About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

ជីផាត់ ទឹក​ដី​នៃ​ដំណើរ​ផ្សង​ព្រេង​នៅ​ខេត្ត​កោះកុង

120411_lift11

ថ្ងៃ ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ តើ​អ្នក​មាន​គម្រោង​ដើរ​កម្សាន្ត​នៅ​ទីណា​ហើយ​ឬ​នៅ? ខ្ញុំ​ជឿថា អ្នក​ប្រាកដ​ជា​ធ្លាប់​នឹក​ដល់​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ទីឆ្ងាយៗ​ពី​ទីក្រុង ​ដែល​ពោរពេញ​ដោយ​ភាព​អាប់អួ និង​ស្វែងរក​ទីកន្លែង​មាន​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ​ជាក់​ជាមិន​ខាន។ បើ​អ៊ីចឹង​ ខ្ញុំ​សូម​ណែនាំ​រមណីយដ្ឋាន​មួយ​កន្លែង​ ដែល​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ភាព​រីករាយ​ពី​ធម្មជាតិ​ពិត​ៗ នោះ​គឺ​រមណីយដ្ឋាន​ជីផាត់​។
ជីផាត់ ជា​រមណីយដ្ឋាន​អេកូទេសចរណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី ភូមិ​អណ្តូង​ទឹក​លើ​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ត​ភ្ជាប់​ខេត្ត​កោះកុង​ទៅ​ព្រំ​ដែន​ប្រទេស​ថៃ​។

រមណីយដ្ឋាន​ ជីផាត់ ផ្តល់​ជូន​នូវ​សកម្មភាព​កម្សាន្ដ​លក្ខណៈ​ធម្មជាតិ​ចម្រុះ​សម្រាប់​មនុស្ស គ្រប់​វ័យ ជា​ពិសេស ចំពោះ​អ្នក​ដែល​ចូលចិត្ត​ធម្មជាតិ​ និង​ដំណើរ​ផ្សង​ព្រេង​។ ​អ្នក​អាច​ជ្រើសរើស​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់ ឬ​ក៏​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដោយ​ខ្លួន​ឯង​ផ្ទាល់​។​ សកម្មភាព​កម្សាន្ដ​នានា រួម​មាន​ការ​ជិះ​កង់​ទស្សនា​ទេសភាព  ការ​ឡើង​ភ្នំ​ដោយ​ឆ្លង​កាត់​ព្រៃ​ព្រឹក្សា និង​ចុះ​ហែល​លេង​ក្នុង​ទឹក​ជ្រោះ​ដ៏​សែន​ត្រជាក់​ រួច​បន្ដ​ទៅ​បោះ​តង់​គេង​នៅ​ក្នុង​ព្រៃ​ដើម្បី​ចាំ​មើល​សត្វ​ព្រៃ។ សូម​កុំ​បារម្ភ​ពី​បញ្ហា​ហូប​ចុក និង​សុវត្ថិភាព ព្រោះ​ថា​ស្នាក់ការ​ទេសចរណ៍​ជី​ផាត់ នឹង​រៀបចំ​ខ្ចប់​អាហារ​សម្រាប់​អ្នក ហើយ​បើ​ចង់​បោះ​តង់​គេង​នៅ​ក្នុង​ព្រៃ ស្នាក់​ការ​ទេសចរណ៍ នឹង​ចាត់​ចែក​មគ្គុទេសក៍ ទេសចរណ៍​នាំ​ផ្លូវ។ ពួក​គេ​មាន​តួនាទី​ជា​អ្នក​នាំ​ផ្លូវ​ផង និង​ជា​ចុងភៅ​ចម្អិន អាហារ​ពេល​ល្ងាច​ផង​ដែរ​។ ពិសេស​ណាស់​មែន​ទេ​?
នៅ​មិន​ទាន់​អស់​ទេ បើ​និយាយ​ដល់​ពេល​រាត្រី​វិញ ​នោះ​រឹត​តែ​រ៉ូមែនទិក​ជាង​នេះ​ទៀត​ ពី​ព្រោះ​អ្នក​អាច​ជិះ​ទូកឬ​កាណូត​គយគន់​ទេសភាព​ក្រោយ​ពេល​ព្រះ​អាទិត្យ​ អស្តង្គត​ និង​រៀន​ពី​ការ​នេសាទ​បង្កង​របស់​អ្នក​ភូមិ​ រួម​ទាំង​ទស្សនា​សត្វ​អំពិល​អំពែក​ហោះ​ហើរ​ឆ្វេច​ឆ្វាច​ពន្លេច​ពន្លឺ​យ៉ាង ​ឆើតឆាយ​។ អ្នក​ក៏​អាច​ចុះ​ទៅ​រៀន​ចាប់​បង្កង​ជាមួយ​អ្នក​នេសាទ​ដោយ​ផ្ទាល់​ផង​ដែរ បន្ទាប់​ពី​បញ្ចប់​ដំណើរ​កម្សាន្ដ​មួយ ​អ្នក​នឹង​បាន​ភ្លក្ស​រសជាតិ​អាហារ​បាប៊ីឃ្យូរ​លើ​ឆ្នេរ​ខ្សាច់​សក្បុរស​ នៅ​ត្រើយ​ម្ខាង​ទៀត​។ ទទួល​ទាន​អាហារ​ក្លែម​ស្រាបៀរ​ត្រជាក់ៗ រួម​ទាំង​ខ្យល់​អាកាស​បរិសុទ្ធ​ ខ្ញុំ​ធានា​ថា អ្នក​ពិត​ជា​ចង់​បង្កក​ពេលវេលា​ឲ្យ​នៅ​ស្ងៀម​មួយ​កន្លែង​ដើម្បី​រក្សា​ បរិយាកាស​ដែល​សែន​សប្បាយ​ជាមួយ​ក្រុម​គ្រួសារ​ ឬក៏​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន​មិន​ឲ្យ​កន្លង​ផុត​ទៅ​។
រីឯ​ការ​ ស្នាក់​នៅ​វិញ ភូមិជីផាត់ ​គ្មាន​សណ្ឋាគារ​លំដាប់​ថ្នាក់​ផ្កាយ​៥​ទេ ប៉ុន្តែ​ភូមិ​ដ្ឋាន​ធម្មជាតិ​នេះ​អាច​ផ្ដល់​ជូន​នូវ​ផ្ទះ​សំណាក់​ដែល មាន​ផ្កាយ​រាប់​រយ​នា​ពេល​រាត្រី​។ អ្នក​ និង​ក្រុម​គ្រួសារ​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​របស់​ស្នាក់​ការ ទេសចរណ៍​ភូមិជី​ ផាត់។ ម្យ៉ាង​វិញ​ទៀត ​ប្រសិន​បើ​អ្នក​ចូលចិត្ត​ភាព​ឯកជន ហើយ​បើ​ក្រុម​យុវវ័យ​យើង​ចង់​ដឹង​ពី​ការ​រស់​នៅ​ជាក់​ស្ដែង​របស់​អ្នក ភូមិ ពួកគេ​អាច​គេង​នៅ​ក្នុង​ផ្ទះ​សំណាក់​ និង​ទទួល​ទាន​អាហារ​ជាមួយ​អ្នក​ភូមិ​ដោយ​ផ្ទាល់​។ ទីកន្លែង​ដ៏​ពិសេស​មួយ​ទៀត គឺ​ផ្ទះ​សំណាក់​បឹងហ្គាឡូ ដែល​ស្ថិត​នៅ​តាម​ដងស្ទឹង និង​ស្ដាប់​សំឡេង​របស់​ធម្មជាតិ​បំពេរ​ឲ្យ​អ្នក​លង់​លក់ ​និង​ភ្ញាក់​ឡើង​ដោយ​ឮ​តែ​សំឡេង​ចាប់​យំ​ប្រឡែង​គ្នា​យ៉ាង​ខ្ញៀវខ្ញារ​។
សូម ​បញ្ជាក់​ថា ភ្លើង​អគ្គិសនី​នៅ​ភូមិ​ជីផាត់ នឹង​បិទ​នៅ​ក្រោយ​ម៉ោង​១១​យប់​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​នោះ គឺ​សម្លឹង​មើល​មេឃ មើល​ផ្កាយ​រាប់​ពាន់​រះ​ត្រដែត​លើ​ផ្ទៃ​វេហា​។ កុំ​ភ្លេច​មើល​ផ្កាយ​ឲ្យ​សោះ​ណា​ប្រសិន​បើ​បាន​ទៅ​ដល់​រមណីយដ្ឋាន​ជីផាត់ ប្រយ័ត្ន​ស្តាយ​ក្រោយ​ពីព្រោះ​គ្មាន​កន្លែង​ណា​ដែល​ស័ក្ដិសម​សម្រាប់​ឱកាស មើល​ផ្កាយ​ដ៏​ភ្លឺ​ច្បាស់​ដូច​នៅ​ភូមិ​ជីផាត់​នោះ​ទេ​។
តើ​អ្នក​នៅ​ ចាំ​អ្វី​ទៀត? បើ​អ្នក​ចាប់​អារម្មណ៍ សូម​រៀបចំ​គម្រោង​ចាប់ពី ឥឡូវ​នេះ​ទៅ​ ហើយ​កុំ​ភ្លេច​បបួល​ក្រុម​គ្រួសារ​ និង​មិត្តភក្តិ​ទៅ​ជាមួយ​ផង​។ សាកល្បង​ដំណើរ​កម្សាន្ដ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ​ឲ្យ​ប្លែក​ពី​ ឆ្នាំ​មុន​ៗម្តង​មើល អ្នក​នឹង​ជាប់​ចិត្ដ​ចង់​វិល​វិញ​នៅ​ពេល​ណាមួយ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ http://ecoadventurecambodia.com/៕

No comments:

CASINO





MOBILE MAGAZINE