About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុងប្រទេសកម្ពុជា និងជាតំបន់ដ៏គួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែវាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតអស្ចារ្យជាច្រើន ជាមួយនឹងសម្រស់ធម្មជាតិព្រៃភ្នំនៅជុំវិញកោះផងដែរ។ កោះនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សកាលពីឆ្នាំមុន ដូច្នេះនៅក្នុងឆ្នាំ 2019នេះ ឆ្នេរសមុទ្រស្អាតៗទាំងនេះ ត្រូវបានភ្ញៀវទេសចរ កត់ចូលជាបញ្ជីកំពូលៗទាំង 7 ដូចដែលរៀបរាប់នៅក្នុងអត្ថបទខាងក្រោមនេះ។
1. ឆ្នេរ ឯកោ ឬ ឆ្នេរ ឡូនលី
ឆ្នេរ ឯកោ គឺជាឆ្នេរដ៏ស្រស់ស្អាតបំផុតនៅលើកោះ រ៉ុង ដ៏ធំមួយនេះ ដែលឆ្នេរនេះស្ថិតនៅភាគខាងជើងនៃកោះ។ ទោះបីជាឆ្នេរនេះស្ថិតនៅទីតាំងដែលមិនងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្តក្តី ប៉ុន្តែនៅតែមានភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅទីនោះ ដោយសារតែពួកគេចង់ទស្សនា ទឹកសមុទ្រថ្លាដូចត្បូងគ្រីស្តាល់ ខ្សាច់ពណ៌សក្បុស និងមានដើមដូងដុះជាច្រើននៅបរិវេណឆ្នេរកោះនេះ។
2. ឆ្នេរ ឡាហ្ស៊ី ឬ (Lazy Beach)
ឆ្នេរនេះត្រូវបានកត់ចូលជា «កំពូលឆ្នេរសមុទ្រស្អាតបំផុតទាំង 21 នៅលើពិភពលោក» ដោយ National Geographic។ ឆ្នេរឡាហ្ស៊ី ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី 2 ក្នុងចំណោមឆ្នេរសមុទ្រទាំង 21 នៅលើពិភពលោក។ ហើយឆ្នេរនេះក៏ស្ថិតនៅក្នុងឆ្នេរកោះរ៉ុងផងដែរ។
3. ឆ្នេរ ឡុងប៊ិច ឬ ឆ្នេរ 4K
ឆ្នេរដ៏វែងអន្លាយមួយដែលមានប្រវែងប្រហែលជា 4 គីឡូម៉េត្រ ដែលអ្នកស្រុកនៅទីនោះហៅថា ឆ្នេរ ឡុងប៊ិច ឬ ឆ្នេរ 4K គឺជាឆ្នេរដែលមានទឹកសមុទ្រថ្លាដូចកញ្ចក់ អាចមើលឃើញដល់បាត និង មានឆ្នេរខ្សាច់ពណ៌សក្បុសដ៏វែងអន្លាយ។ ប្រសិនជាអ្នកចង់ទៅឆ្នេរនេះអ្នកអាចជិះទូកប្រហែលជា15នាទី ចេញពីឆ្នេរកោះ រ៉ុង។

4. ឆ្នេរ Saracen
ឆ្នេរ Saracen ដ៏ស្រស់ស្អាត គឺជាតំបន់ទេសចរដ៏សំខាន់នៅលើកោះរ៉ុងសន្លឹម។ វាក៏ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលម្ហែកាយដោយស្ងប់ស្ងាត់ ដែលធ្វើឱ្យអ្នកអាចលង់លក់ និងរីករាយចំពោះទិដ្ឋភាពដ៏អស្ចារ្យនៅតាមមាត់ឆ្នេរ សមុទ្រនេះ។ គ្រប់សេវាកម្មធ្វើដំណើរទាំងអស់គឺមានភាពងាយស្រួលដោយនៅទីនេះតែងតែមានទូក ឬកប៉ាល់ឈប់សំចតជាទៀងទាត់ ដែលធ្វើឱ្យវាក្លាយជាទីតាំងមួយដ៏ងាយស្រួលជាងគេបំផុតក្នុងការធ្វើដំណើរកម្សាន្ត។



5. ឆ្នេរ ស ឬ ឆ្នេរ វ៉ាយស៍
ប្រសិនបើអ្នកចង់ទៅឆ្នេរនេះ អ្នកគ្រាន់តែដើរប្រហែលជា 10 នាទី ចេញពីផែកោះ រ៉ុង ប៉ុណ្ណោះ ។ ប្រាកដណាស់មានឆ្នេរជាច្រើនដែលស្អាតជាងឆ្នេរ ស នេះ ប៉ុន្តែដោយសារឆ្នេរនេះមានទីតាំងនៅជិតផែ ដូច្នេះវាងាយស្រួលសម្រាប់ភ្ញៀវទេសចរដើរលេងកម្សាន្តតាមបណ្តោយឆ្នេរសមុទ្រ។

6. ឆ្នេរ សុខសាន្ត
ឆ្នេរនេះមានទីតាំងនៅភាគខាងលិចនៃកោះ រ៉ុង ហើយនៅឆ្នេរនេះមានទាំងផ្ទះតូចៗរបស់អ្នកភូមិនេសាទ និងជារមណីយដ្ឋានដ៏ធំជាងគេនៅលើកោះ រ៉ុង។ ភូមិនេសាទ មិនត្រឹមតែធ្វើឱ្យអ្នកអាចស្វែងយល់ពីវប្បធម៌ខ្មែរ របស់នេសាទក្នុងស្រុកប៉ុណ្ណោះទេ លើសពីនេះអ្នកក៏អាចសម្រាកបន្ធូរអារម្មណ៍ជាមួយខ្យល់អាកាសដ៏បរិសុទ្ធ និងទេសភាពទឹក សមុទ្រដ៏ស្រស់បំព្រងផងដែរ។ ចំពោះកន្លែងស្នាក់នៅទីនេះគឺមានតម្លៃថោកសមរម្យ។

7. ឆ្នេរ ដូង ឬ ឆ្នេរ Palm
ឆ្នេរ ដូង គឺជាឆ្នេរដែលសម្បូរទៅដោយដើមដូងជាច្រើនដុះនៅពាសពេញបរិវេណឆ្នេរ។ លើសពីនេះឆ្នេរនេះមានរមណីយដ្ឋានដែលផ្តល់នូវតម្លៃថោកសមរម្យបំផុតសម្រាប់ភ្ញៀវទេសចរ ដោយចាប់ផ្តើមត្រឹមតែតម្លៃ 35$ ប៉ុណ្ណោះ ក្នុងការស្នាក់នៅមួយយប់ ហើយអ្នកអាចអង្គុយលេងលើអង្រឹង គយគន់មើលទេសភាពដ៏ស្រស់ស្អាតនៃទឹកសមុទ្រ និងស្រូបខ្យល់បរិសុទ្ធ ព្រមទាំងស្តាប់សម្លេងរលកសមុទ្រ និងសម្លេងខ្យល់ ដែលប៉ះនឹងស្លឹកដូងហាក់បីដូចជាសម្លេងតន្រ្តីកំពុងប្រគុំ។


No comments:

CASINO





MOBILE MAGAZINE