លោកនិយាយថាបើសិនជាមនុស្សគ្រប់រូបដឹងថាខ្លួនឯង កំពុងគិតអ្វី ឬធ្វើអ្វីនោះ ពិភពលោកពិតជាសន្ដិភាព ហើយ។ មនុស្សធម្មតាមិនងាយគ្រប់គ្រងការគិត ឬអំពើរបស់ខ្លួនបានទាំងស្រុងឡើយ។ តែមានវិធីជាច្រើនដើម្បីកាត់បន្ថយនូវកំហឹង ឬអារម្មណ៍ខ្វល់ខ្វាយទាំងឡាយ ដូចជាការសមាធិ ការលេងកីឡា ការធ្វើដំណើរកម្សាន្ដជាដើម។ សម្រាប់ការធ្វើសមាធិ ខ្មែរយើង មានរបៀបធ្វើផ្ទាល់ខ្លួនតាំងពីបុរាណកាលមកម្ល៉េះ ឯនៅលើពិភពលោក មានការសមាធិបែបយូហ្គា បែបសកល និងបែបវប្បធម៌ របស់ប្រទេសនីមួយៗទៀតផង។
សមាធិ ជាអ្វី? សមាធិ គឺជាការតម្កល់ចិត្ដឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយ ដើម្បីឱ្យបានសេចក្ដីសុខស្ងប់ដោយវៀរចាកសេចក្ដីត្រេកត្រអាល ទាំងឡាយ វានាំឱ្យមានសេចក្ដីសុខកាយ ត្រជាក់ចិត្ដ។ ពេលពិចារណាពីអារម្មណ៍មួយដែលឆ្ពោះទៅរកការសមាធិចិត្ដ ដែលកើតចេញ ពីការភាវនានូវអ្វីដែលអរូបីយ៍ វាត្រូវបានគេអនុវត្ដក្នុងគោលបំណងផ្សេងគ្នា ឬអនុវត្ដផ្សេងគ្នាតែមានគោលដៅមួយដូចគ្នា គឺដើម្បីពិចារណាខ្លួនឯងរកហេតុផលផ្សេងៗ និងរម្ងាប់ចិត្ដ។ សមាធិសំដៅទៅត្រឹមចិត្ដ ឯវិបស្សនាសំដៅទៅលើបញ្ញា។ របៀបធ្វើសមាធិ សមាធិមានច្រើនយ៉ាង ដូចជាយូហ្គា សមាធិបែបព្រហ្មញ្ញ បែបព្រះពុទ្ធ បែបភូមា បែបខ្មែរបច្ចុប្បន្នជាដើម តែវិធីធ្វើខុស គ្នាបន្ដិចៗ។ សមាធិត្រូវធ្វើត្រឹមតែមួយម៉ោងប៉ុណ្ណោះ បើហួសនាំឱ្យជាប់ដៃជើង ចង្កេះជាដើម។ ការសមាធិគប្បីធ្វើនៅទីកន្លែងដែល ស្ងប់ស្ងាត់ ធំទូលាយ មានខ្យល់អាកាស និងបរិយាកាសល្អ មិនមានការរំខានផ្សេងៗ។ គប្បីផ្ដាច់ចេញឱ្យអស់នូវការគិតខ្វល់ខ្វាយ និង កង្វល់ផ្សេងៗដែលនាំឱ្យចិត្ដកម្រើក ដើម្បីការពារកុំឱ្យមានក្ដីអន្ដរាយដល់គុណធម៌របស់ខ្លួន មុននឹងចូលទៅធ្វើការចម្រើនកម្មដ្ឋាន។ ការសមាធិអនុវត្ដបាននៅគ្រប់វ័យ ក្មេងអាយុ៦ឆ្នាំក៏អាចចូលរួមធ្វើសមាធិបានដែរ តែគេធ្វើរបៀបលេង ហើយពួកគេនឹងចូលទៅ ក្នុងការសមាធិដោយខ្លួនឯង អាចគូសវាសពួកគេឱ្យចូលទៅក្នុងការសមាធិ បន្ទាប់ពីសមាធិរយៈពេល១៥នាទី។ ជាគោលការណ៍នៃ ការធ្វើសមាធិសកល សូមកុំឱ្យគិតអ្វីទាំងអស់ពេលធ្វើសមាធិ ដោយគិតតែពីខ្យល់ដង្ហើមចេញចូល ហើយរក្សាឥរិយាបថដូចព្រះពុទ្ធអង្គ ជាកាយវិការជើងស្ដាំដាក់លើជើងឆ្វេង ឬជើងឆ្វេងដាក់លើជើងស្ដាំ បន់ជើង ឬពែនផ្នែន។ ពេលធ្វើសមាធិ មិនកម្រើក មិន និយាយអ្វីទាំងអស់ មិនមើលមុខគ្នា ឱនមុខចុះបន្ដិច ព្យាយាមមិនគិតអ្វីទាំងអស់ គិតត្រឹមតែខ្យល់ដង្ហើមចូលត្រជាក់ ចេញក្ដៅ ច្រមុះ ខាងឆ្វេងចូលខ្យល់ច្រើនជាងខាងស្ដាំ ឬខាងឆ្វេងខ្យល់ចូលច្រើនជាងខាងស្ដាំ ដង្ហើមចូលខ្លះវែង ខ្លី ច្រមុះឆ្វេងធូរ ឬតឹងជាងស្ដាំ ដោយ នឹកក្នុងចិត្ដ ជារួមគឺពិនិត្យដង្ហើមចូល-ចេញ វែង-ខ្លី ច្រមុះធូរ-តឹងជាង។ នៅក្នុងបច្ចេកទេសនេះ មានការតឹងរឹងបន្ដិច ដូចជារក្សាខ្លួន តាមឥរិយាបថរបស់ព្រះពុទ្ធអង្គ ខ្លួនត្រង់បន្ដិច ឱនមុខបន្ដិច មិនគិតអ្វី ត្រូវតែធ្វើដោយស្ម័គ្រចិត្ដ មិនត្រូវកម្រើក ត្រជាក់-ក្ដៅមិនថ្ងូរ។ មិនចាំបាច់មានសម្លៀកបំពាក់ល្អពេកទេ សម្លៀកបំពាក់ធម្មតាក៏អាចធ្វើបានដែរ។ ការសមាធិអាចធ្វើបន្ទាប់ពីទំនេរពីការងារ សូមអនុ វត្ដចាប់ពី១៥នាទីដល់មួយម៉ោងក្នុងមួយថ្ងៃ វាជាការប្រពៃបំផុតសម្រាប់អ្នកហាត់ដើម្បីសុខភាព។ តាមទ្រឹស្ដី ចំណង់ជាហេតុដែលនាំ ឱ្យកើតទុក្ខ បង្កើតដោយខ្លួនឯងមានភ្នែក(មើលឃើញអ្វីល្អ ហើយចង់បាន) ច្រមុះ(ចង់ហិតតែក្លិនក្រអូប) អណ្ដាត(ចង់ទទួលតែរស ជាតិឆ្ងាញ់) ត្រចៀក(ឮអ្វីមិនល្អនាំឱ្យក្រោធ) និងកាយវិញ្ញាណ(ចង់ប៉ះអ្វីដែលទន់មិនគ្រាត)។ ការសមាធិបំបាត់ចំណង់ពិបាកប្រតិបត្ដិ ណាស់ដោយមានបម្រាម ដូចជាហាមមិនឱ្យខឹង មិនឱ្យនិយាយកុហក ឬត្រគោះបោះបោក ជេរ ឬប្រមាថ។ មិនខឹងនោះមានចិត្ដស្ងប់ ហើយ។ បើចិត្ដមានការកម្រើក គឺមិនមានការស្ងប់ទេ។ បើចិត្ដស្ងប់នាំឱ្យបញ្ញាលូតលាស់ បើខឹងបញ្ញាមិនលូត។ ការបំបាត់ចំណង់ទេ ដែលនាំឱ្យមានការស្ងប់ចិត្ដ។ ផលប្រយោជន៍នៃការធ្វើសមាធិ នៅពេលដែលលោកអ្នកមានការតានតឹងចិត្ដ ការធ្វើសមាធិមានប្រយោជន៍ច្រើនដល់ការបន្ថយភាពតានតឹង និងនាំឱ្យការ ត្រិះរិះ ឬសញ្ជឹងគិតពិចារណាប្រព្រឹត្ដទៅបានល្អ។ ការសមាធិមួយរយៈ លោកអ្នកនឹងអាចមើលឃើញពីខ្លួនឯង និងអ្នកដទៃបានយ៉ាង ច្បាស់លាស់តាមរយៈការពិចារណាយ៉ាងស្ងប់ស្ងាត់។ សមាធិអាចកាត់បន្ថយកំហឹង ចិត្ដលោភ និងសេចក្ដីកង្វល់ទាំងឡាយ នាំឱ្យមាន ការគិតដ៏ប្រពៃ មានចិត្ដនឹងនរ ឬចិត្ដស្ងប់។ ចិត្ដស្ងប់ គឺពេលគេបន្ទោសក៏មិនខឹង គេជេរក៏មិនខឹង អាចជាគុណសម្បត្ដិដ៏ប្រពៃរបស់ការ ធ្វើសមាធិ។ សមាធិជាកញ្ចក់សម្រាប់ឆ្លុះចិត្ដ តាំងចិត្ដឱ្យនឹង ទប់កំហឹងឱ្យបានល្អ នាំឱ្យស្រឡះចិត្ដ រម្ងាប់ចិត្ដ រម្ងាប់អារម្មណ៍ឆេវឆាវ ជាដើម។ ការសមាធិអាចបង្កើនវិជ្ជាដែលគេសំដៅទៅលើការរៀនសូត្រ ការត្រិះរិះ ព្រោះវាជួយឱ្យបង្រួមនូវឥរិយាបថ អាចប្រមូល នូវការគិត និងអាចគិតបានល្អ។ មានសមាធិ មានការគិតដោយត្រឹមត្រូវមិនងាយខុស។ ការសមាធិរយៈពេលយូរ ឬដល់កម្រិតមួយ នឹងនាំឱ្យចម្រើនដល់វិបស្សនា យល់ច្បាស់ថានាមរូប មានកាយ ចិត្ដ វិញ្ញាណ ដែលមានរូប វេទនា សង្ខារ គឺជារបស់មិនទៀង ទុក្ខ អនត្ដា។ នេះមិនបានរៀបរាប់ដល់អត្ថប្រយោជន៍ផ្នែកសិល្ប៍សាស្ដ្រអរូបិយ៍ ដែលជឿថាអាចមើលដឹងពីអតីត ឬអនាគត អាចប្រើ កម្លាំងចិត្ដបញ្ជាមនុស្ស ឬរបស់របរជាដើម ដែលត្រូវការអនុវត្ដទ្រឹស្ដីច្រើនទៀតទៅតាមផ្នែកនីមួយៗដែលអ្នក ប្រាថ្នា។ បើអត្ថាធិប្បាយដល់កម្រិតចិត្ដស្ងប់ ឬចិត្ដបរិសុទ្ធ គឺមិនងាយរកមានទេ ព្រោះត្រូវការពេលវេលាយូរ និងការលះបង់ច្រើន។ ការជម្រះចិត្ដ មិន ឱ្យមានការលោភលន់ ការត្រេកត្រអាល ចិត្ដច្រណែន ចិត្ដឈ្នានីស និងការខឹង វានាំឱ្យស្ងប់ ។ គេមិនអាចបំភ្លឺបានដោយងាយទេអំពី ផលប្រយោជន៍ដ៏មហិមាពីការធ្វើសមាធិនេះ។ ការកាន់ចិត្ដឱ្យនឹង វានាំឱ្យស្រឡះមិនសាងអំពើបាប។ មានសមាធិនាំឱ្យទប់ចិត្ដបានមិន ងាយខឹង មានមេត្ដា យល់ឃើញថាមានខ្លួនបរិសុទ្ធល្អ។ អវិជ្ជានាំឱ្យកើតហេតុ បើកម្ចាត់វាមិនអស់ទេ នាំឱ្យកើតហិង្សា។ ចិត្ដនឹងនរ អាចស្គាល់ច្បាស់ពីចិត្ដខ្លួនឯង ចិត្ដអ្នកដទៃ អ្វីជាទុក្ខ គ្មានអ្វីជារបស់អមតៈទេ កុំសប្បាយ កុំអរ។ បើមិនកម្ចាត់វាទេ មិនងាយមាន បញ្ញា ឬចិត្ដស្ងប់ទេ។ ជារួម សមាធិ ឬវិបស្សនាគឺជាការរៀនអំពីខ្លួនឯង ឆ្លុះចិត្ដខ្លួនឯង។ គ្មានសេចក្ដីសុខឯណាដែលស្មើនឹងសេចក្ដីស្ងប់ទេ។

No comments:
Post a Comment