ អាហារដែលមានរសជាតិប្រៃ ដូច្នេះអ្នកនឹងទទួលទានបានតិច តែទទួលសារជាតិអំបិលច្រើនលើសលុប។
៩. ញ៉ាំអាហារ ដែលជ្រុះលើថាស
នៅពេលមានការវិភាគពីបាក់តេរី នៅក្នុងតួយន្តហោះ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសផ្សេងៗគ្នា តើ អ្នកដឹងទេថា ពួកគេស្វែងរកឃើញបាក់តេរីច្រើនបំផុត មាននៅទីណាទេ? វាមានច្រើនបំផុតនៅលើ ថាសដាក់ម្ហូបអាហារ។ អ្នកសម្អាតនៅលើយន្តហោះ បានធ្វើការសម្អាតវារួចរាល់ហើយ ប៉ុន្តែយើង មិនបានដឹងថាពួកគេធ្វើវាបានល្អប៉ុណ្ណាទេ។ ដូច្នេះអ្នកគួរធ្វើការសម្អាតវាដោយខ្លួនឯង ដោយប្រើ ប្រាស់ផលិតផលសម្លាប់មេរោគ ជូតសម្អាតលើថាសអាហាររបស់អ្នក។
១០. ប៉ះពាល់ស្និទ្ធ ជាមួយខ្សែក្រវ៉ាត់សុវត្ថិភាព
អ្នកវិភាគបាក់តេរីនៅលើយន្តហោះ ក៏បានរកឃើញថា ខ្សែក្រវ៉ាត់សុវត្ថិភាព ក៏ជាបណ្តុំនៃមេរោគដែរ។ ដោយសារតែការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ជាទង្វើដែលអ្នកមិនអាចជៀសវាងបាន សូមព្យា យាមកុំប៉ះពាល់វា បន្ទាប់ពីអ្នកដោះវាចេញ និងប្រើសាប៊ូសម្លាប់មេរោគលាងសម្អាតដៃរបស់អ្នក។
១១. ដើរ ដោយគ្មានស្បែកជើង
វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ នៅពេលអ្នកចាត់ទុកយន្តហោះដូចជាផ្ទះ ជាពិសេសនៅពេលអ្នក ហោះហើរច្រើនម៉ោង ឬហោះហើរឆ្លងយប់។ ប៉ុន្តែអ្នកបម្រើការលើយន្តហោះនិយាយថា បាតយន្តហោះមិនស្អាតនោះទេ។ សម្រាម និងកំទេចកំទីអាហារគួរតែ ជាហេតុផលគ្រប់គ្រាន់ ដែលអ្នកត្រូវ ពាក់ស្បែកជើង ឬក៏គួរពាក់វានៅពេលអ្នកទៅបន្ទប់ទឹក។
១២. មិនបន្ទោរបង់ រហូតដល់ចុះចត
ដោយសារតែអ្នកមិនទម្លាប់បន្ទោរបង់ នៅក្នុងបន្ទប់តូចចង្អៀត ដូច្នេះបង្គន់លើយន្តហោះអាចធ្វើឱ្យ អ្នកមិនមានអារម្មណ៍បន្ទោរបង់។ ប៉ុន្តែប្រសិនបើអ្នកមិនអាចទប់បាន អំឡុងពេលធ្វើដំណើរនៅក្នុងយន្តហោះ សូមកុំទ្រាំ ហើយចូលទៅបន្ទប់ទឹកទៅ។ បើអ្នកព្យាយាមទ្រាំទប់ តម្រងនោមរបស់ អ្នកនឹងមានបញ្ហា ហើយអ្នកអាចនឹងឈឺចាប់។

No comments:

CASINO





MOBILE MAGAZINE