៩ ខែ នៃការប្រែប្រួល របស់អ្នកម្តាយមានគភ៌
នៅពេលអ្នកម្តាយ ចាប់ផ្តើមមានគភ៌ នឹងចាប់ផ្តើមមើលឃើញការប្រែប្រួល តាំងពីសប្តាហ៍ដំបូង រាងកាយរបស់អ្នកម្តាយនឹងបញ្ជូនសញ្ញាប្រាប់ ពីអាការផ្សេងៗឱ្យបានដឹង ហើយសញ្ជាតិញ្ញាណនោះ អ្នកម្តាយខ្លួនឯង ក៏អាចសម្របសម្រួលសភាពរាងកាយ ត្រៀមទប់ទល់នឹងកូនតូច នៅក្នុងផ្ទៃបានដែរ។ កាេប្រែប្រួល នៃសភាពរាងកាយរបស់អ្នកម្តាយមានគភ៌ ទោះជាមិនបានត្រៀមខ្លួនជាមុនមែន តែអ្នកម្តាយអាចសម្រួលសភាពបាន ដោយអត្តនោម័តិ ទោះជាមិនបានទាំងអស់ក៏ដោយ តែក៏អាចសម្រួលសភាព បានដោយធម្មជាតិដែរ។ ឥឡូវយើងនាំគ្នាមកមើលថា នៅក្នុងខែនីមួយដែលមានកូនតូចនៅក្នុងគភ៌ តើរាងកាយរបស់អ្នកម្តាយ មានការប្រែប្រួលយ៉ាងណាខ្លះ?
ខែទី1 ៈ បាត់រដូវ តែក៏មិនប្រាកដទាំងអស់ដែរ សម្រាប់ស្រ្តីខ្លះដែលរដូវមកមិនទៀងទាត់ តែអ្នកអាចត្រួតពិនិត្យមើលថាមានគភ៌ ឬគ្មានតាមរយៈការពិនិត្យទឹកនោម ដោយឈុតឧបករណ៍សម្រាប់ពិនិត្យ ឬតាមរយៈលោកគ្រូពេទ្យក៏បាន បន្ទាប់ពីបាត់រដូវ 2សប្តាហ៍។ ក្រៅពីនេះ អ្នកអាចមានអាការក្អួតចង្អោរ និងឈឺសុដន់ទៀតផង។
ខែទី2 ៈ មានអារម្មណ៍ចង់ក្អួតចង្អោរ វិលមុខ និងមានអារម្មណ៍ចង់ក្អួតខ្លាំង ជាងខែដំបូងទៅទៀត ឆាប់ហត់ បត់ជើងតូចញឹកញាប់ ឈឺសុដន់ ធុំក្លឹនអ្វីប្លែកមិនបាន និងមានអារម្មណ៍ឆាប់ប្រែប្រួល។ល។
ខែទី3 ៈ អាការនៅតែដូចកាលពីខែទី1 និងខែទី2 ដដែល អាការចាញ់កូនអាចថយចុះ តែនៅតែឆាប់ខឹងឆេវឆាវមួម៉ៅដដែល និងចាប់ផ្តើមមានបញ្ហាទល់លាមកខ្លះៗហើយ ព្រោះការរំកិលខ្លួនរបស់លាមក នៅក្នុងពោះវៀនធំដំណើរការយឺត ដូច្នេះគួរទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន។
ខែទី4 ៈ ពោះចាប់ផ្តើមរីកកាន់តែធំឡើង មានអារម្មណ៍នឹកឃ្លានញឹកញាប់ អារម្មណ៍ឆេវឆាវឆាប់មួម៉ៅថយចុះ។
ខែទី5 ៈ សុដន់ឡើងធំ អាចមានទឹកដោះថ្លាៗហូរចេញមក ចាប់ផ្តើមជួបនឹងបញ្ហាផ្សេងៗ ដូចជា មានធ្លាក់-សច្រើន ឈឺខ្នង ឬមានឈាមចេញតាមជើងធ្មេញ។
ខែទី6 ៈ អំឡុងពេលនេះ ពោះនឹងកាន់តែធំឡើង ហើយទម្ងន់ខ្លួនក៏កាន់តែកើនឡើង យ៉ាងឆាប់រហ័សផងដែរ ក្បាលដោះនឹងទល់ឡើង ចេញញើសច្រើន និងមានអារម្មណ៍ថាក្តៅ ដូច្នេះគួរទទួលទានទឹកស្អាតឱ្យបានច្រើន។
ខែទី7 ៈ ចាប់ផ្តើមមានអារម្មណ៍ក្តៅផ្សានៅម្តុំចុងដង្ហើម បន្ទាប់ពីទទួលទានអាហារឆ្អែត មានអារម្មណ៍ថាអាហារមិនសូវរំលាយ ប្រគ្រីវកាច់នៅលើជើង ក្បាលពោះរបស់អ្នកម្តាយខ្លះ ចាប់ផ្តើមឡើងសង្វារ។
ខែទី8 ៈ អុីកអៀកខ្លាំង ពេលខ្លះដកដង្ហើមមិនសូវបានពេញលេញ ព្រោះកូនខ្លួនកាន់តែធំឡើង រហូតទៅប្រជ្រៀតនឹងអវយវៈផ្សេងទៀត នៅក្នុងពោះអ្នកម្តាយ និងបត់ជើងតូចកាន់ញឹកឡើង។
ខែទី9 ៈ មានអារម្មណ៍ធ្ងន់ៗខាងក្រោមពោះ (ថ្ងាស) អាចមានអាការឈឺពោះតឿនប្រាប់ឱ្យដឹងមុន រមាស់ និងតឹងៗនៅលើស្បែកក្បាលពោះ ដៃជើងហើម ហត់ល្វើយ ចង់តែគេងសម្រាក និងនៅសប្តាហ៍ចុងក្រោយនៃខែនេះ អ្នកម្តាយត្រូវត្រៀមខ្លួនជួបមុខកូនសម្លាញ់ហើយ៕
No comments:
Post a Comment