About Me

THIS SITE IS UNDER CONSTRUCTION

Thursday, May 3, 2012

ស្វាមីភរិយាគួរពិភាក្សាគ្នាពីផ្លូវភេទ


បញ្ហាសុខភាពជារឿងសំខាន់ ដែលគូស្វាមីភរិយាត្រូវតែពិភាក្សាគ្នា។ ហើយវាមិនមែនជារឿងដែលទទួលខុសត្រូវ តែបុរសជាស្វាមី ឬជារឿងរបស់ស្ដ្រីជាភរិយាតែម្នាក់ៗនោះទេ វាជារឿងទាំងបុរសទាំងស្ដ្រី។ បុរសខ្លះគិតថាខ្លួនមានគ្រួសារ ហើយ មិនសូវខ្វល់ទេ ជាហេតុនាំឱ្យទៅលេងសើចជាមួយស្រីញីខាងក្រៅ ដែលជាឥរិយាបថមួយខុសឆ្គង។ នៅក្នុងគ្រួសារ ប្ដី ប្រពន្ធគួរតែចាប់ផ្ដើមនិយាយបញ្ហាសុខភាពពីឥឡូវនេះទៅ។
នៅប្រទេសកម្ពុជា បញ្ហាសុខភាពបន្ដពូជមិនទាន់ត្រូវបានគេយកមកនិយាយឱ្យបានទូលំទូលាយនៅឡើយទេ។ ដោយ សារការអប់រំនៅមិនទាន់បានទូលំទូលាយ ឯកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតនៅឡើយ ការផ្សព្វផ្សាយក៏នៅ មិនបានគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ សម្រាប់សុខភាពក្រោយអាពាហ៍ពិពាហ៍ មានភរិយាតិចណាស់ ដែលនិយាយពីរឿងសុខភាពផ្លូវភេទ សុខភាពផ្ទាល់ខ្លួនប្រាប់ទៅបុរសជាស្វាមី។ ស្ដ្រីដែលហ៊ាននិយាយបែបនេះ ភាគច្រើនជាស្ដ្រីដែលរស់នៅតាមទីប្រជុំ ជនធំៗតែប៉ុណ្ណោះ។ ដោយសារមកពីភាពខ្មាសអៀន ស្ដ្រីនៅពេលឈឺថ្កាត់ម្ដងៗមិនហ៊ាននិយាយជាមួយស្វាមីទេ។ ហើយស្ដ្រីខ្លះ ទៀតគិតថាការនិយាយរឿងផ្លូវភេទជាមួយស្វាមី គឺជាការមើលស្រាលប្ដី ឬគិតថាជារឿងអាសអាភាស។ ការគិតបែបនេះមិន ត្រឹមត្រូវទេ ស្ដ្រីត្រូវគិតថាកាលរស់នៅជាមួយម្ដាយ នៅពេលឈឺ គាត់តែងនិយាយប្រាប់ម្ដាយឱ្យជួយ។ នៅពេលមានស្វាមី គួរ តែនិយាយបញ្ហាប្រាប់ទៅស្វាមី ព្រោះថាមានតែស្វាមីទេ ជាអ្នកដឹងទុក្ខធុរៈស្ដ្រីជាភរិយាជាងអ្នកណាៗទាំងអស់។ ហើយការ និយាយញឹកញាប់អាចធ្វើឱ្យបុរសជាស្វាមីដែលមានដៃគូខាងក្រៅមានការប្រុងប្រយ័ត្ន។
តើស្ដ្រីគួរនិយាយបញ្ហាអ្វីខ្លះទៅកាន់ស្វាមី?
ការនិយាយត្រូវធ្វើឡើងទៅតាមបែបបទ និងដែនកំណត់របស់វា ទៅតាមតម្រូវការនៃសង្គមគ្រួសារនីមួយៗ ព្រោះ គ្រួសារនីមួយៗមានលក្ខណៈខុសគ្នា។ ស្ដ្រីត្រូវគិតថានៅពេលណាដែលអាចនិយាយបាន និងពេលណាដែលមិនអាចនិយាយបាន។ ស្រី្តជាភរិយាគួរស្វែងយល់ពីដៃគូរបស់ខ្លួនថាតើដៃគូរបស់គាត់ចង់ចេះចង់ដឹងដែរឬទេ តើគួរនិយាយទៅគាត់កម្រិតណា ព្រមទាំងថាតើគាត់អាចទទួលយកបញ្ហានេះបានដែរឬទេ។
បញ្ហាគួរពិភាក្សានៅក្នុងគ្រួសាររវាងប្ដីប្រពន្ធ គួរនិយាយពីបញ្ហាផ្លូវភេទ រឿងពន្យារកំណើត និងថាតើយើងចង់បាន កូននៅពេលណា ហើយគួរតែមានកូនភ្លាមឬទេ ព្រោះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ការយករឿងទៅនិយាយជាមួយដៃគូ ត្រូវតែមានការស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ។ ទាក់ទងនឹងសុខភាពបន្ដពូជ ជម្ងឺកាមរោគ និងរោគស្ដ្រី ស្ដ្រីត្រូវតែហ៊ាន និយាយពីការឆ្លង ពីការការពារជម្ងឺកាម រោគអេដស៍ផងដែរ បើគ្រួសារគាត់ជាអ្នកទៅរកដៃគូស្នេហាខាងក្រៅ។ មានស្ដ្រីមេផ្ទះ មួយចំនួន ក្លាហានហ៊ាននិយាយជាមួយស្វាមីជាចំហហើយ។ សូមឱ្យស្ដ្រីដែលមិនទាន់បាននិយាយ សូមហ៊ាននិយាយរឿងនេះជា មួយស្វាមីខ្លួនឱ្យបានច្រើន។
ជាឧទាហរណ៍ នៅក្នុងគ្រួសារខ្លះ បុរសជាប្ដីមិនសូវយល់ដឹងពីរឿងស្រោមអនាម័យ រឿងពន្យារកំណើត រឿងសុខភាព បន្ដពូជទេ។ គាត់គិតថាជារឿងរបស់ស្ដ្រី មិនមែនជារឿងរបស់បុរសទេ។ ស្ថិតក្នុងករណីនេះ ប្រពន្ធត្រូវសួរ ឬត្រូវនិយាយទៅដៃ គូ ដើម្បីដឹងថាតើគាត់យល់ដឹងពីបញ្ហាផ្លូវភេទកម្រិតណា។
ផ្ទុយទៅវិញ ប្រសិនបើដៃគូបានយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទហើយ ស្ដ្រីជាភរិយាក៏គួរតែសួរបុរសជាស្វាមីដែរថា តើគាត់យល់ដឹងបានកម្រិតណា និងយល់ដឹងដូចម្ដេច។
ប្រពន្ធគួរនិយាយពីបញ្ហាសុខភាពផ្លូវភេទនៅពេលណា?
ការនិយាយពីបញ្ហាសុខភាព ទោះជាសុខភាពផ្លូវភេទក្ដី សុខភាពទូទៅក្ដី មិនមែនជាការនិយាយរឿងអាសអាភាសទេ គឺជារឿងសុខភាពសម្រាប់ទាំងអស់គ្នា។ បុរសភាគច្រើនគិតថាការបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យ ឫមណ្ឌលសុខភាព ជាការ ខ្មាសអៀនមួយ ការគិតបែបនេះមិនត្រឹមត្រូវទេ។ ផ្ទុយទៅវិញ គឺជាឥរិយាបថល្អរបស់ស្វាមីចំពោះភរិយាទៅវិញទេ។ ស្ដ្រីជា ភរិយាក៏គួរមើលកាលៈទេសៈ ថាតើពេលណាអាចនិយាយបាន។ ការនិយាយ គឺគួរមើលទៅលើបរិយាកាសរីករាយ ធូរស្រាល។ ការនិយាយមិនមែនមានលក្ខណៈសួរដេញដោល ជីកឬសគល់ពីបញ្ហារបស់ស្វាមីនោះទេ គឺជាការប្រាប់ឱ្យដឹងដើម្បីឱ្យមានសុខុ មាលភាពនៅក្នុងគ្រួសារទាំងប្ដីប្រពន្ធ និងកូន។
ស្ដ្រីជាភរិយាគួរព្យាយាមសួរ ព្យាយាមពន្យល់ ព្យាយាមអប់រំស្វាមី ធ្វើយ៉ាងណាឱ្យគាត់ចេះទទួលខុសត្រូវលើទង្វើ របស់គាត់ ព្រោះបញ្ហាសុខភាពបន្ដពូជជារឿងសំខាន់ណាស់សម្រាប់មនុស្សទាំងពីរនាក់នេះ។ ដូចនេះហើយ យើងត្រូវការ សង្កេតពីគ្នាទៅវិញទៅមក ព្រោះមនុស្សរស់នៅជាមួយគ្នា អាចយល់ដឹងពីចិត្ដគ្នាទៅវិញទៅមក។
ស្វាមីត្រូវយកចិត្ដទុកដាក់ចំពោះសុខភាពគ្រួសារ
បុរសជាស្វាមីត្រូវបង្ការខ្លួនឱ្យបានពីការឆ្លងរោគ និងពីជម្ងឺផ្សេងៗ ក្នុ្នងន័យនេះបុរសមិនត្រូវព្រងើយកន្ដើយនឹងសុខភាពរបស់ខ្លួននោះទេ។ ដើម្បីឱ្យមានសុខភាពល្អទាំងព្រម បុរសត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានត្រឹមត្រូវ ឬការហាត់ប្រាណ ផ្សេងៗ។ បុរសមិនគួរប្រព្រឹត្ដនូវទង្វើមិនគប្បីមួយចំនួន ដូចជាការសេពសុរាហួសហេតុពេក បារី និងការទៅរកស្រីញីខាងក្រៅ ដែលជះឥទ្ធិពលមិនល្អដល់សង្គមគ្រួសាររបស់ខ្លួនឡើយ។ ស្វាមីត្រូវស្វែងយល់អំពីសុខភាពរបស់ភរិយា និងជួយលើកទឹកចិត្ដភរិយាក្នុងការថែរក្សាសុខភាព។ ចំណែកភរិយាវិញក៏ដូចគ្នាដែរ ត្រូវថែរក្សា និងការពារសុខភាពរបស់ខ្លួនឱ្យបានគត់មុតផងដែរ។
ហេតុអ្វីបានជាប្ដីប្រពន្ធត្រូវនិយាយបញ្ហាសុខភាពផ្លូវភេទ?
ប្រសិនបើប្ដីប្រពន្ធមិនបានពិគ្រោះគ្នាពីបញ្ហាសុខភាពទេ គាត់អាចមានបញ្ហាសុខភាពផ្សេងៗ ដែលនាំឱ្យគ្រួសារមាន សុភមង្គលមិនពេញលេញ ការឆ្លងជម្ងឺកាមរោគ ជាពិសេសគឺជម្ងឺអេដស៍។ មិនត្រឹមតែនិយាយពីបញ្ហាផ្លូវភេទតែប៉ុណ្ណោះទេ ស្ដ្រី ប្រសិនបើមានបញ្ហាសុខភាព ទោះបីជាជម្ងឺរោគស្ដ្រី ឬអ្វីក៏ដោយ ក៏គួរតែប្រាប់ ឬពិភាក្សាជាមួយស្វាមី ឧទាហរណ៍ ដូចជាថាតើ គួរទៅជួបគ្រូពេទ្យ ឬគួរធ្វើអ្វីជាបន្ដទៀត។
ស្វាមីគួរចូលរួមចំណែកក្នុងការជូនប្រពន្ធទៅមន្ទីរពេទ្យ ដើម្បីទទួលបាននូវព័ត៌មានសុខភាពទាំងអស់គ្នា ព្រោះថាជាប្ដី ប្រពន្ធ គឺមានន័យថារួមជីវិតតែមួយ។ ស្វាមីភរិយាគួរពិគ្រោះពិភាក្សាគ្នាទៅវិញទៅមក ព្រោះថាសុខភាពល្អ គ្រួសាររីកចម្រើន ជឿនលឿន៕

No comments:

CASINO





MOBILE MAGAZINE