សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង
កោះកុង ជាខេត្តមួយស្ថិត នៅតំបន់ឆ្នេរប៉ែកនិរតី នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភ្ជាប់ដោយផ្លូវជាតិលេខ4 និងផ្លូវជាតិលេខ48 ដែលមានផ្ទៃដីសរុបប្រមាណ 10, 045គីឡូម៉ែត្រការ៉េ។ ផ្ទៃដីសរុបត្រូវបានបែងចែក ជាផ្ទៃដីបង្កបង្កើនផលចំនួន 11, 433ហិកតា, ផ្ទៃដីព្រៃភ្នំ និងព្រៃលិចទឹកចំនួន 502, 000ហិកតា, ផ្ទៃដីសមុទ្រ 558, 000ហិកតា និងផ្ទៃដីកោះ ចំនួន44, 567ហិកតា នៃកោះសរុបចំនួន 23កោះ។ កោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខាងលិចជាប់នឹងឈូងសមុទ្រថៃ ប្រទេសថៃ។ រដ្ឋបាលខេត្ត រួមមាន 6ស្រុក គឺ1ក្រុង, 3សង្កាត់, 26ឃុំ និង116ភូមិ និងមានប្រជាជនសរុបប្រមាណ 117, 481នាក់ ស្មើនឹងប្រមាណ 24, 311គ្រួសារ ដែលក្នុងនោះមាន 5ជនជាតិ គឺជនជាតិខ្មែរ, វៀតណាម, ចិន, ឥស្លាម និងថៃ ប្រកបមុខរបរដោយការនេសាទ ជួញដូរ ធ្វើស្រែចំការ រកផលអនុផលព្រៃឈើ និងវារីវប្បកម្ម។
ខេត្តកោះកុង មានសក្តានុពលធនធានទេសចរណ៍ជាច្រើនរួមមាន តំបន់ដីគោក(ព្រៃភ្នំ) ជួរភ្នំក្រវាញ, តំបន់ឆ្នេរសមុទ្រ, តំបន់ដីគោក មានទឹកធ្លាក់ចំនួន9កន្លែង និងទឹកជ្រោះជ្រលងអូរព្រៃភ្នំ និងសត្វព្រៃ។ តំបន់ឆ្នេរសមុទ្រ មានប្រវែងប្រមាណ 234គីឡូម៉ែត្រ ចាប់ពីតំបន់ចាំយាម ព្រំប្រទល់ជាប់នឹងប្រទេសថៃ ដល់ភូមិជ្រោយស្វាយ ព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ មានកោះចំនួន 23កោះ ឆ្នេរខ្សាច់ចំនួន 07ឆ្នេរ និងផ្កាថ្មបាតសមុទ្រតាមបណ្តាកោះ ព្រមទាំងស្មៅសមុទ្រ។ ជាបទពិសោធន៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ កោះកុង បានបង្កើតឱ្យមានសកម្មភាពទេសចរណ៍ និងដំណើរកម្សាន្តផ្សេងៗគ្នាដូចជា ៖ ការដើរកម្សាន្តតាមព្រៃភ្នំ, ដើរតាមតំបន់ទឹកធ្លាក់, ការដើរដោយស្ពាយសាក់កាដូ, ការទស្សនាព្រៃកោងកាង, ជិះទូកទស្សនាត្រីផ្សោតសមុទ្រ និងព្រៃកោងកាង, ការកម្សាន្តសប្បាយនឹងទេសភាពឆ្នេរសមុទ្រ, ទស្សនាសត្វស្លាប, ហាលទឹក ឬអ៊ុំទូកកៃយ៉ាក់តាមព្រែក និងតាមឆ្នេរសមុទ្រ, ការទស្សនាសត្វស្លាប(ជ្រឹង), ការដើរមើលអំពិលអំពែកតាមព្រៃកោងកាងនាពេលយប់, ទស្សនាប្រជុំកោះតូច-ធំ ផ្កាថ្មបាតសមុទ្រ ស្មៅសមុទ្រ ស្ទូចត្រី៘ ទស្សនាសួនសត្វ (កោះកុងសាហ្វារីវែល) និងឆ្នេរខ្សាច់ចាំយាម, ការទស្សនាឡូត៍ចិញ្ចឹមខ្យងចំពុះទា និងតំបន់ជីវៈចម្រុះដ៏សម្បូរបែបតាមព្រៃកោងកាង និងការបោះជំរុំទេសចរតាមព្រៃជាដើម។ ដោយឡែក សម្រាប់តំបន់រមណីយដ្ឋាន ដែលប្រជាជានខ្មែរ ដ៏ដូចជាបណ្តាភ្ញៀវទេសចរអន្តរជាតិ ចម្រុះជាតិសាសន៍ចូលចិត្តទៅកម្សាន្ត ជាងគេរួមមានដូចជា រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ពាមក្រសោប ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន និងតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ចាំយាម។
បាងកាយ៉ាក
ជាតំបន់ទេសចរណ៍ធម្មជាតិឆ្នេរសមុទ្រ នៃព្រៃកោងកាង ដែលស្ថិតនៅក្នុងឃុំ-ភូមិ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានផ្ទះសំណាក់លម្ហែកាយតាមរបៀបម៉ូតែល ដោយផ្ទះនីមួយៗនៅដាច់ពីគ្នា ខ្លះមានមួយបន្ទប់ ខ្លះមានពីរបន្ទប់សង់ឡើងនៅលើផ្ទៃទឹក តាមចន្លោះដើមកោងកាង និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូទឹកកកទៀតផង។ ប៉ុន្តែអ្វីដែលទាក់ទាញជាងនេះ នៅពេលរាត្រីចូលមកដល់ ពិសេសនៅរដូវប្រាំង ភ្ញៀវទេសចរទាំងឡាយ ដែលភាគច្រើនជាជនបរទេស ក្រៅពីទស្សនានៅពេលថ្ងៃរួចហើយនោះ នៅពេលរាត្រីគេនឹងនាំគ្នាជិះទូកកាត់ ព្រៃកោងកាងមើលពន្លឺអំពិលអំពែក ហាក់បីដូចហ្វូងតារារយពាន់នៅលើមេឃ ដែលទិដ្ឋភាពបែបនេះកម្របានឃើញណាស់ ពោលគឺមាននៅតែបាងកាយ៉ាកមួយគត់។
ព្រៃកោងកាង
រមណីយដ្ឋានព្រៃកោងកាង នៅជាប់គ្នានឹងផ្ទះសំណាក់លម្ហែបាងកាយ៉ាក។ នៅទីនោះគេបានធ្វើស្ពាន ថ្មើរជើងបេតុងតូចមួយប្រវែង 1, 000ម៉ែត្រ នាំភ្ញៀវទេសចរដើរទស្សនាតំបន់ទេសចរណ៍ធម្មជាតិ នៃបឹងកាយ៉ាក។ តាមដងស្ពានគេនឹងបានឮសំឡេង បក្សាបក្សីស្រែកខ្ញៀវខ្ញារ លាយឡំនឹងសំឡេងសត្វស្វាលោតចុះលោតឡើង និងទស្សនាកូនក្តាម ខ្យង វាររវើកក្រោមឫសកោងកាង និងកូនត្រីសមុទ្រហែលប្រដេញគ្នាលេង។ មានកន្លែងសម្រាកកម្សាន្តរាប់សិបកន្លែង ត្រូវបានសាងសង់ប្របតាមស្ពានថ្មថ្មើរជើង ទំហំ 1ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរ សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមើលសត្វព្រៃនានា។ នៅឯចុងស្ពានមានស្ពានយោលមួយ ដែលចម្លងភ្ញៀវទៅដល់ប៉មមួយទៀត មានកម្ពស់ 15ម៉ែត្រ សម្រាបទស្សនាសម្រស់ធម្មជាតិព្រៃកោងកាង និងស្ពានក្នុងព្រៃកោងកាង ព្រមទាំងដងអូរនានា។
ទឹកជ្រោះតាប៉ន
ទឹកជ្រោះតាប៉ន ស្ថិតនៅតាមដងផ្លូវជាតិលេខ 48 មានចម្ងាយជាង 5គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងខេមរភូមិន្ទ ទីនោះជាអតីតតំបន់ដាំកញ្ឆា មានឈ្មោះពិត “តាម៉ាន”។ នៅក្រោយទសវត្សរ៍ឆ្នាំ 1980 តំបន់នេះមានមន្ត្រីយោធាម្នាក់បានទៅចាប់យកធ្វើជាកម្មសិទ្ធិ ហើយបានសាងសង់ផ្លូវជាតិលេខ 48 ដែលធ្វើឆ្លងកាត់ត្រង់ចំណុចនោះ ក៏រៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត។ បច្ចុប្បន្នទីនោះ ក៏ទទួលបានការពេញនិយមខ្លាំងណាស់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។
តាតៃ
រមណីយដ្ឋានធម្មជាតិ តាតៃ ស្ថិតនៅភាគខាងកើតទីប្រជុំជនខេត្តក្រុងកោះកុង និងភាគខាងត្បូងភ្នំក្រវាញ ហើយទីនោះក៏ជាចំណុចកណ្ដាលរវាងទីក្រុងភ្នំពេញ និងបាងកកផងដែរ។ រមណីយដ្ឋាននេះស្ថិតនៅលើស្ទឹងបែកជា4 អមជាមួយនឹងសម្រស់ធម្មជាតិ ស្រស់ឆើតឆាយនៃដងទន្លេកាច់កុងពត់ពេន ធ្វើឱ្យភ្ញៀវទេសចរគយគន់ មិនចេះធុញទ្រាន់គ្រប់ពេលវេលាដូចជា អ័ព្ទប៉ប្រះទឹកនៅពេលព្រឹក បញ្ចេញរស្មីសុរិយាក្រហមទុំដុតបញ្ឆេះរាត្រីអន្ធការឱ្យមានពន្លឺ និងជាកន្លែងស្ងប់សុខ សម្រាប់អ្នកចង់បន្ធូរអារម្មណ៍តានតឹងពីការងារ។ ជាមួយនឹងសម្រស់ធម្មជាតិ ដ៏ទាក់ទាញ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ តាតៃ ក៏ត្រូវបានភ្ញៀវទេសចរភាគច្រើនប្រសិទ្ធនាមថា ជារមណីយដ្ឋានឋានសួគ៌ ដ៏ប្រពៃនៃទេសចរនិយមការផ្សងព្រេងផងដែរ។
ពាមក្រសោប
ភូមិពាមក្រសោប ស្ថិតនៅក្នុងសង្កាត់កោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាទិសទក្សិណនៃទីក្រុងខេមរភូមិន្ទ ចម្ងាយប្រហែល 10គីឡូម៉ែត្រ។ ទីនោះមិនមានទេសភាពអ្វីប្លែក ក្រៅពីគេហដ្ឋានរបស់ប្រជានេសាទសង់ជាពីរជួរ អមមាត់ព្រែក ជាមួយនឹងឧបករណ៍នេសាទ ដែលនៅអមផ្ទះនោះឡើយ។ ទីធ្លាភ្ជាប់ពីផ្ទះមួយទៅផ្ទះមួយសុទ្ធតែស្ពានទាំងអស់។ នៅក្រោមផ្ទះ ពុំប្រាកដជាទឹក ឬគោកទេ ព្រោះធម្មតាទឹកសមុទ្រតែងតែមានជោរនាច បើពេលទឹកជោរមានទឹក កម្ពស់ពីកន្លះម៉ែត្រទៅ 1ម៉ែត្រ បើពេលទឹកនាចវិញគឺដីគោក ឬមានទឹករហែលៗតាមកន្លែងជ្រៅ រាក់។ នៅមុខផ្ទះ មានដៃសមុទ្រ និងតួព្រែក នៅក្រោយផ្ទះមានព្រៃ ដែលដុះសុទ្ធតែដើមកោងកាង។ ប៉ុន្តែទោះជាទិដ្ឋភាពនៅទីនោះ សាមញ្ញយ៉ាងនេះក៏ដោយ ភ្ញៀវក៏មិនដែលរំលងដែរ។
ច្រកចាំយាម
នៅច្រកអន្តរជាតិកម្ពុជា-ថៃ ច្រកចាំយាម ពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់កាន់តែច្រើនឡើង។ នៅទីនោះក៏មានរមណីយដ្ឋានមួយដ៏ទាក់ទាញផងដែរ គឺរមណីយដ្ឋានចាំយាម មានចម្ងាយ 10គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ជាប្រភេទរមណីយដ្ឋានធម្មជាតិ និងកែច្នៃបង្កើតឡើងនៅឆ្នាំ1997។ នៅទីនោះមានទេសភាពស្រស់ស្អាត និងមានសួនសត្វផងដែរ ដែលភ្ញៀវទេសចរអាចកម្សាន្តបានយ៉ាងរីករាយ ជាពិសេស គឺសួនសត្វចម្រុះ កោះកុងសាហ្វារីវើល ស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃតែម្ដង៕
No comments:
Post a Comment