EDEN ECO VILLAGE កន្លែងលំហែកាយ បណ្ដែតអារម្មណ៍បែបធម្មជាតិ
EDEN ECO VILLAGE គឺជាឈ្មោះតំបន់កម្សាន្តបែបធម្មជាតិ មានសភាពស្ងប់ស្ងាត់ ប្របនឹងមាត់ទឹកនៃដៃសមុទ្រ អមទៅដោយដើមរុក្ខជាតិព្រៃតូចធំ ដុះប្រជ្រៀតគ្នាឈរជាជួរយ៉ាងស្រស់ស្អាត ពណ៌ខៀវស្រងាត់លាយឡំ ជាមួយសូរសំឡេងសត្វចាបស្រែកបន្ទរតិចៗប្រៀបដូចបទភ្លេង ព្រមទាំងមានខ្យល់ជំនោរបក់ផាយរំភើយៗ ពីសមុទ្រដ៏សែនត្រជាក់ ដែលកាន់តែអំណោយផល ដល់បណ្តាអ្នកទេសចរដែលទៅកម្សាន្តជាខ្លាំង។ តំបន់ដែលពោរពេញទៅដោយ សម្រស់ធម្មជាតិបែបរ៉ូមែនទិកមួយនេះ បានលាក់ខ្លួនពួនអាត្មានៅឆ្ងាយពីទីប្រជុំជន នៃខេត្តកំពតប្រមាណជាជាង 10គីឡូម៉ែត្រ ឬគ្រាន់តែចំណាយពេលធ្វើដំណើរប្រមាណ 2ម៉ោង 30នាទី ចេញពីរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិម៉ាក់ប្រាំង ឃុំកំពង់ក្រែង ស្រុកកំពត។
នៅទីនេះក្រៅពីមានទេសភាព ដ៏ស្រស់ស្អាតដែលជាសម្បត្តិធនធានធម្មជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ភ្ញៀវដែលទៅកម្សាន្តនៅទីនោះនឹងបានសម្រាកកាយបន្ធូរអារម្មណ៍ ស្រូបយកខ្យស់អាកាសបរិសុទ្ធបក់ផាត់ ពីដៃសមុទ្រជាលក្ខណៈអេកូទេសចរណ៍ ជាមួយនឹងបន្ទប់ស្នាក់នៅដែលត្រូវបានគេសាងសង់ឡើង ធ្វើអំពីឈើប្រកស្បូវដ៏តូចច្រឡឹង នៅជាប់នឹងមាត់ច្រាំងយ៉ាងមានរបៀប ដោយមានគ្រែគេងចំនួន1 នឹងអង្រឹងសម្រាប់តម្រេតខ្លួនលំហែកាយចំនួន1 ដោយគ្រាន់តែចំណាយថវិកាប្រមាណជា 15-18ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់ ហើយថែមទាំងទទួលបានអាហារពេលព្រឹកសម្រាប់មនុស្ស 2នាក់ ដោយឥតគិតថ្លៃថែមទៀតផង។ ក្រៅពីនេះ EDEN ECO VILLAGE ក៏មានទីតាំងសម្រាប់ភ្ញៀវទេសចរជាក្រុម (មិនលើសពី 20នាក់) ក្នុងការអង្គុយជួបជុំជជែកគ្នាលេង ឬទទួលទានអាហារយ៉ាងសប្បាយរីករាយ ហើយលោកអ្នកក៏អាចធ្វើដំណើរកម្សាន្ត ជាលក្ខណៈឯកជន ដោយការជិះទូកលេងនៅលើដៃសមុទ្រ គយគន់ទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែកចម្លែកអារម្មណ៍ ក្រោមការឈរបង្ហាញរាងរបស់ពពួករុក្ខជាតិតូចធំ យ៉ាងស្អេកស្កះដែលដុះនៅតាមមាត់ច្រាំង ក៏ដូចជាដើមរុក្ខជាតិស្មៅដុះក្នុងទឹកតូចៗជាច្រើន ជាពិសេសថែមទាំងបានទស្សនាហ្វូងត្រីទឹកប្រៃ រាប់រយក្បាលហែលបណ្តែតខ្លួន បង្អួតភ្នែកអ្នកទេសចរយ៉ាងអស្ចារ្យ។ ដោយឡែសម្រាប់ការទទួលទានអាហារវិញ ភ្ញៀវទេសចរទាំងអស់ ក៏អាចកុម្ម៉ង់មុខម្ហូប តាមចំណូលចិត្ត ដែលក្នុងនោះរួមមានទាំងប្រភេទអាហារទឹកសាប និងអាហារគ្រឿងសមុទ្រ ព្រមទាំងមានភេសជ្ជៈយ៉ាងសម្បូរបែប ស្របទៅតាមតម្រូវការផងដែរ៕
No comments:
Post a Comment