About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 18, 2012

រ​​បាំ​ព្ល​យ​សួ​យ

 

របាំព្លយសួយ គឺជារបាំប្រពៃណីដ៏ចំណាស់តែក៏ជារបាំដែលមានភាពរស់រវើកមួយ របស់បងប្អូនជនជាតិភាគតិចសួយ ដែលរស់នៅតំបន់ព្រៃភ្នំនាទឹកដីខេត្តកំពង់ស្ពឺ។ របាំនេះមានកំណើតចេញពីជនជាតិភាគតិចសួយ ដែលរស់នៅក្នុងស្រុកឱរ៉ាល់ខេត្ត កំពង់ស្ពឺ។ ជនជាតិភាគតិចសួយបានបង្កើតជាតន្ត្រី និងរបាំជាច្រើនប្រភេទផ្សេងៗគ្នា ទៅតាមតំបន់ដែលគេរស់នៅ ដូចជារបាំស្គរ របាំតប់អំបក់ (ភាសាខ្មែរថា របាំបុកអំបុក) របាំសែនព្លយ របាំហែរសង្ឃឹកជាដើម។ របាំទាំងនេះ គេប្រារព្ធធ្វើឡើងនៅក្នុងខែពិសាខ និងខេជេស្ឋ ត្រូវនឹងខែមេសា-ឧសភា។

របាំព្លយសួយ សិល្បករ-សិល្បការិនីទាំងអស់មុននឹងសំដែងត្រូវក្រាបសំពះបួងសួងជា មុនសិន ហើយក៏ចាប់ច្រៀងបទឃាំង ឯមេកន្ទ្រាញចេញសំដែងនោះគេច្រៀងបទ ព្រើតចំណែកឯតួសំដែងឲ្យនាងឃ្លីនវិញ ក៏ច្រៀងបទព្រើតដែរ។ ចំណែកឯសិល្បករ-សិល្បការិនីដទៃទៀតក្នុងរបាំនេះក៏ចេញសំដែងដោយ ច្រៀងបទម៉ញ។ បទចម្រៀងទាំងអស់គឺជាសំនៀងប្រកបដោយសម្លេងយ៉ាងក្រអៅក្រអួនឮ គ្រលួចអុសបន្លាយពីរោះគួរអោយស្រណោះស្រណោកពេកក្រៃ ធ្វើអោយអ្នកស្ដាប់ងាយចាំ ហើយដក់ជាប់ក្នុងចិត្តជានិច្ច។ សិល្បៈរបាំព្លយនេះ បងប្អូនជនជាតិភាគតិចសួយ ក៏តែងតែយកមកសំដែងក្នុងពិធីឡើងសំណំ (ពាក្យខ្មែរថា ឡើងអ្នកតា) សម្រាប់ឧទ្ទិសដល់ព្រលឹងបុព្វការីជនរបស់គេ និងអ្នកតាម្ចាស់ស្រុកភូមរបស់គេ ដើម្បីសុំសេចក្ដីចំរើនដល់មនុស្សម្នាក្នុងភូមិឋាន សត្វចិញ្ចឹមរបស់គេ និងដំណាំដាំដុះរបស់ពួកគេផងដែរ។

រឿងនិទានទាក់ទិននិងប្រវត្តិ

ទម្រង់សិល្បៈរបាំព្លយសួយទាំងនោះ ត្រូវបានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺកត់ត្រាចងក្រងប្រមូលផ្ដុំរបាំ ទាំងអស់ នោះឡើង ជារបាំព្លយធំតែមួយ ឲ្យស្របតាមរឿងព្រេងនិទានរបស់បងប្អូនជនជាតិភាគតិចសួយ ដែលតំណាលថា : កាលពីព្រេងនាយមានមេកន្ទ្រាញម្នាក់កាំម៉ាក់ គាត់មានប្រពន្ធបីនាក់។ ប្រពន្ធទី១ ឈ្មោះនាងឃ្លីន ទី២ ឈ្មោះនាងតី និងទី៣ ឈ្មោះនាងម៉ី។ ថ្ងៃមួយមេកន្ទ្រាញបាននាំសេនារបស់ខ្លួនចេញទៅបរបាញ់សត្វក្នុង ព្រៃ រីឯប្រពន្ធៗនៅផ្ទះក៏នាំគ្នាជជែកលេងពីនេះពីនោះ រហូតដល់ភ្នាល់គ្នាថា នៅពេលប្ដីត្រឡប់មកវិញ តើគាត់សម្រាន្តជាមួយអ្នកណា? ម្នាក់ៗសុទ្ធតែអះអាងយកប្រៀបរៀងៗខ្លួនថា “ពិតជានៅជាមួយខ្លួន”។ នាងឃ្លីន ដែលជាប្រពន្ធទី១ បានអះអាងថា បើប្ដីវិលវិញហើយមិននៅជាមួយខ្លួនទេនោះខ្លួននឹងចាកចេញពីផ្ទះ ទាំងយប់ហើយទៅរស់នៅក្នុងល្អាងភ្នំជារៀងរហូត។
លុះមេកន្ទ្រាញជាស្វាមី វិលត្រឡប់មកដល់ផ្ទះ គាត់ក៏បានចូលទៅសម្រាន្តជាមួយប្រពន្ធទី៣ ព្រោះនាងប៉ិនប្រសប់លួងលោមថ្នាក់ថ្នមយកចិត្តប្ដីជាពិសេស។ ចំណែកនាងឃ្លីន ជាប្រពន្ធទី១ បានដឹងរឿងនេះហើយក៏ម្នីម្នារៀបចំខ្លួន មានបង្វេចខោអាវសាវស្បៃ ហើយលួចគេចចេញពីផ្ទះទៅល្អាងភ្នំដែលខ្លួនបានភ្នាល់ក្នុងគ្រា យប់នោះទៅ។
លុះព្រឹកឡើងមេកន្ទ្រាញបាត់ប្រពន្ធទី១ ពុំឃើញ គាត់ក៏សាកសួរគេឯងដឹងពីរឿងរ៉ាវនោះ រួចហើយក៏អោយគ្រូហោរាទស្សន៍ទាយ ឈ្មោះឃាំង ទស្សន៍ទាយគន់គូមើល។ បន្ទាប់មកមេកន្ទ្រាញក៏បានចាត់សេនាជំនិតម្នាក់ឈ្មោះនាយ ម៉ញ អោយទៅតាមរកប្រពន្ធតាមទំនាយរបស់លោកគ្រូឃាំង។
នាយម៉ញ បានដើរតាមរកអស់រយៈពេល ៧យប់ ៧ថ្ងៃ ពុំឃើញ លុះមកដល់ល្អាងភ្នំមួយ គាត់ក៏ឈប់សម្រាកនៅទីនោះ។ បរិយាកាសនៅជុំវិញបរិវេណមាត់ល្អាងភ្នំនោះមានទេសភាពល្អណាស់ មានទឹកហូររឹមៗ ឮសូរពីរោះរណ្ដំផ្សំទៅនឹងជំនោរខ្យល់បក់មករហៀកៗដែលនាំមកជាមួយ នូវគន្ធពិដោរផ្កាព្រៃ និងសំឡេងសត្វរៃយំកណ្ដឹង សត្វកន្លង់យំរងំ លាយឡំដោយសម្រែកបក្សាបក្សី ម្រឹគីម្រឹគាយំឆ្លើយឆ្លងគ្នាកងរំពងពេញព្រៃ។ រំពេចនោះសត្វក្ងោកក៏ចេញមកពត់ពេនប្រឡែងគ្នារេរាំលេងយ៉ាងសប្បាយ រីករាយ សត្វក្ដាន់ ប្រើស រមាំង ទន្សាយ ក៏ចេញមកលោតកញ្ឆេងប្រឡែងប្រដេញគាគងរេរាំទន្ទាំងផ្អៀងផ្អងដាក់ គ្នាយ៉ាងសប្បាយសុខដុមរមនាតាមបែបធម្មជាតិ មើលទៅហាក់ដូចជាផ្ទាំងទស្សនីយភាពមួយយ៉ាងល្អឧបក្ដិកពីស្ថាន សួគ៌ាល័យមកពិតៗ។ នាយ ម៉ញ កំពុងតែជក់ចិត្តផ្ដិតអារម្មណ៍គយគន់វិកាលភាពនេះ ស្រាប់តែឃើញនាងឃ្លីន ចេញពីក្នុងល្អាងមកប្រឡែងលេងជាមួយសត្វ និងធម្មជាតិនៅពេលនោះយ៉ាងសប្បាយរីករាយផងដែរ។ នាយម៉ញក៏រត់ទៅជួបនាង ហើយខំនិយាយអង្វរករយ៉ាងណាក្ដីក៏នាងឃ្លីនបានប្រកែកយ៉ាងដាច់ អហង្ការ ថាពុំព្រមវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយ ហើយនាក៏គេចខ្លួនរត់ចូលទៅល្អាងភ្នំនោះបាត់ទៅ។
នាយម៉ញ ក៏ត្រូវនាំយកដំណឹងនេះមកប្រាប់មេកន្ទ្រាញតាមដំណើររឿងដែលខ្លួន បានជួបប្រទះ។ មេកន្ទ្រាញកាំម៉ាក់ក៏ចាត់គេបង្កើតឧបករណ៍ភ្លេងព្លយ ដើម្បីលេងអោយឲ្យឮពីរោះដូចសម្លេងសត្វ និងធម្មជាតិ និងឲ្យគេរៀបចំក្រុមរបាំត្រាប់តាមសត្វក្ងោក រមាំង ទន្សាយ ប្រើស ក្ដាន់ ប្រឡែងលេងនឹងគ្នាដូចដែលនាយ ម៉ញ ពោលប្រាប់ ដើម្បីទៅសំដែងនៅមាត់ល្អាងភ្នំនោះដូចលើកមុន។ នាងឃ្លីន បានឮសម្លេងតន្ត្រីប្រគំហើយក៏សប្បាយរីករាយចិត្ត ហើយចេញមកលេងប្រឡែងដូចគ្រាមុនៗជាធម្មតាទៀត។ លុះមួយសន្ទុះក្រោយមកទើបនាងដឹងថា ពុំមែនជាសម្លេងសត្វក្នុងធម្មជាតិពិតៗទេ នាងក៏ចង់គេចខ្លួន។
ប៉ុន្តែទាំងមេកន្ទ្រាញ និងអ្នកភូមិទាំងអស់គ្នាបានអង្វរករអោយនាងឃ្លីនត្រឡប់ទៅផ្ទះវិញ នាងឃ្លីនក៏នៅតែពុំសុខចិត្ត ខណៈនោះម្ចាស់ល្អាងភ្នំ ឬជាអ្នកតាភ្នំ ដែលថែរក្សាតំបន់នោះក៏ចេញមកសួរកាំម៉ាក់ជាប្ដីថា បើនាងព្រមវិលត្រឡប់ទៅវិញ តើអោយអ្វីដល់គាត់? កាំម៉ាក់ឆ្លើយថា អោយអ្វីក៏បានដែរ អោយតែបាននាងឃ្លីន ជាប្រពន្ធត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលបាននាងឃ្លីន ត្រឡប់ទៅផ្ទះជួបជុំគ្រួសារមានសេចក្ដីសុខសាន្តហើយ ពួកគេក៏ភ្លេចពាក្យសន្យាជាមួយនឹងម្ចាស់ល្អាងភ្នំ។ ថ្ងៃមួយពេលមេកន្ទ្រាញកំពុងរៀបចំពិធីបង្កក់កូនជាមួយនាងឃ្លីន ស្រាប់តែម្ចាស់ល្អាងភ្នំចេញមុខបង្ហាញខ្លួនក្នុងពិធីនោះហើយធ្វើ ជាខឹងនឹងកាំម៉ាក់ ដោយពោលថា “យើងមកយកនាងឃ្លីនត្រឡប់ទៅវិញ”។ កាំម៉ាក់សូមអង្វរករថា នឹងបូជាយញ្ញស្រីក្រមុំថ្វាយជារៀងរាល់ឆ្នាំ។ ម្ចាស់ល្អាងភ្នំនៅតែពុំព្រម កាំម៉ាក់សុំអង្វរទៀតថា នឹងថ្វាយកូនកំពុងបង្កក់នោះតែម្ដង។ ម្ចាស់ល្អាងភ្នំបានឆ្លើយថា “បានហើយយើងពុំចង់បានអ្វីពីឯងទេ គឺចង់អោយតែអ្នកឯងគ្រប់ៗគ្នានិយាយពិត ធ្វើពិតបានហើយ”។ អ្នកទាំងអស់គ្នាក៏សំដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះ ម្ចាស់ល្អាងភ្នំ ហើយក៏នាំគ្នាគោរពបូជាពិធីនោះជារៀងរាល់ឆ្នាំ ដោយបូជាយញ្ញស្រីក្រមុំមួយឆ្នាំមួយនាក់ៗ តែលុះចំណេរកាលក្រោយមក ដោយពិបាករកស្រីក្រមុំមកបូជាយញ្ញ អ្នកស្រុកក៏ប្ដូរដង្វាយជាក្របីឃ្លៀចវិញម្ដង ហើយលុះយូរឆ្នាំក្រោយមកការបូជានោះនៅត្រឹមតែមាន់ឆ្កាង និងសម្ភារៈសក្ការបន្តិចបន្តួចប៉ុណ្ណោះជាទម្លាប់រហូតមក ដល់បច្ចុប្បន្ននេះ។
ដោយសារការគោរពបូជានោះធ្វើប្រចាំរៀងមក ទើបជនជាតិភាគតិចសួយ បានប្រែក្លាយពិធីនោះឲ្យទៅជាទំនៀមទម្លាប់របស់ជនជាតិខ្លួនជារហូត មកដល់សព្វថ្ងៃនេះ។ ហើយនៅពេលដែលគេបានប្រារព្ធធ្វើពិធីនេះ គេក៏ពុំដែលអាក់ខាននាំយករបាំព្លយ សំដែងជូនព្រលឹងវិញ្ញាណដូនតាតាមប្រពៃណីរបស់គេផងដែរ។ ឯឧបករណ៍ភ្លេងព្លយ ក៏ចាប់ផ្ដើមមានកំណើតតាំងពីពេលបុរាណនោះមក។ ចំណែករបាំឬចម្រៀងក៏ត្រូវបានគេរៀបរាប់ឲ្យមានឈ្មោះតួអង្គ និងសកម្មភាពត្រាប់តាមក្នុងសាច់រឿងព្រេងនោះផងដែរ៕

No comments:

CASINO





MOBILE MAGAZINE